អេម៉ុស 7:1-9

អេម៉ុស 7:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ហេតុ‌ការណ៍​ដូច​តទៅ៖ មើល៍ ព្រះ‌អង្គ​បាន​បង្កើត​កណ្តូប​នៅ​ពេល​ដែល​ស្មៅ​កំពុង​លូត​ឡើង​សា​ជា​ថ្មី (គឺ​ក្រោយ​ដែល​បាន​ច្រូត​ម្តង​ថ្វាយ​ស្តេច​រួច​ហើយ)។ កាល​កណ្តូប​ទាំង​នោះ​បាន​ស៊ី​ស្មៅ​អស់​ពី​ស្រុក​ហើយ ខ្ញុំ​ក៏​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​អត់​ទោស! ធ្វើ​ដូច​ម្តេច​ឲ្យ​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន? ដ្បិត​គេ​តូច​តាច​ណាស់!» ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ​ពី​ដំណើរ​នោះ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​នឹង​មិន​កើត​ឡើង​ទេ»។ ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ហេតុ‌ការណ៍​ដូច​ត​ទៅ៖ មើល៍ ព្រះ‌អម្ចាស់‌យេហូវ៉ា​បានហៅ​ភ្លើង​មក​ជំនុំ​ជម្រះ នោះ​ភ្លើង​ក៏​ឆេះ​ទាំង​ទី​ជម្រៅ​ដ៏​ធំ ក៏​បម្រុង​នឹង​ស៊ី​ស្រុក​ទាំង​មូល​ផង។ ពេល​នោះ ខ្ញុំ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទូល‌អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ឈប់​ទៅ ធ្វើ​ដូច​ម្តេច​ឲ្យ​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន? ដ្បិត​គេ​តូច​តាច​ណាស់»។ ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ​ពី​ដំណើរ​នោះ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​ក៏​នឹង​មិន​កើត​ឡើង​ដែរ»។ ព្រះ‌អង្គ​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ដូច្នេះ មើល៍ ព្រះ‌អម្ចាស់​ឈរ​ក្បែរ​កំផែង ដែល​សង់​ដោយ​ខ្សែ​ប្រ‌យោល ព្រះ‌អង្គ​កាន់​ខ្សែ​ប្រ‌យោល​មួយ​នៅ​ព្រះ‌ហស្ត ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ទូល​តប​ថា៖ «ឃើញ​ខ្សែ​ប្រ‌យោល»។ រួច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ យើង​នឹង​ឲ្យ​មាន​ខ្សែ​ប្រ‌យោល នៅ​កណ្ដាល​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​នឹង​លែង​មើល​រំលង​ពី​គេ​ទៀត​ហើយ អស់​ទាំង​ទី​ខ្ពស់​ៗ​របស់​អ៊ីសាក​នឹង​ត្រូវ​ខូច‌បង់ ឯ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល នឹង​ត្រូវ​វិនាស​ទៅ យើង​ក៏​នឹង​ក្រោក​ឡើង ទាស់​នឹង​ពូជ‌ពង្ស​យេរ៉ូ‌បោម​ដោយ​ដាវ»។

ចែក​រំលែក
អាន អេម៉ុស 7

អេម៉ុស 7:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ដូច​ត​ទៅ: កាល​ណា​គេ​កាត់​ស្មៅ​យក​ទៅ​ថ្វាយ​ស្ដេច​រួច​ហើយ ពេល​ស្មៅ​ចាប់​ផ្ដើម​លូត​ឡើង​សា​ជា​ថ្មី ស្រាប់​តែ​មាន​កណ្ដូប​មួយ​ហ្វូង​ហើរ​មក។ កណ្ដូប​ទាំង​នោះ​ស៊ី​ស្មៅ​អស់​ពី​ស្រុក។ ខ្ញុំ​ទូល​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង នគរ​អ៊ីស្រា‌អែល​តូច​ណាស់ ធ្វើ​ម្ដេច​ឲ្យ​យើង​ខ្ញុំ​នៅ​គង់‌វង្ស​បាន?»។ ព្រះ‌អម្ចាស់​ដូរ​ព្រះ‌ហឫទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​នឹង​មិន​កើត​មាន​ទេ!»។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ទៀត​ដូច​ត​ទៅ: ព្រះអង្គ​បាន​ប្រើ​ភ្លើង​ដើម្បី​វិនិច្ឆ័យ​ទោស។ ភ្លើង​នោះ​ធ្វើ​ឲ្យ​ទឹក​នៅ​ទី​ជម្រៅ​រីង​ស្ងួត ព្រម​ទាំង​ធ្វើ​ឲ្យ​ស្រុក​អ៊ីស្រា‌អែល​ហួត‌ហែង។ ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ឈប់​ធ្វើ​ដូច្នេះ​ទៅ នគរ​អ៊ីស្រា‌អែល​តូច​ណាស់​ធ្វើ​ម្ដេច​នឹង​ឲ្យ​យើង​ខ្ញុំ​នៅ​គង់‌វង្ស​បាន?»។ ព្រះ‌អម្ចាស់​ដូរ​ព្រះ‌ហឫទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ ក៏​នឹង​មិន​កើត​មាន​ដែរ»។ ព្រះអង្គ​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ទៀត​ដូច​ត​ទៅ: គឺ​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ឈរ​នៅ​លើ​ជញ្ជាំង​មួយ​ស្មើ ព្រះអង្គ​កាន់​ខ្សែ​កូន​តឹង​មួយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ទូល​ថា «ទូលបង្គំ​ឃើញ​ខ្សែ​កូន​តឹង»។ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​យក​ខ្សែ​កូន​តឹង​មក​ស្ទង់​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ដ្បិត​យើង​លែង​អធ្យាស្រ័យ​ឲ្យ​ពួក​គេ​ទៀត​ហើយ។ កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​របស់​ពួក​គេ នឹង​ត្រូវ​ខ្ទេច‌ខ្ទី ហើយ​កន្លែង​ដ៏​សក្ការៈ​ផ្សេងៗ​របស់​អ៊ីស្រា‌អែល ក៏​នឹង​ត្រូវ​វិនាស​ដែរ។ យើង​នឹង​ប្រហារ​ក្រុម​គ្រួសារ របស់​ស្ដេច​យេរ៉ូ‌បោម ដោយ​មុខ​ដាវ»។

