អេម៉ុស 7:1-17
អេម៉ុស 7:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអម្ចាស់ព្រះយេហូវ៉ាបានបង្ហាញឲ្យខ្ញុំឃើញហេតុការណ៍ដូចតទៅ៖ មើល៍ ព្រះអង្គបានបង្កើតកណ្តូបនៅពេលដែលស្មៅកំពុងលូតឡើងសាជាថ្មី (គឺក្រោយដែលបានច្រូតម្តងថ្វាយស្តេចរួចហើយ)។ កាលកណ្តូបទាំងនោះបានស៊ីស្មៅអស់ពីស្រុកហើយ ខ្ញុំក៏ទូលថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំទូលអង្វរសូមឲ្យព្រះអង្គអត់ទោស! ធ្វើដូចម្តេចឲ្យយ៉ាកុបស្ថិតស្ថេរនៅបាន? ដ្បិតគេតូចតាចណាស់!» ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ ដោយមានព្រះបន្ទូលថា៖ «ការនេះនឹងមិនកើតឡើងទេ»។ ព្រះអម្ចាស់ព្រះយេហូវ៉ាបានបង្ហាញឲ្យខ្ញុំឃើញហេតុការណ៍ដូចតទៅ៖ មើល៍ ព្រះអម្ចាស់យេហូវ៉ាបានហៅភ្លើងមកជំនុំជម្រះ នោះភ្លើងក៏ឆេះទាំងទីជម្រៅដ៏ធំ ក៏បម្រុងនឹងស៊ីស្រុកទាំងមូលផង។ ពេលនោះ ខ្ញុំទូលថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំទូលអង្វរសូមឲ្យព្រះអង្គឈប់ទៅ ធ្វើដូចម្តេចឲ្យយ៉ាកុបស្ថិតស្ថេរនៅបាន? ដ្បិតគេតូចតាចណាស់»។ ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ ដោយមានព្រះបន្ទូលថា៖ «ការនេះក៏នឹងមិនកើតឡើងដែរ»។ ព្រះអង្គបង្ហាញឲ្យខ្ញុំឃើញដូច្នេះ មើល៍ ព្រះអម្ចាស់ឈរក្បែរកំផែង ដែលសង់ដោយខ្សែប្រយោល ព្រះអង្គកាន់ខ្សែប្រយោលមួយនៅព្រះហស្ត ហើយព្រះយេហូវ៉ាមានព្រះបន្ទូលសួរខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំទូលតបថា៖ «ឃើញខ្សែប្រយោល»។ រួចព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មើល៍ យើងនឹងឲ្យមានខ្សែប្រយោល នៅកណ្ដាលពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងនឹងលែងមើលរំលងពីគេទៀតហើយ អស់ទាំងទីខ្ពស់ៗរបស់អ៊ីសាកនឹងត្រូវខូចបង់ ឯទីបរិសុទ្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល នឹងត្រូវវិនាសទៅ យើងក៏នឹងក្រោកឡើង ទាស់នឹងពូជពង្សយេរ៉ូបោមដោយដាវ»។ ពេលនោះ អ័ម៉ាស៊ា ជាសង្ឃនៅត្រង់បេត-អែល ចាត់គេឲ្យទៅទូលព្រះបាទយេរ៉ូបោម ជាស្តេចអ៊ីស្រាអែលថា៖ «អេម៉ុសបានបង្កើតគំនិតក្បត់នឹងព្រះករុណា នៅកណ្ដាលពូជពង្សអ៊ីស្រាអែល។ ស្រុកនេះមិនអាចស៊ូទ្រាំនឹងពាក្យទាំងប៉ុន្មានរបស់គាត់បានឡើយ។ ដ្បិតអេម៉ុសនេះបានពោលដូច្នេះថា "ព្រះបាទយេរ៉ូបោមនឹងត្រូវសុគតដោយដាវ ហើយអ៊ីស្រាអែលនឹងត្រូវនិរទេស ចេញពីស្រុករបស់ខ្លួន"»។ អ័ម៉ាស៊ាកក៏ប្រាប់អេម៉ុសថា៖ «ឱអ្នកមើលឆុតអើយ ចូររត់ទៅស្រុកយូដា ហើយរកស៊ីទាយចិញ្ចឹមជីវិតនៅស្រុកនោះវិញទៅ! កុំឲ្យទាយនៅត្រង់បេត-អែលទៀតឲ្យសោះ ដ្បិតនេះជាទីបរិសុទ្ធរបស់ស្តេច ហើយជាវិហារហ្លួងផង»។ ពេលនោះ អេម៉ុសឆ្លើយតបទៅអ័ម៉ាស៊ាថា៖ «ខ្ញុំមិនមែនជាហោរា ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកឃ្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរ។ ប៉ុន្ដែ ព្រះយេហូវ៉ាបានយកខ្ញុំចេញពីការឃ្វាលហ្វូងសត្វ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរទៅថ្លែងទំនាយប្រាប់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង"។ ដូច្នេះ ចូរលោកស្តាប់ព្រះបន្ទូល របស់ព្រះយេហូវ៉ាឥឡូវនេះចុះ។ លោកប្រាប់ខ្ញុំថា "កុំទាយទាស់នឹងអ៊ីស្រាអែល ហើយកុំប្រកាសពាក្យណាទាស់នឹងពូជពង្សអ៊ីសាក"។ ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ប្រពន្ធរបស់លោកនឹងទៅជាស្រីពេស្យានៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវគេយកខ្សែមកវាស់ចែកគ្នា ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុកមួយដែលស្មោកគ្រោក ហើយអ៊ីស្រាអែលនឹងត្រូវគេនិរទេស ចេញឆ្ងាយពីស្រុករបស់ខ្លួនមិនខាន"»។
អេម៉ុស 7:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ: កាលណាគេកាត់ស្មៅយកទៅថ្វាយស្ដេចរួចហើយ ពេលស្មៅចាប់ផ្ដើមលូតឡើងសាជាថ្មី ស្រាប់តែមានកណ្ដូបមួយហ្វូងហើរមក។ កណ្ដូបទាំងនោះស៊ីស្មៅអស់ពីស្រុក។ ខ្ញុំទូលថា៖ «ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមអត់ទោសឲ្យយើងខ្ញុំផង នគរអ៊ីស្រាអែលតូចណាស់ ធ្វើម្ដេចឲ្យយើងខ្ញុំនៅគង់វង្សបាន?»។ ព្រះអម្ចាស់ដូរព្រះហឫទ័យ ហើយមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះនឹងមិនកើតមានទេ!»។ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: ព្រះអង្គបានប្រើភ្លើងដើម្បីវិនិច្ឆ័យទោស។ ភ្លើងនោះធ្វើឲ្យទឹកនៅទីជម្រៅរីងស្ងួត ព្រមទាំងធ្វើឲ្យស្រុកអ៊ីស្រាអែលហួតហែង។ ខ្ញុំទូលព្រះអង្គថា៖ «ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ឈប់ធ្វើដូច្នេះទៅ នគរអ៊ីស្រាអែលតូចណាស់ធ្វើម្ដេចនឹងឲ្យយើងខ្ញុំនៅគង់វង្សបាន?»។ ព្រះអម្ចាស់ដូរព្រះហឫទ័យ ហើយមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះ ក៏នឹងមិនកើតមានដែរ»។ ព្រះអង្គបង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: គឺព្រះអម្ចាស់របស់ខ្ញុំឈរនៅលើជញ្ជាំងមួយស្មើ ព្រះអង្គកាន់ខ្សែកូនតឹងមួយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំទូលថា «ទូលបង្គំឃើញខ្សែកូនតឹង»។ ព្រះអម្ចាស់របស់ខ្ញុំមានព្រះបន្ទូលថា៖ «យើងនឹងយកខ្សែកូនតឹងមកស្ទង់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដ្បិតយើងលែងអធ្យាស្រ័យឲ្យពួកគេទៀតហើយ។ កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ នឹងត្រូវខ្ទេចខ្ទី ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រាអែល ក៏នឹងត្រូវវិនាសដែរ។ យើងនឹងប្រហារក្រុមគ្រួសារ របស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។ ពេលនោះ លោកអម៉ាស៊ា ជាបូជាចារ្យនៅបេតអែល ចាត់គេឲ្យទៅទូលព្រះបាទយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រាអែលថា៖ «លោកអេម៉ុសកំពុងញុះញង់ប្រជាជនអ៊ីស្រាអែល ឲ្យបះបោរប្រឆាំងនឹងព្រះករុណា។ ស្រុកយើងមិនអាចស៊ូទ្រាំនឹងពាក្យឃោសនារបស់គាត់ តទៅមុខទៀតបានឡើយ ដ្បិតគាត់ពោលថា “ព្រះបាទយេរ៉ូបោមនឹងត្រូវសុគត ដោយមុខដាវ ហើយជនជាតិអ៊ីស្រាអែលទាំងមូលនឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីទឹកដីរបស់ខ្លួន”»។ លោកអម៉ាស៊ាពោលមកកាន់ព្យាការីអេម៉ុសថា៖ «នែ៎! គ្រូទាយឆុតអើយ ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។ កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្ដេច និងជាវិហារហ្លួង»។ ព្យាការីអេម៉ុសឆ្លើយថា៖ «ខ្ញុំមិនមែនជាព្យាការី* ឬជាសមាជិកនៃក្រុមព្យាការីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។ ប៉ុន្តែ ព្រះអម្ចាស់យកខ្ញុំពីក្រោយហ្វូងគោ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: “ទៅ! ចូរនាំពាក្យយើងទៅថ្លែងប្រាប់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងក្នុងនាមយើង”។ រីឯលោកវិញ លោកហាមខ្ញុំមិនឲ្យថ្លែងព្រះបន្ទូលប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ហើយមិនឲ្យខ្ញុំស្ដីបន្ទោសពូជពង្សលោកអ៊ីសាក។ សូមលោកស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ: ព្រះអង្គមានព្រះបន្ទូលថា: ប្រពន្ធរបស់លោកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់លោកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់លោកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនលោកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រាអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។
អេម៉ុស 7:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺការយ៉ាងនោះ ដែលព្រះអម្ចាស់យេហូវ៉ាទ្រង់បានបង្ហាញដល់ខ្ញុំ ហើយមើល ទ្រង់ក៏បង្កើតកណ្តូបនៅវេលាដែលស្មៅកំពុងឡើងជាថ្មី គឺកាលស្មៅកំពុងលាស់ឡើង ក្រោយដែលបានច្រូតម្តងថ្វាយស្តេចហើយ រួចកាលកណ្តូបទាំងនោះបានស៊ីស្មៅ នៅក្នុងស្រុកអស់ទៅ នោះខ្ញុំក៏ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំទូលអង្វរសូមឲ្យទ្រង់អត់ទោស ធ្វើដូចម្តេចឲ្យពួកយ៉ាកុបស្ថិតស្ថេរនៅបាន ដ្បិតគេជាពួកតិចតួចទេ ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ ដោយបន្ទូលថា ការនេះមិនត្រូវធ្វើឡើយ។ ព្រះអម្ចាស់យេហូវ៉ាទ្រង់ក៏បង្ហាញការយ៉ាងនេះទៀតដល់ខ្ញុំ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ប្រកាសប្រាប់ឲ្យមានការផ្ចាញ់ផ្ចាលដោយភ្លើង នោះភ្លើងក៏ឆេះទាំងទីជំរៅដ៏ធំ ក៏បំរុងនឹងស៊ីស្រុកទាំងមូលផង ខណៈនោះ ខ្ញុំទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំទូលអង្វរសូមឲ្យទ្រង់ឈប់ ធ្វើដូចម្តេចឲ្យយ៉ាកុបស្ថិតស្ថេរនៅបាន ដ្បិតគេជាពួកតិចតួចទេ ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ ដោយបន្ទូលថា ការនេះក៏មិនត្រូវធ្វើដែរ។ រួចទ្រង់ក៏បង្ហាញខ្ញុំដូច្នេះ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ឈរលើកំផែង ដែលធ្វើដំរង់ដោយកូនតឹង ទ្រង់ក៏កាន់ខ្សែកូនតឹង១នៅព្រះហស្តដែរ ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរខ្ញុំថា អេម៉ុសអើយ តើឯងឃើញអ្វី ខ្ញុំទូលតបថា ឃើញខ្សែកូនតឹង រួចព្រះអម្ចាស់មានបន្ទូលថា មើល អញនឹងឲ្យមានខ្សែកូនតឹងនៅកណ្តាលពួកអ៊ីស្រាអែលជារាស្ត្រអញ នោះអញនឹងមិនដើរបង្ហួសពីគេទៀតឡើយ អស់ទាំងទីខ្ពស់របស់អ៊ីសាកនឹងត្រូវខូចបង់ ឯទីគោរពទាំងប៉ុន្មានរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញទៅអញក៏នឹងក្រោកឡើង ទាស់នឹងពួកវង្សយេរ៉ូបោម ដោយដាវដែរ។ នោះអ័ម៉ាស៊ា ជាសង្ឃនៅត្រង់បេត-អែល ក៏ចាត់ឲ្យទៅឯយេរ៉ូបោម ជាស្តេចអ៊ីស្រាអែលទូលថា អេម៉ុសកំពុងបង្កើតការក្បត់ចំពោះទ្រង់ នៅកណ្តាលពួកវង្សអ៊ីស្រាអែល ប្រទេសនេះនឹងទ្រាំនៅចំពោះពាក្យទាំងប៉ុន្មានរបស់វាមិនបានទេ ដ្បិតវានិយាយដូច្នេះថា យេរ៉ូបោមនឹងត្រូវស្លាប់ដោយដាវ ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន រួចអ័ម៉ាស៊ាកក៏ប្រាប់ដល់អេម៉ុសថា ឱអ្នកមើលឆុតអើយ ចូររត់ទៅឯស្រុកយូដា ហើយរកស៊ីដោយទាយនៅស្រុកនោះវិញចុះ កុំឲ្យទាយនៅត្រង់បេត-អែលទៀតឡើយ ដ្បិតនេះជាទីគោរពរបស់ស្តេច ហើយជាដំណាក់ហ្លួងផង។ នោះអេម៉ុសឆ្លើយតបដល់អ័ម៉ាស៊ាថា ខ្ញុំពីដើមមិនមែនជាហោរាទេ ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកគង្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរវិញ តែព្រះយេហូវ៉ាទ្រង់បានយកខ្ញុំចេញពីការឃ្វាលហ្វូងចៀម ក៏បានបង្គាប់ខ្ញុំថា ចូរទៅទាយដល់អ៊ីស្រាអែល ជារាស្ត្រអញចុះ ដូច្នេះ ចូរលោកស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវចុះ លោកប្រាប់ខ្ញុំថា កុំឲ្យទាយទាស់នឹងអ៊ីស្រាអែលឲ្យសោះ ក៏កុំបញ្ចេញពាក្យណាទាស់នឹងពួកវង្សអ៊ីសាកដែរ ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ប្រពន្ធលោកនឹងទៅជាស្រីសំផឹងនៅក្នុងទីក្រុង ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ ស្រុករបស់លោកនឹងត្រូវវាស់ចែកដោយខ្សែ ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុក១ដែលស្មោកគ្រោក ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន។