អេម៉ុស 9:11-15
អេម៉ុស 9:11-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«នៅថ្ងៃនោះ យើងនឹងលើកទីលំនៅរបស់ដាវីឌ ដែលដួលរលំនោះឡើងវិញ ហើយជួសជុលកន្លែងធ្លុះធ្លាយឲ្យជិត យើងនឹងលើកកន្លែងខូចបង់ឡើង ហើយសង់ឡើងឲ្យបានដូចដើម ដើម្បីឲ្យគេបានធ្វើជាម្ចាស់លើសំណល់ នៃសាសន៍អេដុម និងសាសន៍ទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលធ្វើការទាំងនេះ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ គ្រានោះជិតមកដល់ហើយ ដែលអ្នកភ្ជួររាស់នឹងតាមទាន់អ្នកច្រូតកាត់ ហើយអ្នកជាន់ផ្លែទំពាំងបាយជូរ នឹងតាមទាន់អ្នកដែលសាបព្រោះពូជ ភ្នំធំៗនឹងស្រក់ជាស្រាទំពាំងបាយជូរផ្អែម ហើយអស់ទាំងភ្នំតូចៗក៏នឹងហូរដែរ។ យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់ទីក្រុងដែលខូចបង់ទាំងប៉ុន្មានឡើងវិញ ដើម្បីរស់នៅ គេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីផលទំពាំងបាយជូរនោះ គេនឹងធ្វើចម្ការ ហើយបរិភោគផលពីចម្ការនោះដែរ។ យើងនឹងដាំគេចុះនៅក្នុងស្រុករបស់គេ ហើយគេមិនត្រូវរលើងចេញពីស្រុករបស់ខ្លួន ដែលយើងឲ្យដល់គេនោះទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះរបស់អ្នក»។:៚
អេម៉ុស 9:11-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ដាវីឌ ដែលជិតរលំទៅហើយនោះឡើងវិញ យើងនឹងជួសជុលកន្លែងធ្លុះធ្លាយ យើងនឹងលើកកន្លែងដែលរលំបាក់បែក ហើយសង់ខ្ទមនោះឲ្យបានល្អដូចដើមវិញ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាប់យក ស្រុកអេដុមដែលនៅសេសសល់ ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់ ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលនឹងសម្រេចការទាំងនោះ។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ កាលណាគេច្រូតស្រូវរួចរាល់ហើយ អ្នកភ្ជួរក៏មកភ្ជួរភ្លាម។ ក្រោយពេលសាបព្រោះស្រូវរួចហើយ អ្នកជាន់ផ្លែទំពាំងបាយជូរ ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។ ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំ យ៉ាងសម្បូណ៌ហូរហៀរ។ ពេលនោះ យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ ឲ្យត្រឡប់មកវិញ។ ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត ដើម្បីស្នាក់នៅ។ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ។ ពួកគេនឹងធ្វើចម្ការ ហើយបរិភោគ ផលផ្លែពីចម្ការនោះដែរ។ យើងនឹងឲ្យពួកគេរស់នៅយ៉ាងស្ថិតស្ថេរ លើទឹកដីរបស់ខ្លួន គ្មាននរណាអាចបណ្ដេញពួកគេចេញពីស្រុក ដែលយើងបានប្រគល់ឲ្យពួកគេ នេះទៀតឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
អេម៉ុស 9:11-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះអញនឹងលើកទីលំនៅរបស់ដាវីឌឡើងវិញ គឺជាទីដែលត្រូវរលំ ហើយនឹងបិទចន្លោះបាក់បែកឲ្យជិត អញនឹងលើកទីខូចបង់ឡើង ហើយសង់ឡើងឲ្យដូចជាកាលពីដើម ដើម្បីឲ្យគេបានធ្វើជាម្ចាស់ លើសំណល់នៃសាសន៍អេដំម នឹងអស់ទាំងសាសន៍ផ្សេងៗ ដែលបានហៅតាមឈ្មោះអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់ធ្វើការទាំងនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល មានថ្ងៃមក ដែលអ្នកភ្ជួររាស់នឹងធ្វើការ ដរាបដល់ជួបនឹងអ្នកច្រូតកាត់ ហើយអ្នកដែលជាន់ផ្លែទំពាំងបាយជូរ នឹងធ្វើការដរាបដល់ជួបនឹងអ្នកដែលសាបព្រោះ នោះភ្នំធំទាំងប៉ុន្មាន នឹងស្រក់ជាទឹកទំពាំងបាយជូរ ហើយអស់ទាំងភ្នំតូចនឹងហូរដែរ អញនឹងនាំពួកអ៊ីស្រាអែល ជារាស្ត្រអញ ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់អស់ទាំងទីក្រុងខូចបង់ឡើង ព្រមទាំងអាស្រ័យនៅផង គេនឹងដាំចំការទំពាំងបាយជូរ ក៏នឹងផឹកស្រាទំពាំងបាយជូរជាផលពីចំការនោះ គេនឹងដាំច្បារ ហើយស៊ីផលនោះដែរ អញនឹងដាំគេចុះ នៅក្នុងស្រុករបស់គេ ហើយគេមិនត្រូវរលើងចេញពីស្រុករបស់ខ្លួន ដែលអញឲ្យដល់គេនោះទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង។:៚