ដានីយ៉ែល 2:26-43

ដានីយ៉ែល 2:26-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្ដេច​មានរាជ​ឱង្ការ​មក​កាន់​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​បេលថិ‌ស្សាសារ​ថា៖ «តើ​លោក​អាច​ប្រាប់​ពី​សុបិន​ដែល​យើង​បាន​ឃើញ ហើយ​កាត់​ស្រាយ​សុបិន​នោះ​បាន​ឬ​ទេ?» ដានី‌យ៉ែល​ទូល​ស្តេច​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ គ្រូ​អាប​ធ្មប់ គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ តែ​មាន​ព្រះ​មួយ​អង្គ​នៅ​ស្ថាន‌សួគ៌ ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ហើយ​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​ជ្រាប​ពី​ហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះ‌ករុណា និង​និមិត្ត​ដែល​ព្រះ​ករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ​លក់ គឺ​ដូច្នេះឯង បពិត្រ​ព្រះ‌ករុណា កាល​ទ្រង់​ផ្ទំ​នៅ​លើ​ព្រះ‌ក្រឡា‌បន្ទំ ទ្រង់​កើត​មាន​គំនិត គិត​ពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មក​នៅ​ពេល​ខាង​មុខ ហើយ​ព្រះ​ដែល​បើក​សម្ដែង​ឲ្យ​ព្រះ​ករុណា​ជ្រាប​ពី​អាថ៌‌កំបាំង គឺ​ពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ប៉ុន្ដែ ឯ​ទូល‌បង្គំ​វិញ ព្រះ​បាន​សម្ដែង​ពី​អាថ៌‌កំបាំង​នេះ​ឲ្យ​ទូល‌បង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះ‌អង្គ​បាន​សម្ដែង​មក​ដើម្បី​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា ហើយ​ឲ្យ​ព្រះ‌ករុណា​បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ប៉ុណ្ណោះ។ បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ទត​ឃើញ​រូប​មួយ​យ៉ាង​ធំ។ រូប​នោះ​ធំ​សម្បើម​ណាស់ ហើយ​ក៏​ភ្លឺ​ពន់​ពេក​ក្រៃ រូប​នោះ​ឈរ​នៅ​មុខ​ព្រះ​ករុណា ក៏​មាន​ភាព​គួរ​ឲ្យ​ស្ញែង‌ខ្លាច។ ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​យ៉ាង​ល្អ ដើម​ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន ជើង​ធ្វើ​ពី​ដែក ហើយ​ប្រអប់​ជើង​មួយ​ផ្នែក​ធ្វើ​ពី​ដែក ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ។ ពេល​ព្រះ​ករុណា​កំពុង​តែ​ទត​ឃើញ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ដាច់​ចេញ​មក មិន​មែន​ដោយ​សារ​ដៃ​មនុស្ស ហើយ​ថ្ម​នោះ​ទង្គិច​ត្រូវ​រូប​នោះ ត្រង់​ប្រអប់​ជើង ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​ឲ្យ​ប្រអប់​ជើង​នោះ​បែក​ខ្ទេច‌ខ្ទីអស់។ ពេល​នោះ ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស​ក៏​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី​ទាំង​អស់ ហើយ​ត្រឡប់​ដូច​ជា​អង្កាម​នៅ​ទី​លាន​បោក​ស្រូវ​ក្នុង​រដូវ​ប្រាំង រួច​ខ្យល់​បក់​ផាត់​យក​ទៅ​បាត់ ឥត​ឃើញ​មាន​ស្នាម​ណា​របស់​រូប​នោះ​ទៀត​ឡើយ។ រី​ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ​នៅ​ពេញ​ផែន‌ដី​ទាំង​មូល។ នេះ​ហើយ​ជា​សុបិន​របស់​ព្រះ‌ករុណា