កូឡូស 3:1-10
កូឡូស 3:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។ ចូរគិតពីអ្វីៗដែលនៅខាងលើ កុំគិតពីអ្វីៗដែលនៅផែនដីឡើយ ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ឯជីវិតរបស់អ្នករាល់គ្នាក៏បានលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះដែរ។ ពេលព្រះគ្រីស្ទដែលជាជីវិតរបស់អ្នករាល់គ្នាលេចមក នោះអ្នករាល់គ្នាក៏នឹងលេចមកជាមួយព្រះអង្គក្នុងសិរីល្អដែរ។ ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។ ដោយព្រោះអំពើទាំងនោះហើយ បានជាសេចក្តីក្រោធរបស់ព្រះធ្លាក់លើអស់អ្នកដែលមិនស្ដាប់បង្គាប់។ កាលអ្នករាល់គ្នារស់នៅក្នុងចំណោមអ្នកទាំងនោះពីដើម អ្នករាល់គ្នាក៏បានប្រព្រឹត្តអំពើទាំងនោះដែរ។ តែឥឡូវនេះ អ្នករាល់គ្នាត្រូវលះបង់អំពើទាំងអស់នោះចោល គឺកំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ និងពាក្យអពមង្គលចេញពីមាត់អ្នករាល់គ្នាទៅ។ មិនត្រូវកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។
កូឡូស 3:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រិស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រិស្តគង់នៅខាងស្ដាំព្រះជាម្ចាស់នោះវិញ។ ចូរគិតពីអ្វីៗដែលនៅស្ថានលើ កុំគិតពីអ្វីនៅលើផែនដីនេះឡើយ ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយព្រះគ្រិស្ត ក្នុងព្រះជាម្ចាស់ដែរ។ ពេលព្រះគ្រិស្តដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹងលេចមកជាមួយព្រះគ្រិស្ត ប្រកបដោយសិរីរុងរឿងដែរ។ ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ គឺយកទ្រព្យសម្បត្តិធ្វើជាព្រះ។ ព្រោះតែអំពើទាំងនោះហើយ បានជាព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ កាលពីដើម បងប្អូនប្រព្រឹត្តអំពើទាំងនោះ ហើយក៏រស់នៅបែបដូច្នោះដែរ។ តែឥឡូវនេះ សូមបងប្អូនបោះបង់កំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ ពាក្យទ្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅ។ កុំនិយាយកុហកគ្នាទៅវិញទៅមកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោលហើយ បងប្អូនក៏បានពាក់ជីវិតថ្មី ដែលកាន់តែចម្រើនថ្មីឡើងៗ ឲ្យបានដូចព្រះជាម្ចាស់ដែលបង្កើតមនុស្សជាថ្មី ដើម្បីឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។
កូឡូស 3:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ បើសិនជាអ្នករាល់គ្នាបានរស់ឡើងវិញ ជាមួយនឹងព្រះគ្រីស្ទ នោះចូរស្វែងរកអស់ទាំងសេចក្ដី ដែលនៅស្ថានលើវិញ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំនៃព្រះ ចូរផ្ចង់ចិត្តទៅឯសេចក្ដីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្ដីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ជីវិតអ្នករាល់គ្នាក៏លាក់ទុកក្នុងព្រះ ជាមួយនឹងព្រះគ្រីស្ទ កាលណាព្រះគ្រីស្ទដ៏ជាជីវិតនៃយើង បានលេចមក នោះអ្នករាល់គ្នានឹងលេចមកក្នុងសិរីល្អ ជាមួយនឹងទ្រង់ដែរ។ ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ គឺដោយហេតុសេចក្ដីទាំងនោះ បានជាសេចក្ដីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងចចេស ហើយអ្នករាល់គ្នាបានប្រព្រឹត្តក្នុងពួកនោះកាលពីដើម គឺពីកាលដែលនៅរស់ក្នុងកិរិយាទាំងនោះដែរ តែឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្ដីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ នឹងពាក្យអព្វមង្គល ចេញពីមាត់ចោលទៅ កុំឲ្យកុហកគ្នាឡើយ ដ្បិតអ្នករាល់គ្នាបានដោះមនុស្សចាស់ នឹងអំពើរបស់វាចោលចេញហើយ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្ដីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក