កូឡូស 4:7-18

កូឡូស 4:7-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ទីឃី‌កុស ជា​បង‌ប្អូន​ស្ងួន‌ភ្ងា ជា​អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់ និង​ជា​អ្នក​បម្រើ​ជា​មួយ​គ្នា​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់​អំពី​ខ្ញុំ។ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ជួប​អ្នក​រាល់​គ្នា​សម្រាប់​គោល​បំណង​នេះ​ឯង គឺ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​សុខ​ទុក្ខ​របស់​យើង ហើយ​ឲ្យ​គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា ខ្ញុំ​ចាត់​ឲ្យ​គាត់​មក​ជា​មួយ​លោក​អូនេ‌ស៊ីម ជា​បង‌ប្អូន​ស្ងួន‌ភ្ងា និង​ជា​មនុស្ស​ស្មោះ​ត្រង់ ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​ទាំង​ពីរ​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​គ្រប់​ការ​ទាំង​អស់​នៅ​ទី​នេះ។ លោក​អើរី‌ស្តាក ដែល​ជាប់​គុក​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា ហើយ​លោក​ម៉ាកុស ជា​ក្មួយ​លោក​បាណា‌បាស ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​បាន​ទទួល​បង្គាប់ ពី​រឿង​គាត់​រួច​ទៅ​ហើយ​ថា ប្រសិន‌បើ​គាត់​មក សូម​អ្នក​រាល់​គ្នា​ទទួល​គាត់​ចុះ។ រីឯ​លោក​យេស៊ូវ ដែល​ហៅ​ថា យូស្ទុស ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ ក្នុង​ចំណោម​ពួក​អ្នក​កាត់​ស្បែក មាន​តែ​អ្នក​ទាំង​នេះ​ទេ​ដែល​បាន​រួម​ការ​ងារ​ជា​មួយ​ខ្ញុំ​សម្រាប់​ព្រះរាជ​របស់​ព្រះ ហើយ​គេ​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ។ លោក​អេប៉ា‌ប្រាស ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ និង​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ គាត់​ខំ​ប្រឹង​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជា‌និច្ច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឈរ​មាំមួន ពេញ​វ័យ ហើយ​យល់​ច្បាស់​ពី​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​គ្រប់​ជំពូក។ ដ្បិត​ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ពី​គាត់​ថា គាត់​ខំ​ប្រឹង​ប្រែង​ណាស់​សម្រាប់​អ្នក​រាល់​គ្នា សម្រាប់​អស់​អ្នក​នៅ​ក្រុង​ឡៅ‌ឌីសេ និង​ក្រុង​ហេរ៉ា‌ប៉ូល។ លោក​លូកា ជា​គ្រូ​ពេទ្យ​ស្ងួន​ភ្ងា និង​លោក​ដេ‌ម៉ាស ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ សូម​ជម្រាប​សួរ​ដល់​ពួក​បង‌ប្អូន​នៅ​ក្រុង​ឡៅ‌ឌីសេ និង​ដល់​នាង​នីម‌ផាស ព្រម​ទាំង​ក្រុម​ជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​គាត់​ផង។ ពេល​អាន​សំបុត្រ​នេះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ហើយ សូម​ឲ្យ​ក្រុម​ជំនុំ​នៅ​ក្រុង​ឡៅ‌ឌីសេ​អាន​ផង ហើយ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​អាន​សំបុត្រ​ពី​ក្រុង​ឡៅ‌ឌីសេ​វិញ​ដែរ។ សូម​ប្រាប់​លោក​អើ‌ឃីព​ថា «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​បំពេញ​ការ‌ងារ​ដែល​អ្នក​បាន​ទទួល​ក្នុង​ព្រះ‌អម្ចាស់​ឲ្យ​បាន​សម្រេច​ចុះ»។ ខ្ញុំ ប៉ុល សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ សូម​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ចំណង​របស់​ខ្ញុំ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ចែក​រំលែក
