ដានីយ៉ែល 3:1-23
ដានីយ៉ែល 3:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទនេប៊ូក្នេសាបានធ្វើរូបបដិមាករមួយពីមាស មានកម្ពស់ហុកសិបហត្ថ ទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។ បន្ទាប់មក ព្រះបាទនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកមេឃ្លាំង ពួកបាឡាត់ ពួកចៅក្រម និងពួកនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តទាំងប៉ុន្មាន មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យឆ្លងរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ ដូច្នេះ ពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកមេឃ្លាំង ពួកបាឡាត់ ពួកចៅក្រម និងពួកនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តទាំងប៉ុន្មាន ក៏បានមកជួបគ្នា ដើម្បីធ្វើពិធីបុណ្យឆ្លងរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ កាលគេកំពុងឈរនៅមុខរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង មានម្នាក់ស្រែកប្រកាសយ៉ាងខ្លាំងថា៖ «ម្នាលប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ ស្ដេចចេញរាជបញ្ជាថា ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង អ្នករាល់គ្នាត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានដំឡើង។ អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនោះភ្លាម!»។ ដូច្នេះ កាលប្រជាជនទាំងឡាយបានឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ និងតន្ត្រីគ្រប់យ៉ាងហើយ ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ក៏ក្រាបថ្វាយបង្គំរូបបដិមាករមាស ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ នៅពេលនោះ មានពួកខាល់ដេខ្លះចូលទៅគាល់ស្ដេច ហើយចោទប្រកាន់ពួកសាសន៍យូដា។ គេទូលព្រះបាទនេប៊ូក្នេសាថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! បពិត្រព្រះករុណា ទ្រង់បានចេញរាជបញ្ជាថា មនុស្សទាំងឡាយណាដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង គេត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាសនេះ ហើយថា អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ទោសន្ធៅ។ ប៉ុន្ដែ មានពួកសាសន៍យូដាខ្លះ ដែលទ្រង់បានតែងតាំងឲ្យគ្រប់គ្រងលើកិច្ចការនៅអាណាខេត្តបាប៊ីឡូន គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ អ្នកទាំងបីនាក់នេះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេមិនគោរពបម្រើព្រះរបស់ព្រះករុណា ក៏មិនថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានតាំងឡើងនោះដែរ»។ ពេលនោះ ព្រះបាទនេប៊ូក្នេសាមានសេចក្ដីក្រេវក្រោធជាខ្លាំង ស្ដេចក៏បញ្ជាឲ្យគេនាំសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមក។ ដូច្នេះ គេក៏នាំអ្នកទាំងបីចូលមកចំពោះស្តេច។ ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការទៅកាន់អ្នកទាំងនោះថា៖ «ម្នាលសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ តើពិតមែនឬទេ ដែលអស់លោកមិនគោរពបម្រើព្រះរបស់យើង ឬថ្វាយបង្គំរូបបដិមាករមាសដែលយើងបានដំឡើងនោះ? ឥឡូវនេះ បើអស់លោកប្រុងប្រៀបនៅពេលដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង ហើយបានក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានកសាង នោះល្អប្រពៃហើយ តែបើមិនថ្វាយបង្គំទេ គេនឹងបោះលោកទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ហើយនៅវេលានោះ តើមានព្រះឯណាដែលអាចនឹងរំដោះអស់លោក ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបាន?»។ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទូលឆ្លើយស្តេចវិញថា៖ «បពិត្រព្រះរាជានេប៊ូក្នេសា ទូលបង្គំយើងខ្ញុំមិនបាច់ទូលឆ្លើយព្រះករុណាពីដំណើរនេះទេ។ ប្រសិនបើយ៉ាងនោះមែន ព្រះរបស់ទូលបង្គំយើងខ្ញុំ ដែលយើងខ្ញុំគោរពបម្រើ ទ្រង់ពិតជាអាចរំដោះយើងខ្ញុំឲ្យរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបាន បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងរំដោះយើងខ្ញុំឲ្យរួចពីព្រះហស្តរបស់ព្រះករុណាដែរ។ ប៉ុន្ដែ បើព្រះអង្គមិនរំដោះយើងខ្ញុំទេ បពិត្រព្រះករុណា សូមទ្រង់ជ្រាបថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះរបស់ព្រះករុណាឡើយ ក៏មិនព្រមថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានដំឡើងនោះដែរ»។ ពេលនោះ ព្រះបាទនេប៊ូក្នេសាមានពេញដោយសេចក្ដីក្រេវក្រោធ ទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ហើយព្រះភក្ត្ររបស់ស្ដេចក៏ផ្លាស់ប្រែ។ ស្ដេចបញ្ជាឲ្យគេដុតគុកភ្លើង ឲ្យក្តៅជាងធម្មតាប្រាំពីរដង រួចបញ្ជាមនុស្សខ្លាំងពូកែខ្លះក្នុងកងទ័ពរបស់ស្ដេច ឲ្យចងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅនោះ។ ពេលនោះ គេក៏ចងអ្នកទាំងបី ភ្ជាប់ទាំងខោទាំងអាវ និងឈ្នួត ព្រមទាំងសម្លៀកបំពាក់ឯទៀតៗ រួចបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ ដោយព្រោះរាជបញ្ជារបស់ស្តេចតឹងរឹង ហើយគុកភ្លើងក៏ក្តៅយ៉ាងក្រៃលែង នោះអណ្ដាតភ្លើងក៏សម្លាប់អស់អ្នកដែលបានចាប់បោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោនោះទៅ។ ប៉ុន្ដែ អ្នកទាំងបី គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ធ្លាក់ទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ ទាំងជាប់ចំណង។
ដានីយ៉ែល 3:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅនេប៊ូក្នេសាបានកសាងរូបបដិមាមួយពីមាស មានកម្ពស់ហុកសិបហត្ថ និងទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។ ព្រះចៅនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជ្យទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាមកចូលរួមក្នុងពិធីសម្ពោធរូបបដិមាដែលស្ដេចបានកសាង។ ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជ្យទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាក៏មកជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធរូបបដិមាដោយនាំគ្នាឈរនៅមុខរូបដែលស្ដេចនេប៊ូក្នេសាបានកសាងនោះ។ មានអាមាត្យម្នាក់ស្រែកឡើងយ៉ាងខ្លាំងៗថា៖ «ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ! ចូរស្ដាប់រាជបញ្ជា! ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង ត្រូវនាំគ្នាឱនកាយក្រាបថ្វាយបង្គំរូបចម្លាក់មាស ដែលព្រះករុណានេប៊ូក្នេសាបានកសាង។ អ្នកណាមិនក្រាបថ្វាយបង្គំ អ្នកនោះនឹងត្រូវបោះភ្លាមៗទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ»។ ហេតុនេះ ពេលបានឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និងតន្ដ្រីគ្រប់យ៉ាង ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះចៅនេប៊ូក្នេសាបានកសាង។ នៅក្នុងពេលជាមួយគ្នានោះ មានជនជាតិខាល់ដេខ្លះនាំគ្នាចូលទៅប្ដឹង ដើម្បីចោទប្រកាន់ជនជាតិយូដា។ ពួកគេទូលព្រះចៅនេប៊ូក្នេសាថា៖ «បពិត្រព្រះរាជាសូមទ្រង់មានព្រះជន្មគង់នៅជាអង្វែងតរៀងទៅ! បពិត្រព្រះករុណា ព្រះអង្គបានចេញបញ្ជាឲ្យមនុស្សទាំងអស់ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាស នៅពេលគេឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ីគែន និងតន្ត្រីគ្រប់យ៉ាង។ តាមបញ្ជានេះ អ្នកណាមិនឱនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ បពិត្រព្រះករុណា មានជនជាតិយូដាខ្លះដែលទ្រង់តែងតាំងឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន គឺលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ពុំបានគោរពតាមរាជបញ្ជាទេ។ អ្នកទាំងនោះមិនគោរពបម្រើព្រះរបស់ព្រះករុណា ហើយក៏មិនក្រាបថ្វាយបង្គំរូបបដិមាដែលព្រះករុណាបានកសាងនោះដែរ»។ ពេលនោះ ព្រះចៅនេប៊ូក្នេសាទ្រង់ខ្ញាល់ ហើយក្ដៅក្រហាយជាខ្លាំង ស្ដេចក៏ចេញបញ្ជាឲ្យគេនាំលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោមក។ គេក៏នាំលោកទាំងបីមកគាល់ស្ដេច។ ព្រះចៅនេប៊ូក្នេសាមានរាជឱង្ការទៅកាន់លោកទាំងបីថា៖ «សាដ្រាក់ មែសាក់ និងអបេឌ-នេកោ អស់លោកពិតជាមិនគោរពបម្រើព្រះរបស់យើង ហើយមិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាស ដែលយើងបានកសាងមែនឬ? ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលអស់លោកឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង អស់លោកត្រូវតែឱនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានកសាងនេះ ប្រសិនបើអស់លោកមិនក្រាបថ្វាយបង្គំទេ យើងនឹងឲ្យគេបោះអស់លោកភ្លាម ទៅក្នុងភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ គ្មានព្រះណាអាចជួយអស់លោកឲ្យរួចពីកណ្ដាប់ដៃរបស់យើងឡើយ!»។ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ទូលព្រះចៅនេប៊ូក្នេសាវិញថា៖ «ទូលបង្គំយើងខ្ញុំមិនបាច់ឆ្លើយនឹងព្រះករុណាអំពីរឿងនេះទេ។ បពិត្រព្រះរាជា ព្រះដែលទូលបង្គំយើងខ្ញុំគោរពបម្រើ ពិតជាអាចរំដោះទូលបង្គំយើងខ្ញុំ គឺព្រះអង្គនឹងរំដោះយើងខ្ញុំឲ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឲ្យយើងខ្ញុំ រួចពីព្រះហស្ដរបស់ព្រះករុណាជាមិនខាន។ ទោះបីព្រះអង្គមិនរំដោះយើងខ្ញុំក្ដី សូមព្រះករុណាជ្រាបឲ្យបានច្បាស់ថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ព្រះករុណាឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះករុណាបានកសាងនេះដែរ»។ ពេលនោះ ព្រះចៅនេប៊ូក្នេសាទ្រង់ខ្ញាល់នឹងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោយ៉ាងខ្លាំង ព្រះភ័ក្ត្ររបស់ស្ដេចបានផ្លាស់ប្រែ។ ទ្រង់ក៏បញ្ជាឲ្យគេដុតឡភ្លើងឲ្យក្ដៅជាងធម្មតាប្រាំពីរដង រួចបញ្ជាទាហានខ្លះដែលមានកម្លាំងខ្លាំងក្លាឲ្យចាប់ចងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ទម្លាក់ទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ គេចងលោកទាំងបី ដោយទុកសម្លៀកបំពាក់ ទាំងក្នុងទាំងក្រៅជាប់នឹងខ្លួន និងឈ្នួតផង រួចបោះទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។ ពេលនោះ លោកទាំងបី គឺសាដ្រាក់ មែសាក់ និងអេបេឌ-នេកោ ធ្លាក់ទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
ដានីយ៉ែល 3:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯស្តេចនេប៊ូក្នេសា ទ្រង់ធ្វើរូបមាស១ មានកំពស់៦០ហត្ថ ទទឹង៦ហត្ថ ទ្រង់បញ្ឈររូបនោះនៅវាលឌូរ៉ាក្នុងខេត្តបាប៊ីឡូន រួចស្តេចនេប៊ូក្នេសាទ្រង់ចាត់ឲ្យទៅប្រមូលពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក ពួកចៅក្រម ពួកមេឃ្លាំង ពួកបាឡាត់ ពួកនាយកនគរបាល នឹងអស់ទាំងពួកមន្ត្រីខេត្តទាំងប៉ុន្មាន ឲ្យគេប្រមូលគ្នាមកឯបុណ្យឆ្លងរូប ដែលស្តេចនេប៊ូក្នេសាតាំងឡើងនោះ ដូច្នេះ ពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក ពួកចៅក្រម ពួកមេឃ្លាំង ពួកបាឡាត់ ពួកនាយកនគរបាល នឹងអស់ទាំងពួកមន្ត្រីខេត្ត ក៏មូលគ្នាមកឯបុណ្យឆ្លងរូបនោះ ដែលស្តេចនេប៊ូក្នេសាតាំងឡើង គេក៏ឈរនៅចំពោះរូបដែលទ្រង់តាំងទុកនោះ រួចមានអ្នក១ស្រែកប៉ាវប្រកាស ជាសំឡេងយ៉ាងខ្លាំងថា ម្នាលជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាអើយ មានសេចក្ដីបង្គាប់ដល់អ្នករាល់គ្នាដូច្នេះថា វេលាណាដែលអ្នករាល់គ្នាឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ នឹងប៉ី ហើយដន្ត្រីគ្រប់យ៉ាង