កូឡូស 3:12-16
កូឡូស 3:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។ ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។ ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
កូឡូស 3:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ* និងជាទីស្រឡាញ់របស់ព្រះអង្គ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្តីអត់ធ្មត់។ ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឲ្យគ្នាទៅវិញទៅមក។ ព្រះអម្ចាស់បានអត់ទោសឲ្យបងប្អូនយ៉ាងណា ចូរអត់ទោសឲ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ត្រូវមានចិត្តស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។ សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រិស្តសោយរាជ្យនៅក្នុងចិត្តបងប្អូន ព្រោះព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងព្រះកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ត។ ត្រូវអរព្រះគុណព្រះអង្គជានិច្ច។ សូមព្រះបន្ទូលរបស់ព្រះគ្រិស្តសណ្ឋិតនៅក្នុងបងប្អូនឲ្យបានបរិបូណ៌។ ចូរប្រៀនប្រដៅ និងដាស់តឿនគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្ត ដោយប្រើទំនុកតម្កើង បទសរសើរ និងបទចម្រៀង មកពីព្រះវិញ្ញាណ។
កូឡូស 3:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ ហើយទ្រាំទ្រគ្នា ទាំងអត់ទោសទៅវិញទៅមក បើអ្នកណាមានហេតុទាស់នឹងអ្នកណា នោះចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ ចូរបន្ថែមទាំងសេចក្ដីស្រឡាញ់ថែមទៀត ជាចំណងនៃសេចក្ដីគ្រប់លក្ខណ៍ ចូរឲ្យសេចក្ដីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្ដីនោះឯង ឲ្យមានរូបកាយតែ១ ហើយត្រូវដឹងគុណផង។ ចូរឲ្យព្រះបន្ទូលនៃព្រះគ្រីស្ទ បានសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងបង្រៀន ហើយទូន្មានគ្នា ដោយនូវទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀងក្នុងចិត្តថ្វាយព្រះ ដោយព្រះគុណ