ដានីយ៉ែល 2:27-45
ដានីយ៉ែល 2:27-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដានីយ៉ែលទូលស្តេចវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ គ្រូអាបធ្មប់ គ្រូអង្គុយធម៌ ឬគ្រូទាយណា អាចទូលថ្វាយព្រះករុណាបានទេ តែមានព្រះមួយអង្គនៅស្ថានសួគ៌ ដែលសម្ដែងឲ្យយល់ពីអាថ៌កំបាំង ហើយព្រះអង្គបានសម្ដែងឲ្យព្រះករុណានេប៊ូក្នេសាជ្រាបពីហេតុការណ៍ដែលត្រូវកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណា និងនិមិត្តដែលព្រះករុណាបានឃើញនៅពេលផ្ទំលក់ គឺដូច្នេះឯង បពិត្រព្រះករុណា កាលទ្រង់ផ្ទំនៅលើព្រះក្រឡាបន្ទំ ទ្រង់កើតមានគំនិត គិតពីហេតុការណ៍ដែលត្រូវកើតមកនៅពេលខាងមុខ ហើយព្រះដែលបើកសម្ដែងឲ្យព្រះករុណាជ្រាបពីអាថ៌កំបាំង គឺពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ ប៉ុន្ដែ ឯទូលបង្គំវិញ ព្រះបានសម្ដែងពីអាថ៌កំបាំងនេះឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សទាំងអស់ទេ គឺព្រះអង្គបានសម្ដែងមកដើម្បីកាត់ស្រាយថ្វាយព្រះករុណា ហើយឲ្យព្រះករុណាបានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះហឫទ័យប៉ុណ្ណោះ។ បពិត្រព្រះករុណា ទ្រង់បានទតឃើញរូបមួយយ៉ាងធំ។ រូបនោះធំសម្បើមណាស់ ហើយក៏ភ្លឺពន់ពេកក្រៃ រូបនោះឈរនៅមុខព្រះករុណា ក៏មានភាពគួរឲ្យស្ញែងខ្លាច។ ក្បាលរបស់រូបនោះធ្វើពីមាសយ៉ាងល្អ ដើមទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន ជើងធ្វើពីដែក ហើយប្រអប់ជើងមួយផ្នែកធ្វើពីដែក ហើយមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ ពេលព្រះករុណាកំពុងតែទតឃើញ ស្រាប់តែមានថ្មមួយដុំដាច់ចេញមក មិនមែនដោយសារដៃមនុស្ស ហើយថ្មនោះទង្គិចត្រូវរូបនោះ ត្រង់ប្រអប់ជើង ដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងនោះបែកខ្ទេចខ្ទីអស់។ ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅទីលានបោកស្រូវក្នុងរដូវប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតឃើញមានស្នាមណារបស់រូបនោះទៀតឡើយ។ រីឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំមួយយ៉ាងធំនៅពេញផែនដីទាំងមូល។ នេះហើយជាសុបិនរបស់ព្រះករុណា ឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណាជ្រាប។ បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច ជាស្តេចដែលព្រះនៃស្ថានសួគ៌បានប្រទានឲ្យមានរាជ្យ ព្រះចេស្តា ឥទ្ធិឫទ្ធិ និងសិរីល្អ ហើយកន្លែងណាដែលមានមនុស្សជាតិ មានសត្វព្រៃនៅទីវាល និងសត្វហើរលើអាកាសរស់នៅ ព្រះបានប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា គឺព្រះអង្គបានប្រទានឲ្យព្រះករុណាមានអំណាចលើរបស់ទាំងអស់នោះ គឺទ្រង់ហើយដែលជាក្បាលដែលធ្វើពីមាសនោះ។ បន្ទាប់ពីព្រះករុណាទៅ នោះនឹងមានរាជ្យមួយទៀតកើតឡើង ដែលខ្សោយជាងព្រះករុណា ហើយក៏នៅមានរាជ្យមួយទៀត ជារាជ្យទីបីដែលជាលង្ហិន រាជ្យនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល។ ក្រោយមកនឹងមានរាជ្យទីបួន រឹងមាំដូចដែក ព្រោះដែកបំបែកបំបាក់អ្វីៗទាំងអស់ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងណា រាជ្យនោះក៏នឹងបំបែកបំបាក់អ្វីៗទាំងអស់នោះ ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងនោះដែរ។ ឯការដែលព្រះករុណាទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើពីដីឥដ្ឋរបស់ជាងស្មូន ហើយមួយផ្នែកទៀតធ្វើពីដែកវិញ នោះគឺថា រាជ្យនោះនឹងបែកចេញពីគ្នា តែក្នុងរាជ្យនោះ ផ្នែកខ្លះនឹងរឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកលាយជាមួយដីឥដ្ឋ។ ចំណែកឯម្រាមជើងដែលមួយផ្នែកធ្វើពីដែក ហើយមួយផ្នែកទៀតធ្វើពីដីឥដ្ឋយ៉ាងណា រាជ្យនោះក៏នឹងមានកម្លាំងមួយផ្នែក ហើយផុយស្រួយមួយផ្នែកយ៉ាងនោះដែរ។ ព្រះករុណាទតឃើញដែកលាយជាមួយដីឥដ្ឋជាយ៉ាងណា នោះគេនឹងលាយជាមួយគ្នាទៅវិញទៅមកដោយរៀបការនឹងគ្នា យ៉ាងនោះដែរ តែគេនឹងមិននៅជាប់ជាមួយគ្នាឡើយ ដូចជាដែកដែលមិនអាចលាយជាមួយដីឥដ្ឋដែរ។ ក្នុងរជ្ជកាលនៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងរាជ្យមួយឡើង ដែលនឹងបំផ្លាញមិនបានឡើយ ហើយរាជ្យនោះក៏នឹងមិនត្រូវផ្ទេរទៅឲ្យសាសន៍ដទៃណាមួយដែរ គឺនឹងកម្ទេចរាជ្យទាំងប៉ុន្មាននោះវិញ ហើយធ្វើឲ្យវិនាសសាបសូន្យ រាជ្យនោះនឹងនៅស្ថិតស្ថេរជារៀងរហូត ដូចព្រះករុណាបានឃើញថ្មមួយដុំដាច់ចេញពីភ្នំ ដែលមិនមែនដោយសារដៃមនុស្ស ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់ និងមាសដែរ។ ព្រះដ៏ធំបានសម្ដែងឲ្យព្រះករុណាជ្រាបពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិននេះពិតប្រាកដ ឯសេចក្ដីដែលកាត់ស្រាយគួរឲ្យជឿទុកចិត្តហើយ»។
ដានីយ៉ែល 2:27-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកដានីយ៉ែលទូលព្រះរាជាវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ ហោរា គ្រូមន្តអាគម ឬគ្រូទាយណាអាចទូលថ្វាយព្រះករុណាបានទេ។ ប៉ុន្តែ នៅស្ថានបរមសុខមានព្រះមួយអង្គ ដែលសម្តែងគម្រោងការដ៏លាក់កំបាំងផ្សេងៗ ហើយព្រះអង្គប្រោសប្រទានឲ្យព្រះករុណា នេប៊ូក្នេសា ជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាល។ សូមទ្រង់ព្រះសណ្ដាប់អំពីសុបិន និងនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះករុណាបានឃើញនៅពេលផ្ទំដូចតទៅ: បពិត្រព្រះរាជា ពេលទ្រង់ផ្ទំ ព្រលឹងរបស់ព្រះរាជាបានឃើញហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ ព្រះដែលសម្តែងគម្រោងការដ៏លាក់កំបាំង សព្វព្រះហឫទ័យឲ្យព្រះករុណាជ្រាបអំពីការដែលនឹងកើតមាននៅអនាគត។ ព្រះជាម្ចាស់បានសម្តែងឲ្យទូលបង្គំស្គាល់គម្រោងការដ៏លាក់កំបាំងដូច្នេះ មិនមែនមកពីទូលបង្គំមានប្រាជ្ញាលើសមនុស្សទាំងអស់ទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំពន្យល់អត្ថន័យថ្វាយព្រះករុណា ហើយឲ្យព្រះករុណាជ្រាបពីគំនិត ដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះករុណាផ្ទាល់។ បពិត្រព្រះរាជា ក្នុងសុបិននិមិត្ត ទ្រង់ឃើញរូបបដិមាមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខព្រះករុណា និងមានសភាពគួរឲ្យស្ញែងខ្លាច។ ក្បាលរបស់រូបនោះធ្វើពីមាសសុទ្ធ ទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន ជើងទាំងពីរធ្វើពីដែក ហើយប្រអប់ជើងទាំងពីរមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ ពេលព្រះករុណាកំពុងតែទតមើលនោះ ស្រាប់តែមានថ្មមួយដុំធ្លាក់ចុះមកដោយឯកឯង ហើយទង្គិចនឹងប្រអប់ជើងដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងរបស់រូបបដិមាបាក់បែកខ្ទេចខ្ទីអស់។ ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទីក្លាយទៅជាធូលីដែលត្រូវខ្យល់ផាត់បាត់ទៅ ដូចសម្ដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមានោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំ ពេញផែនដីទាំងមូល។ នេះហើយសុបិនរបស់ព្រះករុណា ដែលយើងខ្ញុំសូមកាត់ស្រាយថ្វាយដូចតទៅ: បពិត្រព្រះរាជា ទ្រង់ជាព្រះមហាក្សត្រលើព្រះមហាក្សត្រនានា ដ្បិតព្រះជាម្ចាស់នៃស្ថានបរមសុខបានប្រទានរាជសម្បត្តិ ឫទ្ធានុភាព ចេស្ដា និងសិរីរុងរឿង មកព្រះករុណា។ ព្រះអង្គបានប្រទានមនុស្សលោក សត្វព្រៃ និងបក្សាបក្សីនៅលើមេឃ មកក្នុងព្រះហស្ដព្រះករុណា ឲ្យព្រះករុណាគ្រប់គ្រងលើទាំងអស់ ទោះបីនៅទីណាក៏ដោយ។ ព្រះករុណានេះហើយជាក្បាលរូបបដិមាធ្វើពីមាស។ បន្ទាប់ពីព្រះករុណានឹងមានរាជាណាចក្រមួយទៀតកើតឡើង ប៉ុន្តែ ខ្សោយជាងរាជាណាចក្ររបស់ព្រះករុណា។ ក្រោយមក មានរាជាណាចក្រទីបី គឺលង្ហិនគ្រប់គ្រងលើពិភពលោកទាំងមូល។ លុះក្រោយមកទៀត មានរាជាណាចក្រទីបួនរឹងមាំដូចដែក។ ដែកកម្ទេច ហើយបំបាក់អ្វីៗទាំងអស់យ៉ាងណា រាជាណាចក្រនោះនឹងកម្ទេច ហើយបំបែកអ្វីៗទាំងអស់យ៉ាងនោះដែរ។ ព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើអំពីដីឥដ្ឋរបស់ជាងស្មូន