នោះត្រូវក្រាបថ្វាយបង្គំដល់រូបមាស ដែលព្រះករុណាទ្រង់បានតាំងឡើងទៅ បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះនឹងត្រូវបោះទៅកណ្តាលគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនៅវេលានោះឯង ដូច្នេះ នៅវេលានោះ កាលជនទាំងឡាយបានឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ នឹងដន្ត្រីគ្រប់យ៉ាងហើយ នោះជនទាំងឡាយព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាផង ក៏ក្រាបថ្វាយបង្គំដល់រូបមាស ដែលស្តេចនេប៊ូក្នេសាបានតាំងទុកនោះ។ នៅគ្រានោះ មានពួកខាល់ដេខ្លះចូលទៅជិតប្តឹងពីពួកសាសន៍យូដា គេទូលដល់ស្តេចនេប៊ូក្នេសាថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ បពិត្រព្រះករុណា ទ្រង់បានចេញព្រះរាជបង្គាប់ថា អស់មនុស្សណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹងដន្ត្រីគ្រប់យ៉ាង នោះត្រូវតែក្រាបថ្វាយបង្គំដល់រូបមាសនេះ ហើយថា បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ រីឯក្នុងពួកអ្នកដែលទ្រង់បានតាំងឡើង លើក្រសួងការខេត្តបាប៊ីឡូន នោះមានពួកសាសន៍យូដាខ្លះ គឺសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ទាំង៣នាក់នោះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេក៏មិនទាំងគោរពប្រតិបត្តិដល់ព្រះនៃទ្រង់ ឬថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។ ហេតុនោះ នេប៊ូក្នេសាទ្រង់មានសេចក្ដីក្រោធ នឹងសេចក្ដីឃោរឃៅយ៉ាងក្រៃលែង ក៏បង្គាប់ឲ្យគេនាំសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោមក ដូច្នេះ គេក៏នាំអ្នកទាំង៣នោះចូលមកនៅចំពោះស្តេច នេប៊ូក្នេសា ទ្រង់មានបន្ទូលសួរគេថា ម្នាលសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ តើដោយបំណងចិត្តឬ ដែលឯងរាល់គ្នាមិនគោរពដល់ព្រះនៃយើង ឬថ្វាយបង្គំដល់រូបមាសដែលយើងបានតាំងឡើងហើយនោះ ឥឡូវនេះ បើឯងរាល់គ្នាប្រុងប្រៀបក្នុងវេលាណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹងដន្ត្រីគ្រប់យ៉ាង ឲ្យបានក្រាបថ្វាយបង្គំដល់រូបមាសដែលយើងបានធ្វើនេះ នោះបានហើយ តែបើមិនថ្វាយបង្គំទេ នោះនឹងត្រូវបោះឯងទៅក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ នៅវេលានោះឯង តើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃយើងបាន តែសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោទូលឆ្លើយដល់ស្តេចថា បពិត្រព្រះរាជានេប៊ូក្នេសា យើងខ្ញុំមិនចាំបាច់ទូលឆ្លើយដល់ទ្រង់ពីដំណើរនេះទេ បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ តែបើមិនជួយទេ នោះសូមឲ្យទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។ នោះនេប៊ូក្នេសា ទ្រង់មានពេញដោយសេចក្ដីឃោរឃៅ ព្រះភក្ត្រទ្រង់ក៏ផ្លាស់ប្រែទៅ ទាស់នឹងសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ទ្រង់ក៏បង្គាប់ឲ្យគេដុតគុកភ្លើងឲ្យក្តៅជាងធម្មតា១ជា៧ រួចទ្រង់បង្គាប់ដល់មនុស្សខ្លាំងពូកែខ្លះក្នុងកងទ័ពទ្រង់ ឲ្យគេចងសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ បោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅនោះ ដូច្នេះ គេក៏ចងអ្នកទាំងនោះភ្ជាប់ទាំងខោទាំងអាវ នឹងឈ្នួត ព្រមទាំងសំលៀកបំពាក់ឯទៀតផង បោះចុះក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅទៅ ហេតុនោះ ដោយព្រោះបង្គាប់ស្តេចក៏តឹងរឹងណាស់ ហើយគុកភ្លើងបានក្តៅយ៉ាងក្រៃលែង បានជាអណ្តាតភ្លើងឆេះសំឡាប់ពួកអ្នកដែលបានលើកបោះសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោទៅនោះ ចំណែកអ្នកទាំង៣នោះ គឺសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ គេធ្លាក់ទៅកណ្តាលគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ ទាំងជាប់ចំណងផង។