ដានីយ៉ែល 11:2-45
ដានីយ៉ែល 11:2-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ ខ្ញុំនឹងបង្ហាញសេចក្ដីពិតប្រាប់លោក។ មើល៍ ស្តេចបីអង្គទៀតនឹងឡើងសោយរាជ្យនៅស្រុកពើស៊ី។ ស្តេចទីបួននឹងមានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតទាំងអស់ ហើយពេលស្ដេចនោះមានអំណាចខ្លាំងដោយសារមានទ្រព្យសម្បត្តិច្រើន ទ្រង់នឹងធ្វើឲ្យមនុស្សទាំងអស់ងើបឡើង ទាស់នឹងអាណាចក្រក្រិក។ ពេលនោះ នឹងមានស្តេចខ្លាំងពូកែមួយអង្គឡើងសោយរាជ្យ ជាស្តេចដែលនឹងគ្រប់គ្រងដោយឫទ្ធិអំណាចជាខ្លាំង ហើយធ្វើតាមតែអំពើចិត្ត។ កាលស្តេចនោះមានអំណាចថ្កុំថ្កើងហើយ នោះនគររបស់ស្ដេចក៏ត្រូវបែកបាក់ ហើយបែងចែកទៅឲ្យទិសទាំងបួននៅក្រោមមេឃ តែមិនមែនចែកឲ្យពូជពង្សរបស់ស្តេចទេ ក៏មិនមានអំណាចដូចស្តេចមុនដែលធ្លាប់គ្រប់គ្រងដែរ ដ្បិតរាជ្យនោះនឹងត្រូវយកចេញ ហើយធ្លាក់ក្នុងកណ្ដាប់ដៃអ្នកផ្សេងវិញ។ បន្ទាប់មក ស្តេចខាងត្បូងនឹងមានកម្លាំងខ្លាំង តែមេទ័ពម្នាក់របស់ស្ដេចនឹងមានកម្លាំងខ្លាំងជាងស្ដេច ហើយនឹងឡើងគ្រប់គ្រងអាណាចក្រមួយ ដែលធំជាងអាណាចក្ររបស់ស្ដេច។ លុះប៉ុន្មានឆ្នាំក្រោយមក គេនឹងចងសម្ពន្ធមិត្តជាមួយគ្នា ហើយបុត្រីរបស់ស្តេចខាងត្បូង នឹងទៅជួបស្តេចខាងជើង ដើម្បីអនុម័តកិច្ចព្រមព្រៀង។ ប៉ុន្ដែ នាងរក្សាអំណាចមិនបានយូរទេ ហើយរាជវង្សរបស់ស្ដេចខាងត្បូងក៏មិនស្ថិតស្ថេរដែរ។ នាងនឹងត្រូវគេលើកចោល គឺទាំងនាង ទាំងពួកអ្នកដែលហែហមនាង ទាំងបិតាដែលបង្កើតនាង និងអ្នកដែលបានគាំទ្រនាងដែរ។ នៅគ្រានោះ នឹងមានលំពង់មួយពន្លកចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្តេចនោះនឹងលើកទ័ពទៅច្បាំងនឹងពលទ័ព ហើយវាយលុកបន្ទាយរបស់ស្ដេចខាងត្បូង ក៏តយុទ្ធនឹងគេ ហើយមានជ័យជម្នះ។ ស្ដេចនឹងកៀរយកអស់ទាំងព្រះ និងរូបសិតរបស់គេ ព្រមទាំងប្រដាប់ធ្វើពីប្រាក់ និងមាសដ៏មានតម្លៃ នាំទៅឯស្រុកអេស៊ីព្ទ ហើយស្ដេចខានទៅច្បាំងនឹងស្តេចខាងជើងជាយូរឆ្នាំ។ បន្ទាប់មក ស្តេចខាងជើងនឹងទន្ទ្រានចូលអាណាចក្ររបស់ស្តេចខាងត្បូង តែនឹងត្រូវវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។ ពួកកូនរបស់ស្តេចនោះនឹងនាំគ្នាធ្វើសង្គ្រាម ដោយប្រមូលកម្លាំងទ័ពយ៉ាងច្រើនឥតឧបមា។ កងទ័ពនោះនឹងចេញទៅដូចទឹកជំនន់ ហើយក៏ចេះតែច្បាំងតាមផ្លូវ រហូតដល់បន្ទាយរបស់សត្រូវ។ គ្រានោះ ស្តេចខាងត្បូងមានចិត្តក្ដៅក្រហាយយ៉ាងខ្លាំង ក៏ចេញទៅប្រយុទ្ធជាមួយស្តេចខាងជើង ដែលស្ដេចខាងជើងក៏នឹងលើកទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ តែទ័ពនោះនឹងត្រូវប្រគល់មកក្នុងកណ្ដាប់ដៃរបស់ស្តេចខាងត្បូង។ កាលណាបានឈ្នះពលទ័ពរបស់គេហើយ ស្ដេចក៏មានព្រះហឫទ័យប៉ោងឡើង ហើយសម្លាប់ពួកគេរាប់ម៉ឺនរាប់សែន តែស្ដេចឈ្នះមិនបានយូរឡើយ ដ្បិតស្តេចខាងជើងនឹងវិលត្រឡប់មកវិញ ទាំងលើកទ័ពយ៉ាងច្រើនសន្ធឹក លើសជាងមុនទៅទៀត ហើយប៉ុន្មានឆ្នាំក្រោយមក ស្ដេចនឹងលើកទ័ពយ៉ាងធំ ទាំងមានគ្រឿងសស្ត្រាវុធយ៉ាងច្រើនមកជាមួយ។ នៅគ្រានោះ នឹងមានមនុស្សជាច្រើនងើបឡើង ទាស់ប្រឆាំងនឹងស្តេចខាងត្បូង ក៏នឹងមានមនុស្សឃោរឃៅខ្លះក្នុងចំណោមប្រជាជនរបស់អ្នកលើកខ្លួនឡើងដែរ ដើម្បីឲ្យបានសម្រេចតាមនិមិត្តនោះ តែគេនឹងត្រូវដួលចុះ។ ពេលនោះ ស្តេចខាងជើងនឹងចូលមក លើកដីព័ទ្ធជុំវិញ ហើយចាប់យកទីក្រុងដែលមានកំផែងយ៉ាងរឹងមាំ ឯកងទ័ពរបស់ស្ដេចខាងត្បូងមិនអាចទប់ទល់បានទេ សូម្បីតែទ័ពពិសេសរបស់ស្តេច ក៏មិនអាចទប់បានដែរ ដ្បិតនឹងគ្មានកម្លាំងទប់ទល់ឡើយ។ គឺស្តេចដែលវាយលុកចូលមកច្បាំង នឹងប្រព្រឹត្តតាមអំពើចិត្ត គ្មានអ្នកណាឈរតទល់បានទាល់តែសោះ ហើយស្ដេចនឹងឈរនៅក្នុងស្រុកដ៏រុងរឿង ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្ដាប់ដៃ។ ស្ដេចមានបំណងចូលមក ដោយឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន ហើយចងសម្ព័ន្ធភាព ជាមួយស្ដេចខាងត្បូង។ ស្ដេចនឹងលើកបុត្រីរបស់ខ្លួនឲ្យធ្វើជាមហេសី ក្នុងគោលបំណងបំផ្លាញអាណាចក្រនោះ តែពុំបានសម្រេចតាមបំណងឡើយ។ ពេលនោះ ស្ដេចក៏បែរព្រះភក្ត្រទៅរកកោះនានា ហើយចាប់យកបានជាច្រើន តែនឹងមានមេទ័ពម្នាក់មកបញ្ចប់សេចក្ដីព្រហើនរបស់ស្ដេច អើ លោកនឹងធ្វើឲ្យស្ដេចអាម៉ាស់ ដោយសារសេចក្ដីព្រហើនរបស់ខ្លួន។ បន្ទាប់មក ស្ដេចនឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួនវិញ តែស្ដេចនឹងជំពប់ដួល គ្មានអ្នកណាឃើញទៀតឡើយ។ បន្ទាប់មក នឹងមានស្តេចមួយអង្គឡើងសោយរាជ្យជំនួស ទ្រង់នឹងចាត់អ្នកជំរិតទារពន្ធម្នាក់ ដើម្បីទ្រទ្រង់ភាពថ្កុំថ្កើងក្នុងអាណាចក្រ តែប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស មិនមែនដោយកំហឹង ឬដោយសង្គ្រាមទេ។ រួចមានម្នាក់ដែលគួរឲ្យស្អប់ ឡើងសោយរាជ្យជំនួសស្ដេច ឥតមានអ្នកណាប្រគល់រាជសក្តិឲ្យឡើយ។ ស្ដេចថ្មីនេះនឹងចូលមកក្នុងគ្រាសុខសាន្ត ហើយដណ្ដើមយករាជ្យដោយប្រើកលល្បិច។ កងទ័ពដ៏ខ្លាំងពូកែនឹងត្រូវចុះចាញ់ ហើយបាក់បែកអស់រលីងនៅចំពោះស្ដេចនោះ សូម្បីសម្ដេចសង្ឃនៃសេចក្ដីសញ្ញាផង។ ក្រោយពីគេបានចងសម្ព័ន្ធមិត្តជាមួយហើយ ស្ដេចនោះនឹងប្រព្រឹត្តដោយឧបាយកល ហើយមានអំណាចកាន់តែខ្លាំង ដោយសារមនុស្សមួយចំនួនតូច។ ក្នុងគ្រាសុខសាន្ត ស្ដេចនោះនឹងជ្រៀតចូលតំបន់នានាដែលល្អបំផុតក្នុងអាណាខេត្ត ហើយទ្រង់នឹងប្រព្រឹត្តអំពើដែលពួកអយ្យកោមិនដែលបានប្រព្រឹត្ត គឺទ្រង់នឹងរឹបអូសយករបស់របរដែលប្លន់បាន និងទ្រព្យសម្បត្តិផ្សេងៗ មកចែកឲ្យបក្សពួកខ្លួន។ ស្ដេចនឹងប្រើល្បិចកិច្ចកលដើម្បីទាស់នឹងទីមាំមួន តែបានមួយរយៈប៉ុណ្ណោះ។ ស្ដេចនឹងដាស់កម្លាំង និងសេចក្ដីអង់អាចរបស់ខ្លួនទាស់នឹងស្តេចខាងត្បូង ដោយលើកទ័ពយ៉ាងច្រើន ហើយស្តេចខាងត្បូងនឹងលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ហើយខ្លាំងពូកែមកតទល់ តែមិនអាចទប់ទល់បានឡើយ ដ្បិតទ្រង់ចាញ់ល្បិចកិច្ចកលរបស់ស្ដេចខាងជើង។ អស់អ្នកដែលបរិភោគអាហាររបស់ស្ដេចនឹងបំផ្លាញស្ដេច កងទ័ពរបស់ស្ដេចនឹងត្រូវខ្ចាត់ខ្ចាយ ហើយទាហានជាច្រើននឹងត្រូវដួលស្លាប់។ ស្តេចទាំងពីរអង្គនេះ គេមានចិត្តទោរទៅរកតែអំពើអាក្រក់ គេកុហកគ្នាក្នុងពេលកំពុងអង្គុយរួមតុជាមួយគ្នា តែមិនបានផលឡើយ ដ្បិតមិនទាន់ដល់គ្រាចុងបញ្ចប់ដែលបានកំណត់ទុក។ បន្ទាប់មក ស្ដេចខាងជើងនឹងត្រឡប់ទៅស្រុករបស់ខ្លួនវិញ ទាំងនាំយកទ្រព្យសម្បត្តិជាច្រើនទៅជាមួយ តែស្ដេចកើតមានចិត្តទាស់ប្រឆាំងនឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ក៏នឹងធ្វើតាមតែអំពើចិត្ត រួចវិលទៅស្រុករបស់ខ្លួនវិញ។ លុះដល់ពេលកំណត់ ស្ដេចនឹងត្រឡប់ចូលមកអាណាចក្រខាងត្បូងទៀត តែលើកនេះមិនដូចពីមុនទេ ដ្បិតនឹងមាននាវាពីស្រុកគីទីមមកទាស់នឹងស្ដេច ធ្វើឲ្យស្ដេចធ្លាក់ចិត្ត ហើយដកថយ ស្ដេចនឹងក្រេវក្រោធជាខ្លាំង រួចសម្ដែងកំហឹងទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ។ ស្ដេចនឹងត្រឡប់មកវិញ ហើយរួមគំនិតជាមួយអស់អ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធ។ ពួកទាហានដែលស្ដេចបានចាត់ឲ្យទៅ នឹងនាំគ្នាបង្អាប់ទីបរិសុទ្ធដែលមានកំផែងការពារ បញ្ឈប់លែងឲ្យថ្វាយតង្វាយដុតប្រចាំថ្ងៃ ហើយយករបស់ដែលគួរស្អប់ខ្ពើម ដែលនាំឲ្យចង្រៃមកតាំងជំនួសវិញ។ អស់អ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសេចក្ដីសញ្ញា ស្ដេចនោះនឹងបញ្ចើចបញ្ចើគេ តែប្រជាជនដែលស្គាល់ព្រះរបស់ខ្លួន នឹងឈរយ៉ាងមាំ ហើយតស៊ូនឹងស្ដេច។ ពួកអ្នកដែលមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងអប់រំមនុស្សជាច្រើន ប៉ុន្តែ គេនឹងត្រូវដួលដោយដាវ និងភ្លើង ត្រូវគេនាំទៅជាឈ្លើយ ហើយត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ អស់មួយរយៈ។ ក្នុងពេលគេជំពប់ដួល គេនឹងទទួលជំនួយបន្តិចបន្តួច ក៏នឹងមានមនុស្សជាច្រើនចូលរួមជាមួយពួកគេ តែមិនមែនដោយចិត្តស្មោះទេ។ ក្នុងចំណោមអ្នកដែលមានប្រាជ្ញា នឹងមានខ្លះដួល ដើម្បីឲ្យគេបានបន្សុទ្ធ ឲ្យបានស្អាតបរិសុទ្ធ ហើយឲ្យបានសស្គុស រហូតដល់គ្រាចុងក្រោយ ដ្បិតគ្រានោះ ត្រូវតែមកដល់តាមពេលកំណត់។ ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ទ្រង់នឹងតម្កើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ ក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើអស់ទាំងព្រះ។ ស្ដេចនោះនឹងចម្រើនឡើងរហូតទាល់តែសេចក្ដីក្រោធឡើងដល់កម្រិត ដ្បិតអ្វីដែលបានកំណត់ហើយ ត្រូវតែបានសម្រេច។ ស្ដេចនោះនឹងមិនយោគយល់ដល់ពួកព្រះនៃអយ្យកោរបស់ខ្លួនឡើយ ក៏មិនយោគយល់ដល់ព្រះដែលពួកស្ដ្រីស្រឡាញ់ដែរ។ ស្ដេចមិនយោគយល់ដល់ព្រះណាឡើយ ដ្បិតទ្រង់នឹងតម្កើងខ្លួនឯងជាធំលើសអ្វីៗទាំងអស់។ ក៏ប៉ុន្ដែ ស្ដេចនោះនឹងគោរពព្រះដែលការពារបន្ទាយ ជាព្រះមួយដែលអយ្យកោរបស់ស្ដេចមិនបានស្គាល់ ហើយស្ដេចយកមាស ប្រាក់ និងត្បូងមានតម្លៃ ព្រមទាំងរបស់ថ្លៃវិសេសទៅថ្វាយ។ ស្ដេចនឹងវាយទីតាំងដ៏រឹងមាំរបស់សាសន៍នានា ដោយពឹងផ្អែកព្រះបរទេស ឯអស់អ្នកដែលទទួលស្គាល់ខ្លួន ស្ដេចនឹងលើកឲ្យមានសក្តិយសជាធំ ហើយតាំងឲ្យគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកដីឲ្យជារង្វាន់ទៀតផង»។ នៅគ្រាចុងក្រោយ ស្តេចខាងត្បូងនឹងប្រយុទ្ធនឹងស្ដេចខាងជើង តែស្តេចខាងជើងនឹងវាយសម្រុកមកលើស្ដេចខាងត្បូងដូចខ្យល់កួច មានទាំងរទេះចម្បាំង ពលសេះ និងនាវាជាច្រើន។ ស្ដេចនោះនឹងវាយលុកចូលទៅក្នុងស្រុកនានា ហើយវាយឆ្លងកាត់ដូចទឹកជន់។ ស្ដេចនោះនឹងចូលទៅក្នុងស្រុកដ៏រុងរឿង ហើយសាសន៍ជាច្រើននឹងត្រូវដួលចុះ តែសាសន៍ទាំងនេះនឹងបានរួចពីកណ្ដាប់ដៃរបស់ស្ដេច គឺសាសន៍អេដុម ម៉ូអាប់ ព្រមទាំងពួកមេដឹកនាំសំខាន់ៗក្នុងកូនចៅអាំម៉ូន។ ស្ដេចនោះនឹងលូកដៃទៅទាស់នឹងស្រុកនានា ហើយស្រុកអេស៊ីព្ទក៏នឹងគេចមិនផុតដែរ។ ស្ដេចនឹងគ្រប់គ្រងលើអស់ទាំងមាស និងប្រាក់ ជារាជទ្រព្យ និងលើគ្រប់ទាំងរបស់មានតម្លៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី និងសាសន៍អេធីយ៉ូពី នឹងចំណុះស្ដេចនោះ។ ប៉ុន្ដែ ដំណឹងដែលចេញពីស្រុកខាងកើត និងពីស្រុកខាងជើង នឹងនាំឲ្យស្ដេចព្រួយបារម្ភ ដូច្នេះ ស្ដេចនឹងចេញទៅ ដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំង ដើម្បីកម្ទេច ហើយបំផ្លាញមនុស្សជាច្រើនបង់។ ស្ដេចនឹងដំឡើងពន្លាជារាជដំណាក់នៅកណ្ដាលសមុទ្រ ហើយនៅជិតភ្នំបរិសុទ្ធដ៏រុងរឿង ប៉ុន្តែ ជីវិតស្ដេចនោះចូលដល់ចុងបញ្ចប់ ឥតមានអ្នកណាជួយឡើយ។
ដានីយ៉ែល 11:2-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្ដីពិតជូនលោក ដូចតទៅ: ស្ដេចបីអង្គនឹងឡើងគ្រងរាជ្យលើចក្រភពពែរ្ស បន្ទាប់មក មានស្ដេចទីបួនដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតៗ។ ពេលស្ដេចនោះមានអំណាចរឹងប៉ឹង ដោយសារទ្រព្យសម្បត្តិដ៏ច្រើន ស្ដេចក៏ប្រើគ្រប់មធ្យោបាយធ្វើសឹកនឹងអាណាចក្រក្រិក។ ប៉ុន្តែ នឹងមានស្ដេចមួយអង្គទៀតដ៏ពូកែឡើងគ្រងរាជ្យ ប្រកបដោយឫទ្ធិអំណាចជាខ្លាំង ហើយស្ដេចនេះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត។ ពេលស្ដេចបានថ្កុំថ្កើងឡើង ចក្រភពរបស់ស្ដេចត្រូវបាក់បែកជាបួនចំណែក។ ព្រះរាជវង្សរបស់ស្ដេចនឹងមិនស្នងរាជសម្បត្តិឡើយ ដ្បិតរាជសម្បត្តិនោះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង តែអ្នកទាំងនោះពុំមានឫទ្ធិអំណាចដូចស្ដេចមុនទេ។ ស្ដេចរបស់អាណាចក្រខាងត្បូងនឹងមានឫទ្ធិអំណាចយ៉ាងខ្លាំង តែមេទ័ពមួយរូបរបស់ស្ដេចនឹងមានអំណាចខ្លាំងជាង ក៏ឡើងគ្រប់គ្រងស្រុកដែរ ហើយអាណាចក្ររបស់លោកមានអំណាចខ្លាំងជាងអាណាចក្ររបស់ស្ដេចនោះ។ ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្ដេចអាណាចក្រខាងត្បូង នឹងទៅនៅជាមួយស្ដេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្ដេចខាងត្បូង និងរាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាង ទាំងអស់អ្នកដែលហែហមនាង ទាំងបិតា ទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។ ពេលនោះ នឹងមានស្ដេចមួយអង្គដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្ដេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្ដេចខាងជើង ហើយមានជ័យជម្នះ។ ស្ដេចនាំយកជយភណ្ឌទៅស្រុកអេស៊ីប គឺមានរូបព្រះ រូបសំណាកផ្សេងៗ ដែលធ្វើពីលោហធាតុដ៏ភ្លឺៗ និងវត្ថុដ៏មានតម្លៃធ្វើពីប្រាក់ ពីមាសជាដើម។ បន្ទាប់មក ស្ដេចនេះនឹងឈប់ធ្វើសឹកសង្គ្រាមជាមួយស្ដេចខាងជើងមួយរយៈ។ ក្រោយមក ស្ដេចខាងជើងក៏ចេញទៅច្បាំងនឹងអាណាចក្ររបស់ស្ដេចខាងត្បូង រួចវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។ បុត្ររបស់ស្ដេចនោះនាំគ្នាលើកទ័ពទៅច្បាំង ដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយអង្គវាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។ ពេលនោះ ស្ដេចខាងត្បូងក្ដៅក្រហាយយ៉ាងខ្លាំង ក៏លើកទ័ពយ៉ាងច្រើនទៅវាយលុកស្ដេចខាងជើង ហើយកងទ័ពដ៏ច្រើនរបស់ស្ដេចខាងជើង ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចខាងត្បូង។ ដោយឃើញខ្មាំងយ៉ាងច្រើនធ្លាក់ក្នុងកណ្ដាប់ដៃខ្លួនដូច្នេះ ស្ដេចក៏មានចិត្តអួតបំប៉ោង ហើយប្រហារជីវិតពួកគេរាប់ម៉ឺនរាប់សែន។ ទោះបីយ៉ាងនេះក៏ដោយ ក៏ស្ដេចនៅតែយកជ័យជម្នះពុំបានដែរ។ ស្ដេចខាងជើងវិលត្រឡប់មកវិញ ទាំងលើកទ័ពច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ស្ដេចខាងជើងនឹងលើកទ័ពយ៉ាងធំទាំងមានគ្រឿងសស្ត្រាវុធយ៉ាងច្រើនមកជាមួយផង។ នៅគ្រានោះ នឹងមានមនុស្សជាច្រើនប្រឆាំងនឹងស្ដេចខាងត្បូង ហើយមានមនុស្សឃោរឃៅជាច្រើនក្នុងចំណោមប្រជាជនរបស់លោក លើកគ្នាបះបោរ ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនោះ តែពួកគេពុំអាចសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។ ទ័ពស្ដេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្ដេចខាងត្បូង និងកងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់ឡើយ។ ស្ដេចខាងជើងក៏វាយលុកពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើចិត្ត គ្មាននរណាតទល់បានទាល់តែសោះ រួចស្ដេចក៏ឈប់ត្រឹមស្រុកដ៏ស្អាត ហើយកម្ទេចអ្វីៗទាំងអស់ដែលស្ដេចជួបប្រទះ។ ស្ដេចខាងជើងមានបំណងទៅជួបស្ដេចខាងត្បូង ដើម្បីបង្ហាញឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន និងចង់ចងស្ពានមេត្រីជាមួយស្ដេចខាងត្បូង។ ទ្រង់លើកបុត្រីឲ្យធ្វើជាមហេសីស្ដេចខាងត្បូង ក្នុងគោលបំណងបោកបញ្ឆោតស្ដេចនោះ តែពុំបានសម្រេចដូចបំណងឡើយ។ ដូច្នេះ ស្ដេចនោះក៏បែរទៅរកកោះនានា ហើយវាយយកបានជាច្រើន។ ប៉ុន្តែ មានមេទ័ពម្នាក់មកបញ្ឈប់សកម្មភាពដ៏អាម៉ាស់របស់ស្ដេច តែស្ដេចមិនអាចធ្វើឲ្យគាត់ត្រូវអាម៉ាស់វិញទេ។ បន្ទាប់មក ស្ដេចវិលទៅធ្វើសឹកតាមក្រុងដែលមានកំពែង នៅស្រុករបស់ខ្លួនវិញ តែស្ដេចត្រូវបរាជ័យ ហើយវិនាសសូន្យទៅ។ ស្ដេចមួយអង្គទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបឲ្យទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស តែមិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។ ពេលនោះ មានមនុស្សម្នាក់គួរឲ្យមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាអភិសេកជាស្ដេច។ ស្ដេចថ្មីនេះដណ្ដើមយករាជសម្បត្តិបាន ក្នុងគ្រាមានសុខសាន្តត្រាណ ដោយប្រើកលល្បិច។ កងទ័ពដ៏ខ្លាំងពូកែដែលមកលុកលុយស្រុក នឹងត្រូវចុះចាញ់ស្ដេចនោះ ហើយសូម្បីតែមហាបូជាចារ្យរបស់ប្រជារាស្ត្រនៃសម្ពន្ធមេត្រីក៏បរាជ័យដែរ។ ស្ដេចនោះនឹងចងសម្ពន្ធមិត្តជាមួយអ្នកឯទៀតៗ ដើម្បីបោកប្រាស់ពួកគេ ហើយពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ ទោះបីមានបក្សពួកតិចក៏ដោយ។ ក្នុងឱកាសដែលគេកំពុងតែមានសន្តិភាព ស្ដេចនោះឆ្លៀតពង្រីកទឹកដី រហូតទៅដល់ស្រុកដែលមានជីជាតិច្រើនជាងគេក្នុងអាណាខេត្ត ហើយទ្រង់ប្រព្រឹត្តអំពើដែលពួកអយ្យកោពុំបានប្រព្រឹត្ត គឺទ្រង់រឹបអូសរបស់របរ និងទ្រព្យសម្បត្តិរបស់គេចែកឲ្យបក្សពួកខ្លួន។ ស្ដេចប្រើល្បិចកិច្ចកលផ្សេងៗ ដើម្បីវាយលុកបន្ទាយនានា តែការនេះកើតមានមួយរយៈប៉ុណ្ណោះ។ ដោយអាងលើកម្លាំង និងចិត្តក្លាហានរបស់ខ្លួន ស្ដេចនោះលើកទ័ពទៅវាយស្ដេចខាងត្បូង។ ស្ដេចខាងត្បូងក៏លើកទ័ពយ៉ាងសន្ធឹកសន្ធាប់ និងខ្លាំងពូកែមកតទល់ តែពុំអាចយកជ័យជម្នះបានឡើយ ព្រោះស្ដេចខាងជើងប្រើល្បិចកិច្ចកលផ្សេងៗប្រឆាំងស្ដេចខាងត្បូង គឺពួកជំនិតរបស់ស្ដេចផ្ទាល់នឹងនាំគ្នាក្បត់ស្ដេច ធ្វើឲ្យទ័ពរបស់ស្ដេចត្រូវបរាជ័យ ហើយទាហានមួយចំនួនធំត្រូវស្លាប់បាត់បង់ជីវិត។ បន្ទាប់មក ស្ដេចទាំងពីរអង្គុយចរចាជាមួយគ្នា តែដោយគំនិតរបស់គេសុទ្ធតែអាក្រក់ គេពោលពាក្យកុហកគ្នាទៅវិញទៅមក។ ដូច្នេះ ការចរចារបស់គេពុំអាចបានផលអ្វីឡើយ ដ្បិតមិនទាន់ដល់គ្រាបញ្ចប់ដែលបានកំណត់ទុក។ ស្ដេចខាងជើងក៏វិលត្រឡប់ទៅស្រុកវិញ ទាំងនាំទ្រព្យសម្បត្តិយ៉ាងច្រើនទៅជាមួយផង។ ពេលនោះ ស្ដេចនឹងធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ តាមគម្រោងការរបស់ខ្លួន រួចបន្តដំណើរវិលទៅស្រុករបស់ខ្លួនវិញ។ លុះដល់ពេលកំណត់ ស្ដេចខាងជើងក៏លើកទ័ពទៅវាយអាណាចក្រខាងត្បូងសាជាថ្មី ប៉ុន្តែ លើកនេះពុំដូចគ្រាមុនទេ គឺមាននាវាជាច្រើនពីស្រុកគីទីមមកច្បាំងនឹងស្ដេច ធ្វើឲ្យស្ដេចបាក់ទឹកចិត្ត ហើយដកទ័ពថយទៅវិញ។ តាមផ្លូវ ស្ដេចខ្ញាល់ជាខ្លាំង ហើយក៏ធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ ដោយរួមគំនិតជាមួយអស់អ្នកដែលក្បត់សម្ពន្ធមេត្រីដ៏វិសុទ្ធ។ ពេលនោះ កងទ័ពដែលស្ថិតនៅក្រោមបញ្ជារបស់ស្ដេច នឹងនាំគ្នាបន្ថោកបន្ទាយដែលជាទីសក្ការៈ ហើយបញ្ឈប់ការថ្វាយយញ្ញបូជាប្រចាំថ្ងៃ ហើយយកវត្ថុចង្រៃដ៏គួរស្អប់ខ្ពើមមកតាំងជំនួសវិញ។ ស្ដេចនោះនឹងពោលពាក្យបញ្ចើចបញ្ចើ ល្បួងអស់អ្នកដែលក្បត់សម្ពន្ធមេត្រី។ ប៉ុន្តែ ប្រជាជនដែលស្គាល់ព្រះជាម្ចាស់នឹងកាន់ចិត្តរឹងប៉ឹង។ ពួកអ្នកមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងនាំគ្នាអប់រំមនុស្សជាច្រើន។ ក៏ប៉ុន្តែ ក្នុងពេលមួយរយៈ ក្នុងចំណោមអ្នកមានប្រាជ្ញាទាំងនោះ មានអ្នកខ្លះត្រូវគេសម្លាប់ ត្រូវគេដុត ត្រូវគេកៀរយកទៅជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិមួយរយៈ។ ក្នុងពេលដែលគេធ្វើបាបអ្នកទាំងនោះ នឹងមានអ្នកខ្លះមកជួយបន្តិចដែរ។ មនុស្សជាច្រើននឹងមកចូលរួមជាមួយអ្នកទាំងនោះ តែដោយប្រើកលល្បិច។ ក្នុងចំណោមអ្នកមានប្រាជ្ញា នឹងមានអ្នកខ្លះបាត់បង់ជីវិត ដើម្បីឲ្យពួកគេបានស្អាតបរិសុទ្ធ និងបានសស្គុសរហូតដល់គ្រាចុងក្រោយ ដ្បិតគ្រានោះនឹងកើតមានតាមពេលកំណត់។ ស្ដេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើព្រះនានាផង។ ស្ដេចនោះនឹងចម្រើនមាំមួនឡើង រហូតទាល់តែព្រះពិរោធកើនដល់កម្រិត ដ្បិតហេតុការណ៍អ្វីដែលព្រះជាម្ចាស់គ្រោងទុកត្រូវតែបានសម្រេច។ ស្ដេចនោះមិនយោគយល់ដល់ព្រះ ដែលអយ្យកោរបស់ខ្លួនធ្លាប់គោរព ហើយក៏មិនយោគយល់ដល់ព្រះដែលពួកស្ត្រីៗស្រឡាញ់ដែរ គឺស្ដេចមិនយោគយល់ដល់ព្រះណាឡើយ ព្រោះទ្រង់តម្កើងខ្លួនឯងទុកជាធំលើសអ្វីៗទាំងអស់។ ក៏ប៉ុន្តែ ស្ដេចនោះគោរពព្រះមួយ ជាព្រះការពារបន្ទាយ ហើយយកមាស ប្រាក់ ត្បូង