និងមួយផ្នែកទៀតធ្វើអំពីដែក គឺសំដៅទៅលើរាជាណាចក្រនោះដែលនឹងត្រូវបែងចែកជាពីរ ប៉ុន្តែ រាជាណាចក្រនោះមានមួយផ្នែករឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកជាប់ជាមួយដីឥដ្ឋ។ ម្រាមជើងរបស់រូបបដិមាមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ បានសេចក្ដីថា រាជាណាចក្រនោះនឹងមានឫទ្ធិអំណាចមួយផ្នែក ហើយក៏ខ្សោយមួយផ្នែកដែរ។ ព្រះករុណាទតឃើញដែកជាប់ជាមួយដីឥដ្ឋ ព្រោះរាជាណាចក្រនោះតភ្ជាប់គ្នា ដោយសារចំណងស្ពានមេត្រីរបស់មនុស្ស តែគេមិនរលាយចូលគ្នាទេ គឺដូចដែក និងដីឥដ្ឋ ពុំអាចរលាយចូលគ្នាបានឡើយ។ ក្នុងរជ្ជកាលរបស់ស្ដេចទាំងនោះ ព្រះជាម្ចាស់នៃស្ថានបរមសុខនឹងធ្វើឲ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកម្ទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឲ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេររហូតតទៅ ដូចព្រះករុណាបានឃើញថ្មធ្លាក់ចុះពីលើភ្នំ ដោយឯកឯង កម្ទេចដែកលង្ហិនដីឥដ្ឋ និងមាសដែរ។ ព្រះជាម្ចាស់ដ៏ឧត្ដមបានបង្ហាញឲ្យព្រះករុណាជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណាជាការពិត និងមានអត្ថន័យគួរឲ្យជឿទុកចិត្ត»។
ដានីយ៉ែល 2:27-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះដានីយ៉ែលក៏ទូលនៅចំពោះស្តេចថា សេចក្ដីអាថ៌កំបាំងដែលព្រះករុណាបានបង្គាប់មក នោះគ្មានពួកអ្នកប្រាជ្ញ ពួកគ្រូអាបធ្មប់ ពួកគ្រូអង្គុយធម៌ ឬគ្រូទាយណា ដែលអាចនឹងកាត់ស្រាយថ្វាយព្រះករុណាបានទេ តែមានព្រះ១អង្គ ដែលគង់នៅស្ថានសួគ៌ ទ្រង់សំដែងឲ្យយល់សេចក្ដីអាថ៌កំបាំងបាន ហើយទ្រង់បានសំដែងឲ្យព្រះករុណានេប៊ូក្នេសាបានជ្រាប ពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ សុបិនរបស់ទ្រង់ នឹងការជាក់ស្តែងដែលទ្រង់បានឃើញកំពុងផ្ទំលក់ គឺយ៉ាងនេះ ឯត្រង់ទ្រង់ ឱព្រះករុណាអើយ ទ្រង់កើតមានគំនិត កាលទ្រង់កំពុងផ្ទំនៅលើព្រះក្រឡាបន្ទំ ពីការដែលត្រូវកើតមកនៅខាងមុខ ហើយព្រះដែលទ្រង់សំដែងឲ្យបានយល់ការអាថ៌កំបាំង ទ្រង់បានធ្វើឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកដល់ តែចំណែកទូលបង្គំ ការអាថ៌កំបាំងនេះបានសំដែងមកឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សណាទៀតទេ គឺដើម្បីឲ្យសេចក្ដីសំរាយនោះ បានសំដែងមក ឲ្យទ្រង់បានជ្រាបវិញ ហើយឲ្យទ្រង់ព្រះករុណា បានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះទ័យប៉ុណ្ណោះ។ បពិត្រព្រះករុណា ទ្រង់បានទតឃើញរូប១យ៉ាងធំរូបនោះដែលធំសំបើម ហើយភ្លឺយ៉ាងអស្ចារ្យ ក៏ឈរនៅចំពោះទ្រង់ មានភាពគួរស្ញែងខ្លាច