កូឡូស 2:4-10
កូឡូស 2:4-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំនិយាយដូច្នេះ ដើម្បីកុំឲ្យអ្នកណាម្នាក់អាចមកបញ្ឆោតអ្នករាល់គ្នា ដោយពាក្យសម្ដីលួងលោមបានឡើយ។ ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ ក៏ខ្ញុំនៅជាមួយខាងវិញ្ញាណដែរ ហើយខ្ញុំមានអំណរដោយឃើញសណ្តាប់ធ្នាប់របស់អ្នករាល់គ្នា និងសេចក្តីខ្ជាប់ខ្ជួននៃជំនឿរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ។ ដូច្នេះ អ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់យ៉ាងណា ចូររស់នៅក្នុងព្រះអង្គយ៉ាងនោះតទៅទៀតចុះ ទាំងចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងតាំងឡើងឲ្យបានរឹងមាំក្នុងជំនឿ ដូចបានបង្រៀនដល់អ្នករាល់គ្នា ដោយអរព្រះគុណកាន់តែច្រើនឡើង។ ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។ ដ្បិតគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឋិតជារូបរាងនៅក្នុងព្រះគ្រីស្ទ ហើយអ្នករាល់គ្នាបានពេញលេញក្នុងព្រះអង្គ ដ្បិតព្រះអង្គជាសិរសាលើពួកគ្រប់គ្រង និងពួកមានអំណាចនានាទាំងអស់។
កូឡូស 2:4-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំនិយាយដូច្នេះ ដើម្បីការពារកុំឲ្យនរណាម្នាក់អាចមកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីដ៏ពីរោះៗនោះឡើយ។ ថ្វីដ្បិតតែរូបកាយខ្ញុំនៅឆ្ងាយពីបងប្អូន តែចិត្តខ្ញុំនៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ និងមានជំនឿមាំមួនលើព្រះគ្រិស្ត។ ដូច្នេះ បើបងប្អូនបានទទួលព្រះគ្រិស្តយេស៊ូទុកជាព្រះអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយព្រះអង្គយ៉ាងនោះតទៅទៀតទៅ។ ចូរចាក់ឫស និងកសាងជីវិតលើព្រះអង្គ ចូររក្សាជំនឿឲ្យរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ហើយត្រូវអរព្រះគុណព្រះជាម្ចាស់ឲ្យច្រើនលើសលុប។ ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារ ស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រិស្តទេ ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ត។ រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រិស្ត ដែលជាម្ចាស់លើវត្ថុស័ក្ដិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាច។
កូឡូស 2:4-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយដែលខ្ញុំថាដូច្នេះ នោះគឺក្រែងលោមានអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យលលួង ដ្បិតទោះបើខ្ញុំមិននៅជាមួយខាងរូបសាច់ក៏ដោយ គង់តែនៅជាមួយខាងវិញ្ញាណដែរ ទាំងមានសេចក្ដីអំណរ ដោយឃើញសណ្តាប់ធ្នាប់របស់អ្នករាល់គ្នា នឹងសេចក្ដីខ្ជាប់ខ្ជួននៃសេចក្ដីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទ ដូច្នេះ ដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់ បែបយ៉ាងណា នោះចូរដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ ដោយបានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្ដីជំនឿ ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ ព្រមទាំងអរព្រះគុណកាន់តែច្រើនឡើងផង។ ចូរប្រយ័ត ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ នឹងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្តាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ គឺមិនមែនតាមព្រះគ្រីស្ទទេ ដ្បិតមានគ្រប់ទាំងសេចក្ដីពោរពេញរបស់ព្រះ សណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង ហើយអ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង នឹងអំណាចទាំងប៉ុន្មាន