ពេជ្រ និងរបស់ដ៏មានតម្លៃទៅថ្វាយ។ អយ្យកោរបស់ស្ដេចមិនដែលស្គាល់ព្រះនេះទេ។ ស្ដេចទៅវាយទីតាំងទ័ពរបស់សាសន៍នានា ដោយពឹងផ្អែកលើព្រះនៃជនបរទេស។ ស្ដេចលើកកិត្តិយសអស់អ្នកដែលទទួលស្គាល់ព្រះនេះ ហើយឲ្យពួកគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកទឹកដីឲ្យពួកគេជារង្វាន់ផង។ នៅគ្រាចុងក្រោយ ស្ដេចខាងត្បូងនឹងទៅប្រយុទ្ធនឹងស្ដេចខាងជើង។ ស្ដេចខាងជើងក៏លើកទ័ពទៅវាយសម្រុកស្ដេចខាងត្បូង ដោយប្រើរទេះចម្បាំង ទ័ពសេះ និងនាវាចម្បាំងជាច្រើន។ ស្ដេចនោះនាំពលទ័ពយ៉ាងគគ្រឹកគគ្រេងឆ្លងព្រំដែនចូលទៅក្នុងស្រុកនានាដូចទឹកជំនន់ គឺឆ្លងកាត់ស្រុកដែលស្អាតជាងគេ ហើយប្រហារជីវិតមនុស្សជាច្រើន តែជនជាតិអេដុម ជនជាតិម៉ូអាប់ ព្រមទាំងអ្នកដឹកនាំសំខាន់ៗរបស់ជនជាតិអាំម៉ូន នឹងគេចផុតពីកណ្ដាប់ដៃរបស់ស្ដេច។ ស្ដេចនោះនឹងវាតអំណាចទៅលើស្រុកនានា ហើយសូម្បីតែស្រុកអេស៊ីបក៏គេចមិនផុតដែរ។ ស្ដេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាស ប្រាក់ និងរបស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និងជនជាតិអេត្យូពី នឹងសុំធ្វើជាចំណុះរបស់ស្ដេចនោះ។ បន្ទាប់មក មានលេចឮដំណឹងអំពីហេតុការណ៍ដែលកើតឡើងនៅបូព៌ាប្រទេស និងស្រុកខាងជើង បណ្ដាលឲ្យស្ដេចបារម្ភក្រៃលែង។ ស្ដេចពោរពេញដោយកំហឹងយ៉ាងខ្លាំង ក៏លើកទ័ពទៅកម្ទេចស្រុកនានា ព្រមទាំងសម្លាប់រង្គាលមនុស្សជាច្រើន។ ស្ដេចនឹងសង់ពន្លានៅចន្លោះសមុទ្រទាំងពីរ គឺនៅជិតភ្នំដ៏រុងរឿងវិសុទ្ធ។ បន្ទាប់មក ស្ដេចនោះក៏បាត់បង់ជីវិតទៅ ដោយឥតមាននរណាជួយឡើយ។
ដានីយ៉ែល 11:2-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ យើងនឹងសំដែងឲ្យអ្នកឃើញសេចក្ដីពិត មើល ត្រូវមានស្តេចសាសន៍ពើស៊ី៣អង្គទៀតសោយរាជ្យឡើង រួចស្តេចទី៤នឹងមានព្រះរាជទ្រព្យច្រើនក្រៃលែងជាជាងគេទាំងអស់ កាលណាបានចំរើនកំឡាំង ដោយសារព្រះរាជទ្រព្យទាំងនោះហើយ នោះទ្រង់នឹងលើកមនុស្សទាំងអស់ឡើង ទាស់នឹងអាណាចក្ររបស់សាសន៍ក្រេក គ្រានោះ នឹងមានស្តេច១ខ្លាំងពូកែសោយរាជ្យឡើង ជាស្តេចដែលនឹងគ្រប់គ្រង ដោយអំណាចយ៉ាងខ្លាំង ហើយនឹងធ្វើតាមតែបំណងព្រះទ័យ កាលណាស្តេចនោះបានសោយរាជ្យឡើងហើយ នោះនគរទ្រង់នឹងត្រូវបែកខ្ញែក ហើយបែងចែកទៅឯខ្យល់លើអាកាសទាំង៤ទិស តែមិនមែនចែកឲ្យដល់ពូជពង្សនៃស្តេចនោះទេ ក៏មិនមែនដោយមានអំណាចដូចជាស្តេចនោះធ្លាប់គ្រប់គ្រងដែរ ដ្បិតនគរនោះនឹងត្រូវច្រៀកចេញចែកដល់មនុស្សដទៃវិញ។ ឯស្តេចខាងត្បូង នឹងមានកំឡាំង តែមេទ័ពម្នាក់របស់ទ្រង់នឹងមានកំឡាំងច្រើនលើសជាង ហើយនឹងមានអំណាចសោយរាជ្យ ឯអំណាចគ្រប់គ្រងរបស់អ្នកនោះនឹងបានធំទូលាយ ដល់ក្រោយបួនដប់ឆ្នាំទៅ នោះគេនឹងចងសម្ពន្ធមិត្រនឹងគ្នាវិញ ដោយព្រះរាជបុត្រីនៃស្តេចខាងត្បូងបានទៅឯស្តេចខាងជើង ដើម្បីតាំងសញ្ញានឹងគ្នា តែនាងនឹងមិនមានអំណាចនៅជាយូរទេ ហើយបិតានាងក៏មិនជាប់នៅ ឬកន្សៃវង្សរបស់ទ្រង់ផង គឺនាងនឹងត្រូវលើកចោល ព្រមទាំងពួកអ្នកដែលបាននាំនាង នឹងកូនដែលនាងបង្កើត ហើយអ្នកដែលបានគាំពារនាងក្នុងគ្រានោះដែរ។ តែនឹងមានលំពង់១ពន្លកចេញពីវង្សនាង សោយរាជ្យឡើងជំនួសបិតា ស្តេចនោះនឹងទៅច្បាំងនឹងពលទ័ពនៃស្តេចខាងជើង ហើយនឹងចូលទៅក្នុងបន្ទាយរបស់គេ ក៏តយុទ្ធនឹងគេព្រមទាំងឈ្នះផង រួចនឹងកៀរយកអស់ទាំងព្រះ នឹងរូបសិតរបស់គេ ព្រមទាំងប្រដាប់ធ្វើពីប្រាក់ នឹងមាសដ៏មានដំឡៃនាំទៅឯស្រុកអេស៊ីព្ទ បន្ទាប់នោះ នឹងខានទៅច្បាំងនឹងស្តេចខាងជើងជាយូរឆ្នាំ ឯស្តេចខាងជើង នោះនឹងទន្ទ្រានចូលក្នុងព្រំដែនរបស់ស្តេចខាងត្បូង តែនឹងត្រូវវិលត្រឡប់ទៅឯស្រុកកំណើតរបស់ខ្លួនវិញ។ រួចមកពួកកូនចៅរបស់ស្តេចនោះនឹងធ្វើចំបាំង គឺនឹងប្រមូលកងទ័ពយ៉ាងធំជាច្រើន កងទ័ពនោះនឹងចេញទៅសាយពេញពាស ហើយដើរកាត់ស្រុកទៅច្បាំង រហូតដល់បន្ទាយរបស់គេ គ្រានោះ ស្តេចខាងត្បូងនឹងមានសេចក្ដីក្រេវក្រោធឆុរឆេវឡើង ចេញទៅតយុទ្ធនឹងស្តេចខាងជើង គឺនឹងដំរៀបពលទ័ពយ៉ាងសន្ធឹក ហើយពលទ័ពរបស់គេ នឹងត្រូវប្រគល់មកក្នុងកណ្តាប់ដៃនៃស្តេចខាងត្បូង កាលណាបានឈ្នះពលទ័ពរបស់គេហើយ នោះទ្រង់នឹងមានព្រះទ័យប៉ោងឡើង រួចទ្រង់នឹងសំឡាប់ពួកគេទាំងម៉ឺនៗ តែតទៅនឹងឈ្នះមិនបានទេ ដ្បិតស្តេចខាងជើងនឹងវិលត្រឡប់មកវិញ នាំទាំងពលទ័ពយ៉ាងសន្ធឹកលើសជាងជាន់មុនទៅទៀត ហើយក្រោយបន្តិចទៅ គឺក្រោយប្រមាណប៉ុន្មានឆ្នាំទៅមុខ ទ្រង់នឹងនាំពលទ័ពយ៉ាងធំ នឹងគ្រឿងចំបាំងយ៉ាងសន្ធឹកមក នៅគ្រានោះ នឹងមានមនុស្សជាច្រើនតាំងខ្លួនឡើង ទាស់នឹងស្តេចខាងត្បូង ឯក្នុងសាសន៍របស់អ្នក ក៏នឹងមានពួកមនុស្សច្រឡោតខ្លះលើកខ្លួនឡើងដែរ ដើម្បីនឹងសំរេចការជាក់ស្តែងនេះ តែគេនឹងត្រូវដួលចុះទេ យ៉ាងនោះ ស្តេចខាងជើងនឹងមកជីកស្នាមភ្លោះ ហើយចាប់យកបានទីក្រុងដែលមានគ្រឿងការពារជាបរិបូរ ឯពលទ័ពរបស់ស្រុកខាងត្បូង នឹងធន់នៅមិនបាន ព្រមទាំងពលជ្រើសរើសរបស់ស្តេចនោះផង ក៏នឹងគ្មានកំឡាំងល្មមទប់ទល់ឡើយ គឺស្តេចដែលលុកចូលមកច្បាំងនោះ នឹងធ្វើតាមតែអំពើចិត្ត ឥតមានអ្នកណាអាចនឹងឈរនៅមុខទ្រង់បានឡើយ ទ្រង់នឹងឈរនៅក្នុងស្រុកដ៏ឧត្តម ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្តាប់ដៃផង ហើយទ្រង់នឹងមានគំនិតគិតនាំកំឡាំងនៃរាជ្យទ្រង់ទាំងអស់មកទៀត តែទ្រង់បែរជាតាំងស្ពានមេត្រីវិញ ហើយក៏សំរេចតាមនោះ រួចលើកបុត្រីខ្លួន ឲ្យដល់ស្តេចខាងត្បូង ដើម្បីនឹងគិតបំផ្លាញទ្រង់ តែនាងមិនចូលគំនិត ឬសំរេចតាមបំណងបិតាឡើយ ក្រោយនោះមកទ្រង់នឹងបែរព្រះភក្ត្រទៅខាងកោះសមុទ្រទាំងប៉ុន្មាន ហើយនឹងចាប់យកបានជាច្រើនដែរ តែនឹងមានទ័ព១កំចាត់សេចក្ដីអាម៉ាស់ខ្មាស ចំពោះស្តេចនោះចេញ អើ មួយទៀត នឹងទំលាក់សេចក្ដីអាម៉ាស់ខ្មាសនោះទៅលើទ្រង់វិញ នោះទ្រង់នឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួន តែទ្រង់នឹងចំពប់ដួល ឥតមានអ្នកណាឃើញទៀតឡើយ។ បន្ទាប់នោះមក នឹងមានស្តេច១សោយរាជ្យឡើងជំនួស ជាអ្នកដែលនឹងចាត់ភ្នាក់ងារ ឲ្យដើរកាត់ស្រុករុងរឿងក្នុងនគរ ដើម្បីរ៉ឹងទារសួយ តែក្រោយមកមិនយូរថ្ងៃ ស្ដេចនោះនឹងត្រូវបំផ្លាញទៅ មិនមែនក្នុងការកំហឹង ឬការសង្គ្រាមនោះទេ រួចនឹងមានម្នាក់ដែលគួរស្អប់ខ្ពើមតាំងខ្លួនឡើងជំនួសទ្រង់ ឥតមានអ្នកណាប្រគល់រាជសក្តិដល់អ្នកនោះឡើយ គឺនឹងចូលមក ក្នុងគ្រាសុខសាន្ត ជែងយករាជ្យដោយសេចក្ដីបញ្ចើចវិញ ឯពលទ័ពដ៏មានជ័យនឹងត្រូវចុះចាញ់នៅចំពោះអ្នកនោះ ហើយនឹងត្រូវបាក់បែកអស់ទៅ អើ ទោះទាំងសំដេចសង្ឃនៃសេចក្ដីសញ្ញាផង ក្រោយដែលគេបានតាំងសញ្ញានឹងអ្នកនោះហើយ នោះវានឹងប្រព្រឹត្តដោយឧបាយកល ដ្បិតវានឹងឡើងមក ហើយនឹងមានកំឡាំងឡើង ដោយមានគ្នាតែបន្តិចប៉ុណ្ណោះ គឺនៅក្នុងគ្រាសុខសាន្ត ដែលវានឹងឡើងមកឯកន្លែងដ៏ល្អបំផុតក្នុងដែនខេត្ត ហើយវានឹងធ្វើការដែលពួកឰយុកោវាតៗមកមិនដែលធ្វើឡើយ គឺវានឹងយករបឹប នឹងរបស់ដែលប្លន់បាន ហើយទ្រព្យសម្បត្តិផ្សេងៗ កំចាយដល់គេ អើ វានឹងបង្កើតកិច្ចកលរបស់វា ទាស់នឹងទីមាំមួន នៅរវាង១ពេល វានឹងដាស់កំឡាំង នឹងសេចក្ដីអង់អាចរបស់វាឡើង ទាស់នឹងស្តេចខាងត្បូង ដោយមានពលទ័ពយ៉ាងសន្ធឹក ហើយស្តេចខាងត្បូងនឹងមកច្បាំងនឹងវា មានពលទ័ពយ៉ាងសន្ធឹក ហើយខ្លាំងពូកែផង តែនឹងទប់ទល់មិនបានទេ ពីព្រោះនឹងមានគេបង្កើតកិច្ចកលទាស់នឹងទ្រង់ អើ អ្នក១ដែលធ្លាប់ស៊ីចំណីរបស់ទ្រង់នឹងបំផ្លាញទ្រង់បង់ ហើយកងទ័ពរបស់ទ្រង់នឹងបែកខ្ញែករត់ទៅតែពាស ក៏នឹងមានជាច្រើនដួលស្លាប់ដែរ ឯស្តេចទាំង២អង្គនេះ គេនឹងមានចិត្តរិះរកធ្វើតែការកំណាចទទេ គេនឹងកុហកដល់គ្នានឹងគ្នា ក្នុងពេលកំពុងអង្គុយនៅតុជាមួយគ្នាផង តែការនោះនឹងមិនចំរើនដល់គេឡើយ ដ្បិតវេលាចុងបំផុតនឹងមកក្នុងពេលកំណត់ទេ។ គ្រានោះ វានឹងវិលទៅស្រុករបស់ខ្លួនវិញ នាំទាំងទ្រព្យសម្បត្តិជាច្រើនទៅផង