ដានីយ៉ែល 2:1-30

ដានីយ៉ែល 2:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ​បាទ​នេប៊ូ‌ក្នេសា ទ្រង់​មាន​សុបិន​និមិត្ត ហើយ​វិញ្ញាណ​របស់​ស្ដេច​មាន​ការ​រំខាន ធ្វើ​ឲ្យ​ទ្រង់​ផ្ទំ​មិន​លក់។ ពេល​នោះ ស្ដេច​បង្គាប់​ឲ្យ​ហៅ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ និង​គ្រូ​អាប​ធ្មប់ ព្រម​ទាំង​ពួក​ខាល់ដេ​ឲ្យ​មក​កាត់​ស្រាយ​សុបិន​ថ្វាយ​ទ្រង់ ហើយ​គេ​ក៏​ចូល​មក​ឈរ​នៅ​ចំពោះ​ស្តេច។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់ពួក​គេ​ថា៖ «យើង​មាន​សុបិន​មួយ ហើយ​វិញ្ញាណ​យើង​មាន​ការ​រំខាន ដោយ​ព្រោះ​ចង់​ដឹង​ពី​សុបិន​នោះ»។ ដូច្នេះ ពួក​ខាល់ដេ​ទូល​ស្តេច​វិញ (ជា​ភាសា​អារ៉ាម) ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​យឺន​យូរ​ជា​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ​ករុណា​ប្រាប់​ពី​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បម្រើ​ចុះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា»។ ស្តេច​មាន​រាជ​ឱង្ការ​ទៅ​កាន់​ពួក​ខាល់ដេ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​យ៉ាង​មុត​មាំ​ដូច​តទៅ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ហើយ​កាត់​ស្រាយ​ទេ យើង​នឹង​កាប់​ចិញ្ច្រាំ​អ្នក​រាល់​គ្នា​ជា​ដុំៗ ហើយ​បំផ្លាញ​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ខ្ទេចខ្ទី។ ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​សុបិន​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ និង​រង្វាន់ ព្រម​ទាំង​កិត្តិ‌យស​យ៉ាង​ធំ​ពី​យើង។ ដូច្នេះ ចូរ​ប្រាប់​សុបិន​នោះ​ឲ្យ​យើង​ដឹង ហើយ​កាត់​ស្រាយ​ទៅ»។ ពួក​គេ​ទូល​ឆ្លើយ​ម្ដង​ទៀត​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បម្រើ​ចុះ យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា»។ ស្ដេច​តប​ថា៖ «យើង​ដឹង​ច្បាស់​ហើយ​ថា អ្នក​រាល់​គ្នា​ចង់​ពន្យា​ពេល ព្រោះ​អ្នក​រាល់​គ្នា​ឃើញ​ថា យើង​បាន​សម្រេច​ចិត្ត​យ៉ាង​មុត​មាំ​ទៅ​ហើយ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​សុបិន​នោះ​ដល់​យើង​ទេ នោះ​មាន​ទោស​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កើត​ពាក្យ​ភូត​ភរ ហើយ​ឆ​បោក​សម្រាប់​ឆ្លើយ​មក​យើង ចាំ​ទម្រាំ​តែ​ពេល​វេលា​ផ្លាស់​ប្ដូរ។ ដូច្នេះ ចូរ​ប្រាប់​សុបិន​នោះ​ឲ្យ​យើង​ដឹង នោះ​យើង​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​កាត់​ស្រាយ​ប្រាប់​យើង​បាន»។ ពួក​ខាល់ដេ​ទាំង​នោះ ទូល​តប​ទៅ​ស្តេច​ថា៖ «គ្មាន​អ្នក​ណា​ម្នាក់​នៅ​លើ​ផែន‌ដី ដែល​អាច​បង្ហាញ​ប្រាប់​ពី​សេចក្ដី​ដែល​ព្រះ‌ករុណា​បង្គាប់​បាន​ឡើយ! ដ្បិត​គ្មាន​ស្តេច​ណា​មួយ ទោះ​បើ​ធំ ហើយ​មាន​អំណាច​យ៉ាង​ណា​ក្ដី ធ្លាប់​សួរ​សំណួរ​បែប​នេះ​ដល់​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ឬ​ដល់​ពួក​ខាល់ដេ​ណា​ឡើយ។ សេចក្ដី​ដែល​ព្រះ‌ករុណា​បង្គាប់​នេះ ពិបាក​ខ្លាំង​ណាស់ គ្មាន​អ្នក​ណា​អាច​បង្ហាញ​ដំណើរ​នេះ​ដល់​ព្រះ‌ករុណា​បាន​ទេ លើក​លែង​តែ​ពួក​ព្រះ​ប៉ុណ្ណោះ តែ​ពួក​ព្រះ​ទាំង​នោះ​មិន​រស់​នៅ​ជា‌មួយ​មនុស្ស​ខាង​សាច់​ឈាម​ទេ»។ កាល​ឮ​ដូច្នេះ ស្ដេច​ក៏​ខ្ញាល់ ហើយ​ក្រេវ‌ក្រោធ​យ៉ាង​ក្រៃ​លែង ទ្រង់​ក៏​បញ្ជា​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់ ដែល​នៅ​ស្រុក​បាប៊ី‌ឡូន។ ដូច្នេះ មាន​រាជ‌បញ្ជា​ចេញ​ទៅ ដើម្បី​យក​ពួក​អ្នក​ប្រាជ្ញ​ទៅ​សម្លាប់ ហើយ​គេ​ក៏​រក​ដានី‌យ៉ែល និង​គូ​កន​របស់​លោក ដើម្បី​យក​ទៅ​សម្លាប់​ដែរ។ គ្រា​នោះ ដានី‌យ៉ែល​បាន​ឆ្លើយ​តប​ដោយ​វាង‌វៃ ហើយ​ឆ្លៀវ‌ឆ្លាត​ដល់​អើយ៉ុក ជា​មេ​កង‌សន្ដិសុខ​របស់​ស្ដេច ដែល​បាន​ចេញ​ទៅ​ដើម្បី​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន។ លោក​សួរ​អើយ៉ុក ជា​មេ​កង‌សន្ដិសុខ​របស់​ស្ដេច​ថា៖ «ហេតុ​អ្វី​បាន​ជា​រាជ‌បញ្ជា​របស់​ស្តេច​បន្ទាន់​ដល់​ម៉្លេះ?»។ ពេល​នោះ អើយ៉ុក​ក៏​ពន្យល់​ប្រាប់​ដានី‌យ៉ែល។ ពេល​នោះ ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ទូល​សូម​ឲ្យ​បាន​ឱកាស​បន្តិច ដើម្បី​ឲ្យ​លោក​បាន​កាត់​ស្រាយ​ថ្វាយ​ស្ដេច​ជ្រាប។ បន្ទាប់​មក ដានី‌យ៉ែល​ក៏​វិល​ទៅ​ផ្ទះ​វិញ ជម្រាប​រឿង​នោះ​ដល់​ហាណា‌នា មីសា‌អែល និង​អ័‌សារា ជា​គូ​កន​របស់​លោក ដើម្បី​ឲ្យ​គេ​បាន​ទូល​សូម​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឲ្យ​ព្រះ‌អង្គ​បាន​ប្រោស​មេត្តា​ដល់​គេ ពី​ដំណើរ​អាថ៌‌កំបាំង​នេះ ប្រ‌យោជន៍​ឲ្យ​ដានី‌យ៉ែល និង​គូ​កន​របស់​លោក​មិន​ត្រូវ​វិនាស ព្រម​ទាំង​ពួក​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ នៅ​ស្រុក​បាប៊ី‌ឡូនផង។ ដូច្នេះ ព្រះ​ក៏​បាន​បើក​សម្ដែង​អាថ៌‌កំបាំង​នោះ​ឲ្យ​ដានី‌យ៉ែល​ឃើញ ក្នុង​និមិត្ត​មួយ​នៅ​វេលា​យប់ ហើយ​ដានី‌យ៉ែល​ក៏​ថ្វាយ‌ព្រះ​ពរ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌។ ដានីយ៉ែល​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប​ត​រៀង​ទៅ ដ្បិត​ប្រាជ្ញា និង​តេជា‌នុភាព​ជា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ផ្លាស់​ប្ដូរ​ពេល​វេលា និង​រដូវ​កាល ព្រះ‌អង្គ​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់។ ព្រះ​អង្គ​សម្ដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ព្រះ‌អង្គ​ជ្រាប​សេចក្ដី​ដែល​ស្ថិត​ក្នុង​ទី​ងងឹត ហើយ​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ។ ឱ​ព្រះ​នៃ​បុព្វ‌បុរស​របស់​ទូល‌បង្គំ​អើយ ទូល‌បង្គំ​សូម​អរ​ព្រះ‌គុណ ហើយ​សរសើរ​តម្កើង ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា និង​ឥទ្ធិឫទ្ធិ ហើយ​ឥឡូវ​នេះ​បាន​សម្ដែង​ឲ្យ​ទូល‌បង្គំ​ដឹង​សេចក្ដី ដែល​យើង​ខ្ញុំ​បាន​ទូល​សូម​ពី​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​យើង​ខ្ញុំ ស្គាល់​រឿង‌រ៉ាវ​របស់​ស្តេច»។ ដូច្នេះ ដានី‌យ៉ែល​ក៏​ចូល​ទៅ​ជួប​អើយ៉ុក ជា​អ្នក​ដែល​ស្តេច​បាន​បញ្ជា​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ នៅ​ស្រុក​បាប៊ី‌ឡូន។ លោក​បាន​ទៅ​ប្រាប់​គាត់​ដូច្នេះ​ថា៖ «សូម​កុំ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន​ឡើយ សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ស្តេច​វិញ នោះ​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ស្ដេច​ជ្រាប»។ ពេល​នោះ អើយ៉ុក​ក៏​ប្រញាប់​ប្រញាល់​នាំ​ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ហើយ​ទូល​ស្ដេច​ដូច្នេះ​ថា៖ «ទូល‌បង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ពួក​ឈ្លើយ​ពី​ស្រុក​យូដា ដែល​អាច​កាត់​ស្រាយ​សុបិន​ថ្វាយ​ព្រះ‌ករុណា​បាន»។ ស្ដេច​មានរាជ​ឱង្ការ​មក​កាន់​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​បេលថិ‌ស្សាសារ​ថា៖ «តើ​លោក​អាច​ប្រាប់​ពី​សុបិន​ដែល​យើង​បាន​ឃើញ ហើយ​កាត់​ស្រាយ​សុបិន​នោះ​បាន​ឬ​ទេ?» ដានី‌យ៉ែល​ទូល​ស្តេច​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ គ្រូ​អាប​ធ្មប់ គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ តែ​មាន​ព្រះ​មួយ​អង្គ​នៅ​ស្ថាន‌សួគ៌ ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ហើយ​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​ជ្រាប​ពី​ហេតុ​ការណ៍​ដែល​ត្រូវ​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ព្រះ‌ករុណា និង​និមិត្ត​ដែល​ព្រះ​ករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ​លក់ គឺ​ដូច្នេះឯង បពិត្រ​ព្រះ‌ករុណា កាល​ទ្រង់​ផ្ទំ​នៅ​លើ​ព្រះ‌ក្រឡា‌បន្ទំ ទ្រង់​កើត​មាន​គំនិត គិត​ពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មក​នៅ​ពេល​ខាង​មុខ ហើយ​ព្រះ​ដែល​បើក​សម្ដែង​ឲ្យ​ព្រះ​ករុណា​ជ្រាប​ពី​អាថ៌‌កំបាំង គឺ​ពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ប៉ុន្ដែ ឯ​ទូល‌បង្គំ​វិញ ព្រះ​បាន​សម្ដែង​ពី​អាថ៌‌កំបាំង​នេះ​ឲ្យ​ទូល‌បង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះ‌អង្គ​បាន​សម្ដែង​មក​ដើម្បី​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា ហើយ​ឲ្យ​ព្រះ‌ករុណា​បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ប៉ុណ្ណោះ។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​នេប៊ូ‌ក្នេសា ទ្រង់​បាន​យល់​សុបិន​និមិត្ត ដែល​ធ្វើ​ឲ្យ​ទ្រង់​ខ្វល់​ព្រះ‌ហឫទ័យ មិន​អាច​ផ្ទំ​លក់​ទៀត​បាន​ឡើយ។ ព្រះ‌មហា‌ក្សត្រ​បាន​កោះ​ហៅ​ពួក​គ្រូ​មន្ត‌អាគម ហោរា គ្រូ​ធ្មប់ និង​គ្រូ​ទាយ​មក ដើម្បី​កាត់​ស្រាយ​សុបិន​ថ្វាយ​ព្រះ‌រាជា គេ​ក៏​នាំ​គ្នា​ចូល​មក​គាល់​ស្ដេច។ ព្រះ‌មហា‌ក្សត្រ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​សុបិន​និមិត្ត ហើយ​ខ្វល់‌ខ្វាយ​ក្នុង​ចិត្ត​ណាស់ ព្រោះ​យើង​ចង់​ដឹង​ថា​បាន​សុបិន​ឃើញ​អ្វី»។ ពួក​គ្រូ​ទាយ​ទូល​ស្ដេច​វិញ​ជា​ភាសា​អារ៉ាមថា៖ «បពិត្រ​ព្រះ‌រាជា សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​ជា​យូរ​អង្វែង​ត​រៀង​ទៅ! សូម​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ព្រះ‌ករុណា​ទ្រង់​សុបិន​យ៉ាង​ណា យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​ថ្វាយ»។ ព្រះ‌មហា‌ក្សត្រ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​គ្រូ​ទាយ​ទាំង​នោះ​វិញ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ដូច​ត​ទៅ: ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​ទេ​នោះ យើង​នឹង​កាប់​ចិញ្ច្រាំ​អ្នក​រាល់​គ្នា ហើយ​ដុត​ផ្ទះ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ជា​ផេះ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​ឲ្យ​រង្វាន់​ដ៏​មាន​តម្លៃ និង​យស‌ស័ក្ដិ​ដ៏​ខ្ពង់‌ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន និង​អត្ថ‌ន័យ​របស់​វា»។ ពួក​គេ​ទូល​ព្រះ‌មហា‌ក្សត្រ​សា​ជា​ថ្មី​ថា៖ «សូម​ព្រះ‌ករុណា​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ដឹង​ពី​សុបិន​នោះ​មក យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​ថ្វាយ»។ ព្រះ‌មហា‌ក្សត្រ​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​វិញ​ថា៖ «យើង​ដឹង​ច្បាស់​ណាស់​ថា អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល ព្រោះ​តែ​យើង​បាន​សម្រេច​ដូច្នេះ គឺ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​នេះ​ទេ យើង​នឹង​ធ្វើ​ទោស​អ្នក​រាល់​គ្នា​មិន​ខាន។ អ្នក​រាល់​គ្នា​បាន​ឃុប‌ឃិត​គ្នា ប្រឌិត​រឿង​ក្លែងក្លាយ​បញ្ឆោត​យើង ដើម្បី​ឲ្យ​បាន​ចំណេញ​ពេល។ ឥឡូវ​នេះ ត្រូវ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​មក នោះ​យើង​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​បក​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​មែន!»។ គ្រូ​ទាយ​ទាំង​នោះ​ទូល​ព្រះ‌មហា‌ក្សត្រ​ថា៖ «បពិត្រ​ព្រះ‌រាជា នៅ​លើ​ផែនដី ពុំ​មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ករុណា​បាន​ឡើយ។ គ្មាន​ស្ដេច​ណា​មួយ ទោះ​បី​ជា​ស្ដេច​ដ៏​ធំ​ឧត្ដុង្គ‌ឧត្ដម និង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ណា​ក្ដី ធ្លាប់​បង្ខំ​គ្រូ​មន្ត‌អាគម ហោរា និង​គ្រូ​ទាយ​ឲ្យ​ធ្វើ​ការ​អ្វី​ដូច​ព្រះ‌ករុណា​បាន​បង្គាប់​នេះ​ទេ។ ព្រះ‌ករុណា​បញ្ជា​ដូច្នេះ​ហួស​ពី​សមត្ថ‌ភាព​ដែល​មនុស្ស​អាច​ធ្វើ​បាន ក្រៅ​ពី​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​លោក​នេះ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ករុណា​បាន​ទេ»។ ពេល​ឮ​ដូច្នេះ ព្រះ‌រាជា​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង​ឥត​ឧបមា ទ្រង់​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ី‌ឡូន។ គេ​បាន​ប្រកាស​ផ្សាយ​រាជ​បញ្ជា ហើយ​ពួក​អ្នក​ប្រាជ្ញ​ត្រូវ​គេ​នាំ​យក​ទៅ បម្រុង​នឹង​ប្រហារ​ជីវិត។ គេ​ក៏​រក​ចាប់​លោក​ដានី‌យ៉ែល និង​មិត្ត‌ភក្ដិ​របស់​លោក​យក​ទៅ​សម្លាប់​ដែរ។ លោក​អើយ៉ុក ជា​មេ​បញ្ជា‌ការ​កង​រក្សា​ព្រះ‌មហា‌ក្សត្រ ទទួល​បន្ទុក​ចាប់​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន​យក​ទៅ​ប្រហារ​ជីវិត។ ពេល​នោះ លោក​ដានី‌យ៉ែល​បាន​សាក​សួរ​ដោយ​ប្រុង​ប្រយ័ត្ន និង​វាង‌វៃ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌មហា‌ក្សត្រ​ចេញ​បញ្ជា​តឹង‌រ៉ឹង​បែប​នេះ?»