អេម៉ុស 7:10-17

អេម៉ុស 7:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ អ័ម៉ាស៊ា ជា​សង្ឃ​នៅ​ត្រង់​បេត-អែល ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល​ថា៖ «អេម៉ុស​បាន​បង្កើត​គំនិត​ក្បត់​នឹង​ព្រះ‌ករុណា នៅ​កណ្ដាល​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ ស្រុក​នេះ​មិន​អាច​ស៊ូ​ទ្រាំ​នឹង​ពាក្យ​ទាំង​ប៉ុន្មាន​របស់​គាត់​បាន​ឡើយ។ ដ្បិត​អេម៉ុស​នេះ​បាន​ពោល​ដូច្នេះ​ថា "ព្រះ​បាទ​យេរ៉ូ‌បោម​នឹង​ត្រូវ​សុគត​ដោយ​ដាវ ហើយ​អ៊ីស្រា‌អែល​នឹង​ត្រូវ​និរទេស ចេញ​ពី​ស្រុក​របស់​ខ្លួន"»។ អ័ម៉ាស៊ាក​ក៏​ប្រាប់​អេម៉ុស​ថា៖ «ឱ​អ្នក​មើល​ឆុត​អើយ ចូរ​រត់​ទៅ​ស្រុក​យូដា ហើយ​រក​ស៊ី​ទាយ​ចិញ្ចឹម​ជីវិត​នៅ​ស្រុក​នោះ​វិញ​ទៅ! កុំ​ឲ្យ​ទាយ​នៅ​ត្រង់​បេត-អែល​ទៀត​ឲ្យ​សោះ ដ្បិត​នេះ​ជា​ទី​បរិសុទ្ធ​របស់​ស្តេច ហើយ​ជា​វិហារ​ហ្លួង​ផង»។ ពេល​នោះ អេម៉ុស​ឆ្លើយ​តប​ទៅ​អ័ម៉ាស៊ា​ថា៖ «ខ្ញុំ​មិន​មែន​ជា​ហោរា ក៏​មិន​មែន​ជា​កូន​របស់​ហោរា​ដែរ គឺ​ជា​អ្នក​ឃ្វាល​សត្វ ហើយ​ជា​អ្នក​បេះ​ផ្លែ​ឧទុម្ពរ។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​បាន​យក​ខ្ញុំ​ចេញ​ពី​ការ​ឃ្វាល​ហ្វូង​សត្វ ហើយ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ទៅ​ថ្លែង​ទំនាយ​ប្រាប់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"។ ដូច្នេះ ចូរ​លោក​ស្តាប់​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ចុះ។ លោក​ប្រាប់​ខ្ញុំ​ថា "កុំ​ទាយ​ទាស់​នឹង​អ៊ីស្រា‌អែល ហើយ​កុំ​ប្រកាស​ពាក្យ​ណា​ទាស់​នឹង​ពូជ‌ពង្ស​អ៊ីសាក"។ ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ប្រពន្ធ​របស់​លោក​នឹង​ទៅ​ជា​ស្រី​ពេស្យា​នៅ​ក្នុង​ទី​ក្រុង ហើយ​កូន​ប្រុស​កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ដួល​ដោយ​ដាវ ស្រុក​របស់​លោក​នឹង​ត្រូវ​គេ​យក​ខ្សែ​មក​វាស់​ចែក​គ្នា ឯ​ខ្លួន​លោក នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​មួយ​ដែល​ស្មោក‌គ្រោក ហើយ​អ៊ីស្រា‌អែល​នឹង​ត្រូវ​គេ​និរទេស ចេញ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន​មិន​ខាន"»។

