អេម៉ុស 9:7-15
អេម៉ុស 9:7-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱកូនចៅអ៊ីស្រាអែលអើយ តើអ្នករាល់គ្នាមិនមែនដូចជាកូនចៅ របស់សាសន៍អេធីយ៉ូពី ដល់យើងទេឬ? តើមិនមែនយើងដែលនាំអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទ និងពួកភីលីស្ទីនចេញពីស្រុកកាប់ថោរ ហើយពួកស៊ីរីពីស្រុកគារទេឬ? មើល៍ ព្រះនេត្ររបស់ព្រះអម្ចាស់យេហូវ៉ា ទតមើលនគរដែលមានបាបនេះ ហើយយើងនឹងបំផ្លាញឲ្យសូន្យបាត់ពីផែនដី ប៉ុន្ដែ យើងនឹងមិនបំផ្លាញពូជពង្សយ៉ាកុប អស់ទាំងស្រុងទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ដ្បិតមើល៍ យើងនឹងបញ្ជា ហើយរែងពូជពង្សអ៊ីស្រាអែលក្នុងចំណោម អស់ទាំងសាសន៍ ដូចគេរែងអង្ករនៅក្នុងកញ្ច្រែង តែឥតមានគ្រាប់ណាមួយធ្លាក់ដល់ដីឡើយ។ អស់អ្នកមានបាបក្នុងប្រជារាស្ត្ររបស់យើង ដែលពោលថា ការអាក្រក់នឹងតាមយើងមិនទាន់ ឬប្រទះនឹងយើងឡើយ គេនឹងត្រូវស្លាប់ដោយដាវ»។ «នៅថ្ងៃនោះ យើងនឹងលើកទីលំនៅរបស់ដាវីឌ ដែលដួលរលំនោះឡើងវិញ ហើយជួសជុលកន្លែងធ្លុះធ្លាយឲ្យជិត យើងនឹងលើកកន្លែងខូចបង់ឡើង ហើយសង់ឡើងឲ្យបានដូចដើម ដើម្បីឲ្យគេបានធ្វើជាម្ចាស់លើសំណល់ នៃសាសន៍អេដុម និងសាសន៍ទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលធ្វើការទាំងនេះ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ គ្រានោះជិតមកដល់ហើយ ដែលអ្នកភ្ជួររាស់នឹងតាមទាន់អ្នកច្រូតកាត់ ហើយអ្នកជាន់ផ្លែទំពាំងបាយជូរ នឹងតាមទាន់អ្នកដែលសាបព្រោះពូជ ភ្នំធំៗនឹងស្រក់ជាស្រាទំពាំងបាយជូរផ្អែម ហើយអស់ទាំងភ្នំតូចៗក៏នឹងហូរដែរ។ យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់ទីក្រុងដែលខូចបង់ទាំងប៉ុន្មានឡើងវិញ ដើម្បីរស់នៅ គេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីផលទំពាំងបាយជូរនោះ គេនឹងធ្វើចម្ការ ហើយបរិភោគផលពីចម្ការនោះដែរ។ យើងនឹងដាំគេចុះនៅក្នុងស្រុករបស់គេ ហើយគេមិនត្រូវរលើងចេញពីស្រុករបស់ខ្លួន ដែលយើងឲ្យដល់គេនោះទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះរបស់អ្នក»។:៚
អេម៉ុស 9:7-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កូនចៅអ៊ីស្រាអែលអើយ យើងមិនចាត់ទុកអ្នករាល់គ្នាប្រសើរជាង ជនជាតិអេត្យូពីទេ។ យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយយើងក៏បាននាំជនជាតិភីលីស្ទីន ចេញពីស្រុកកាប់ថោរ ព្រមទាំងនាំជនជាតិស៊ីរីចេញពីស្រុកគៀរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងជាព្រះជាអម្ចាស់ យើងតាមមើលនគរដែលមានទោស យើងនឹងកម្ទេចនគរនេះ ឲ្យវិនាសបាត់ពីផែនដី។ ប៉ុន្តែ យើងនឹងមិនកម្ទេចកូនចៅលោកយ៉ាកុប ឲ្យវិនាសសូន្យទាំងស្រុងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងបញ្ជាឲ្យគេរែងពូជពង្សអ៊ីស្រាអែល ក្នុងចំណោមប្រជាជាតិទាំងអស់ ដូចគេរែងយកថ្មចេញពីអង្ករ។ សូម្បីតែក្រួសតូចមួយ ក៏មិនឲ្យជ្រុះដល់ដីដែរ។ មនុស្សបាបក្នុងចំណោមប្រជារាស្ត្ររបស់យើង នឹងត្រូវស្លាប់ដោយមុខដាវទាំងអស់គ្នា អ្នកទាំងនោះពោលថា: “ព្រះអង្គមិនធ្វើឲ្យទុក្ខវេទនាចូលមកជិត ឬកើតមានដល់ពួកយើងឡើយ”។ «នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ដាវីឌ ដែលជិតរលំទៅហើយនោះឡើងវិញ យើងនឹងជួសជុលកន្លែងធ្លុះធ្លាយ យើងនឹងលើកកន្លែងដែលរលំបាក់បែក ហើយសង់ខ្ទមនោះឲ្យបានល្អដូចដើមវិញ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាប់យក ស្រុកអេដុមដែលនៅសេសសល់ ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់ ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលនឹងសម្រេចការទាំងនោះ។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ កាលណាគេច្រូតស្រូវរួចរាល់ហើយ អ្នកភ្ជួរក៏មកភ្ជួរភ្លាម។ ក្រោយពេលសាបព្រោះស្រូវរួចហើយ អ្នកជាន់ផ្លែទំពាំងបាយជូរ ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។ ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំ យ៉ាងសម្បូណ៌ហូរហៀរ។ ពេលនោះ យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ ឲ្យត្រឡប់មកវិញ។ ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត ដើម្បីស្នាក់នៅ។ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ។ ពួកគេនឹងធ្វើចម្ការ ហើយបរិភោគ ផលផ្លែពីចម្ការនោះដែរ។ យើងនឹងឲ្យពួកគេរស់នៅយ៉ាងស្ថិតស្ថេរ លើទឹកដីរបស់ខ្លួន គ្មាននរណាអាចបណ្ដេញពួកគេចេញពីស្រុក ដែលយើងបានប្រគល់ឲ្យពួកគេ នេះទៀតឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
អេម៉ុស 9:7-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា ឱពួកកូនចៅអ៊ីស្រាអែលអើយ តើឯងរាល់គ្នាមិនមែនដូចជាពួកកូនចៅរបស់សាសន៍អេធីយ៉ូពីដល់អញទេឬ តើមិនមែនអញដែលនាំពួកអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទ នឹងពួកភីលីស្ទីនពីស្រុកកាប់ថោរ ហើយពួកស៊ីរីពីស្រុកគារទេឬអី មើល ព្រះនេត្រនៃព្រះអម្ចាស់យេហូវ៉ាក៏ទតឃើញនគរនេះ ដែលមានបាប ហើយអញនឹងបំផ្លាញឲ្យសូន្យបាត់ពីផែនដីចេញ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងមិនបំផ្លាញពួកវង្សយ៉ាកុបអស់រលីងទេ ដ្បិតមើល អញនឹងបង្គាប់ ហើយនឹងរែងពួកវង្សអ៊ីស្រាអែលទៅនៅកណ្តាលអស់ទាំងសាសន៍ ដូចជាគេរែងអង្ករនៅក្នុងកញ្ច្រែង ឥតមានគ្រាប់ណា១ធ្លាក់ដល់ដីឡើយ អស់អ្នកមានបាបក្នុងរាស្ត្រអញ ដែលពោលថា ការអាក្រក់នឹងតាមយើងមិនទាន់ ឬប្រទះនឹងយើងឡើយ គេនឹងត្រូវស្លាប់ដោយដាវ។ នៅថ្ងៃនោះអញនឹងលើកទីលំនៅរបស់ដាវីឌឡើងវិញ គឺជាទីដែលត្រូវរលំ ហើយនឹងបិទចន្លោះបាក់បែកឲ្យជិត អញនឹងលើកទីខូចបង់ឡើង ហើយសង់ឡើងឲ្យដូចជាកាលពីដើម ដើម្បីឲ្យគេបានធ្វើជាម្ចាស់ លើសំណល់នៃសាសន៍អេដំម នឹងអស់ទាំងសាសន៍ផ្សេងៗ ដែលបានហៅតាមឈ្មោះអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់ធ្វើការទាំងនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល មានថ្ងៃមក ដែលអ្នកភ្ជួររាស់នឹងធ្វើការ ដរាបដល់ជួបនឹងអ្នកច្រូតកាត់ ហើយអ្នកដែលជាន់ផ្លែទំពាំងបាយជូរ នឹងធ្វើការដរាបដល់ជួបនឹងអ្នកដែលសាបព្រោះ នោះភ្នំធំទាំងប៉ុន្មាន នឹងស្រក់ជាទឹកទំពាំងបាយជូរ ហើយអស់ទាំងភ្នំតូចនឹងហូរដែរ អញនឹងនាំពួកអ៊ីស្រាអែល ជារាស្ត្រអញ ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់អស់ទាំងទីក្រុងខូចបង់ឡើង ព្រមទាំងអាស្រ័យនៅផង គេនឹងដាំចំការទំពាំងបាយជូរ ក៏នឹងផឹកស្រាទំពាំងបាយជូរជាផលពីចំការនោះ គេនឹងដាំច្បារ ហើយស៊ីផលនោះដែរ អញនឹងដាំគេចុះ នៅក្នុងស្រុករបស់គេ ហើយគេមិនត្រូវរលើងចេញពីស្រុករបស់ខ្លួន ដែលអញឲ្យដល់គេនោះទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង។:៚