កូឡូស 1:12-20
កូឡូស 1:12-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទាំងអរព្រះគុណដល់ព្រះវរបិតា ដែលព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានចំណែកទទួលមត៌កក្នុងពួកបរិសុទ្ធ នៅក្នុងពន្លឺ។ ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងព្រះរាជ្យនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ យើងមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺការអត់ទោសឲ្យរួចពីបាប។ ព្រះអង្គជារូបអង្គព្រះដែលមើលមិនឃើញ ជាកូនច្បងនៃអ្វីៗទាំងអស់ ដែលព្រះបានបង្កើតមក ដ្បិតព្រះអង្គហើយ ដែលបង្កើតអ្វីទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទោះរាជបល្ល័ង្ក ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ អ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។ ព្រះអង្គគង់នៅមុនអ្វីៗទាំងអស់ ហើយនៅក្នុងព្រះអង្គ អ្វីៗទាំងអស់ក៏នៅស្ថិតស្ថេរជាមួយគ្នា។ ព្រះអង្គជាសិរសារបស់រូបកាយ ដែលជាក្រុមជំនុំ ព្រះអង្គជាដើមដំបូង ជាកូនច្បងដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះអង្គបានធ្វើជាប្រមុខក្នុងគ្រប់ទាំងអស់ ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងព្រះអង្គ ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះជានៅផែនដី ឬនៅស្ថានសួគ៌ ទាំងបង្កើតឲ្យមានសន្ដិភាព តាមរយៈលោហិតរបស់ព្រះអង្គដែលបង្ហូរនៅលើឈើឆ្កាង។
កូឡូស 1:12-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរអរព្រះគុណព្រះបិតា ដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឲ្យបងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ*នៅក្នុងពន្លឺ។ ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យ*នៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឲ្យរួចពីបាប។ ព្រះគ្រិស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗ សព្វសារពើក្នុងអង្គព្រះគ្រិស្ត ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុស័ក្តិសិទ្ធិ និងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រិស្ត និងសម្រាប់ព្រះគ្រិស្ត។ ព្រះគ្រិស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺក្រុមជំនុំ* ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យ គ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រិស្ត។ ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅស្ថានបរមសុខ ឲ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ត និងសម្រាប់ព្រះគ្រិស្ត គឺព្រះជាម្ចាស់បានធ្វើឲ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិត នៅលើឈើឆ្កាង។
កូឡូស 1:12-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឲ្យយើងបានគួរនឹងទទួលចំណែកកេរ្ដិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្ដីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្ដីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់ ដែលទ្រង់ជារូបអង្គនៃព្រះដ៏មើលមិនឃើញ ជាបងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ នឹងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏នៅស្ថិតស្ថេរ ដោយសារទ្រង់ ទ្រង់ជាសិរសារបស់រូបកាយ គឺជាពួកជំនុំ ទ្រង់ជាដើម ក៏បានរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីឲ្យទ្រង់បានជាប្រធានក្នុងគ្រប់ទាំងអស់ ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្ដីពោរពេញបានស្ថិតនៅក្នុងទ្រង់ ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះបើរបស់នៅស្ថានសួគ៌ ឬនៅផែនដីក្តី ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់