ដានីយ៉ែល 2:1-6

ដានីយ៉ែល 2:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ​បាទ​នេប៊ូ‌ក្នេសា ទ្រង់​មាន​សុបិន​និមិត្ត ហើយ​វិញ្ញាណ​របស់​ស្ដេច​មាន​ការ​រំខាន ធ្វើ​ឲ្យ​ទ្រង់​ផ្ទំ​មិន​លក់។ ពេល​នោះ ស្ដេច​បង្គាប់​ឲ្យ​ហៅ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ និង​គ្រូ​អាប​ធ្មប់ ព្រម​ទាំង​ពួក​ខាល់ដេ​ឲ្យ​មក​កាត់​ស្រាយ​សុបិន​ថ្វាយ​ទ្រង់ ហើយ​គេ​ក៏​ចូល​មក​ឈរ​នៅ​ចំពោះ​ស្តេច។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់ពួក​គេ​ថា៖ «យើង​មាន​សុបិន​មួយ ហើយ​វិញ្ញាណ​យើង​មាន​ការ​រំខាន ដោយ​ព្រោះ​ចង់​ដឹង​ពី​សុបិន​នោះ»។ ដូច្នេះ ពួក​ខាល់ដេ​ទូល​ស្តេច​វិញ (ជា​ភាសា​អារ៉ាម) ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ​ករុណា​ប្រាប់​ពី​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បម្រើ​ចុះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា»។ ស្តេច​មាន​រាជ​ឱង្ការ​ទៅ​កាន់​ពួក​ខាល់ដេ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​យ៉ាង​មុត​មាំ​ដូច​តទៅ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ហើយ​កាត់​ស្រាយ​ទេ យើង​នឹង​កាប់​ចិញ្ច្រាំ​អ្នក​រាល់​គ្នា​ជា​ដុំៗ ហើយ​បំផ្លាញ​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ខ្ទេចខ្ទី។ ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​សុបិន​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ និង​រង្វាន់ ព្រម​ទាំង​កិត្តិ‌យស​យ៉ាង​ធំ​ពី​យើង។ ដូច្នេះ ចូរ​ប្រាប់​សុបិន​នោះ​ឲ្យ​យើង​ដឹង ហើយ​កាត់​ស្រាយ​ទៅ»។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូ‌ក្នេសា ទ្រង់​បាន​យល់​សុបិន​និមិត្ត ដែល​ធ្វើ​ឲ្យ​ទ្រង់​ខ្វល់​ព្រះ‌ហឫទ័យ មិន​អាច​ផ្ទំ​លក់​ទៀត​បាន​ឡើយ។ ព្រះ‌មហា‌ក្សត្រ​បាន​កោះ​ហៅ​ពួក​គ្រូ​មន្ត‌អាគម ហោរា គ្រូ​ធ្មប់ និង​គ្រូ​ទាយ​មក ដើម្បី​កាត់​ស្រាយ​សុបិន​ថ្វាយ​ព្រះ‌រាជា គេ​ក៏​នាំ​គ្នា​ចូល​មក​គាល់​ស្ដេច។ ព្រះ‌មហា‌ក្សត្រ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​សុបិន​និមិត្ត ហើយ​ខ្វល់‌ខ្វាយ​ក្នុង​ចិត្ត​ណាស់ ព្រោះ​យើង​ចង់​ដឹង​ថា​បាន​សុបិន​ឃើញ​អ្វី»។ ពួក​គ្រូ​ទាយ​ទូល​ស្ដេច​វិញ​ជា​ភាសា​អារ៉ាមថា៖ «បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​យូរ​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ព្រះ‌ករុណា​ទ្រង់​សុបិន​យ៉ាង​ណា យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​ថ្វាយ»។ ព្រះ‌មហា‌ក្សត្រ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​គ្រូ​ទាយ​ទាំង​នោះ​វិញ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ដូច​ត​ទៅ: ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​ទេ​នោះ យើង​នឹង​កាប់​ចិញ្ច្រាំ​អ្នក​រាល់​គ្នា ហើយ​ដុត​ផ្ទះ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ជា​ផេះ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​ឲ្យ​រង្វាន់​ដ៏​មាន​តម្លៃ និង​យស‌ស័ក្ដិ​ដ៏​ខ្ពង់‌ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន និង​អត្ថ‌ន័យ​របស់​វា»។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​នេប៊ូ‌ក្នេសា នោះ​ទ្រង់​បាន​សុបិន​និមិត្ត ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង បាន​ជា​ទ្រង់​ផ្ទំ​មិន​លក់​ឡើយ រួច​ស្តេច​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ នឹង​គ្រូ​អាប‌ធ្មប់ ព្រម​ទាំង​ពួក​ខាល់ដេ​ឲ្យ​មក​កាត់​ស្រាយ​សប្តិ​នោះ​ថ្វាយ​ទ្រង់ គេ​ក៏​ចូល​មក​ឈរ​នៅ​ចំពោះ​ស្តេច រួច​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​គេ​ថា អញ​បាន​យល់​សប្តិ ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង ដោយ​ចង់​ដឹង​ន័យ​ក្នុង​សប្តិ​នោះ ដូច្នេះ ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​ដល់​ស្តេច ជា​ភាសា​អារ៉ាម​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ សូម​ទ្រង់​មាន​បន្ទូល​ប្រាប់​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បំរើ​ចុះ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប តែ​ស្តេច ទ្រង់​មាន​បន្ទូល ដល់​ពួក​ខាល់ដេ​ថា សេចក្ដី​នោះ​យើង​បាន​ភ្លេច​ទៅ​ហើយ បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​សប្តិ​នោះ ហើយ​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាប់​ជា​ដុំៗ ហើយ​ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​កន្លែង​បន្ទោ​លាមក តែ​បើ​អ្នក​រាល់​គ្នា​ប្រាប់​សប្តិ​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ​ទាន នឹង​រង្វាន់ ហើយ​កិត្តិយស​ពី​យើង​វិញ ដូច្នេះ ចូរ​ប្រាប់​ពន្យល់​សប្តិ​នោះ​ដល់​យើង ហើយ​កាត់​ស្រាយ​ទៅ​ចុះ

ចែក​រំលែក
អាន ដានីយ៉ែល 2