ចែក​រំលែក
អាន អេម៉ុស 7

អេម៉ុស 7:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ លោក​អម៉ា‌ស៊ា ជា​បូជា‌ចារ្យ​នៅ​បេត‌អែល ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ថា៖ «លោក​អេម៉ុស​កំពុង​ញុះ‌ញង់​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ករុណា។ ស្រុក​យើង​មិន​អាច​ស៊ូ‌ទ្រាំ​នឹង​ពាក្យ​ឃោស‌នា​របស់​គាត់ ត​ទៅ​មុខ​ទៀត​បាន​ឡើយ ដ្បិត​គាត់​ពោល​ថា “ព្រះ‌បាទ​យេរ៉ូ‌បោម​នឹង​ត្រូវ​សុគត ដោយ​មុខ​ដាវ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន”»។ លោក​អម៉ា‌ស៊ា​ពោល​មក​កាន់​ព្យាការី​អេម៉ុស​ថា៖ «នែ៎! គ្រូ​ទាយ​ឆុត​អើយ ចូរ​ចេញ​ពី​ទី​នេះ​រត់​ទៅ​ស្រុក​យូដា​វិញ​ទៅ! នៅ​ស្រុក​នោះ អ្នក​អាច​រក​ស៊ី​ទាយ​ចិញ្ចឹម​ជីវិត​បាន។ កុំ​ទាយ​នៅ​បេត‌អែល​នេះ​ទៀត​ឲ្យ​សោះ ដ្បិត​ទី​នេះ​ជា​ទីសក្ការៈ​របស់​ស្ដេច និង​ជា​វិហារ​ហ្លួង»។ ព្យាការី​អេម៉ុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្យាការី* ឬ​ជា​សមាជិក​នៃ​ក្រុម​ព្យាការី​ទេ គឺ​ខ្ញុំ​ជា​អ្នក​ឃ្វាល​គោ និង​ជា​អ្នក​ចម្ការ។ ប៉ុន្តែ ព្រះ‌អម្ចាស់​យក​ខ្ញុំ​ពី​ក្រោយ​ហ្វូង​គោ ហើយ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “ទៅ! ចូរ​នាំ​ពាក្យ​យើង​ទៅ​ថ្លែង​ប្រាប់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើងក្នុង​នាម​យើង”។ រីឯ​លោក​វិញ លោក​ហាម​ខ្ញុំ​មិន​ឲ្យ​ថ្លែង​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​មិន​ឲ្យ​ខ្ញុំ​ស្ដី​បន្ទោស​ពូជ‌ពង្ស​លោក​អ៊ីសាក។ សូម​លោក​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ: ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: ប្រពន្ធ​របស់​លោក​នឹង​ធ្វើ​ជា​ស្ត្រី​ពេស្យា​នៅ​កណ្ដាល​ទីក្រុង កូន​ប្រុស កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដី​ធ្លី​របស់​លោក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ខ្លួន​លោក​ផ្ទាល់​នឹង​ត្រូវ​ស្លាប់​លើ​ទឹក​ដី​មិន​បរិសុទ្ធ​របស់​សាសន៍​ដទៃ។ រីឯ​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន»។

ចែក​រំលែក
អាន អេម៉ុស 7

អេម៉ុស 7:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​អ័ម៉ាស៊ា ជា​សង្ឃ​នៅ​ត្រង់​បេត-អែល ក៏​ចាត់​ឲ្យ​ទៅ​ឯ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រាអែល​ទូល​ថា អេម៉ុស​កំពុង​បង្កើត​ការ​ក្បត់​ចំពោះ​ទ្រង់ នៅ​កណ្តាល​ពួក​វង្ស​អ៊ីស្រាអែល ប្រទេស​នេះ​នឹង​ទ្រាំ​នៅ​ចំពោះ​ពាក្យ​ទាំង​ប៉ុន្មាន​របស់​វា​មិន​បាន​ទេ ដ្បិត​វា​និយាយ​ដូច្នេះ​ថា យេរ៉ូ‌បោម​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ជា​មិន​ខាន រួច​អ័ម៉ាស៊ាក​ក៏​ប្រាប់​ដល់​អេម៉ុស​ថា ឱ​អ្នក​មើល‌ឆុត​អើយ ចូរ​រត់​ទៅ​ឯ​ស្រុក​យូដា ហើយ​រក​ស៊ី​ដោយ​ទាយ​នៅ​ស្រុក​នោះ​វិញ​ចុះ កុំ​ឲ្យ​ទាយ​នៅ​ត្រង់​បេត-អែល​ទៀត​ឡើយ ដ្បិត​នេះ​ជា​ទី​គោរព​របស់​ស្តេច ហើយ​ជា​ដំណាក់​ហ្លួង​ផង។ នោះ​អេម៉ុស​ឆ្លើយ​តប​ដល់​អ័ម៉ាស៊ា​ថា ខ្ញុំ​ពី​ដើម​មិន​មែន​ជា​ហោរា​ទេ ក៏​មិន​មែន​ជា​កូន​របស់​ហោរា​ដែរ គឺ​ជា​អ្នក​គង្វាល​សត្វ ហើយ​ជា​អ្នក​បេះ​ផ្លែ​ឧទុម្ពរ​វិញ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​ការ​ឃ្វាល​ហ្វូង​ចៀម ក៏​បាន​បង្គាប់​ខ្ញុំ​ថា ចូរ​ទៅ​ទាយ​ដល់​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ចុះ ដូច្នេះ ចូរ​លោក​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឥឡូវ​ចុះ លោក​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ទាយ​ទាស់​នឹង​អ៊ីស្រាអែល​ឲ្យ​សោះ ក៏​កុំ​បញ្ចេញ​ពាក្យ​ណា​ទាស់​នឹង​ពួក​វង្ស​អ៊ីសាក​ដែរ ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ប្រពន្ធ​លោក​នឹង​ទៅ​ជា​ស្រី​សំផឹង​នៅ​ក្នុង​ទី​ក្រុង ហើយ​កូន​ប្រុស​កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ដួល​ដោយ​ដាវ ស្រុក​របស់​លោក​នឹង​ត្រូវ​វាស់​ចែក​ដោយ​ខ្សែ ឯ​ខ្លួន​លោក នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​១​ដែល​ស្មោក‌គ្រោក ហើយ​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​គេ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​ជា​មិន​ខាន។

ចែក​រំលែក
អាន អេម៉ុស 7