ឥឡូវ​នេះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​ជ្រាប។ បពិត្រ​ព្រះ‌ករុណា ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ស្តេច​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​បាន​ប្រទាន​ឲ្យ​មាន​រាជ្យ ព្រះ‌ចេស្តា ឥទ្ធិ‌ឫទ្ធិ និង​សិរី‌ល្អ ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ មាន​សត្វ​ព្រៃ​នៅ​ទីវាល និង​សត្វ​ហើរ​លើ​អាកាស​រស់​នៅ ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា គឺ​ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​ព្រះ‌ករុណា​មាន​អំណាច​លើ​របស់​ទាំង​អស់​នោះ គឺ​ទ្រង់​ហើយ​ដែល​ជា​ក្បាល​ដែល​ធ្វើ​ពី​មាស​នោះ។ បន្ទាប់​ពី​ព្រះ‌ករុណា​ទៅ នោះ​នឹង​មាន​រាជ្យ​មួយ​ទៀតកើត​ឡើង ដែល​ខ្សោយ​ជាង​ព្រះ​ករុណា ហើយ​ក៏​នៅ​មាន​រាជ្យ​មួយ​ទៀត ជា​រាជ្យ​ទី​បី​ដែល​ជា​លង្ហិន រាជ្យ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែន‌ដី​ទាំង​មូល។ ក្រោយ​មក​នឹង​មាន​រាជ្យ​ទី​បួន រឹង​មាំ​ដូច​ដែក ព្រោះ​ដែក​បំបែក​បំបាក់​អ្វីៗ​ទាំង​អស់​ឲ្យ​បែក​បាក់​ខ្ទេច‌ខ្ទី​យ៉ាង​ណា រាជ្យ​នោះ​ក៏​នឹង​បំបែក​បំបាក់​អ្វីៗ​ទាំង​អស់​នោះ ឲ្យ​បែក​បាក់​ខ្ទេច​ខ្ទី​យ៉ាង​នោះ​ដែរ។ ឯ​ការ​ដែល​ព្រះ​ករុណា​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​ពី​ដីឥដ្ឋ​របស់​ជាង​ស្មូន ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដែក​វិញ នោះ​គឺ​ថា រាជ្យ​នោះ​នឹង​បែក​ចេញ​ពី​គ្នា តែ​ក្នុង​រាជ្យ​នោះ ផ្នែក​ខ្លះ​នឹង​រឹង​មាំ​ដូច​ដែក ដ្បិត​ព្រះ​ករុណា​បាន​ឃើញ​ដែក​លាយ​ជា‌មួយ​ដី​ឥដ្ឋ។ ចំណែក​ឯ​ម្រាម​ជើង​ដែល​មួយ​ផ្នែក​ធ្វើ​ពី​ដែក ហើយ​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ​យ៉ាង​ណា រាជ្យ​នោះ​ក៏​នឹង​មាន​កម្លាំង​មួយ​ផ្នែក ហើយ​ផុយ​ស្រួយ​មួយ​ផ្នែក​យ៉ាង​នោះ​ដែរ។ ព្រះ​ករុណា​ទត​ឃើញ​ដែក​លាយ​ជា‌មួយ​ដី​ឥដ្ឋ​ជា​យ៉ាង​ណា នោះ​គេ​នឹង​លាយ​ជា‌មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រៀប​ការ​នឹង​គ្នា យ៉ាង​នោះ​ដែរ តែ​គេ​នឹង​មិន​នៅ​ជាប់ជា​មួយ​គ្នា​ឡើយ ដូច​ជា​ដែក​ដែល​មិន​អាច​លាយ​ជា‌មួយ​ដី​ឥដ្ឋ​ដែរ។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:26-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ​ថា៖ «តើ​លោក​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​សុបិន​ដែល​យើង​បាន​និមិត្ត ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​មែន​ឬ?»។ លោក​ដានី‌យ៉ែល​ទូល​ព្រះ‌រាជា​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ ហោរា គ្រូ​មន្ត‌អាគម ឬ​គ្រូ​ទាយ​ណា​អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ។ ប៉ុន្តែ នៅ​ស្ថាន​បរម‌សុខ​មាន​ព្រះ​មួយ​អង្គ ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ផ្សេងៗ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌ករុណា នេប៊ូ‌ក្នេសា