ចែក​រំលែក
អាន អេម៉ុស 7

អេម៉ុស 7:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​ការ​យ៉ាង​នោះ ដែល​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​បង្ហាញ​ដល់​ខ្ញុំ ហើយ​មើល ទ្រង់​ក៏​បង្កើត​កណ្តូប​នៅ​វេលា​ដែល​ស្មៅ​កំពុង​ឡើង​ជា​ថ្មី គឺ​កាល​ស្មៅ​កំពុង​លាស់​ឡើង ក្រោយ​ដែល​បាន​ច្រូត​ម្តង​ថ្វាយ​ស្តេច​ហើយ រួច​កាល​កណ្តូប​ទាំង​នោះ​បាន​ស៊ី​ស្មៅ នៅ​ក្នុង​ស្រុក​អស់​ទៅ នោះ​ខ្ញុំ​ក៏​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូលបង្គំ​ទូល​អង្វរ​សូម​ឲ្យ​ទ្រង់​អត់​ទោស ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន ដ្បិត​គេ​ជា​ពួក​តិច‌តួច​ទេ ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫទ័យ​ពី​ដំណើរ​នោះ ដោយ​បន្ទូល​ថា ការ​នេះ​មិន​ត្រូវ​ធ្វើ​ឡើយ។ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ក៏​បង្ហាញ​ការ​យ៉ាង​នេះ​ទៀត​ដល់​ខ្ញុំ មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​ផ្ចាញ់‌ផ្ចាល​ដោយ​ភ្លើង នោះ​ភ្លើង​ក៏​ឆេះ​ទាំង​ទី​ជំរៅ​ដ៏​ធំ ក៏​បំរុង​នឹង​ស៊ី​ស្រុក​ទាំង​មូល​ផង ខណៈ​នោះ ខ្ញុំ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូលបង្គំ​ទូល‌អង្វរ​សូម​ឲ្យ​ទ្រង់​ឈប់ ធ្វើ​ដូច​ម្តេច​ឲ្យ​យ៉ាកុប​ស្ថិត‌ស្ថេរ​នៅ​បាន ដ្បិត​គេ​ជា​ពួក​តិច‌តួច​ទេ ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫទ័យ​ពី​ដំណើរ​នោះ ដោយ​បន្ទូល​ថា ការ​នេះ​ក៏​មិន​ត្រូវ​ធ្វើ​ដែរ។ រួច​ទ្រង់​ក៏​បង្ហាញ​ខ្ញុំ​ដូច្នេះ មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ឈរ​លើ​កំផែង ដែល​ធ្វើ​ដំរង់​ដោយ​កូន​តឹង ទ្រង់​ក៏​កាន់​ខ្សែ​កូន​តឹង​១​នៅ​ព្រះ‌ហស្ត​ដែរ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា អេម៉ុស​អើយ តើ​ឯង​ឃើញ​អ្វី ខ្ញុំ​ទូល​តប​ថា ឃើញ​ខ្សែ​កូន​តឹង រួច​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា មើល អញ​នឹង​ឲ្យ​មាន​ខ្សែ​កូន​តឹង​នៅ​កណ្តាល​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ នោះ​អញ​នឹង​មិន​ដើរ​បង្ហួស​ពី​គេ​ទៀត​ឡើយ អស់​ទាំង​ទី​ខ្ពស់​របស់​អ៊ីសាក​នឹង​ត្រូវ​ខូច​បង់ ឯ​ទី​គោរព​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល នឹង​ត្រូវ​បំផ្លាញ​ទៅ​អញ​ក៏​នឹង​ក្រោក​ឡើង ទាស់​នឹង​ពួក​វង្ស​យេរ៉ូ‌បោម ដោយ​ដាវ​ដែរ។

ចែក​រំលែក
អាន អេម៉ុស 7