ដានីយ៉ែល 2:1-47
ដានីយ៉ែល 2:1-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទនេប៊ូក្នេសា ទ្រង់មានសុបិននិមិត្ត ហើយវិញ្ញាណរបស់ស្ដេចមានការរំខាន ធ្វើឲ្យទ្រង់ផ្ទំមិនលក់។ ពេលនោះ ស្ដេចបង្គាប់ឲ្យហៅពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ និងគ្រូអាបធ្មប់ ព្រមទាំងពួកខាល់ដេឲ្យមកកាត់ស្រាយសុបិនថ្វាយទ្រង់ ហើយគេក៏ចូលមកឈរនៅចំពោះស្តេច។ ស្ដេចមានរាជឱង្ការទៅកាន់ពួកគេថា៖ «យើងមានសុបិនមួយ ហើយវិញ្ញាណយើងមានការរំខាន ដោយព្រោះចង់ដឹងពីសុបិននោះ»។ ដូច្នេះ ពួកខាល់ដេទូលស្តេចវិញ (ជាភាសាអារ៉ាម) ថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមព្រះករុណាប្រាប់ពីសុបិននោះមកយើងខ្ញុំ ជាបាវបម្រើចុះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណា»។ ស្តេចមានរាជឱង្ការទៅកាន់ពួកខាល់ដេថា៖ «យើងបានសម្រេចចិត្តយ៉ាងមុតមាំដូចតទៅ ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ហើយកាត់ស្រាយទេ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នាជាដុំៗ ហើយបំផ្លាញផ្ទះរបស់អ្នករាល់គ្នាឲ្យខ្ទេចខ្ទី។ ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាប្រាប់សុបិននោះ ព្រមទាំងកាត់ស្រាយផង អ្នករាល់គ្នានឹងបានអំណោយ និងរង្វាន់ ព្រមទាំងកិត្តិយសយ៉ាងធំពីយើង។ ដូច្នេះ ចូរប្រាប់សុបិននោះឲ្យយើងដឹង ហើយកាត់ស្រាយទៅ»។ ពួកគេទូលឆ្លើយម្ដងទៀតថា៖ «សូមព្រះករុណាប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបម្រើចុះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណា»។ ស្ដេចតបថា៖ «យើងដឹងច្បាស់ហើយថា អ្នករាល់គ្នាចង់ពន្យាពេល ព្រោះអ្នករាល់គ្នាឃើញថា យើងបានសម្រេចចិត្តយ៉ាងមុតមាំទៅហើយ ប្រសិនបើអ្នករាល់គ្នាមិនប្រាប់សុបិននោះដល់យើងទេ នោះមានទោសតែមួយប៉ុណ្ណោះសម្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានបង្កើតពាក្យភូតភរ ហើយឆបោកសម្រាប់ឆ្លើយមកយើង ចាំទម្រាំតែពេលវេលាផ្លាស់ប្ដូរ។ ដូច្នេះ ចូរប្រាប់សុបិននោះឲ្យយើងដឹង នោះយើងនឹងដឹងថា អ្នករាល់គ្នាពិតជាអាចកាត់ស្រាយប្រាប់យើងបាន»។ ពួកខាល់ដេទាំងនោះ ទូលតបទៅស្តេចថា៖ «គ្មានអ្នកណាម្នាក់នៅលើផែនដី ដែលអាចបង្ហាញប្រាប់ពីសេចក្ដីដែលព្រះករុណាបង្គាប់បានឡើយ! ដ្បិតគ្មានស្តេចណាមួយ ទោះបើធំ ហើយមានអំណាចយ៉ាងណាក្ដី ធ្លាប់សួរសំណួរបែបនេះដល់គ្រូមន្តអាគម គ្រូអង្គុយធម៌ ឬដល់ពួកខាល់ដេណាឡើយ។ សេចក្ដីដែលព្រះករុណាបង្គាប់នេះ ពិបាកខ្លាំងណាស់ គ្មានអ្នកណាអាចបង្ហាញដំណើរនេះដល់ព្រះករុណាបានទេ លើកលែងតែពួកព្រះប៉ុណ្ណោះ តែពួកព្រះទាំងនោះមិនរស់នៅជាមួយមនុស្សខាងសាច់ឈាមទេ»។ កាលឮដូច្នេះ ស្ដេចក៏ខ្ញាល់ ហើយក្រេវក្រោធយ៉ាងក្រៃលែង ទ្រង់ក៏បញ្ជាឲ្យបំផ្លាញពួកអ្នកប្រាជ្ញទាំងអស់ ដែលនៅស្រុកបាប៊ីឡូន។ ដូច្នេះ មានរាជបញ្ជាចេញទៅ ដើម្បីយកពួកអ្នកប្រាជ្ញទៅសម្លាប់ ហើយគេក៏រកដានីយ៉ែល និងគូកនរបស់លោក ដើម្បីយកទៅសម្លាប់ដែរ។ គ្រានោះ ដានីយ៉ែលបានឆ្លើយតបដោយវាងវៃ ហើយឆ្លៀវឆ្លាតដល់អើយ៉ុក ជាមេកងសន្ដិសុខរបស់ស្ដេច ដែលបានចេញទៅដើម្បីសម្លាប់ពួកអ្នកប្រាជ្ញស្រុកបាប៊ីឡូន។ លោកសួរអើយ៉ុក ជាមេកងសន្ដិសុខរបស់ស្ដេចថា៖ «ហេតុអ្វីបានជារាជបញ្ជារបស់ស្តេចបន្ទាន់ដល់ម៉្លេះ?»។ ពេលនោះ អើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល។ ពេលនោះ ដានីយ៉ែលចូលទៅគាល់ស្តេច ទូលសូមឲ្យបានឱកាសបន្តិច ដើម្បីឲ្យលោកបានកាត់ស្រាយថ្វាយស្ដេចជ្រាប។ បន្ទាប់មក ដានីយ៉ែលក៏វិលទៅផ្ទះវិញ ជម្រាបរឿងនោះដល់ហាណានា មីសាអែល និងអ័សារា ជាគូកនរបស់លោក ដើម្បីឲ្យគេបានទូលសូមដល់ព្រះនៃស្ថានសួគ៌ ឲ្យព្រះអង្គបានប្រោសមេត្តាដល់គេ ពីដំណើរអាថ៌កំបាំងនេះ ប្រយោជន៍ឲ្យដានីយ៉ែល និងគូកនរបស់លោកមិនត្រូវវិនាស ព្រមទាំងពួកអ្នកប្រាជ្ញឯទៀតៗ នៅស្រុកបាប៊ីឡូនផង។ ដូច្នេះ ព្រះក៏បានបើកសម្ដែងអាថ៌កំបាំងនោះឲ្យដានីយ៉ែលឃើញ ក្នុងនិមិត្តមួយនៅវេលាយប់ ហើយដានីយ៉ែលក៏ថ្វាយព្រះពរដល់ព្រះនៃស្ថានសួគ៌។ ដានីយ៉ែលពោលថា៖ «សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ នៅអស់កល្បតរៀងទៅ ដ្បិតប្រាជ្ញា និងតេជានុភាពជារបស់ព្រះអង្គ។ ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់។ ព្រះអង្គសម្ដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ព្រះអង្គជ្រាបសេចក្ដីដែលស្ថិតក្នុងទីងងឹត ហើយមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។ ឱព្រះនៃបុព្វបុរសរបស់ទូលបង្គំអើយ ទូលបង្គំសូមអរព្រះគុណ ហើយសរសើរតម្កើង ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានប្រាជ្ញា និងឥទ្ធិឫទ្ធិ ហើយឥឡូវនេះបានសម្ដែងឲ្យទូលបង្គំដឹងសេចក្ដី ដែលយើងខ្ញុំបានទូលសូមពីព្រះអង្គ ដ្បិតព្រះអង្គបានសម្ដែងឲ្យយើងខ្ញុំ ស្គាល់រឿងរ៉ាវរបស់ស្តេច»។ ដូច្នេះ ដានីយ៉ែលក៏ចូលទៅជួបអើយ៉ុក ជាអ្នកដែលស្តេចបានបញ្ជាឲ្យបំផ្លាញពួកអ្នកប្រាជ្ញ នៅស្រុកបាប៊ីឡូន។ លោកបានទៅប្រាប់គាត់ដូច្នេះថា៖ «សូមកុំបំផ្លាញពួកអ្នកប្រាជ្ញស្រុកបាប៊ីឡូនឡើយ សូមនាំខ្ញុំចូលទៅគាល់ស្តេចវិញ នោះខ្ញុំនឹងកាត់ស្រាយថ្វាយស្ដេចជ្រាប»។ ពេលនោះ អើយ៉ុកក៏ប្រញាប់ប្រញាល់នាំដានីយ៉ែលចូលទៅគាល់ស្តេច ហើយទូលស្ដេចដូច្នេះថា៖ «ទូលបង្គំរកបានបុរសម្នាក់ ក្នុងចំណោមពួកឈ្លើយពីស្រុកយូដា ដែលអាចកាត់ស្រាយសុបិនថ្វាយព្រះករុណាបាន»។ ស្ដេចមានរាជឱង្ការមកកាន់ដានីយ៉ែល ដែលលោកមានឈ្មោះបេលថិស្សាសារថា៖ «តើលោកអាចប្រាប់ពីសុបិនដែលយើងបានឃើញ ហើយកាត់ស្រាយសុបិននោះបានឬទេ?» ដានីយ៉ែលទូលស្តេចវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ គ្រូអាបធ្មប់ គ្រូអង្គុយធម៌ ឬគ្រូទាយណា អាចទូលថ្វាយព្រះករុណាបានទេ តែមានព្រះមួយអង្គនៅស្ថានសួគ៌ ដែលសម្ដែងឲ្យយល់ពីអាថ៌កំបាំង ហើយព្រះអង្គបានសម្ដែងឲ្យព្រះករុណានេប៊ូក្នេសាជ្រាបពីហេតុការណ៍ដែលត្រូវកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណា និងនិមិត្តដែលព្រះករុណាបានឃើញនៅពេលផ្ទំលក់ គឺដូច្នេះឯង បពិត្រព្រះករុណា កាលទ្រង់ផ្ទំនៅលើព្រះក្រឡាបន្ទំ ទ្រង់កើតមានគំនិត គិតពីហេតុការណ៍ដែលត្រូវកើតមកនៅពេលខាងមុខ ហើយព្រះដែលបើកសម្ដែងឲ្យព្រះករុណាជ្រាបពីអាថ៌កំបាំង គឺពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ ប៉ុន្ដែ ឯទូលបង្គំវិញ ព្រះបានសម្ដែងពីអាថ៌កំបាំងនេះឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សទាំងអស់ទេ គឺព្រះអង្គបានសម្ដែងមកដើម្បីកាត់ស្រាយថ្វាយព្រះករុណា ហើយឲ្យព្រះករុណាបានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះហឫទ័យប៉ុណ្ណោះ។ បពិត្រព្រះករុណា ទ្រង់បានទតឃើញរូបមួយយ៉ាងធំ។ រូបនោះធំសម្បើមណាស់ ហើយក៏ភ្លឺពន់ពេកក្រៃ រូបនោះឈរនៅមុខព្រះករុណា ក៏មានភាពគួរឲ្យស្ញែងខ្លាច។ ក្បាលរបស់រូបនោះធ្វើពីមាសយ៉ាងល្អ ដើមទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន ជើងធ្វើពីដែក ហើយប្រអប់ជើងមួយផ្នែកធ្វើពីដែក ហើយមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ ពេលព្រះករុណាកំពុងតែទតឃើញ ស្រាប់តែមានថ្មមួយដុំដាច់ចេញមក មិនមែនដោយសារដៃមនុស្ស ហើយថ្មនោះទង្គិចត្រូវរូបនោះ ត្រង់ប្រអប់ជើង ដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងនោះបែកខ្ទេចខ្ទីអស់។ ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅទីលានបោកស្រូវក្នុងរដូវប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតឃើញមានស្នាមណារបស់រូបនោះទៀតឡើយ។ រីឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំមួយយ៉ាងធំនៅពេញផែនដីទាំងមូល។ នេះហើយជាសុបិនរបស់ព្រះករុណា ឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណាជ្រាប។ បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច ជាស្តេចដែលព្រះនៃស្ថានសួគ៌បានប្រទានឲ្យមានរាជ្យ ព្រះចេស្តា ឥទ្ធិឫទ្ធិ និងសិរីល្អ ហើយកន្លែងណាដែលមានមនុស្សជាតិ មានសត្វព្រៃនៅទីវាល និងសត្វហើរលើអាកាសរស់នៅ ព្រះបានប្រទានមកក្នុងព្រះហស្តរបស់ព្រះករុណា គឺព្រះអង្គបានប្រទានឲ្យព្រះករុណាមានអំណាចលើរបស់ទាំងអស់នោះ គឺទ្រង់ហើយដែលជាក្បាលដែលធ្វើពីមាសនោះ។ បន្ទាប់ពីព្រះករុណាទៅ នោះនឹងមានរាជ្យមួយទៀតកើតឡើង ដែលខ្សោយជាងព្រះករុណា ហើយក៏នៅមានរាជ្យមួយទៀត ជារាជ្យទីបីដែលជាលង្ហិន រាជ្យនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល។ ក្រោយមកនឹងមានរាជ្យទីបួន រឹងមាំដូចដែក ព្រោះដែកបំបែកបំបាក់អ្វីៗទាំងអស់ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងណា រាជ្យនោះក៏នឹងបំបែកបំបាក់អ្វីៗទាំងអស់នោះ ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងនោះដែរ។ ឯការដែលព្រះករុណាទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើពីដីឥដ្ឋរបស់ជាងស្មូន ហើយមួយផ្នែកទៀតធ្វើពីដែកវិញ នោះគឺថា រាជ្យនោះនឹងបែកចេញពីគ្នា តែក្នុងរាជ្យនោះ ផ្នែកខ្លះនឹងរឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកលាយជាមួយដីឥដ្ឋ។ ចំណែកឯម្រាមជើងដែលមួយផ្នែកធ្វើពីដែក ហើយមួយផ្នែកទៀតធ្វើពីដីឥដ្ឋយ៉ាងណា រាជ្យនោះក៏នឹងមានកម្លាំងមួយផ្នែក ហើយផុយស្រួយមួយផ្នែកយ៉ាងនោះដែរ។ ព្រះករុណាទតឃើញដែកលាយជាមួយដីឥដ្ឋជាយ៉ាងណា នោះគេនឹងលាយជាមួយគ្នាទៅវិញទៅមកដោយរៀបការនឹងគ្នា យ៉ាងនោះដែរ តែគេនឹងមិននៅជាប់ជាមួយគ្នាឡើយ ដូចជាដែកដែលមិនអាចលាយជាមួយដីឥដ្ឋដែរ។ ក្នុងរជ្ជកាលនៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងរាជ្យមួយឡើង ដែលនឹងបំផ្លាញមិនបានឡើយ ហើយរាជ្យនោះក៏នឹងមិនត្រូវផ្ទេរទៅឲ្យសាសន៍ដទៃណាមួយដែរ គឺនឹងកម្ទេចរាជ្យទាំងប៉ុន្មាននោះវិញ ហើយធ្វើឲ្យវិនាសសាបសូន្យ រាជ្យនោះនឹងនៅស្ថិតស្ថេរជារៀងរហូត ដូចព្រះករុណាបានឃើញថ្មមួយដុំដាច់ចេញពីភ្នំ ដែលមិនមែនដោយសារដៃមនុស្ស ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់ និងមាសដែរ។ ព្រះដ៏ធំបានសម្ដែងឲ្យព្រះករុណាជ្រាបពីហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិននេះពិតប្រាកដ ឯសេចក្ដីដែលកាត់ស្រាយគួរឲ្យជឿទុកចិត្តហើយ»។ ពេលនោះ ព្រះបាទនេប៊ូក្នេសាក្រាបព្រះភក្ត្រចុះ ថ្វាយបង្គំដានីយ៉ែល ហើយបញ្ជាឲ្យគេថ្វាយយញ្ញបូជា និងគ្រឿងក្រអូប ដើម្បីគោរពលោក។ ស្ដេចមានរាជឱង្ការមកកាន់ដានីយ៉ែលថា៖ «ប្រាកដមែន ព្រះរបស់លោកពិតជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងស្តេច មែន គឺជាព្រះដែលសម្ដែងឲ្យយល់ពីអាថ៌កំបាំង ព្រោះលោកបានសម្ដែងឲ្យយល់ពីអាថ៌កំបាំងនេះ!»។
ដានីយ៉ែល 2:1-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ទ្រង់បានយល់សុបិននិមិត្ត ដែលធ្វើឲ្យទ្រង់ខ្វល់ព្រះហឫទ័យ មិនអាចផ្ទំលក់ទៀតបានឡើយ។ ព្រះមហាក្សត្របានកោះហៅពួកគ្រូមន្តអាគម ហោរា គ្រូធ្មប់ និងគ្រូទាយមក ដើម្បីកាត់ស្រាយសុបិនថ្វាយព្រះរាជា គេក៏នាំគ្នាចូលមកគាល់ស្ដេច។ ព្រះមហាក្សត្រមានរាជឱង្ការថា៖ «យើងបានសុបិននិមិត្ត ហើយខ្វល់ខ្វាយក្នុងចិត្តណាស់ ព្រោះយើងចង់ដឹងថាបានសុបិនឃើញអ្វី»។ ពួកគ្រូទាយទូលស្ដេចវិញជាភាសាអារ៉ាមថា៖ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅជាយូរអង្វែងតរៀងទៅ! សូមព្រះករុណាមានរាជឱង្ការឲ្យយើងខ្ញុំដឹងផងថា ព្រះករុណាទ្រង់សុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។ ព្រះមហាក្សត្រមានរាជឱង្ការទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសម្រេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថន័យទេនោះ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នា ហើយដុតផ្ទះអ្នករាល់គ្នាឲ្យទៅជាផេះទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយន័យ យើងនឹងឲ្យរង្វាន់ដ៏មានតម្លៃ និងយសស័ក្ដិដ៏ខ្ពង់ខ្ពស់ដល់អ្នករាល់គ្នាទៀតផង។ ដូច្នេះ អ្នករាល់គ្នាត្រូវតែប្រាប់ឲ្យយើងដឹងអំពីសុបិន និងអត្ថន័យរបស់វា»។ ពួកគេទូលព្រះមហាក្សត្រសាជាថ្មីថា៖ «សូមព្រះករុណាប្រាប់យើងខ្ញុំឲ្យដឹងពីសុបិននោះមក យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។ ព្រះមហាក្សត្រមានរាជឱង្ការទៅពួកគេវិញថា៖ «យើងដឹងច្បាស់ណាស់ថា អ្នករាល់គ្នាចង់ពន្យារពេល ព្រោះតែយើងបានសម្រេចដូច្នេះ គឺប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិននេះទេ យើងនឹងធ្វើទោសអ្នករាល់គ្នាមិនខាន។ អ្នករាល់គ្នាបានឃុបឃិតគ្នា ប្រឌិតរឿងក្លែងក្លាយបញ្ឆោតយើង ដើម្បីឲ្យបានចំណេញពេល។ ឥឡូវនេះ ត្រូវប្រាប់ឲ្យយើងដឹងអំពីសុបិនមក នោះយើងនឹងឃើញថា អ្នករាល់គ្នាពិតជាអាចបកស្រាយអត្ថន័យប្រាប់យើងមែន!»។ គ្រូទាយទាំងនោះទូលព្រះមហាក្សត្រថា៖ «បពិត្រព្រះរាជា នៅលើផែនដី ពុំមាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ព្រះករុណាបានឡើយ។ គ្មានស្ដេចណាមួយ ទោះបីជាស្ដេចដ៏ធំឧត្ដុង្គឧត្ដម និងមានឫទ្ធិអំណាចយ៉ាងណាក្ដី ធ្លាប់បង្ខំគ្រូមន្តអាគម ហោរា និងគ្រូទាយឲ្យធ្វើការអ្វីដូចព្រះករុណាបានបង្គាប់នេះទេ។ ព្រះករុណាបញ្ជាដូច្នេះហួសពីសមត្ថភាពដែលមនុស្សអាចធ្វើបាន ក្រៅពីព្រះដែលមិនស្ថិតនៅក្នុងចំណោមសត្វលោកនេះ គ្មាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ព្រះករុណាបានទេ»។ ពេលឮដូច្នេះ ព្រះរាជាក្រេវក្រោធយ៉ាងខ្លាំងឥតឧបមា ទ្រង់ក៏ចេញបញ្ជាឲ្យគេប្រហារជីវិតអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូន។ គេបានប្រកាសផ្សាយរាជបញ្ជា ហើយពួកអ្នកប្រាជ្ញត្រូវគេនាំយកទៅ បម្រុងនឹងប្រហារជីវិត។ គេក៏រកចាប់លោកដានីយ៉ែល និងមិត្តភក្ដិរបស់លោកយកទៅសម្លាប់ដែរ។ លោកអើយ៉ុក ជាមេបញ្ជាការកងរក្សាព្រះមហាក្សត្រ ទទួលបន្ទុកចាប់អ្នកប្រាជ្ញស្រុកបាប៊ីឡូនយកទៅប្រហារជីវិត។ ពេលនោះ លោកដានីយ៉ែលបានសាកសួរដោយប្រុងប្រយ័ត្ន និងវាងវៃថា៖ «ហេតុដូចម្ដេចបានជាព្រះមហាក្សត្រចេញបញ្ជាតឹងរ៉ឹងបែបនេះ?»។ លោកអើយ៉ុកក៏រៀបរាប់រឿងហេតុប្រាប់លោកដានីយ៉ែល។ លោកដានីយ៉ែលទៅគាល់ព្រះរាជា ទូលសូមពន្យារពេល ដើម្បីទុកឲ្យលោកពន្យល់អត្ថន័យនៃសុបិនថ្វាយ។ បន្ទាប់មក លោកទៅផ្ទះវិញ ជម្រាបលោកហាណានា លោកមីសាអែល និងលោកអសារាជាមិត្តភក្ដិឲ្យបានជ្រាបពីហេតុការណ៍នេះ ហើយបបួលគ្នាទូលអង្វរព្រះជាម្ចាស់នៃស្ថានបរមសុខ សូមទ្រង់អាណិតមេត្តាបំភ្លឺលោកឲ្យយល់អាថ៌កំបាំងនេះ កុំឲ្យគេប្រហារជីវិតលោក និងមិត្តភក្ដិ ព្រមទាំងអ្នកប្រាជ្ញឯទៀតៗនៅស្រុកបាប៊ីឡូនឡើយ។ ពេលនោះ ព្រះជាម្ចាស់បានបំភ្លឺលោកដានីយ៉ែលឲ្យដឹងការអាថ៌កំបាំងនេះ តាមរយៈនិមិត្តហេតុដ៏អស្ចារ្យនៅពេលយប់។ លោកដានីយ៉ែលក៏លើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ*។ លោកពោលថា៖ «សូមលើកតម្កើងព្រះនាមព្រះជាម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ! ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដា ព្រះអង្គធ្វើឲ្យពេលវេលា និងរដូវកាលផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ព្រះអង្គទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ព្រះអង្គលើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា ព្រះអង្គសម្តែងឲ្យស្គាល់អ្វីៗ ដែលមានអត្ថន័យជ្រៅជ្រះ និងលាក់កំបាំង ព្រះអង្គឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុងភាពងងឹត ដ្បិតមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។ បពិត្រព្រះនៃបុព្វបុរសរបស់ទូលបង្គំ ទូលបង្គំសូមសរសើរ និងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គប្រទានប្រាជ្ញា និងកម្លាំងមកទូលបង្គំ។ ព្រះអង្គបានសម្តែងឲ្យទូលបង្គំស្គាល់នូវអ្វីៗ ដែលយើងខ្ញុំទូលសូមព្រះអង្គ ហើយព្រះអង្គក៏បានសម្តែងឲ្យយើងដឹង