ដានីយ៉ែល 3:13-23

ដានីយ៉ែល 3:13-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​សេចក្ដី​ក្រេវ​ក្រោធ​ជា​ខ្លាំង ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​នាំ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​មក។ ដូច្នេះ គេ​ក៏​នាំ​អ្នក​ទាំង​បី​ចូល​មកចំពោះ​ស្តេច។ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ​ឱង្ការ​ទៅ​កាន់​អ្នក​ទាំង​នោះ​ថា៖ «ម្នាល​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ តើ​ពិត​មែន​ឬ​ទេ ដែល​អស់​លោក​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ឬ​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស​ដែល​យើង​បាន​ដំ​ឡើង​នោះ? ឥឡូវ​នេះ បើ​អស់​លោក​ប្រុង‌ប្រៀប​នៅ​ពេល​ដែលឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​ដែល​យើង​បាន​កសាង នោះ​ល្អ​ប្រពៃ​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ គេ​នឹង​បោះ​លោក​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ ហើយ​នៅ​វេលា​នោះ តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​រំដោះ​អស់​លោក ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន?»។ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ទូល​ឆ្លើយ​ស្តេច​វិញ​ថា៖ «បពិត្រ​ព្រះ‌រាជា​នេប៊ូ‌ក្នេសា ទូល​បង្គំ​យើង​ខ្ញុំ​មិន​បាច់​ទូល​ឆ្លើយ​ព្រះ​ករុណា​ពី​ដំណើរ​នេះ​ទេ។ ប្រសិន​បើ​យ៉ាង​នោះ​មែន ព្រះ​របស់​ទូល​បង្គំ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​បម្រើ ទ្រង់​ពិត​ជា​អាច​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ដែរ។ ប៉ុន្ដែ បើ​ព្រះ‌អង្គ​មិន​រំដោះ​យើង​ខ្ញុំ​ទេ បពិត្រ​ព្រះ​ករុណា សូម​ទ្រង់​ជ្រាប​ថា ទូល​បង្គំ​យើង​ខ្ញុំ​មិន​ព្រម​គោរព​បម្រើ​ព្រះ​របស់​ព្រះ‌ករុណា​ឡើយ ក៏​មិន​ព្រម​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​មាស ដែល​ព្រះ​ករុណា​បាន​ដំ​ឡើង​នោះ​ដែរ»។ ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​ពេញ​ដោយ​សេចក្ដី​ក្រេវ​ក្រោធ ទាស់​នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ហើយ​ព្រះ‌ភក្ត្រ​របស់​ស្ដេច​ក៏​ផ្លាស់​ប្រែ។ ស្ដេច​បញ្ជា​ឲ្យ​គេ​ដុត​គុក​ភ្លើង ឲ្យ​ក្តៅ​ជាង​ធម្មតា​ប្រាំ​ពីរ​ដង រួច​បញ្ជា​មនុស្ស​ខ្លាំង​ពូកែ​ខ្លះ​ក្នុង​កង‌ទ័ព​របស់​ស្ដេច ឲ្យ​ចង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នោះ។ ពេល​នោះ គេ​ក៏​ចង​អ្នក​ទាំង​បី ភ្ជាប់​ទាំង​ខោ​ទាំង​អាវ និង​ឈ្នួត ព្រម​ទាំង​សម្លៀក‌បំពាក់​ឯ​ទៀត​ៗ រួច​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។ ដោយ​ព្រោះ​រាជ​បញ្ជា​របស់​ស្តេច​តឹង​រឹង ហើយ​គុក​ភ្លើងក៏​ក្តៅយ៉ាង​ក្រៃ‌លែង នោះ​អណ្ដាត​ភ្លើង​ក៏​សម្លាប់​អស់​អ្នក​ដែល​បាន​ចាប់​បោះ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​នោះទៅ។ ប៉ុន្ដែ អ្នក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ធ្លាក់​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ ទាំង​ជាប់​ចំណង។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:13-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​លោក​ទាំង​បី​មក​គាល់​ស្ដេច។ ព្រះចៅ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ទាំង​បី​ថា៖ «សាដ្រាក់ មែសាក់ និង​អបេឌ-នេកោ អស់​លោក​ពិត​ជា​មិន​គោរព​បម្រើ​ព្រះ​របស់​យើង ហើយ​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស ដែល​យើង​បាន​កសាង​មែន​ឬ? ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​អស់​លោក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង អស់​លោក​ត្រូវ​តែ​ឱន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​អស់​លោក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​អស់​លោក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​អស់​លោក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ!»។ លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទូល​ព្រះចៅ​នេប៊ូ‌ក្នេសា​វិញ​ថា៖ «ទូលបង្គំ​យើង​ខ្ញុំ​មិន​បាច់​ឆ្លើយ​នឹង​ព្រះ‌ករុណា​អំពី​រឿង​នេះ​ទេ។ បពិត្រ​ព្រះ‌រាជា ព្រះ​ដែល​ទូលបង្គំ​យើង​ខ្ញុំ​គោរព​បម្រើ ពិត​ជា​អាច​រំដោះ​ទូលបង្គំ​យើង​ខ្ញុំ គឺ​ព្រះអង្គ​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ និង​ឲ្យ​យើង​ខ្ញុំ រួច​ពី​ព្រះ‌ហស្ដ​របស់​ព្រះ‌ករុណា​ជា​មិន​ខាន។ ទោះ​បី​ព្រះអង្គ​មិន​រំដោះ​យើង​ខ្ញុំ​ក្ដី សូម​ព្រះ‌ករុណា​ជ្រាប​ឲ្យ​បាន​ច្បាស់​ថា ទូលបង្គំ​យើង​ខ្ញុំ​មិន​ព្រម​គោរព​បម្រើ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា​ឡើយ ហើយ​យើង​ខ្ញុំ​ក៏​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​មាស​ដែល​ព្រះ‌ករុណា​បាន​កសាង​នេះ​ដែរ»។ ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់​នឹង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​យ៉ាង​ខ្លាំង ព្រះ‌ភ័ក្ត្រ​របស់​ស្ដេច​បាន​ផ្លាស់​ប្រែ។ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ដុត​ឡ​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង រួច​បញ្ជា​ទាហាន​ខ្លះ​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា​ឲ្យ​ចាប់​ចង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។ គេ​ចង​លោក​ទាំង​បី ដោយ​ទុក​សម្លៀក‌បំពាក់ ទាំង​ក្នុង​ទាំង​ក្រៅ​ជាប់​នឹង​ខ្លួន និង​ឈ្នួត​ផង រួច​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ ដោយ‌សារ​រាជ​បញ្ជា​ដ៏​តឹង‌តែង គេ​បាន​ដុត​ភ្លើង​យ៉ាង​ក្ដៅ​បំផុត រហូត​ដល់​ធ្វើ​ឲ្យ​ទាហាន​ដែល​ចាប់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ បោះ​ទៅ​ក្នុង​ភ្លើង​នោះ​ត្រូវ​ស្លាប់។ ពេល​នោះ លោក​ទាំង​បី គឺ​សាដ្រាក់ មែសាក់ និង​អេបេឌ-‌នេកោ ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