។ លោក​អើយ៉ុក​ក៏​រៀប​រាប់​រឿង​ហេតុ​ប្រាប់​លោក​ដានី‌យ៉ែល។ លោក​ដានី‌យ៉ែល​ទៅ​គាល់​ព្រះ‌រាជា ទូល​សូម​ពន្យារ​ពេល ដើម្បី​ទុក​ឲ្យ​លោក​ពន្យល់​អត្ថ‌ន័យ​នៃ​សុបិន​ថ្វាយ។ បន្ទាប់​មក លោក​ទៅ​ផ្ទះ​វិញ ជម្រាប​លោក​ហាណា‌នា លោក​មីសា‌អែល និង​លោក​អសា‌រា​ជា​មិត្ត‌ភក្ដិ​ឲ្យ​បាន​ជ្រាប​ពី​ហេតុ‌ការណ៍​នេះ ហើយ​បបួល​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ សូម​ទ្រង់​អាណិត​មេត្តា​បំភ្លឺ​លោក​ឲ្យ​យល់​អាថ៌‌កំបាំង​នេះ កុំ​ឲ្យ​គេ​ប្រហារ​ជីវិត​លោក និង​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ​នៅ​ស្រុក​បាប៊ី‌ឡូន​ឡើយ។ ពេល​នោះ ព្រះ‌ជាម្ចាស់​បាន​បំភ្លឺ​លោក​ដានី‌យ៉ែល​ឲ្យ​ដឹង​ការ​អាថ៌‌កំបាំង​នេះ តាម​រយៈ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ លោក​ដានី‌យ៉ែល​ក៏​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ*។ លោក​ពោល​ថា៖ «សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​ព្រះ‌ចេស្ដា ព្រះអង្គ​ធ្វើ​ឲ្យ​ពេល​វេលា និង​រដូវ​កាល​ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​គ្នា ព្រះអង្គ​ទម្លាក់​ស្ដេច​នានា​ពី​រាជ​បល្ល័ង្ក ព្រះអង្គ​លើក​ស្ដេច​នានា​ឲ្យ​ឡើង​គ្រង​រាជ្យ ព្រះអង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ប្រទាន​ចំណេះ​ដល់​អ្នក​ដែល​ចេះ​ពិចារណា ព្រះអង្គ​សម្តែង​ឲ្យ​ស្គាល់​អ្វីៗ ដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំង ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះអង្គ។ បពិត្រ​ព្រះ​នៃ​បុព្វបុរស​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ និង​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​ប្រទាន​ប្រាជ្ញា និង​កម្លាំង​មក​ទូលបង្គំ។ ព្រះអង្គ​បាន​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​នូវ​អ្វីៗ ដែល​យើង​ខ្ញុំ​ទូល​សូម​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បាន​សម្តែង​ឲ្យ​យើង​ដឹង អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់ ព្រះ‌រាជា​ដែរ»។ បន្ទាប់​មក លោក​ដានី‌យ៉ែល​ទៅ​ជួប​លោក​អើយ៉ុក ដែល​ទទួល​បញ្ជា​ពី​ស្ដេច​ក្នុង​ការ​ប្រហារ​ជីវិត​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ី‌ឡូន។ លោក​ប្រាប់​គាត់​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​របស់​ស្រុក​បាប៊ី‌ឡូន​ឡើយ តែ​សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ‌ករុណា​វិញ ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​សុបិន​ថ្វាយ»។ លោក​អើយ៉ុក​ក៏​ប្រញាប់‌ប្រញាល់​នាំ​លោក​ដានី‌យ៉ែល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រ ហើយ​ទូល​ថា៖ «ទូលបង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ដែល​ទ្រង់​ជន្លៀស​យក​មក គាត់​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​សុបិន​ថ្វាយ​ព្រះ‌ករុណា​បាន»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ​ថា៖ «តើ​លោក​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​សុបិន​ដែល​យើង​បាន​និមិត្ត ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​មែន​ឬ?»