អេម៉ុស 6:1-7
អេម៉ុស 6:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់អស់អ្នកដែលរស់ដោយឥតកង្វល់នៅក្រុងស៊ីយ៉ូន ហើយដល់អស់អ្នកដែលរស់ យ៉ាងសុខសាន្តនៅលើភ្នំសាម៉ារី ជាពួកអ្នកប្រមុខនៃជាតិសាសន៍ដ៏សំខាន់ជាងគេ ក្នុងចំណោមជាតិសាសន៍ទាំងឡាយ ដែលពូជពង្សអ៊ីស្រាអែលទៅពឹងផ្អែក! ចូរឆ្លងទៅក្រុងកាលនេ ហើយពិចារណាមើលចុះ ពីទីនោះរហូតទៅដល់ហាម៉ាតជាក្រុងធំ រួចចុះទៅក្រុងកាថរបស់ពួកសាសន៍ភីលីស្ទីន។ តើអ្នករាល់គ្នាវិសេសជាង នគរទាំងនេះឬ? តើទឹកដីរបស់គេធំជាងទឹកដីរបស់អ្នករាល់គ្នាឬ? ឱអ្នករាល់គ្នាដែលច្រានថ្ងៃអាក្រក់ឲ្យចេញឆ្ងាយ ហើយនាំរាជ្យដ៏ឃោរឃៅឲ្យចូលមកជិតអើយ! វេទនាដល់អស់អ្នកដែលដេកលើគ្រែភ្លុក ហើយទម្រេតខ្លួននៅលើកម្រាល ព្រមទាំងស៊ីកូនចៀមពីហ្វូងសត្វ និងកូនគោដែលបង្ខាំងទុក ជាអ្នកដែលច្រៀងឡូឡាតាមសំឡេងពិណ ហើយបង្កើតគ្រឿងភ្លេងសម្រាប់ខ្លួនចង់ធ្វើដូចដាវីឌ ក៏ផឹកស្រាទំពាំងបាយជូរពីចានគោម ហើយលាបខ្លួនដោយប្រេងដ៏វិសេស តែមិនព្រួយនឹងការវិនាសរបស់យ៉ូសែបទេ។ ដូច្នេះ ឥឡូវនេះ គេនឹងត្រូវនាំទៅជាឈ្លើយ ជាមួយអស់អ្នកដែលទៅជាឈ្លើយជាមុនដំបូង ហើយការលេងសប្បាយរបស់អស់អ្នក ដែលទម្រេតខ្លួនលើកម្រាលនឹងសូន្យបាត់ទៅ។
អេម៉ុស 6:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលរស់ដោយឥតកង្វល់ នៅក្រុងស៊ីយ៉ូន និងអស់អ្នកដែលរស់យ៉ាងសុខស្រួល នៅលើភ្នំសាម៉ារីអើយ អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន! អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់ ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ ពូជពង្សអ៊ីស្រាអែលយកអ្នករាល់គ្នា ធ្វើជាបង្អែក។ ចូរនាំគ្នាទៅកាល់ណេ ហើយសង្កេតមើលចុះ ចូរទៅរហូតដល់ក្រុងហាម៉ាត់មហានគរ រួចចុះទៅក្រុងកាថ ក្នុងស្រុកភីលីស្ទីន! តើក្រុងទាំងនោះចម្រុងចម្រើនជាង នគររបស់អ្នករាល់គ្នាឬ? តើទឹកដីរបស់គេធំទូលាយជាងទឹកដី របស់អ្នករាល់គ្នាឬ? អ្នករាល់គ្នាចង់ពន្យារពេល កុំឲ្យថ្ងៃវេទនាខិតចូលមកដល់ តែអ្នករាល់គ្នាបែរជាធ្វើឲ្យ រាជ្យដ៏ឃោរឃៅកាន់តែខិតចូលមកជិត។ អ្នករាល់គ្នាសម្រាកនៅលើគ្រែរចនាដោយភ្លុក អ្នករាល់គ្នាទម្រេតយ៉ាងច្រអូសនៅលើកម្រាលព្រំ បរិភោគសាច់ចៀម និងកូនគោបំប៉ន។ អ្នករាល់គ្នាប្រឹងច្រៀងឡូឡា ទាំងលេងពិណកំដរចង់ធ្វើដូចស្ដេចដាវីឌ។ អ្នករាល់គ្នាផឹកស្រានៅក្នុងពែងធំៗ អ្នករាល់គ្នាលាបទឹកអប់ដ៏មានតម្លៃ តែអ្នករាល់គ្នាឥតឈឺចាប់ចំពោះការវិនាស របស់កូនចៅលោកយ៉ូសែបទេ។ ហេតុនេះហើយបានជាអ្នករាល់គ្នា ត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។ ពួកខ្ជិលច្រអូសដូចអ្នករាល់គ្នា នឹងលែងស្គាល់ការសប្បាយទៀតហើយ។
អេម៉ុស 6:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់ពួកអ្នក ដែលនៅជាឥតកង្វល់ ក្នុងក្រុងស៊ីយ៉ូន ហើយដល់ពួកអ្នកដែលនៅ ដោយសុខសាន្តលើភ្នំសាម៉ារីផង គឺជាពួកប្រធានក្នុងពួកអ្នកមុខនៃអស់ទាំងសាសន៍ ដែលពួកវង្សអ៊ីស្រាអែលបានមកដល់គេ ចូរទៅឯក្រុងកាលនេ ហើយពិចារណាមើលចុះ ពីនោះឲ្យទៅដល់ហាម៉ាត ជាក្រុងធំ រួចចុះទៅឯក្រុងកាថរបស់សាសន៍ភីលីស្ទីន តើទីក្រុងទាំងនោះវិសេសជាងនគរទាំងនេះឬ ឯព្រំស្រុករបស់គេ តើធំជាងព្រំស្រុករបស់ឯងរាល់គ្នាឬទេ ឯងរាល់គ្នាគិតបន្ថយថ្ងៃអាក្រក់ឲ្យឆ្ងាយចេញ ហើយបង្ខិតទីស្តីការនៃសេចក្ដីច្រឡោត ឲ្យចូលមកជិតវិញ ក៏ដេកលើគ្រែភ្លុក ហើយមិនពត់ខ្លួននៅលើដំណេក ព្រមទាំងស៊ីកូនចៀមពីហ្វូងសត្វ នឹងកូនគោដែលបង្ខាំងទុក ជាអ្នកដែលច្រៀងឡែរឡតាមពិណ ហើយបង្កើតគ្រឿងភ្លេងសំរាប់ខ្លួនដូចដាវីឌ ក៏ផឹកស្រាទំពាំងបាយជូរដោយចានគោម ហើយបំព្រំខ្លួនដោយប្រេងយ៉ាងវិសេស តែឥតមានចិត្តព្រួយចំពោះការវេទនារបស់យ៉ូសែបទេ។ ដូច្នេះពួកអ្នកទាំងនោះនឹងត្រូវចាប់នាំទៅជាឈ្លើយ ជាមួយនឹងពួកអ្នកដែលទៅជាឈ្លើយជាមុនដំបូង នោះការលេងសប្បាយរបស់ពួកអ្នក ដែលមិនពត់ខ្លួន នឹងសូន្យបាត់ទៅ