ជ្រាប​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល។ សូម​ទ្រង់​ព្រះ‌សណ្ដាប់​អំពី​សុបិន និង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ​ដូច​ត​ទៅ: បពិត្រ​ព្រះ‌រាជា ពេល​ទ្រង់​ផ្ទំ ព្រលឹង​របស់​ព្រះ‌រាជា​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ព្រះ​ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ការ​ដែល​នឹង​កើត​មាន​នៅ​អនាគត។ ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន​មែន​មក​ពី​ទូលបង្គំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា ហើយ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា​ផ្ទាល់។ បពិត្រ​ព្រះ‌រាជា ក្នុង​សុបិន​និមិត្ត ទ្រង់​ឃើញ​រូប​បដិមា​មួយ ដែល​មាន​ទំហំ​យ៉ាង​ធំ​ពន់​ពេក​ក្រៃ ហើយ​ថ្កុំ‌ថ្កើង​រុងរឿង​អស្ចារ្យ​ណាស់។ រូប​នោះ​ឈរ​នៅ​មុខ​ព្រះ‌ករុណា និង​មាន​សភាព​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​សុទ្ធ ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន ជើង​ទាំង​ពីរ​ធ្វើ​ពី​ដែក ហើយ​ប្រអប់​ជើង​ទាំង​ពីរ​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ។ ពេល​ព្រះ‌ករុណា​កំពុង​តែ​ទត​មើល​នោះ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ធ្លាក់​ចុះ​មក​ដោយ​ឯក‌ឯង ហើយ​ទង្គិច​នឹង​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​ឲ្យ​ប្រអប់​ជើង​របស់​រូប​បដិមា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់។ ពេល​នោះ ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស ក៏​បាក់​បែក​ខ្ទេច‌ខ្ទី​ក្លាយ​ទៅ​ជា​ធូលី​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ ដូច​សម្ដី​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ​ដែរ គឺ​ឥត​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ រីឯ​ដុំ​ថ្ម​ដែល​ទង្គិច​នឹង​រូប​បដិមា​នោះ បាន​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ ពេញ​ផែនដី​ទាំង​មូល។ នេះ​ហើយ​សុបិន​របស់​ព្រះ‌ករុណា ដែល​យើង​ខ្ញុំ​សូម​កាត់​ស្រាយ​ថ្វាយ​ដូច​ត​ទៅ: បពិត្រ​ព្រះ‌រាជា ទ្រង់​ជា​ព្រះ‌មហា‌ក្សត្រ​លើ​ព្រះ‌មហា‌ក្សត្រ​នានា ដ្បិត​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​បាន​ប្រទាន​រាជ​សម្បត្តិ ឫទ្ធា‌នុភាព ចេស្ដា និង​សិរី‌រុងរឿង មក​ព្រះ‌ករុណា។ ព្រះអង្គ​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌ករុណា ឲ្យ​ព្រះ‌ករុណា​គ្រប់‌គ្រង​លើ​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ព្រះ‌ករុណា​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។ បន្ទាប់​ពី​ព្រះ‌ករុណា​នឹង​មាន​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា។ ក្រោយ​មក មាន​រាជា‌ណាចក្រ​ទី​បី គឺ​លង្ហិន​គ្រប់‌គ្រង​លើ​ពិភព​លោក​ទាំង​មូល។ លុះ​ក្រោយ​មក​ទៀត មាន​រាជា‌ណាចក្រ​ទី​បួន​រឹង‌មាំ​ដូច​ដែក។ ដែក​កម្ទេច