ចែក​រំលែក
អាន ដានីយ៉ែល 3

ដានីយ៉ែល 3:13-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​នោះ នេប៊ូ‌ក្នេសា​ទ្រង់​មាន​សេចក្ដី​ក្រោធ នឹង​សេចក្ដី​ឃោរ‌ឃៅ​យ៉ាង​ក្រៃ‌លែង ក៏​បង្គាប់​ឲ្យ​គេ​នាំ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​មក ដូច្នេះ គេ​ក៏​នាំ​អ្នក​ទាំង​៣​នោះ​ចូល​មក​នៅ​ចំពោះ​ស្តេច នេប៊ូ‌ក្នេសា ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ម្នាល​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ តើ​ដោយ​បំណង​ចិត្ត​ឬ ដែល​ឯង​រាល់​គ្នា​មិន​គោរព​ដល់​ព្រះ​នៃ​យើង ឬ​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​តាំង​ឡើង​ហើយ​នោះ ឥឡូវ​នេះ បើ​ឯង​រាល់​គ្នា​ប្រុង‌ប្រៀប​ក្នុង​វេលា​ណា​ដែល​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹង​ដន្ត្រី​គ្រប់​យ៉ាង ឲ្យ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​ធ្វើ​នេះ នោះ​បាន​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ឯង​ទៅ​ក្នុង​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ នៅ​វេលា​នោះ​ឯង តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​យើង​បាន តែ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​ទូល​ឆ្លើយ​ដល់​ស្តេច​ថា បពិត្រ​ព្រះ‌រាជា​នេប៊ូ‌ក្នេសា យើង​ខ្ញុំ​មិន​ចាំ​បាច់​ទូល​ឆ្លើយ​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ទេ បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិ‌បត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះ‌ហស្ត​ទ្រង់​ដែរ តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ។ នោះ​នេប៊ូ‌ក្នេសា ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​ឃោរ‌ឃៅ ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ​ទៅ ទាស់​នឹង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​ដុត​គុក​ភ្លើង​ឲ្យ​ក្តៅ​ជាង​ធម្មតា​១​ជា​៧ រួច​ទ្រង់​បង្គាប់​ដល់​មនុស្ស​ខ្លាំង​ពូកែ​ខ្លះ​ក្នុង​កង‌ទ័ព​ទ្រង់ ឲ្យ​គេ​ចង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​នោះ ដូច្នេះ គេ​ក៏​ចង​អ្នក​ទាំង​នោះ​ភ្ជាប់​ទាំង​ខោ​ទាំង​អាវ នឹង​ឈ្នួត ព្រម​ទាំង​សំលៀក‌បំពាក់​ឯ​ទៀត​ផង បោះ​ចុះ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​ទៅ ហេតុ​នោះ ដោយ​ព្រោះ​បង្គាប់​ស្តេច​ក៏​តឹង​រឹង​ណាស់ ហើយ​គុក​ភ្លើង​បាន​ក្តៅ​យ៉ាង​ក្រៃ‌លែង បាន​ជា​អណ្តាត​ភ្លើង​ឆេះ​សំឡាប់​ពួក​អ្នក​ដែល​បាន​លើក​បោះ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​ទៅ​នោះ ចំណែក​អ្នក​ទាំង​៣​នោះ គឺ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ គេ​ធ្លាក់​ទៅ​កណ្តាល​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ ទាំង​ជាប់​ចំណង​ផង។

ចែក​រំលែក
អាន ដានីយ៉ែល 3