ឯក្បាលរបស់រូបនោះ ជាមាសយ៉ាងល្អ ដើមទ្រូងនឹងដៃជាប្រាក់ ពោះ នឹងភ្លៅជាលង្ហិន ជើងជាដែក ហើយប្រអប់ជើងជាដែកលាយនឹងដីឥដ្ឋ ទ្រង់បានទតឃើញ ដរាបដល់មានថ្ម១ដាប់ផ្តាច់ចេញ ឥតដៃអ្នកណាធ្វើ មកទង្គិចត្រូវរូបនោះត្រង់ប្រអប់ជើង ដែលធ្វើពីដែកនឹងដីឥដ្ឋ ក៏បំបាក់បំបែកខ្ទេចខ្ទីទៅ រួចទាំងដែក ដីឥដ្ឋ លង្ហិន ប្រាក់ ហើយនឹងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅលានស្រូវខែប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតដែលឃើញផង់ណារបស់រូបនោះទៀតឡើយ ឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល។ សេចក្ដីនោះហើយ ជាសុបិនរបស់ទ្រង់ព្រះករុណាឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយ ថ្វាយព្រះករុណាជ្រាប បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច គឺជាស្តេចដែលព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានឲ្យមានរាជ្យព្រះចេស្តា ឥទ្ធិឫទ្ធិ នឹងសិរីល្អទាំងនេះ ហើយកន្លែងណាដែលមានមនុស្សជាតិអាស្រ័យនៅ នោះព្រះទ្រង់បានប្រទានទាំងសត្វនៅដី នឹងសត្វហើរលើអាកាស មកក្នុងព្រះហស្តទ្រង់ ព្រមទាំងតាំងទ្រង់ឲ្យគ្រប់គ្រងលើទាំងអស់ផង គឺទ្រង់ដែលជាក្បាលមាសនោះ តពីទ្រង់ទៅ នោះនឹងមាននគរ១ទៀតកើតឡើង ដែលថោកជាងទ្រង់ រួចនឹងមាននគរ១ទៀត ជានគរទី៣ដែលជាលង្ហិន នគរនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល ឯនគរទី៤នឹងមានកំឡាំងដូចដែក ដ្បិតដែលដែកបំបាក់បំបែកឲ្យខ្ទេចខ្ទី ហើយក៏កំរាបទាំងអស់ជាយ៉ាងណា នគរនោះក៏នឹងបំបែកបំបាក់ឲ្យខ្ទេចខ្ទី ហើយកិនល្អិតយ៉ាងនោះដែរ គឺដូចជាដែក ដែលបំបាក់បំបែករបស់ទាំងនោះឯង ហើយដែលទ្រង់បានឃើញប្រអប់ជើង នឹងម្រាមជើងនោះមាន១ចំណែកជាដីរបស់ជាងស្មូន ហើយ១ចំណែកទៀតជាដែកវិញ នោះគឺថា នគរនោះនឹងញែកបែកគ្នា តែក្នុងនគរនោះ នឹងមានកំឡាំងដូចជាដែក ដ្បិតទ្រង់បានឃើញដែកលាយនឹងដីស្អិតនោះ ហើយដែលម្រាមជើងជាដែក នឹងជាដីឥដ្ឋ លាយគ្នាជាយ៉ាងណា នគរនោះនឹងមានកំឡាំង១ចំណែក ហើយស្រួយ១ចំណែកយ៉ាងនោះដែរ ហើយដែលទ្រង់បានឃើញដែកលាយនឹងដីស្អិតជាយ៉ាងណា នោះគឺគេនឹងលាយខ្លួននឹងអស់ទាំងពូជមនុស្សផងយ៉ាងនោះដែរ តែគេនឹងមិននៅជាប់ជិតគ្នានឹងគ្នាទេ ដូចជាដែកដែលមិនលាយជាប់នឹងដីដែរ រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច គឺដូចជាទ្រង់បានឃើញថ្មនោះ ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់នឹងមាសនោះហើយ គឺព្រះដ៏ជាធំ ទ្រង់បានសំដែងឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកនៅខាងមុខ សុបិននេះជាប្រាកដហើយ ឯសេចក្ដីសំរាយក៏ជាពិតដែរ។