អាន កូឡូស 4

កូឡូស 4:7-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ទីឃី‌កុស ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ និង​ជា​សហការី​របស់​ខ្ញុំ​ក្នុង​កិច្ចការ​របស់​ព្រះ‌អម្ចាស់ នឹង​ជម្រាប​បងប្អូន​ឲ្យ​បាន​ជ្រាប​សព្វ​គ្រប់​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ។ ខ្ញុំ​ចាត់​គាត់​ឲ្យ​មក​រក​បងប្អូន ក្នុង​គោល​បំណង​នេះ​ឯង គឺ​ឲ្យ​បងប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​ឲ្យ​គាត់​លើក​ទឹក​ចិត្ត​បងប្អូន​ទៀត​ផង។ ខ្ញុំ​ចាត់​គាត់​ឲ្យ​មក​ជា​មួយ​លោក​អូនេ‌ស៊ីម ជា​បងប្អូន​ដ៏​ស្មោះ​ត្រង់ និង​ដ៏​ជា​ទី​ស្រឡាញ់ ជា​អ្នក​ដែល​នៅ​ស្រុក​ជា​មួយ​បងប្អូន។ អ្នក​ទាំង​ពីរ​នឹង​ជម្រាប​បងប្អូន​ឲ្យ​ជ្រាប​អំពី​សភាព‌ការណ៍​នៅ​ទី​នេះ។ លោក​អើរី‌ស្ដាក ដែល​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បងប្អូន ហើយ​លោក​ម៉ាកុស​ដែល​ត្រូវ​ជា​សាច់‌ញាតិ​នឹង​លោក​បារណា‌បាស ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ (បងប្អូន​បាន​ទទួល​ពាក្យ​ផ្ដាំ​ផ្ញើ​ស្ដី​អំពី​គាត់​ស្រាប់​ហើយ ប្រសិន​បើ​គាត់​មក សូម​បងប្អូន​ទទួល​ដោយ​រាក់‌ទាក់​ផង)។ រីឯ​លោក​យេស៊ូ​ហៅ​យូស្ទូស ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ផង​ដែរ។ ក្នុង​ចំណោម​ជន‌ជាតិ​យូដា មាន​តែ​បងប្អូន​បី​នាក់​នេះ​ប៉ុណ្ណោះ ដែល​ធ្វើ​ការ​សម្រាប់​ព្រះ‌រាជ្យ*​ព្រះ‌ជា‌ម្ចាស់​ជា​មួយ​ខ្ញុំ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ទៀត​ផង។ លោក​អេប៉ា‌ប្រាស​ដែល​នៅ​ស្រុក​ជា​មួយ​បងប្អូន ក៏​សូម​ជម្រាប‌សួរ​មក​បងប្អូន​ដែរ។ គាត់​ជា​អ្នក​បម្រើ​ព្រះគ្រិស្ត‌យេស៊ូ ហើយ​គាត់​តែងតែ​តយុទ្ធ​សម្រាប់​បងប្អូន ដោយ​អធិស្ឋាន* ឥត​ឈប់​ឈរ ដើម្បី​ឲ្យ​បងប្អូន​មាន​ជំហរ​រឹង‌ប៉ឹង បាន​គ្រប់​លក្ខណៈ និង​សុខ​ចិត្ត​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់ គ្រប់​ចំពូក​ទាំង​អស់។ ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា គាត់​បាន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​យ៉ាង​ខ្លាំង​សម្រាប់​បងប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​នៅ​ស្រុក​ហេរ៉ា‌ប៉ូល។ លោក​គ្រូ​ពេទ្យ​លូកា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​លោក​ដេម៉ាស ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ សូម​ជម្រាប​សួរ​បងប្អូន​នៅ​ស្រុក​ឡៅឌី‌សេ និង​ជម្រាប‌សួរ​នាង​នឹមផាស ព្រម​ទាំង​ក្រុម‌ជំនុំ​ដែល​តែង​ប្រជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​គាត់​នោះ​ផង។ ពេល​ណា​បងប្អូន​អាន​សំបុត្រ​នេះ​រួច​ហើយ សូម​លៃ‌លក​យ៉ាង​ណា​ឲ្យ​ក្រុម‌ជំនុំ​នៅ​ស្រុក​ឡៅឌី‌សេ​អាន​ផង ហើយ​បងប្អូន​ក៏​ត្រូវ​អាន​សំបុត្រ​ដែល​មក​ពី​ស្រុក​ឡៅឌី‌សេ​ដែរ។ សូម​ជម្រាប​លោក​អើ‌ឃីព​ថា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខងារ​ដែល​លោក​បាន​ទទួល​ពី​ព្រះ‌អម្ចាស់ គឺ​ត្រូវ​បំពេញ​កិច្ចការ​នេះ​ឲ្យ​ល្អ។ ពាក្យ​ជម្រាប​សួរ​នេះ ខ្ញុំ ប៉ូល សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ សូម​បងប្អូន​កុំ​ភ្លេច​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ!។

