ដានីយ៉ែល 12:1-3
ដានីយ៉ែល 12:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ មីកែល ជាមហាទេវតា ដែលថែរក្សាប្រជាជនរបស់លោក នឹងក្រោកឈរឡើង ហើយនឹងមានគ្រាវេទនាជាខ្លាំង ដែលចាប់តាំងពីមានជាតិសាសន៍មួយ រហូតមកដល់ពេលនោះ មិនដែលកើតមានដូច្នេះឡើយ។ ប៉ុន្ដែ នៅគ្រានោះ ប្រជាជនរបស់លោកនឹងត្រូវរួចខ្លួន គឺអស់អ្នកណាដែលមានឈ្មោះកត់ទុកក្នុងបញ្ជី។ មនុស្សជាច្រើន ក្នុងចំណោមអស់អ្នកដែលដេកលក់នៅក្នុងធូលីដី នឹងភ្ញាក់ឡើង ខ្លះភ្ញាក់ខាងឯជីវិតអស់កល្បជានិច្ច ហើយខ្លះទៀតភ្ញាក់ខាងឯសេចក្ដីអាម៉ាស់ ហើយអាប់យសអស់កល្បជានិច្ច។ អស់អ្នកដែលមានប្រាជ្ញានឹងភ្លឺដូចពន្លឺនៅលើមេឃ ហើយអស់អ្នកដែលទាញនាំមនុស្សជាច្រើន ឲ្យវិលមកឯសេចក្ដីសុចរិត នឹងភ្លឺដូចផ្កាយអស់កល្បជាអង្វែងតរៀងទៅ។
ដានីយ៉ែល 12:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រាចុងក្រោយ មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតា ហើយជាអ្នកថែរក្សាប្រជាជនរបស់លោកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់លោក អស់អ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។ មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងផ្នូរនឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់កល្បជានិច្ច អ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់កល្បជានិច្ចផង។ រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនឲ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់កល្បជាអង្វែងតរៀងទៅ។
ដានីយ៉ែល 12:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ មីកែល ជាមហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើង ក៏នឹងមានគ្រាវេទនាជាខ្លាំង ដល់ម៉្លេះបានជាចាប់តាំងពីមាននគរ ដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី ហើយពួកអ្នកដែលដេកលក់នៅក្នុងធូលីដី នឹងភ្ញាក់ឡើងវិញជាច្រើន គឺខ្លះឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច នឹងខ្លះឲ្យបានសេចក្ដីអាម៉ាស់ខ្មាស ហើយឲ្យបានជាទីខ្ពើមឆ្អើម នៅអស់កល្បជានិច្ចវិញ ឯពួកអ្នកដែលមានប្រាជ្ញា គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្ដីសុចរិត នោះនឹងភ្លឺដូចជាអស់ទាំងផ្កាយនៅជាដរាបតទៅ