អេម៉ុស 7:7-15
អេម៉ុស 7:7-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបង្ហាញឲ្យខ្ញុំឃើញដូច្នេះ មើល៍ ព្រះអម្ចាស់ឈរក្បែរកំផែង ដែលសង់ដោយខ្សែប្រយោល ព្រះអង្គកាន់ខ្សែប្រយោលមួយនៅព្រះហស្ត ហើយព្រះយេហូវ៉ាមានព្រះបន្ទូលសួរខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំទូលតបថា៖ «ឃើញខ្សែប្រយោល»។ រួចព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មើល៍ យើងនឹងឲ្យមានខ្សែប្រយោល នៅកណ្ដាលពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងនឹងលែងមើលរំលងពីគេទៀតហើយ អស់ទាំងទីខ្ពស់ៗរបស់អ៊ីសាកនឹងត្រូវខូចបង់ ឯទីបរិសុទ្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល នឹងត្រូវវិនាសទៅ យើងក៏នឹងក្រោកឡើង ទាស់នឹងពូជពង្សយេរ៉ូបោមដោយដាវ»។ ពេលនោះ អ័ម៉ាស៊ា ជាសង្ឃនៅត្រង់បេត-អែល ចាត់គេឲ្យទៅទូលព្រះបាទយេរ៉ូបោម ជាស្តេចអ៊ីស្រាអែលថា៖ «អេម៉ុសបានបង្កើតគំនិតក្បត់នឹងព្រះករុណា នៅកណ្ដាលពូជពង្សអ៊ីស្រាអែល។ ស្រុកនេះមិនអាចស៊ូទ្រាំនឹងពាក្យទាំងប៉ុន្មានរបស់គាត់បានឡើយ។ ដ្បិតអេម៉ុសនេះបានពោលដូច្នេះថា "ព្រះបាទយេរ៉ូបោមនឹងត្រូវសុគតដោយដាវ ហើយអ៊ីស្រាអែលនឹងត្រូវនិរទេស ចេញពីស្រុករបស់ខ្លួន"»។ អ័ម៉ាស៊ាកក៏ប្រាប់អេម៉ុសថា៖ «ឱអ្នកមើលឆុតអើយ ចូររត់ទៅស្រុកយូដា ហើយរកស៊ីទាយចិញ្ចឹមជីវិតនៅស្រុកនោះវិញទៅ! កុំឲ្យទាយនៅត្រង់បេត-អែលទៀតឲ្យសោះ ដ្បិតនេះជាទីបរិសុទ្ធរបស់ស្តេច ហើយជាវិហារហ្លួងផង»។ ពេលនោះ អេម៉ុសឆ្លើយតបទៅអ័ម៉ាស៊ាថា៖ «ខ្ញុំមិនមែនជាហោរា ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកឃ្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរ។ ប៉ុន្ដែ ព្រះយេហូវ៉ាបានយកខ្ញុំចេញពីការឃ្វាលហ្វូងសត្វ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរទៅថ្លែងទំនាយប្រាប់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង"។
អេម៉ុស 7:7-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: គឺព្រះអម្ចាស់របស់ខ្ញុំឈរនៅលើជញ្ជាំងមួយស្មើ ព្រះអង្គកាន់ខ្សែកូនតឹងមួយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំទូលថា «ទូលបង្គំឃើញខ្សែកូនតឹង»។ ព្រះអម្ចាស់របស់ខ្ញុំមានព្រះបន្ទូលថា៖ «យើងនឹងយកខ្សែកូនតឹងមកស្ទង់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដ្បិតយើងលែងអធ្យាស្រ័យឲ្យពួកគេទៀតហើយ។ កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ នឹងត្រូវខ្ទេចខ្ទី ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រាអែល ក៏នឹងត្រូវវិនាសដែរ។ យើងនឹងប្រហារក្រុមគ្រួសារ របស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។ ពេលនោះ លោកអម៉ាស៊ា ជាបូជាចារ្យនៅបេតអែល ចាត់គេឲ្យទៅទូលព្រះបាទយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រាអែលថា៖ «លោកអេម៉ុសកំពុងញុះញង់ប្រជាជនអ៊ីស្រាអែល ឲ្យបះបោរប្រឆាំងនឹងព្រះករុណា។ ស្រុកយើងមិនអាចស៊ូទ្រាំនឹងពាក្យឃោសនារបស់គាត់ តទៅមុខទៀតបានឡើយ ដ្បិតគាត់ពោលថា “ព្រះបាទយេរ៉ូបោមនឹងត្រូវសុគត ដោយមុខដាវ ហើយជនជាតិអ៊ីស្រាអែលទាំងមូលនឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីទឹកដីរបស់ខ្លួន”»។ លោកអម៉ាស៊ាពោលមកកាន់ព្យាការីអេម៉ុសថា៖ «នែ៎! គ្រូទាយឆុតអើយ ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។ កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្ដេច និងជាវិហារហ្លួង»។ ព្យាការីអេម៉ុសឆ្លើយថា៖ «ខ្ញុំមិនមែនជាព្យាការី* ឬជាសមាជិកនៃក្រុមព្យាការីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។ ប៉ុន្តែ ព្រះអម្ចាស់យកខ្ញុំពីក្រោយហ្វូងគោ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: “ទៅ! ចូរនាំពាក្យយើងទៅថ្លែងប្រាប់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងក្នុងនាមយើង”។
អេម៉ុស 7:7-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់ក៏បង្ហាញខ្ញុំដូច្នេះ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ឈរលើកំផែង ដែលធ្វើដំរង់ដោយកូនតឹង ទ្រង់ក៏កាន់ខ្សែកូនតឹង១នៅព្រះហស្តដែរ ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរខ្ញុំថា អេម៉ុសអើយ តើឯងឃើញអ្វី ខ្ញុំទូលតបថា ឃើញខ្សែកូនតឹង រួចព្រះអម្ចាស់មានបន្ទូលថា មើល អញនឹងឲ្យមានខ្សែកូនតឹងនៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ នោះអញនឹងមិនដើរបង្ហួសពីគេទៀតឡើយ អស់ទាំងទីខ្ពស់របស់អ៊ីសាកនឹងត្រូវខូចបង់ ឯទីគោរពទាំងប៉ុន្មានរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញទៅអញក៏នឹងក្រោកឡើង ទាស់នឹងពួកវង្សយេរ៉ូបោម ដោយដាវដែរ។ នោះអ័ម៉ាស៊ា ជាសង្ឃនៅត្រង់បេត-អែល ក៏ចាត់ឲ្យទៅឯយេរ៉ូបោម ជាស្តេចអ៊ីស្រាអែលទូលថា អេម៉ុសកំពុងបង្កើតការក្បត់ចំពោះទ្រង់ នៅកណ្តាលពួកវង្សអ៊ីស្រាអែល ប្រទេសនេះនឹងទ្រាំនៅចំពោះពាក្យទាំងប៉ុន្មានរបស់វាមិនបានទេ ដ្បិតវានិយាយដូច្នេះថា យេរ៉ូបោមនឹងត្រូវស្លាប់ដោយដាវ ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន រួចអ័ម៉ាស៊ាកក៏ប្រាប់ដល់អេម៉ុសថា ឱអ្នកមើលឆុតអើយ ចូររត់ទៅឯស្រុកយូដា ហើយរកស៊ីដោយទាយនៅស្រុកនោះវិញចុះ កុំឲ្យទាយនៅត្រង់បេត-អែលទៀតឡើយ ដ្បិតនេះជាទីគោរពរបស់ស្តេច ហើយជាដំណាក់ហ្លួងផង។ នោះអេម៉ុសឆ្លើយតបដល់អ័ម៉ាស៊ាថា ខ្ញុំពីដើមមិនមែនជាហោរាទេ ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកគង្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរវិញ តែព្រះយេហូវ៉ាទ្រង់បានយកខ្ញុំចេញពីការឃ្វាលហ្វូងចៀម ក៏បានបង្គាប់ខ្ញុំថា ចូរទៅទាយដល់អ៊ីស្រាអែល ជារាស្ត្រអញចុះ