រួចវានឹងកើតមានចិត្តទាស់ទទឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនឹងធ្វើតាមតែបំណងចិត្ត រួចវិលទៅឯស្រុករបស់ខ្លួនវិញ លុះដល់វេលាកំណត់ វានឹងត្រឡប់មកចូលក្នុងស្រុកខាងត្បូងទៀត តែជាន់ក្រោយនេះ នឹងមិនបានដូចជាជាន់មុនទេ ពីព្រោះអស់ទាំងនាវា ពីស្រុកគីទីម នឹងមកទាស់នឹងវា ដូច្នេះ វានឹងធ្លាក់ចិត្ត ហើយវិលទៅវិញ ដោយមានសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនឹងធ្វើតាមអំពើចិត្ត គឺវានឹងត្រឡប់មកវិញ ហើយរួមគំនិតនឹងពួកអ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធនោះ គ្រានោះ ពលទ័ពនឹងត្រូវខាងវា ហើយគេនឹងបង្អាប់ទីបរិសុទ្ធ គឺជាទីមាំមួន ព្រមទាំងបញ្ឈប់បំបាត់ការថ្វាយដង្វាយជានិច្ចចេញ ហើយតាំងសេចក្ដីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញឡើង ឯពួកអ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសេចក្ដីសញ្ញា នោះវានឹងនាំបង្ខូចចិត្តគេ ដោយពាក្យបញ្ចើច តែចំណែកពួកអ្នកទាំងប៉ុន្មានដែលស្គាល់ព្រះនៃខ្លួន គេនឹងមានចិត្តរឹងប៉ឹង ហើយនឹងប្រតិបត្តិតទៅ ពួកអ្នកដែលមានប្រាជ្ញាក្នុងបណ្តាជន គេនឹងបង្រៀនមនុស្សជាច្រើន ប៉ុន្តែ គេនឹងត្រូវដួលដោយដាវនឹងភ្លើង ព្រមទាំងត្រូវដឹកទៅជាឈ្លើយ ហើយត្រូវគេរឹបជាន់ជាយូរថ្ងៃផង រីឯកាលណាគេត្រូវដួល នោះគេនឹងមានសេចក្ដីជំនួយបន្តិចដែរ ក៏នឹងមានមនុស្សជាច្រើនចូលខាងគេ ដោយចិត្តក្រឡេចក្រឡុច ឯពួកគេដែលមានប្រាជ្ញា នឹងមានខ្លះដួលចុះ ដើម្បីឲ្យបានសំរង ហើយសំអាតពួកគេ ព្រមទាំងឲ្យគេបានសស្គុស ដរាបដល់វេលាចុងបំផុត ដ្បិតការទាំងនោះនឹងមកក្នុងពេលកំណត់ទេ។ ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ក៏នឹងដំកើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ វានឹងពោលយ៉ាងអស្ចារ្យ ទាស់នឹងព្រះនៃអស់ទាំងព្រះ វានឹងចេះតែចំរើនដរាបដល់សេចក្ដីគ្នាន់ក្នាញ់បានសំរេច ដ្បិតការដែលបានសំរេចនឹងធ្វើហើយ នោះត្រូវធ្វើទៅ វានឹងមិនយកចិត្តទុកដាក់ចំពោះព្រះនៃពួកឰយុកោវា ឬចំពោះបំណងចិត្តរបស់ពួកស្រីៗទេ ក៏មិនកោតខ្លាចដល់ព្រះណាផង ដ្បិតវានឹងដំកើងខ្លួនជាធំលើសជាងទាំងអស់ ទោះបើយ៉ាងនោះ គង់តែវានឹងគោរពតាមព្រះនៃបន្ទាយដែរ ហើយឯព្រះ១ដែលពួកឰយុកោវាមិនបានស្គាល់សោះ នោះវានឹងគោរពដោយមាស ប្រាក់ នឹងត្បូងមានតំឡៃ ហើយនឹងរបស់ថ្លៃវិសេស គឺដោយព្រះដទៃនោះ ដែលវានឹងឈ្នះទីមាំមួនរបស់សាសន៍ផ្សេងៗ ឯអ្នកណាដែលនឹងយល់ខាងខ្លួន នោះវានឹងលើកឲ្យមានសក្តិយសជាធំឡើង ហើយនឹងតាំងឲ្យគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកឲ្យដល់គេទុកជារង្វាន់ផង។ លុះដល់គ្រាចុងបំផុត នោះស្តេចខាងត្បូងនឹងតយុទ្ធនឹងវា តែស្តេចខាងជើងនឹងមកទាស់នឹងទ្រង់ដូចជាខ្យល់កួច មានទាំងរទេះចំបាំង ពលសេះ នឹងនាវាជាច្រើន វានឹងលុកចូលក្នុងប្រទេសដទៃទាំងប៉ុន្មាន ទាំងសាយចេញដូចជាទឹកជន់ រួចបង្ហួសទៅ វានឹងចូលទៅក្នុងស្រុកឧត្តមដែរ ហើយមនុស្សជាច្រើននឹងត្រូវផ្តួលចុះ តែសាសន៍ទាំងនេះ នឹងបានរួចពីកណ្តាប់ដៃវា គឺអេដំម ម៉ូអាប់ នឹងពួកសំខាន់ក្នុងកូនចៅអាំម៉ូន វានឹងលូកដៃទៅលើប្រទេសទាំងអស់ ហើយស្រុកអេស៊ីព្ទក៏មិនបានរួចដែរ គឺវានឹងគ្រប់គ្រងលើអស់ទាំងមាស នឹងប្រាក់ ជាព្រះរាជទ្រព្យ នឹងលើគ្រប់ទាំងរបស់មានដំឡៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី នឹងសាសន៍អេធីយ៉ូពី គេនឹងជាប់តាមដានជើងវា តែដំណឹងដែលនឹងចេញពីស្រុកខាងកើត ហើយពីខាងជើង នឹងនាំឲ្យវាវិតក្កព្រួយ ដូច្នេះវានឹងចេញទៅ ដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញ ហើយរំលាងមនុស្សជាច្រើនបង់ វានឹងដំឡើងអស់ទាំងពន្លានៃព្រះរាជស្ថាន នៅជាកណ្តាលសមុទ្រ ហើយនឹងភ្នំបរិសុទ្ធដ៏ឧត្តម ប៉ុន្តែវានឹងមកដល់ចុងបំផុតរបស់វា ឥតមានអ្នកណាជួយឡើយ។