ចែក​រំលែក
អាន កូឡូស 4

កូឡូស 4:7-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ទីឃី‌កុស ជា​បង​ប្អូន​ស្ងួន‌ភ្ងា គឺ​ជា​អ្នក​ជំនួយ​ដ៏​ស្មោះ‌ត្រង់ ហើយ​ជា​បាវ​បំរើ​ជា​មួយ​គ្នា​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​អស់​ទាំង​រឿង​របស់​ខ្ញុំ ខ្ញុំ​បាន​ចាត់​គាត់​មក​ឯ​អ្នក​រាល់​គ្នា សំរាប់​ការ​នោះ​ឯង គឺ​ឲ្យ​បាន​ដឹង​រឿង​ពី​អ្នក​រាល់​គ្នា ហើយ​ឲ្យ​បាន​កំសាន្ត​ចិត្ត​អ្នក​រាល់​គ្នា​ផង ក៏​ចាត់​អ្នក​អូនេស៊ីម ជា​បង​ប្អូន​ស្ងួន‌ភ្ងា ហើយ​ស្មោះ‌ត្រង់ ដែល​មក​ពី​អ្នក​រាល់​គ្នា​ដែរ អ្នក​ទាំង​២​នេះ​នឹង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​គ្រប់​ការ​ទាំង​អស់ ដែល​នៅ​ខាង​នាយ​នោះ។ អ្នក​អើរី‌ស្តាក ដែល​ជាប់​គុក​ជា​មួយ​នឹង​ខ្ញុំ ហើយ​ម៉ាកុស ជា​ក្មួយ​បាណា‌បាស គាត់​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ទទួល​បង្គាប់ ពី​រឿង​គាត់​រួច​ទៅ​ហើយ​ថា បើ​គាត់​មក​ឯ​អ្នក​រាល់​គ្នា នោះ​ត្រូវ​ទទួល​គាត់​ចុះ ឯ​អ្នក​យេស៊ូវ ដែល​ហៅ​ថា យូស្ទុស គាត់​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ អ្នក​ទាំង​នោះ​ជា​ពួក​កាត់​ស្បែក ឯ​ពួក​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ខ្ញុំ​ខាង​ឯ​នគរ​ព្រះ មាន​តែ​ប៉ុណ្ណឹង​ទេ ដែល​កំសាន្ត​ចិត្ត​ខ្ញុំ អ្នក​អេប៉ា‌ប្រាស ជា​បាវ​បំរើ​នៃ​ព្រះ‌គ្រីស្ទ ដែល​មក​ពី​ពួក​អ្នក​រាល់​គ្នា គាត់​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ គាត់​ខំ​ប្រឹង​អធិស្ឋាន​ជានិច្ច ឲ្យ​អ្នក​រាល់​គ្នា​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក ខ្ញុំ​ធ្វើ​បន្ទាល់​ពី​គាត់​ថា គាត់​មាន​ចិត្ត​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា នឹង​ពួក​អ្នក​នៅ​ក្រុង​ឡៅឌីសេ ហើយ​ពួក​អ្នក​នៅ​ក្រុង​ហេរ៉ាប៉ូល​ជា​ខ្លាំង​ណាស់ លោក​លូកា ជា​គ្រូ‌ពេទ្យ​ស្ងួន‌ភ្ងា នឹង​អ្នក​ដេម៉ាស ក៏​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ សូម​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​នៅ​ក្រុង​ឡៅឌីសេ នឹង​អ្នក​នីម‌ផាស ហើយ​ពួក​ជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​គាត់ កាល​ណា​បាន​អាន​មើល​សំបុត្រ​នេះ ក្នុង​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​ហើយ នោះ​ចូរ​ឲ្យ​គេ​អាន​មើល​ក្នុង​ពួក​ជំនុំ នៅ​ក្រុង​ឡៅឌីសេ​ដែរ រួច​ឲ្យ​អ្នក​រាល់​គ្នា​មើល​សំបុត្រ ដែល​ផ្ញើ​ទៅ​ពួក​ឡៅឌីសេ​ផង សូម​ប្រាប់​ដល់​អ្នក​អើឃីព​ថា ចូរ​ប្រយ័ត​នឹង​ការ‌ងារ ដែល​បាន​ទទួល​ក្នុង​ព្រះ‌អម្ចាស់​ហើយ​ចុះ ដើម្បី​ឲ្យ​បាន​បំពេញ​ការ‌ងារ​នោះ។ ប៉ុល​ខ្ញុំ​សរសេរ​ពាក្យ​ជំរាប​សួរ​នេះ ដោយ​ដៃ​ខ្លួន​ខ្ញុំ សូម​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ចំណង​របស់​ខ្ញុំ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ចែក​រំលែក
អាន កូឡូស 4