។ លោក​ដានី‌យ៉ែល​ទូល​ព្រះ‌រាជា​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ ហោរា គ្រូ​មន្ត‌អាគម ឬ​គ្រូ​ទាយ​ណា​អាច​ទូល​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ។ ប៉ុន្តែ នៅ​ស្ថាន​បរម‌សុខ​មាន​ព្រះ​មួយ​អង្គ ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ផ្សេងៗ ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌ករុណា នេប៊ូ‌ក្នេសា ជ្រាប​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល។ សូម​ទ្រង់​ព្រះ‌សណ្ដាប់​អំពី​សុបិន និង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ករុណា​បាន​ឃើញ​នៅ​ពេល​ផ្ទំ​ដូច​ត​ទៅ: បពិត្រ​ព្រះ‌រាជា ពេល​ទ្រង់​ផ្ទំ ព្រលឹង​របស់​ព្រះ‌រាជា​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ ព្រះ​ដែល​សម្តែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​អំពី​ការ​ដែល​នឹង​កើត​មាន​នៅ​អនាគត។ ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន​មែន​មក​ពី​ទូលបង្គំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំ​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា ហើយ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា​ផ្ទាល់។

ចែក​រំលែក
អាន ដានីយ៉ែល 2

ដានីយ៉ែល 2:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​នេប៊ូ‌ក្នេសា នោះ​ទ្រង់​បាន​សុបិន​និមិត្ត ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង បាន​ជា​ទ្រង់​ផ្ទំ​មិន​លក់​ឡើយ រួច​ស្តេច​ទ្រង់​បង្គាប់​ឲ្យ​ហៅ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ នឹង​គ្រូ​អាប‌ធ្មប់ ព្រម​ទាំង​ពួក​ខាល់ដេ​ឲ្យ​មក​កាត់​ស្រាយ​សប្តិ​នោះ​ថ្វាយ​ទ្រង់ គេ​ក៏​ចូល​មក​ឈរ​នៅ​ចំពោះ​ស្តេច រួច​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​គេ​ថា អញ​បាន​យល់​សប្តិ ហើយ​មាន​វិញ្ញាណ​វិង‌ស៊ុង ដោយ​ចង់​ដឹង​ន័យ​ក្នុង​សប្តិ​នោះ ដូច្នេះ ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​ដល់​ស្តេច ជា​ភាសា​អារ៉ាម​ថា បពិត្រ​ព្រះ‌ករុណា សូម​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​ត​រៀង​ទៅ សូម​ទ្រង់​មាន​បន្ទូល​ប្រាប់​សុបិន​នោះ​មក​យើង​ខ្ញុំ ជា​បាវ​បំរើ​ចុះ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប តែ​ស្តេច ទ្រង់​មាន​បន្ទូល ដល់​ពួក​ខាល់ដេ​ថា សេចក្ដី​នោះ​យើង​បាន​ភ្លេច​ទៅ​ហើយ បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​សប្តិ​នោះ ហើយ​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាប់​ជា​ដុំៗ ហើយ​ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​កន្លែង​បន្ទោ​លាមក តែ​បើ​អ្នក​រាល់​គ្នា​ប្រាប់​សប្តិ​នោះ ព្រម​ទាំង​កាត់​ស្រាយ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​អំណោយ​ទាន នឹង​រង្វាន់ ហើយ​កិត្តិយស​ពី​យើង​វិញ ដូច្នេះ ចូរ​ប្រាប់​ពន្យល់​សប្តិ​នោះ​ដល់​យើង ហើយ​កាត់​ស្រាយ​ទៅ​ចុះ គេ​ទូល​ឆ្លើយ​ម្តង​ទៀត​ថា សូម​តែ​ឲ្យ​ព្រះ‌ករុណា​មាន​បន្ទូល​ប្រាប់​សប្តិ​នោះ​ដល់​យើង​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប ស្តេច​ទ្រង់​តប​ឡើង​ថា យើង​បាន​ដឹង​ពិត​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​ចង់​បាន​ពេល​វេលា