កូឡូស 2:8-15
កូឡូស 2:8-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។ ដ្បិតគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឋិតជារូបរាងនៅក្នុងព្រះគ្រីស្ទ ហើយអ្នករាល់គ្នាបានពេញលេញក្នុងព្រះអង្គ ដ្បិតព្រះអង្គជាសិរសាលើពួកគ្រប់គ្រង និងពួកមានអំណាចនានាទាំងអស់។ នៅក្នុងព្រះអង្គ អ្នករាល់គ្នាបានទទួលកាត់ស្បែក ដែលមិនមែនធ្វើដោយដៃមនុស្សទេ គឺជាការកាត់ស្បែកខាងព្រះគ្រីស្ទ ដោយដោះរូបកាយខាងសាច់ឈាមនេះចេញ។ ពេលអ្នករាល់គ្នាបានកប់ជាមួយព្រះអង្គនៅក្នុងពិធីជ្រមុជ នោះអ្នករាល់គ្នាក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរ ដោយសារជំនឿលើព្រះចេស្ដារបស់ព្រះ ដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងអំពើរំលង និងក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះព្រះបានប្រោសអ្នករាល់គ្នាឲ្យរស់ជាមួយព្រះអង្គ ដោយបានអត់ទោសគ្រប់ទាំងអំពើរំលងរបស់យើង ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើង ក្នុងបញ្ញត្តិដែលប្រឆាំងនឹងយើង ហើយព្រះអង្គបានលើកចោល ដោយបោះភ្ជាប់នៅនឹងឈើឆ្កាង។ ព្រះអង្គបានដកអំណាចពីពួកគ្រប់គ្រង និងពួកមានអំណាចចេញ ហើយបំបាក់មុខពួកវាជាសាធារណៈ ដោយមានជ័យជម្នះលើពួកវាដោយឈើឆ្កាង ។
កូឡូស 2:8-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារ ស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រិស្តទេ ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ត។ រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រិស្ត ដែលជាម្ចាស់លើវត្ថុស័ក្ដិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាច។ ក្នុងអង្គព្រះគ្រិស្ត បងប្អូនក៏បានទទួលពិធីកាត់ស្បែក*ដែរ តែមិនមែនដោយដៃមនុស្សទេ គឺបងប្អូនបានទទួលពិធីកាត់ស្បែកតាមរបៀបព្រះគ្រិស្ត ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។ ពេលបងប្អូនទទួលពិធីជ្រមុជទឹក* បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រិស្ត ហើយដោយបងប្អូនរួមក្នុងអង្គព្រះគ្រិស្ត បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្តឲ្យមានព្រះជន្មរស់ឡើងវិញ។ ពីដើម បងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយ មែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយព្រះគ្រិស្ត។ ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មាន របស់យើង។ ព្រះអង្គបានលុបបញ្ជីដែលចោទប្រកាន់ ទាស់នឹងយើងតាមវិន័យនោះចោល។ ព្រះអង្គបានដកបញ្ជីនេះចេញ ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។ ព្រះអង្គបានដកឫទ្ធិចេញពីវត្ថុស័ក្ដិសិទ្ធិ និងពីអ្វីៗដែលមានអំណាច គឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈ ទាំងនាំវាទៅជាឈ្លើយ ក្នុងពេលហែក្បួនជ័យជម្នះរបស់ព្រះអង្គ។
កូឡូស 2:8-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរប្រយ័ត ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ នឹងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្តាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ គឺមិនមែនតាមព្រះគ្រីស្ទទេ ដ្បិតមានគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះ សណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង ហើយអ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង នឹងអំណាចទាំងប៉ុន្មាន អ្នករាល់គ្នាបានទទួលកាត់ស្បែកម្យ៉ាងក្នុងទ្រង់ ដែលមិនបានធ្វើដោយដៃមនុស្សទេ គឺជាការដោះរូបកាយខាងសាច់ឈាមចេញ ដោយទទួលការកាត់ស្បែករបស់ព្រះគ្រីស្ទវិញ ហើយអ្នករាល់គ្នាបានកប់ជាមួយនឹងទ្រង់ក្នុងបុណ្យជ្រមុជ ក៏បានរស់ឡើងវិញជាមួយនឹងទ្រង់ ដោយសារសេចក្ដីជំនឿជឿដល់ឫទ្ធិបារមីនៃព្រះ ដែលទ្រង់បានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា ទាំងលុបចោលសេចក្ដីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្ដីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង ទ្រង់បានទាំងទំលាក់ងារពីពួកគ្រប់គ្រង នឹងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង។