អេម៉ុស 9:13-15
អេម៉ុស 9:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ គ្រានោះជិតមកដល់ហើយ ដែលអ្នកភ្ជួររាស់នឹងតាមទាន់អ្នកច្រូតកាត់ ហើយអ្នកជាន់ផ្លែទំពាំងបាយជូរ នឹងតាមទាន់អ្នកដែលសាបព្រោះពូជ ភ្នំធំៗនឹងស្រក់ជាស្រាទំពាំងបាយជូរផ្អែម ហើយអស់ទាំងភ្នំតូចៗក៏នឹងហូរដែរ។ យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់ទីក្រុងដែលខូចបង់ទាំងប៉ុន្មានឡើងវិញ ដើម្បីរស់នៅ គេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីផលទំពាំងបាយជូរនោះ គេនឹងធ្វើចម្ការ ហើយបរិភោគផលពីចម្ការនោះដែរ។ យើងនឹងដាំគេចុះនៅក្នុងស្រុករបស់គេ ហើយគេមិនត្រូវរលើងចេញពីស្រុករបស់ខ្លួន ដែលយើងឲ្យដល់គេនោះទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះរបស់អ្នក»។:៚
អេម៉ុស 9:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ កាលណាគេច្រូតស្រូវរួចរាល់ហើយ អ្នកភ្ជួរក៏មកភ្ជួរភ្លាម។ ក្រោយពេលសាបព្រោះស្រូវរួចហើយ អ្នកជាន់ផ្លែទំពាំងបាយជូរ ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។ ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំ យ៉ាងសម្បូណ៌ហូរហៀរ។ ពេលនោះ យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ ឲ្យត្រឡប់មកវិញ។ ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត ដើម្បីស្នាក់នៅ។ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ។ ពួកគេនឹងធ្វើចម្ការ ហើយបរិភោគ ផលផ្លែពីចម្ការនោះដែរ។ យើងនឹងឲ្យពួកគេរស់នៅយ៉ាងស្ថិតស្ថេរ លើទឹកដីរបស់ខ្លួន គ្មាននរណាអាចបណ្ដេញពួកគេចេញពីស្រុក ដែលយើងបានប្រគល់ឲ្យពួកគេ នេះទៀតឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
អេម៉ុស 9:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល មានថ្ងៃមក ដែលអ្នកភ្ជួររាស់នឹងធ្វើការ ដរាបដល់ជួបនឹងអ្នកច្រូតកាត់ ហើយអ្នកដែលជាន់ផ្លែទំពាំងបាយជូរ នឹងធ្វើការដរាបដល់ជួបនឹងអ្នកដែលសាបព្រោះ នោះភ្នំធំទាំងប៉ុន្មាន នឹងស្រក់ជាទឹកទំពាំងបាយជូរ ហើយអស់ទាំងភ្នំតូចនឹងហូរដែរ អញនឹងនាំពួកអ៊ីស្រាអែល ជារាស្ត្រអញ ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់អស់ទាំងទីក្រុងខូចបង់ឡើង ព្រមទាំងអាស្រ័យនៅផង គេនឹងដាំចំការទំពាំងបាយជូរ ក៏នឹងផឹកស្រាទំពាំងបាយជូរជាផលពីចំការនោះ គេនឹងដាំច្បារ ហើយស៊ីផលនោះដែរ អញនឹងដាំគេចុះ នៅក្នុងស្រុករបស់គេ ហើយគេមិនត្រូវរលើងចេញពីស្រុករបស់ខ្លួន ដែលអញឲ្យដល់គេនោះទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង។:៚