កូឡូស 1:1-6

កូឡូស 1:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​សាវក​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ និង​ធីម៉ូថេ ជា​បង‌ប្អូន​យើង សូម​ជម្រាប​មក​ពួក​បរិសុទ្ធ និង​ពួក​បង‌ប្អូន​ដ៏​ស្មោះ​ត្រង់​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្រុង​កូ‌ឡុស។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ‌សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង។ ពេល​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា យើង​ខ្ញុំ​តែង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ជា‌និច្ច ដ្បិត​យើង​ខ្ញុំ​បាន​ឮ​អំពី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ និង​អំពី​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់ ព្រោះ​តែ​សេចក្តី​សង្ឃឹម​ដែល​បាន​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌ ជា​សេចក្តី​សង្ឃឹម​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​រួច​មក​ហើយ នៅ​ក្នុង​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង​ល្អ ដែល​បាន​មក​ដល់​អ្នក​រាល់​គ្នា។ ដំណឹង​ល្អ​នេះ​កំពុង​តែ​បង្កើត​ផល ហើយ​ចម្រើន​ឡើង​ដល់​ពិភព​លោក​ទាំង​មូល ដូច​បាន​បង្កើត​ផល​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ​យ៉ាង​ពិត​ប្រាកដ

ចែក​រំលែក
អាន កូឡូស 1

កូឡូស 1:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ដែល​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ជា​សាវ័ក​របស់​ព្រះគ្រិស្ត‌យេស៊ូ និង​លោក​ធីម៉ូថេ សូម​ជម្រាប​មក​ប្រជា‌រាស្ដ្រ​ដ៏វិសុទ្ធ* និង​បងប្អូន​ដែល​ជឿ​លើ​ព្រះ‌គ្រិស្ត នៅ​ក្រុង​កូឡូស។ សូម​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។ យើង​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា‌អម្ចាស់​នៃ​យើង​ជានិច្ច គ្រប់​ពេល​ដែល​យើង​អធិស្ឋាន*​ឲ្យ​បងប្អូន ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បងប្អូន​លើ​ព្រះគ្រិស្ត‌យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន ចំពោះ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​បងប្អូន​នៅ​ស្ថាន​បរម‌សុខ*។ បងប្អូន​បាន​ស្គាល់​សេចក្ដី​សង្ឃឹម​នេះ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង‌ល្អ* ដែល​បាន​មក​ដល់​បងប្អូន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បងប្អូន​បាន​ទទួល និង​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់ ស្រប​តាម​សេចក្ដី​ពិត​នោះ​មក ដំណឹង‌ល្អ​នេះ​បាន​បង្កើត​ផល និង​ចម្រើន​ឡើង​ក្នុង​ចំណោម​បងប្អូន ដូច​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ។

ចែក​រំលែក
អាន កូឡូស 1

កូឡូស 1:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដោយ​នូវ​ព្រះ‌ហឫទ័យ​ព្រះ នឹង​ធីម៉ូថេ ជា​បង​ប្អូន​យើង​ខ្ញុំ ផ្ញើ​មក​ពួក​បរិសុទ្ធ ជា​ពួក​បង​ប្អូន​ស្មោះ‌ត្រង់​ក្នុង​ព្រះ‌គ្រីស្ទ ដែល​នៅ​ក្រុង​កូល៉ុស សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា។ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ជានិច្ច ដោយ​បាន​ឮ​ដំណាល​ពី​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​ពី​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់ គឺ​អរ​ព្រះ‌គុណ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម ដែល​បំរុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ស្ថាន‌សួគ៌ ជា​សេចក្ដី​សង្ឃឹម ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ក្នុង​ព្រះ‌បន្ទូល​ដ៏​ពិត​នៃ​ដំណឹង​ល្អ ដែល​បាន​ផ្សាយ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ដូច​ជា​ដល់​លោកីយ​ទាំង​មូល​ដែរ ក៏​កំពុង​តែ​បង្កើត​ផល ហើយ​ចំរើន​ឡើង ដូច​ក្នុង​ពួក​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​ស្គាល់​ព្រះ‌គុណ​នៃ​ព្រះ​ជា​ប្រាកដ

ចែក​រំលែក
អាន កូឡូស 1