ដោយ​ឃើញ​ថា យើង​បាន​ភ្លេច​សេចក្ដី​ទៅ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ប្រាប់​សប្តិ​នោះ​ដល់​យើង​ទេ នោះ​មាន​ទោស​តែ​១​ប៉ុណ្ណោះ​សំរាប់​អ្នក​ទាំង​អស់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កើត​ពាក្យ​ភូត‌ភរ ហើយ​ឆ‌បោក​សំរាប់​ឆ្លើយ​មក​យើង ចាំ​ទំរាំ​តែ​គ្រា​នេះ​បាន​ផ្លាស់​ប្រែ​ទៅ ដូច្នេះ ចូរ​ប្រាប់​សប្តិ​នោះ​ដល់​យើង នោះ​យើង​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​អាច​នឹង​កាត់​ស្រាយ​បាន​មែន តែ​ពួក​ខាល់ដេ គេ​ទូល​ឆ្លើយ​នៅ​ចំពោះ​ស្តេច​ថា គ្មាន​មនុស្ស​ណា​មួយ​នៅ​លើ​ផែនដី​នេះ ដែល​អាច​នឹង​បង្ហាញ​ដំណើរ​នៃ​ព្រះ‌ករុណា​បាន​ទេ ក៏​មិន​ដែល​មាន​ស្តេច​ណា ទោះ​បើ​ធំ ហើយ​មាន​អំណាច​យ៉ាង​ណា​ក៏​ដោយ ដែល​បាន​បង្គាប់​ការ​យ៉ាង​នេះ​ដល់​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ឬ​ដល់​ពួក​ខាល់ដេ​ណាៗ​ឡើយ ការ​ដែល​ព្រះ‌ករុណា​ទ្រង់​បង្គាប់​នេះ ជា​ការ​កម្រ​មាន​ណាស់ គ្មាន​អ្នក​ណា​អាច​នឹង​បង្ហាញ​ដំណើរ​នេះ​ដល់​ព្រះ‌ករុណា​បាន​ទេ មាន​តែ​ពួក​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​សាច់​ឈាម​វិញ​ប៉ុណ្ណោះ ហេតុ​ដូច្នេះ ស្តេច​ទ្រង់​ក៏​ខ្ញាល់ ហើយ​មាន​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​ក្រៃ‌លែង ក៏​បង្គាប់​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​ដែល​នៅ​ក្រុង​បាប៊ីឡូន​ទៅ យ៉ាង​នោះ មាន​ព្រះ‌រាជ‌ឱង្ការ​ចេញ​ទៅ បង្គាប់​ឲ្យ​សំឡាប់​ពួក​អ្នក​ប្រាជ្ញ​បង់ ហើយ​គេ​ក៏​រក​ដានី‌យ៉ែល នឹង​ពួក​គូ‌កន​លោក ដើម្បី​យក​ទៅ​សំឡាប់​ដែរ។ គ្រា​នោះ ដានី‌យ៉ែល​ឆ្លើយ​ដោយ​វាង‌វៃ ហើយ​ឆ្លៀវ‌ឆ្លាត​ដល់​អើយ៉ុក ជា​មេ​កង‌ទ័ព​រក្សា​អង្គ ដែល​បាន​ចេញ​ទៅ ដើម្បី​សំឡាប់​ពួក​អ្នក​ប្រាជ្ញ​ដែល​នៅ​ក្រុង​បាប៊ីឡូន លោក​សួរ​ដល់​អើយ៉ុក ជា​មេ​កង‌ទ័ព​រក្សា​អង្គ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌រាជ‌ឱង្ការ​នៃ​ស្តេច​ប្រថំ​អី​ម៉្លេះ នោះ​អើយ៉ុក​ក៏​ពន្យល់​ប្រាប់​ដានី‌យ៉ែល រួច​ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ទូល​សូម​ឲ្យ​បាន​ឱកាស​បន្តិច នោះ​នឹង​កាត់​ស្រាយ​ថ្វាយ​ទ្រង់​ជ្រាប។ នោះ​ដានី‌យ៉ែល​ក៏​វិល​ទៅ​ឯ​ផ្ទះ ប្រាប់​រឿង​នោះ​ដល់​ហាណានា មីសា‌អែល នឹង​អ័សារា ជា​គូ‌កន​របស់​លោក ដើម្បី​ឲ្យ​គេ​បាន​ទូល​សូម​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឲ្យ​ទ្រង់​បាន​ប្រោស​មេត្តា​ដល់​គេ ពី​ដំណើរ​សេចក្ដី​អាថ៌‌កំបាំងនោះ ប្រយោជន៍​ឲ្យ​ដានី‌យ៉ែល នឹង​គូ‌កន​លោក​មិន​ត្រូវ​វិនាស​ជា​មួយ​នឹង​ពួក​អ្នក​ប្រាជ្ញ​ឯ​ទៀត ដែល​នៅ​ក្រុង​បាប៊ីឡូន​ឡើយ ដូច្នេះ សេចក្ដី​អាថ៌‌កំបាំង​នោះ បាន​សំដែង​មក ឲ្យ​ដានី‌យ៉ែល​ឃើញ ក្នុង​ការ​ជាក់‌ស្តែង​នៅ​វេលា​យប់ នោះ​លោក​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​ទូល​ថា សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប​ត​រៀង​ទៅ ដ្បិត​ប្រាជ្ញា នឹង​តេជា‌នុភាព​ជា​របស់​ផង​ទ្រង់ គឺ​ទ្រង់​ដែល​បំផ្លាស់​បំប្រែ​ពេល​កំណត់ នឹង​រដូវ​កាល ទ្រង់​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ទ្រង់​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ នឹង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់ ទ្រង់​ក៏​សំដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ទ្រង់​ជ្រាប​សេចក្ដី​ដែល​នៅ​ទី​ងងឹត ហើយ​មាន​ពន្លឺ​នៅ​ជា​មួយ​នឹង​ទ្រង់ ឱ​ព្រះ​នៃ​ពួក​ឰយុកោ​ទូលបង្គំ​អើយ ទូលបង្គំ​អរ​ព្រះ‌គុណ ហើយ​ក៏​សរសើរ​ដល់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា នឹង​អំណាច ហើយ​ឥឡូវ​នេះ ទ្រង់​បាន​សំដែង​ឲ្យ​ទូលបង្គំ​ដឹង​សេចក្ដី ដែល​យើង​ខ្ញុំ​បាន​សូម​ពី​ទ្រង់ ដ្បិត​ទ្រង់​បាន​សំដែង ឲ្យ​យើង​ខ្ញុំ​ស្គាល់​រឿង‌រ៉ាវ​របស់​ស្តេច ដូច្នេះ ដានី‌យ៉ែល​ក៏​ចូល​ទៅ​ឯ​អើយ៉ុក ជា​អ្នក​ដែល​ស្តេច​បាន​បង្គាប់​ឲ្យ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ នៅ​ក្រុង​បាប៊ីឡូន​បង់ នោះ​គឺ​បាន​ទៅ​និយាយ​ដូច្នេះ​ថា សូម​កុំ​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ នៅ​ក្រុង​បាប៊ីឡូន​ឡើយ សូម​នាំ​ខ្ញុំ​ចូល​ទៅ​គាល់​ដល់​ស្តេច​ចុះ នោះ​ខ្ញុំ​នឹង​កាត់​ស្រាយ​សេចក្ដី​ថ្វាយ​ទ្រង់​ជ្រាប​វិញ។ ដូច្នេះ អើយ៉ុក​ក៏​នាំ​ដានី‌យ៉ែល​ចូល​ទៅ​ចំពោះ​ស្តេច​ដោយ​ប្រញាប់‌ប្រញាល់ ហើយ​ទូល​ថា ទូលបង្គំ​រក​បាន​មនុស្ស​ម្នាក់ ក្នុង​កូន​ចៅ​នៃ​ពួក​ឈ្លើយ ជា​សាសន៍​យូដា​ដែល​នឹក​កាត់​ស្រាយ​សេចក្ដី ថ្វាយ​ព្រះ‌ករុណា ឲ្យ​ទ្រង់​ជ្រាប​បាន ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ជា បេល‌ថិស្សាសារ ថា តើ​អ្នក​អាច​នឹង​ប្រាប់​សប្តិ ដែល​យើង​បាន​ឃើញ​នោះ ហើយ​កាត់​ស្រាយ​ឲ្យ​យើង​ផង​បាន​ឬ នោះ​ដានី‌យ៉ែល​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ថា សេចក្ដី​អាថ៌‌កំបាំង​ដែល​ព្រះ‌ករុណា​បាន​បង្គាប់​មក នោះ​គ្មាន​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អាប‌ធ្មប់ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា ដែល​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​បាន​ទេ តែ​មាន​ព្រះ​១​អង្គ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​បាន ហើយ​ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ‌ករុណា​នេប៊ូ‌ក្នេសា​បាន​ជ្រាប ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ថ្ងៃ​ក្រោយ សុបិន​របស់​ទ្រង់ នឹង​ការ​ជាក់​ស្តែង​ដែល​ទ្រង់​បាន​ឃើញ​កំពុង​ផ្ទំ​លក់ គឺ​យ៉ាង​នេះ ឯ​ត្រង់​ទ្រង់ ឱ​ព្រះ‌ករុណា​អើយ ទ្រង់​កើត​មាន​គំនិត កាល​ទ្រង់​កំពុង​ផ្ទំ​នៅ​លើ​ព្រះ‌ក្រឡា‌បន្ទំ ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ ហើយ​ព្រះ​ដែល​ទ្រង់​សំដែង​ឲ្យ​បាន​យល់​ការ​អាថ៌‌កំបាំង ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ការ​ដែល​ត្រូវ​មក​ដល់ តែ​ចំណែក​ទូលបង្គំ ការ​អាថ៌‌កំបាំង​នេះ​បាន​សំដែង​មក​ឲ្យ​ទូលបង្គំ​យល់ មិន​មែន​ដោយ​ព្រោះ​ទូលបង្គំ​មាន​ប្រាជ្ញា លើស​ជាង​មនុស្ស​ណា​ទៀត​ទេ គឺ​ដើម្បី​ឲ្យ​សេចក្ដី​សំរាយ​នោះ បាន​សំដែង​មក ឲ្យ​ទ្រង់​បាន​ជ្រាប​វិញ ហើយ​ឲ្យ​ទ្រង់​ព្រះ‌ករុណា បាន​ជ្រាប​អស់​ទាំង​គំនិត ដែល​ទ្រង់​បាន​គិត​នៅ​ក្នុង​ព្រះ‌ទ័យ​ប៉ុណ្ណោះ។

ចែក​រំលែក
អាន ដានីយ៉ែល 2