អំពីហេតុការណ៍ដែលនឹងកើតមានដល់ ព្រះរាជាដែរ»។ បន្ទាប់មក លោកដានីយ៉ែលទៅជួបលោកអើយ៉ុក ដែលទទួលបញ្ជាពីស្ដេចក្នុងការប្រហារជីវិតពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូន។ លោកប្រាប់គាត់ថា៖ «សូមកុំប្រហារជីវិតអ្នកប្រាជ្ញរបស់ស្រុកបាប៊ីឡូនឡើយ តែសូមនាំខ្ញុំចូលទៅគាល់ព្រះករុណាវិញ ខ្ញុំនឹងកាត់ស្រាយអត្ថន័យសុបិនថ្វាយ»។ លោកអើយ៉ុកក៏ប្រញាប់ប្រញាល់នាំលោកដានីយ៉ែលទៅគាល់ព្រះមហាក្សត្រ ហើយទូលថា៖ «ទូលបង្គំរកបានបុរសម្នាក់ ក្នុងចំណោមជនជាតិយូដាដែលទ្រង់ជន្លៀសយកមក គាត់អាចកាត់ស្រាយអត្ថន័យនៃសុបិនថ្វាយព្រះករុណាបាន»។ ព្រះរាជាមានរាជឱង្ការមកកាន់លោកដានីយ៉ែល ហៅបេលថិស្សាសារថា៖ «តើលោកពិតជាអាចធ្វើឲ្យយើងនឹកឃើញសុបិនដែលយើងបាននិមិត្ត ព្រមទាំងកាត់ស្រាយអត្ថន័យបានមែនឬ?»។ លោកដានីយ៉ែលទូលព្រះរាជាវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ ហោរា គ្រូមន្តអាគម ឬគ្រូទាយណាអាចទូលថ្វាយព្រះករុណាបានទេ។ ប៉ុន្តែ នៅស្ថានបរមសុខមានព្រះមួយអង្គ ដែលសម្តែងគម្រោងការដ៏លាក់កំបាំងផ្សេងៗ ហើយព្រះអង្គប្រោសប្រទានឲ្យព្រះករុណា នេប៊ូក្នេសា ជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាល។ សូមទ្រង់ព្រះសណ្ដាប់អំពីសុបិន និងនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះករុណាបានឃើញនៅពេលផ្ទំដូចតទៅ: បពិត្រព្រះរាជា ពេលទ្រង់ផ្ទំ ព្រលឹងរបស់ព្រះរាជាបានឃើញហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ ព្រះដែលសម្តែងគម្រោងការដ៏លាក់កំបាំង សព្វព្រះហឫទ័យឲ្យព្រះករុណាជ្រាបអំពីការដែលនឹងកើតមាននៅអនាគត។ ព្រះជាម្ចាស់បានសម្តែងឲ្យទូលបង្គំស្គាល់គម្រោងការដ៏លាក់កំបាំងដូច្នេះ មិនមែនមកពីទូលបង្គំមានប្រាជ្ញាលើសមនុស្សទាំងអស់ទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំពន្យល់អត្ថន័យថ្វាយព្រះករុណា ហើយឲ្យព្រះករុណាជ្រាបពីគំនិត ដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះករុណាផ្ទាល់។ បពិត្រព្រះរាជា ក្នុងសុបិននិមិត្ត ទ្រង់ឃើញរូបបដិមាមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខព្រះករុណា និងមានសភាពគួរឲ្យស្ញែងខ្លាច។ ក្បាលរបស់រូបនោះធ្វើពីមាសសុទ្ធ ទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន ជើងទាំងពីរធ្វើពីដែក ហើយប្រអប់ជើងទាំងពីរមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ ពេលព្រះករុណាកំពុងតែទតមើលនោះ ស្រាប់តែមានថ្មមួយដុំធ្លាក់ចុះមកដោយឯកឯង ហើយទង្គិចនឹងប្រអប់ជើងដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងរបស់រូបបដិមាបាក់បែកខ្ទេចខ្ទីអស់។ ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទីក្លាយទៅជាធូលីដែលត្រូវខ្យល់ផាត់បាត់ទៅ ដូចសម្ដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមានោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំ ពេញផែនដីទាំងមូល។ នេះហើយសុបិនរបស់ព្រះករុណា ដែលយើងខ្ញុំសូមកាត់ស្រាយថ្វាយដូចតទៅ: បពិត្រព្រះរាជា ទ្រង់ជាព្រះមហាក្សត្រលើព្រះមហាក្សត្រនានា ដ្បិតព្រះជាម្ចាស់នៃស្ថានបរមសុខបានប្រទានរាជសម្បត្តិ ឫទ្ធានុភាព ចេស្ដា និងសិរីរុងរឿង មកព្រះករុណា។ ព្រះអង្គបានប្រទានមនុស្សលោក សត្វព្រៃ និងបក្សាបក្សីនៅលើមេឃ មកក្នុងព្រះហស្ដព្រះករុណា ឲ្យព្រះករុណាគ្រប់គ្រងលើទាំងអស់ ទោះបីនៅទីណាក៏ដោយ។ ព្រះករុណានេះហើយជាក្បាលរូបបដិមាធ្វើពីមាស។ បន្ទាប់ពីព្រះករុណានឹងមានរាជាណាចក្រមួយទៀតកើតឡើង ប៉ុន្តែ ខ្សោយជាងរាជាណាចក្ររបស់ព្រះករុណា។ ក្រោយមក មានរាជាណាចក្រទីបី គឺលង្ហិនគ្រប់គ្រងលើពិភពលោកទាំងមូល។ លុះក្រោយមកទៀត មានរាជាណាចក្រទីបួនរឹងមាំដូចដែក។ ដែកកម្ទេច ហើយបំបាក់អ្វីៗទាំងអស់យ៉ាងណា រាជាណាចក្រនោះនឹងកម្ទេច ហើយបំបែកអ្វីៗទាំងអស់យ៉ាងនោះដែរ។ ព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើអំពីដីឥដ្ឋរបស់ជាងស្មូន និងមួយផ្នែកទៀតធ្វើអំពីដែក គឺសំដៅទៅលើរាជាណាចក្រនោះដែលនឹងត្រូវបែងចែកជាពីរ ប៉ុន្តែ រាជាណាចក្រនោះមានមួយផ្នែករឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកជាប់ជាមួយដីឥដ្ឋ។ ម្រាមជើងរបស់រូបបដិមាមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ បានសេចក្ដីថា រាជាណាចក្រនោះនឹងមានឫទ្ធិអំណាចមួយផ្នែក ហើយក៏ខ្សោយមួយផ្នែកដែរ។ ព្រះករុណាទតឃើញដែកជាប់ជាមួយដីឥដ្ឋ ព្រោះរាជាណាចក្រនោះតភ្ជាប់គ្នា ដោយសារចំណងស្ពានមេត្រីរបស់មនុស្ស តែគេមិនរលាយចូលគ្នាទេ គឺដូចដែក និងដីឥដ្ឋ ពុំអាចរលាយចូលគ្នាបានឡើយ។ ក្នុងរជ្ជកាលរបស់ស្ដេចទាំងនោះ ព្រះជាម្ចាស់នៃស្ថានបរមសុខនឹងធ្វើឲ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកម្ទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឲ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេររហូតតទៅ ដូចព្រះករុណាបានឃើញថ្មធ្លាក់ចុះពីលើភ្នំ ដោយឯកឯង កម្ទេចដែកលង្ហិនដីឥដ្ឋ និងមាសដែរ។ ព្រះជាម្ចាស់ដ៏ឧត្ដមបានបង្ហាញឲ្យព្រះករុណាជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណាជាការពិត និងមានអត្ថន័យគួរឲ្យជឿទុកចិត្ត»។ ពេលនោះ ព្រះចៅនេប៊ូក្នេសាក្រាបចុះ ឱនព្រះភ័ក្ត្រដល់ដី ថ្វាយបង្គំលោកដានីយ៉ែល ហើយបញ្ជាឲ្យគេធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប ដើម្បីគោរពលោក។ ព្រះរាជាមានរាជឱង្ការមកលោកដានីយ៉ែលថា៖ «ព្រះរបស់អស់លោកពិតជាព្រះលើព្រះនានា និងជាព្រះអម្ចាស់លើព្រះអម្ចាស់នានាមែន! មានតែព្រះអង្គទេដែលសម្តែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាលោករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។
ដានីយ៉ែល 2:1-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅក្នុងឆ្នាំទី២ នៃរាជ្យនេប៊ូក្នេសា នោះទ្រង់បានសុបិននិមិត្ត ហើយមានវិញ្ញាណវិងស៊ុង បានជាទ្រង់ផ្ទំមិនលក់ឡើយ រួចស្តេចទ្រង់បង្គាប់ឲ្យហៅពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ នឹងគ្រូអាបធ្មប់ ព្រមទាំងពួកខាល់ដេឲ្យមកកាត់ស្រាយសប្តិនោះថ្វាយទ្រង់ គេក៏ចូលមកឈរនៅចំពោះស្តេច រួចស្តេចទ្រង់មានបន្ទូលនឹងគេថា អញបានយល់សប្តិ ហើយមានវិញ្ញាណវិងស៊ុង ដោយចង់ដឹងន័យក្នុងសប្តិនោះ ដូច្នេះ ពួកខាល់ដេ គេទូលឆ្លើយដល់ស្តេច ជាភាសាអារ៉ាមថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ សូមទ្រង់មានបន្ទូលប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបំរើចុះ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប តែស្តេច ទ្រង់មានបន្ទូល ដល់ពួកខាល់ដេថា សេចក្ដីនោះយើងបានភ្លេចទៅហើយ បើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងសប្តិនោះ ហើយកាត់ស្រាយផង នោះអ្នករាល់គ្នានឹងត្រូវកាប់ជាដុំៗ ហើយផ្ទះរបស់អ្នករាល់គ្នានឹងទៅជាកន្លែងបន្ទោលាមក តែបើអ្នករាល់គ្នាប្រាប់សប្តិនោះ ព្រមទាំងកាត់ស្រាយផង នោះអ្នករាល់គ្នានឹងបានអំណោយទាន នឹងរង្វាន់ ហើយកិត្តិយសពីយើងវិញ ដូច្នេះ ចូរប្រាប់ពន្យល់សប្តិនោះដល់យើង ហើយកាត់ស្រាយទៅចុះ គេទូលឆ្លើយម្តងទៀតថា សូមតែឲ្យព្រះករុណាមានបន្ទូលប្រាប់សប្តិនោះដល់យើងខ្ញុំ ជាបាវបំរើទ្រង់ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប ស្តេចទ្រង់តបឡើងថា យើងបានដឹងពិតប្រាកដថា អ្នករាល់គ្នានឹងចង់បានពេលវេលា ដោយឃើញថា យើងបានភ្លេចសេចក្ដីទៅហើយ បើសិនជាអ្នករាល់គ្នាមិនប្រាប់សប្តិនោះដល់យើងទេ នោះមានទោសតែ១ប៉ុណ្ណោះសំរាប់អ្នកទាំងអស់គ្នា ដ្បិតអ្នករាល់គ្នាបានបង្កើតពាក្យភូតភរ ហើយឆបោកសំរាប់ឆ្លើយមកយើង ចាំទំរាំតែគ្រានេះបានផ្លាស់ប្រែទៅ ដូច្នេះ ចូរប្រាប់សប្តិនោះដល់យើង នោះយើងនឹងដឹងថា អ្នករាល់គ្នាអាចនឹងកាត់ស្រាយបានមែន តែពួកខាល់ដេ គេទូលឆ្លើយនៅចំពោះស្តេចថា