ហើយ​បំបាក់​អ្វីៗ​ទាំង​អស់​យ៉ាង​ណា រាជា‌ណាចក្រ​នោះ​នឹង​កម្ទេច ហើយ​បំបែក​អ្វីៗ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ព្រះ‌ករុណា​បាន​ទត​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជា‌ណាចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជា‌ណាចក្រ​នោះ​មាន​មួយ​ផ្នែក​រឹង‌មាំ​ដូច​ដែក ដ្បិត​ព្រះ‌ករុណា​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។ ម្រាម​ជើង​របស់​រូប​បដិមា​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ បាន​សេចក្ដី​ថា រាជា‌ណាចក្រ​នោះ​នឹង​មាន​ឫទ្ធិ​អំណាច​មួយ​ផ្នែក ហើយ​ក៏​ខ្សោយ​មួយ​ផ្នែក​ដែរ។ ព្រះ‌ករុណា​ទត​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ ព្រោះ​រាជា‌ណាចក្រ​នោះ​ត‌ភ្ជាប់​គ្នា ដោយ‌សារ​ចំណង​ស្ពាន‌មេត្រី​របស់​មនុស្ស តែ​គេ​មិន​រលាយ​ចូល​គ្នា​ទេ គឺ​ដូច​ដែក និង​ដី​ឥដ្ឋ ពុំ​អាច​រលាយ​ចូល​គ្នា​បាន​ឡើយ។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:26-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ជា បេល‌ថិស្សាសារ ថា តើ​អ្នក​អាច​នឹង​ប្រាប់​សប្តិ ដែល​យើង​បាន​ឃើញ​នោះ ហើយ​កាត់​ស្រាយ​ឲ្យ​យើង​ផង​បាន​ឬ នោះ​ដានី‌យ៉ែល​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ថា សេចក្ដី​អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​បាន​បង្គាប់​មក នោះ​គ្មាន​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អាប‌ធ្មប់ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា ដែល​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ តែ​មាន​ព្រះ​១​អង្គ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​បាន ហើយ​ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​បាន​ជ្រាប ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ថ្ងៃ​ក្រោយ សុបិន​របស់​ទ្រង់ នឹង​ការ​ជាក់​ស្តែង​ដែល​ទ្រង់​បាន​ឃើញ​កំពុង​ផ្ទំ​លក់ គឺ​យ៉ាង​នេះ ឯ​ត្រង់​ទ្រង់ ឱ​ព្រះ‌ករុណា​អើយ ទ្រង់​កើត​មាន​គំនិត កាល​ទ្រង់​កំពុង​ផ្ទំ​នៅ​លើ​ព្រះ‌ក្រឡា‌បន្ទំ ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ ហើយ​ព្រះ​ដែល​ទ្រង់​សំដែង​ឲ្យ​បាន​យល់​ការ​អាថ៌‌កំបាំង ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​ដល់ តែ​ចំណែក​ទូលបង្គំ ការ​អាថ៌‌កំបាំង​នេះ​បាន​សំដែង​មក​ឲ្យ​ទូលបង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូលបង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ណា​ទៀត​ទេ គឺ​ដើម្បី​ឲ្យ​សេចក្ដី​សំរាយ​នោះ បាន​សំដែង​មក ឲ្យ​ទ្រង់​បាន​ជ្រាប​វិញ ហើយ​ឲ្យ​ទ្រង់​ព្រះ‌ករុណា បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ទ័យ​ប៉ុណ្ណោះ។ បពិត្រ​ព្រះ‌ករុណា ទ្រង់​បាន​ទត​ឃើញ​រូប​១​យ៉ាង​ធំ​រូប​នោះ​ដែល​ធំ​សំបើម ហើយ​ភ្លឺ​យ៉ាង​អស្ចារ្យ ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ មាន​ភាព​គួរ​ស្ញែង‌ខ្លាច ឯ​ក្បាល​របស់​រូប​នោះ ជា​មាស​យ៉ាង​ល្អ ដើម​ទ្រូងនឹង​ដៃ​ជា​ប្រាក់ ពោះ នឹង​ភ្លៅ​ជា​លង្ហិន ជើង​ជា​ដែក ហើយ​ប្រអប់​ជើង​ជា​ដែក​លាយ​នឹង​ដី​ឥដ្ឋ ទ្រង់​បាន​ទត​ឃើញ ដរាប​ដល់​មាន​ថ្ម​១​ដាប់​ផ្តាច់​ចេញ ឥត​ដៃ​អ្នក​ណា​ធ្វើ មក​ទង្គិច​ត្រូវ​រូប​នោះ​ត្រង់​ប្រអប់​ជើង ដែល​ធ្វើ​ពី​ដែកនឹង​ដី​ឥដ្ឋ ក៏​បំបាក់​បំបែក​ខ្ទេច‌ខ្ទី​ទៅ រួច​ទាំង​ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ ហើយ​នឹង​មាស​ក៏​ត្រូវ​បែក​បាក់​ខ្ទេច‌ខ្ទី​ទាំង​អស់ ហើយ​ត្រឡប់​ដូច​ជា​អង្កាម​នៅ​លាន​ស្រូវ​ខែ​ប្រាំង រួច​ខ្យល់​បក់​ផាត់​យក​ទៅ​បាត់ ឥត​ដែល​ឃើញ​ផង់​ណា​របស់​រូប​នោះ​ទៀត​ឡើយ ឯ​ថ្ម​ដែល​ទង្គិច​នឹង​រូប​នោះ ក៏​ត្រឡប់​ទៅ​ជា​ភ្នំ​យ៉ាង​ធំ​នៅ​ពេញ​ផែនដី​ទាំង​ដុំ​មូល។ សេចក្ដី​នោះ​ហើយ ជា​សុបិន​របស់​ទ្រង់​ព្រះ‌ករុណា​ឥឡូវ​នេះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ ថ្វាយ​ព្រះ‌ករុណា​ជ្រាប បពិត្រ​ព្រះ‌ករុណា ទ្រង់​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច គឺ​ជា​ស្តេច​ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌ ទ្រង់​បាន​ប្រទាន​ឲ្យ​មាន​រាជ្យ​ព្រះ‌ចេស្តា ឥទ្ធិ‌ឫទ្ធិ នឹង​សិរី‌ល្អ​ទាំង​នេះ ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ​អាស្រ័យ​នៅ នោះ​ព្រះ‌ទ្រង់​បាន​ប្រទាន​ទាំង​សត្វ​នៅ​ដី នឹង​សត្វ​ហើរ​លើ​អាកាស មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​តាំង​ទ្រង់​ឲ្យ​គ្រប់‌គ្រង​លើ​ទាំង​អស់​ផង គឺ​ទ្រង់​ដែល​ជា​ក្បាល​មាស​នោះ ត​ពី​ទ្រង់​ទៅ នោះ​នឹង​មាន​នគរ​១​ទៀត​កើត​ឡើង ដែល​ថោក​ជាង​ទ្រង់ រួច​នឹង​មាន​នគរ​១​ទៀត ជា​នគរ​ទី​៣​ដែល​ជា​លង្ហិន នគរ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល ឯ​នគរ​ទី​៤​នឹង​មាន​កំឡាំង​ដូច​ដែក ដ្បិត​ដែល​ដែក​បំបាក់​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​ក៏​កំរាប​ទាំង​អស់​ជា​យ៉ាង​ណា នគរ​នោះ​ក៏​នឹង​បំបែក​បំបាក់​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​កិន​ល្អិត​យ៉ាង​នោះ​ដែរ គឺ​ដូច​ជា​ដែក ដែល​បំបាក់​បំបែក​របស់​ទាំង​នោះ​ឯង ហើយ​ដែល​ទ្រង់​បាន​ឃើញ​ប្រអប់​ជើង នឹង​ម្រាម​ជើង​នោះ​មាន​១​ចំណែក​ជា​ដី​របស់​ជាង​ស្មូន ហើយ​១​ចំណែក​ទៀត​ជា​ដែក​វិញ នោះ​គឺ​ថា នគរ​នោះ​នឹង​ញែក​បែក​គ្នា តែ​ក្នុង​នគរ​នោះ នឹង​មាន​កំឡាំង​ដូច​ជា​ដែក ដ្បិត​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​នោះ ហើយ​ដែល​ម្រាម​ជើង​ជា​ដែក នឹង​ជា​ដី​ឥដ្ឋ លាយ​គ្នា​ជា​យ៉ាង​ណា នគរ​នោះ​នឹង​មាន​កំឡាំង​១​ចំណែក ហើយ​ស្រួយ​១​ចំណែក​យ៉ាង​នោះ​ដែរ ហើយ​ដែល​ទ្រង់​បាន​ឃើញ​ដែក​លាយ​នឹង​ដី​ស្អិត​ជា​យ៉ាង​ណា នោះ​គឺ​គេ​នឹង​លាយ​ខ្លួន​នឹង​អស់​ទាំង​ពូជ​មនុស្ស​ផង​យ៉ាង​នោះ​ដែរ តែ​គេ​នឹង​មិន​នៅ​ជាប់​ជិត​គ្នា​នឹង​គ្នា​ទេ ដូច​ជា​ដែក​ដែល​មិន​លាយ​ជាប់​នឹង​ដី​ដែរ

ចែក​រំលែក
អាន ដានីយ៉ែល 2