អេម៉ុស 7:12-15
អេម៉ុស 7:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ័ម៉ាស៊ាកក៏ប្រាប់អេម៉ុសថា៖ «ឱអ្នកមើលឆុតអើយ ចូររត់ទៅស្រុកយូដា ហើយរកស៊ីទាយចិញ្ចឹមជីវិតនៅស្រុកនោះវិញទៅ! កុំឲ្យទាយនៅត្រង់បេត-អែលទៀតឲ្យសោះ ដ្បិតនេះជាទីបរិសុទ្ធរបស់ស្តេច ហើយជាវិហារហ្លួងផង»។ ពេលនោះ អេម៉ុសឆ្លើយតបទៅអ័ម៉ាស៊ាថា៖ «ខ្ញុំមិនមែនជាហោរា ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកឃ្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរ។ ប៉ុន្ដែ ព្រះយេហូវ៉ាបានយកខ្ញុំចេញពីការឃ្វាលហ្វូងសត្វ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរទៅថ្លែងទំនាយប្រាប់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង"។
អេម៉ុស 7:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអម៉ាស៊ាពោលមកកាន់ព្យាការីអេម៉ុសថា៖ «នែ៎! គ្រូទាយឆុតអើយ ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។ កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្ដេច និងជាវិហារហ្លួង»។ ព្យាការីអេម៉ុសឆ្លើយថា៖ «ខ្ញុំមិនមែនជាព្យាការី* ឬជាសមាជិកនៃក្រុមព្យាការីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។ ប៉ុន្តែ ព្រះអម្ចាស់យកខ្ញុំពីក្រោយហ្វូងគោ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: “ទៅ! ចូរនាំពាក្យយើងទៅថ្លែងប្រាប់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងក្នុងនាមយើង”។
អេម៉ុស 7:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចអ័ម៉ាស៊ាកក៏ប្រាប់ដល់អេម៉ុសថា ឱអ្នកមើលឆុតអើយ ចូររត់ទៅឯស្រុកយូដា ហើយរកស៊ីដោយទាយនៅស្រុកនោះវិញចុះ កុំឲ្យទាយនៅត្រង់បេត-អែលទៀតឡើយ ដ្បិតនេះជាទីគោរពរបស់ស្តេច ហើយជាដំណាក់ហ្លួងផង។ នោះអេម៉ុសឆ្លើយតបដល់អ័ម៉ាស៊ាថា ខ្ញុំពីដើមមិនមែនជាហោរាទេ ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកគង្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរវិញ តែព្រះយេហូវ៉ាទ្រង់បានយកខ្ញុំចេញពីការឃ្វាលហ្វូងចៀម ក៏បានបង្គាប់ខ្ញុំថា ចូរទៅទាយដល់អ៊ីស្រាអែល ជារាស្ត្រអញចុះ