គ្មានមនុស្សណាមួយនៅលើផែនដីនេះ ដែលអាចនឹងបង្ហាញដំណើរនៃព្រះករុណាបានទេ ក៏មិនដែលមានស្តេចណា ទោះបើធំ ហើយមានអំណាចយ៉ាងណាក៏ដោយ ដែលបានបង្គាប់ការយ៉ាងនេះដល់ពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ឬដល់ពួកខាល់ដេណាៗឡើយ ការដែលព្រះករុណាទ្រង់បង្គាប់នេះ ជាការកម្រមានណាស់ គ្មានអ្នកណាអាចនឹងបង្ហាញដំណើរនេះដល់ព្រះករុណាបានទេ មានតែពួកព្រះដែលមិនស្ថិតនៅក្នុងសាច់ឈាមវិញប៉ុណ្ណោះ ហេតុដូច្នេះ ស្តេចទ្រង់ក៏ខ្ញាល់ ហើយមានសេចក្ដីក្រេវក្រោធយ៉ាងក្រៃលែង ក៏បង្គាប់ឲ្យបំផ្លាញពួកអ្នកប្រាជ្ញទាំងអស់ដែលនៅក្រុងបាប៊ីឡូនទៅ យ៉ាងនោះ មានព្រះរាជឱង្ការចេញទៅ បង្គាប់ឲ្យសំឡាប់ពួកអ្នកប្រាជ្ញបង់ ហើយគេក៏រកដានីយ៉ែល នឹងពួកគូកនលោក ដើម្បីយកទៅសំឡាប់ដែរ។ គ្រានោះ ដានីយ៉ែលឆ្លើយដោយវាងវៃ ហើយឆ្លៀវឆ្លាតដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គ ដែលបានចេញទៅ ដើម្បីសំឡាប់ពួកអ្នកប្រាជ្ញដែលនៅក្រុងបាប៊ីឡូន លោកសួរដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គថា ហេតុអ្វីបានជាព្រះរាជឱង្ការនៃស្តេចប្រថំអីម៉្លេះ នោះអើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល រួចដានីយ៉ែលចូលទៅគាល់ស្តេច ទូលសូមឲ្យបានឱកាសបន្តិច នោះនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប។ នោះដានីយ៉ែលក៏វិលទៅឯផ្ទះ ប្រាប់រឿងនោះដល់ហាណានា មីសាអែល នឹងអ័សារា ជាគូកនរបស់លោក ដើម្បីឲ្យគេបានទូលសូមដល់ព្រះនៃស្ថានសួគ៌ ឲ្យទ្រង់បានប្រោសមេត្តាដល់គេ ពីដំណើរសេចក្ដីអាថ៌កំបាំងនោះ ប្រយោជន៍ឲ្យដានីយ៉ែល នឹងគូកនលោកមិនត្រូវវិនាសជាមួយនឹងពួកអ្នកប្រាជ្ញឯទៀត ដែលនៅក្រុងបាប៊ីឡូនឡើយ ដូច្នេះ សេចក្ដីអាថ៌កំបាំងនោះ បានសំដែងមក ឲ្យដានីយ៉ែលឃើញ ក្នុងការជាក់ស្តែងនៅវេលាយប់ នោះលោកក្រាបថ្វាយបង្គំដល់ព្រះនៃស្ថានសួគ៌ ហើយទូលថា សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ នៅអស់កល្បតរៀងទៅ ដ្បិតប្រាជ្ញា នឹងតេជានុភាពជារបស់ផងទ្រង់ គឺទ្រង់ដែលបំផ្លាស់បំប្រែពេលកំណត់ នឹងរដូវកាល ទ្រង់ដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ នឹងចំណេះដល់អស់អ្នកដែលមានយោបល់ ទ្រង់ក៏សំដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ទ្រង់ជ្រាបសេចក្ដីដែលនៅទីងងឹត ហើយមានពន្លឺនៅជាមួយនឹងទ្រង់ ឱព្រះនៃពួកឰយុកោទូលបង្គំអើយ ទូលបង្គំអរព្រះគុណ ហើយក៏សរសើរដល់ទ្រង់ ពីព្រោះទ្រង់បានប្រោសឲ្យទូលបង្គំមានប្រាជ្ញា នឹងអំណាច ហើយឥឡូវនេះ ទ្រង់បានសំដែងឲ្យទូលបង្គំដឹងសេចក្ដី ដែលយើងខ្ញុំបានសូមពីទ្រង់ ដ្បិតទ្រង់បានសំដែង ឲ្យយើងខ្ញុំស្គាល់រឿងរ៉ាវរបស់ស្តេច ដូច្នេះ ដានីយ៉ែលក៏ចូលទៅឯអើយ៉ុក ជាអ្នកដែលស្តេចបានបង្គាប់ឲ្យបំផ្លាញពួកអ្នកប្រាជ្ញ នៅក្រុងបាប៊ីឡូនបង់ នោះគឺបានទៅនិយាយដូច្នេះថា សូមកុំបំផ្លាញពួកអ្នកប្រាជ្ញ នៅក្រុងបាប៊ីឡូនឡើយ សូមនាំខ្ញុំចូលទៅគាល់ដល់ស្តេចចុះ នោះខ្ញុំនឹងកាត់ស្រាយសេចក្ដីថ្វាយទ្រង់ជ្រាបវិញ។ ដូច្នេះ អើយ៉ុកក៏នាំដានីយ៉ែលចូលទៅចំពោះស្តេចដោយប្រញាប់ប្រញាល់ ហើយទូលថា ទូលបង្គំរកបានមនុស្សម្នាក់ ក្នុងកូនចៅនៃពួកឈ្លើយ ជាសាសន៍យូដាដែលនឹកកាត់ស្រាយសេចក្ដី ថ្វាយព្រះករុណា ឲ្យទ្រង់ជ្រាបបាន ស្តេចទ្រង់មានបន្ទូលសួរដានីយ៉ែល ដែលលោកមានឈ្មោះជា បេលថិស្សាសារ ថា តើអ្នកអាចនឹងប្រាប់សប្តិ ដែលយើងបានឃើញនោះ ហើយកាត់ស្រាយឲ្យយើងផងបានឬ នោះដានីយ៉ែលក៏ទូលនៅចំពោះស្តេចថា សេចក្ដីអាថ៌កំបាំងដែលព្រះករុណាបានបង្គាប់មក នោះគ្មានពួកអ្នកប្រាជ្ញ ពួកគ្រូអាបធ្មប់ ពួកគ្រូអង្គុយធម៌ ឬគ្រូទាយណា ដែលអាចនឹងកាត់ស្រាយថ្វាយព្រះករុណាបានទេ តែមានព្រះ១អង្គ ដែលគង់នៅស្ថានសួគ៌ ទ្រង់សំដែងឲ្យយល់សេចក្ដីអាថ៌កំបាំងបាន ហើយទ្រង់បានសំដែងឲ្យព្រះករុណានេប៊ូក្នេសាបានជ្រាប ពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ សុបិនរបស់ទ្រង់ នឹងការជាក់ស្តែងដែលទ្រង់បានឃើញកំពុងផ្ទំលក់ គឺយ៉ាងនេះ ឯត្រង់ទ្រង់ ឱព្រះករុណាអើយ ទ្រង់កើតមានគំនិត កាលទ្រង់កំពុងផ្ទំនៅលើព្រះក្រឡាបន្ទំ ពីការដែលត្រូវកើតមកនៅខាងមុខ ហើយព្រះដែលទ្រង់សំដែងឲ្យបានយល់ការអាថ៌កំបាំង ទ្រង់បានធ្វើឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកដល់ តែចំណែកទូលបង្គំ ការអាថ៌កំបាំងនេះបានសំដែងមកឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សណាទៀតទេ គឺដើម្បីឲ្យសេចក្ដីសំរាយនោះ បានសំដែងមក ឲ្យទ្រង់បានជ្រាបវិញ ហើយឲ្យទ្រង់ព្រះករុណា បានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះទ័យប៉ុណ្ណោះ។ បពិត្រព្រះករុណា ទ្រង់បានទតឃើញរូប១យ៉ាងធំរូបនោះដែលធំសំបើម ហើយភ្លឺយ៉ាងអស្ចារ្យ ក៏ឈរនៅចំពោះទ្រង់ មានភាពគួរស្ញែងខ្លាច ឯក្បាលរបស់រូបនោះ ជាមាសយ៉ាងល្អ ដើមទ្រូងនឹងដៃជាប្រាក់ ពោះ នឹងភ្លៅជាលង្ហិន ជើងជាដែក ហើយប្រអប់ជើងជាដែកលាយនឹងដីឥដ្ឋ ទ្រង់បានទតឃើញ ដរាបដល់មានថ្ម១ដាប់ផ្តាច់ចេញ ឥតដៃអ្នកណាធ្វើ មកទង្គិចត្រូវរូបនោះត្រង់ប្រអប់ជើង ដែលធ្វើពីដែកនឹងដីឥដ្ឋ ក៏បំបាក់បំបែកខ្ទេចខ្ទីទៅ រួចទាំងដែក ដីឥដ្ឋ លង្ហិន ប្រាក់ ហើយនឹងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅលានស្រូវខែប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតដែលឃើញផង់ណារបស់រូបនោះទៀតឡើយ ឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល។ សេចក្ដីនោះហើយ ជាសុបិនរបស់ទ្រង់ព្រះករុណាឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយ ថ្វាយព្រះករុណាជ្រាប បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច គឺជាស្តេចដែលព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានឲ្យមានរាជ្យព្រះចេស្តា ឥទ្ធិឫទ្ធិ នឹងសិរីល្អទាំងនេះ ហើយកន្លែងណាដែលមានមនុស្សជាតិអាស្រ័យនៅ នោះព្រះទ្រង់បានប្រទានទាំងសត្វនៅដី នឹងសត្វហើរលើអាកាស មកក្នុងព្រះហស្តទ្រង់ ព្រមទាំងតាំងទ្រង់ឲ្យគ្រប់គ្រងលើទាំងអស់ផង គឺទ្រង់ដែលជាក្បាលមាសនោះ តពីទ្រង់ទៅ នោះនឹងមាននគរ១ទៀតកើតឡើង ដែលថោកជាងទ្រង់ រួចនឹងមាននគរ១ទៀត ជានគរទី៣ដែលជាលង្ហិន នគរនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល ឯនគរទី៤នឹងមានកំឡាំងដូចដែក ដ្បិតដែលដែកបំបាក់បំបែកឲ្យខ្ទេចខ្ទី ហើយក៏កំរាបទាំងអស់ជាយ៉ាងណា នគរនោះក៏នឹងបំបែកបំបាក់ឲ្យខ្ទេចខ្ទី ហើយកិនល្អិតយ៉ាងនោះដែរ គឺដូចជាដែក ដែលបំបាក់បំបែករបស់ទាំងនោះឯង ហើយដែលទ្រង់បានឃើញប្រអប់ជើង នឹងម្រាមជើងនោះមាន១ចំណែកជាដីរបស់ជាងស្មូន ហើយ១ចំណែកទៀតជាដែកវិញ នោះគឺថា នគរនោះនឹងញែកបែកគ្នា តែក្នុងនគរនោះ នឹងមានកំឡាំងដូចជាដែក ដ្បិតទ្រង់បានឃើញដែកលាយនឹងដីស្អិតនោះ ហើយដែលម្រាមជើងជាដែក នឹងជាដីឥដ្ឋ លាយគ្នាជាយ៉ាងណា នគរនោះនឹងមានកំឡាំង១ចំណែក ហើយស្រួយ១ចំណែកយ៉ាងនោះដែរ ហើយដែលទ្រង់បានឃើញដែកលាយនឹងដីស្អិតជាយ៉ាងណា នោះគឺគេនឹងលាយខ្លួននឹងអស់ទាំងពូជមនុស្សផងយ៉ាងនោះដែរ តែគេនឹងមិននៅជាប់ជិតគ្នានឹងគ្នាទេ ដូចជាដែកដែលមិនលាយជាប់នឹងដីដែរ រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច គឺដូចជាទ្រង់បានឃើញថ្មនោះ ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់នឹងមាសនោះហើយ គឺព្រះដ៏ជាធំ ទ្រង់បានសំដែងឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកនៅខាងមុខ សុបិននេះជាប្រាកដហើយ ឯសេចក្ដីសំរាយក៏ជាពិតដែរ។ ដូច្នេះ ស្តេចនេប៊ូក្នេសា ទ្រង់ក្រាបផ្កាប់ព្រះភក្ត្រថ្វាយបង្គំដល់ដានីយ៉ែល ក៏បង្គាប់ឲ្យគេយកគ្រឿងបូជា នឹងគ្រឿងក្រអូបមកគោរពដល់លោក ស្តេចទ្រង់មានបន្ទូលនឹងដានីយ៉ែលថា ពិតប្រាកដជាព្រះនៃអ្នកជាព្រះលើអស់ទាំងព្រះហើយ ទ្រង់ជាព្រះអម្ចាស់លើអស់ទាំងស្តេច គឺជាព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង ពីព្រោះឃើញថា អ្នកអាចនឹងសំដែង ឲ្យយល់សេចក្ដីអាថ៌កំបាំងនេះបាន