អេម៉ុស 8:4-8
អេម៉ុស 8:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរស្ដាប់សេចក្ដីនេះចុះ! ម្នាលពួកអ្នកដែលជិះជាន់មនុស្សកម្សត់ទុគ៌ត ហើយធ្វើឲ្យអ្នកក្រីក្រនៅក្នុងស្រុកត្រូវវិនាស ដោយពាក្យថា "តើពេលណាទើបផុតថ្ងៃបុណ្យចូលខែ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយថ្ងៃសប្ប័ទដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី? យើងនឹងបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចបញ្ឆោតគេដោយជញ្ជីងមិនត្រឹមត្រូវ ប្រយោជន៍ឲ្យយើងបានទិញមនុស្សក្រីក្រដោយប្រាក់ និងមនុស្សកម្សត់ទុគ៌ត ដោយស្បែកជើងមួយគូ ព្រមទាំងលក់សំដីស្រូវដែរ"។ ព្រះយេហូវ៉ាបានស្បថដោយសារអំនួតរបស់យ៉ាកុបថា "ពិតប្រាកដជាយើងនឹងមិនភ្លេចអំពើណាមួយ ដែលគេបានប្រព្រឹត្តឡើយ"។ ដោយហេតុនេះ តើស្រុកមិនញាប់ញ័រ ហើយគ្រប់គ្នាដែលរស់នៅក្នុងស្រុក តើមិនសោយសោកទេឬ? អើ ស្រុកនេះទាំងមូលនឹងឡើងលិចដូចទន្លេធំ និងចម្រើនដី ហើយស្រោចស្រព រួចស្រកទៅវិញ ដូចជាទន្លេនៅស្រុកអេស៊ីព្ទដែរ។
អេម៉ុស 8:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលចេះតែជិះជាន់អ្នកក្រីក្រ ហើយធ្វើឲ្យជនទុគ៌តត្រូវវិនាស ចូរស្ដាប់ពាក្យខ្ញុំ! អ្នករាល់គ្នាតែងតែបន់ឲ្យបុណ្យចូលខែថ្មី និងថ្ងៃសប្ប័ទ*ឆាប់ចប់ ដើម្បីបើកជង្រុកលក់ស្រូវ ដោយយកតៅតូចជាងធម្មតាមកវាល់ ហើយដំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេ ដោយបំបាត់ភ្នែកជញ្ជីងទៀតផង។ អ្នករាល់គ្នាយកប្រាក់ទៅទិញជនទុគ៌ត យកស្បែកជើងមួយគូទៅដូរយកជនក្រីក្រ។ សូម្បីតែអង្កាមក៏អ្នករាល់គ្នាលក់ដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ ដោយយកទឹកដី ដែលជាមោទនភាព របស់ជនជាតិអ៊ីស្រាអែលធ្វើជាសាក្សីថា: យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយ ដែលពួកគេបានប្រព្រឹត្តនោះឡើយ។ ហេតុនេះហើយបានជាមានរញ្ជួយផែនដី អ្នកស្រុកទាំងអស់នឹងនាំគ្នាកាន់ទុក្ខ។ ផែនដីទាំងមូលនឹងកក្រើកឡើង រួចស្ងប់វិញ ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង រួចស្រកទៅវិញដែរ។
អេម៉ុស 8:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម្នាល ពួកអ្នកដែលចង់លេបមនុស្សកំសត់ទុគ៌តទៅ ដើម្បីនឹងធ្វើឲ្យមនុស្សក្រីក្រនៅក្នុងស្រុកបាត់ចេញ ដោយពាក្យថា តើដល់កាលណាបានផុតពីថ្ងៃបុណ្យចូលខែទៅ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយនឹងថ្ងៃឈប់សំរាកដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី ព្រមទាំងធ្វើបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចឆបំបាត់ដោយជញ្ជីងមិនត្រឹមត្រូវ ប្រយោជន៍ឲ្យបានទិញមនុស្សក្រីក្រដោយប្រាក់ នឹងមនុស្សកំសត់ទុគ៌ត ដោយស្បែកជើង១សំរាប់ ព្រមទាំងលក់សំដីស្រូវផង ចូរស្តាប់សេចក្ដីនេះចុះ ព្រះយេហូវ៉ាទ្រង់បានស្បថដោយសិរីល្អនៃយ៉ាកុបថា ពិតប្រាកដជាអញនឹងមិនដែលភ្លេចអំពើរបស់គេណា១ឡើយ ដោយហេតុទាំងនោះ តើស្រុកមិនញាប់ញ័រទេឬអី ហើយគ្រប់ទាំងមនុស្សនៅក្នុងស្រុក តើមិនសោយសោកឬ អើស្រុកនេះទាំងមូលនឹងឡើងលិចដូចទន្លេធំ នឹងចំរើនដី ហើយស្រោចស្រព រួចស្រកទៅវិញ ដូចជាទន្លេនៃស្រុកអេស៊ីព្ទ