កូឡូស 3:5-10
កូឡូស 3:5-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។ ដោយព្រោះអំពើទាំងនោះហើយ បានជាសេចក្តីក្រោធរបស់ព្រះធ្លាក់លើអស់អ្នកដែលមិនស្ដាប់បង្គាប់។ កាលអ្នករាល់គ្នារស់នៅក្នុងចំណោមអ្នកទាំងនោះពីដើម អ្នករាល់គ្នាក៏បានប្រព្រឹត្តអំពើទាំងនោះដែរ។ តែឥឡូវនេះ អ្នករាល់គ្នាត្រូវលះបង់អំពើទាំងអស់នោះចោល គឺកំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ និងពាក្យអពមង្គលចេញពីមាត់អ្នករាល់គ្នាទៅ។ មិនត្រូវកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។
កូឡូស 3:5-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាព្រះ។ ព្រោះតែអំពើទាំងនោះហើយ បានជាព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ កាលពីដើម បងប្អូនប្រព្រឹត្តអំពើទាំងនោះ ហើយក៏រស់នៅបែបដូច្នោះដែរ។ តែឥឡូវនេះ សូមបងប្អូនបោះបង់កំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ ពាក្យទ្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅ។ កុំនិយាយកុហកគ្នាទៅវិញទៅមកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោលហើយ បងប្អូនក៏បានពាក់ជីវិតថ្មី ដែលកាន់តែចម្រើនថ្មីឡើងៗ ឲ្យបានដូចព្រះជាម្ចាស់ដែលបង្កើតមនុស្សជាថ្មី ដើម្បីឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។
កូឡូស 3:5-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ គឺដោយហេតុសេចក្ដីទាំងនោះ បានជាសេចក្ដីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងចចេស ហើយអ្នករាល់គ្នាបានប្រព្រឹត្តក្នុងពួកនោះកាលពីដើម គឺពីកាលដែលនៅរស់ក្នុងកិរិយាទាំងនោះដែរ តែឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្ដីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ នឹងពាក្យអព្វមង្គល ចេញពីមាត់ចោលទៅ កុំឲ្យកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ នឹងអំពើរបស់វាចោលចេញហើយ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្ដីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក