អេម៉ុស 5:22-25
អេម៉ុស 5:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទោះបើអ្នករាល់គ្នាថ្វាយតង្វាយដុត និងតង្វាយម្សៅដល់យើង ក៏យើងមិនទទួលតង្វាយរបស់អ្នករាល់គ្នាដែរ ហើយយើងក៏មិនអើពើនឹងសត្វធាត់ៗ ដែលអ្នករាល់គ្នាថ្វាយ ជាតង្វាយមេត្រីឡើយ។ ចូរដកយកសំឡេងកងរំពងនៃចម្រៀងរបស់អ្នករាល់គ្នា ចេញពីយើងទៅ យើងមិនចង់ស្តាប់សំឡេងពិណរបស់អ្នករាល់គ្នាទេ។ ប៉ុន្ដែ ត្រូវឲ្យមានសេចក្ដីយុត្តិធម៌ហូរដូចជាទឹក ហើយសេចក្ដីសុចរិតដូចជាស្ទឹងមិនចេះរីងស្ងួតវិញ។ ឱពូជពង្សអ៊ីស្រាអែលអើយ ក្នុងរយៈពេលសែសិបឆ្នាំ តើអ្នករាល់គ្នាបានយកយញ្ញបូជា និងតង្វាយផ្សេងៗ មកឲ្យយើងនៅទីរហោស្ថានឬទេ?
អេម៉ុស 5:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលអ្នករាល់គ្នាយកតង្វាយដុត និងតង្វាយម្សៅ មកឲ្យយើង យើងមិនពេញចិត្តទេ យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗ ដែលអ្នករាល់គ្នាយកមកធ្វើ យញ្ញបូជាមេត្រីភាពដែរ។ ចូរឈប់ច្រៀងទំនុកតម្កើង ដ៏ស្រកៀរត្រចៀកនេះទៅ! យើងក៏មិនចង់ស្ដាប់សំឡេងពិណ របស់អ្នករាល់គ្នាដែរ។ ផ្ទុយទៅវិញ ចូរគោរពច្បាប់ទុកដូចជា ប្រភពនៃជីវិតរបស់អ្នករាល់គ្នា ហើយឲ្យយុត្តិធម៌ហូរចេញមក ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត។ កូនចៅអ៊ីស្រាអែលអើយ ក្នុងរយៈពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាមានយកយញ្ញបូជា និងតង្វាយផ្សេងៗមកឲ្យយើងឬទេ?
អេម៉ុស 5:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អើ ទោះបើឯងរាល់គ្នាថ្វាយយញ្ញបូជា នឹងដង្វាយម្សៅរបស់ឯងដល់អញ គង់តែអញមិនព្រមទទួលដែរ អញក៏មិនព្រមអើពើនឹងសត្វធាត់ៗ ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រីឡើយ ចូរដកសូរទំនាស់នៃចំរៀងរបស់ឯងរាល់គ្នាចេញពីអញទៅ ដ្បិតអញមិនព្រមស្តាប់សូរដន្ត្រីនៃពិណរបស់ឯងទេ តែត្រូវឲ្យមានសេចក្ដីយុត្តិធម៌ហូរមកដូចជាទឹក ហើយសេចក្ដីសុចរិតដូចជាទន្លេធំវិញ។ ឱពួកវង្សអ៊ីស្រាអែលអើយ ឯយញ្ញបូជា នឹងដង្វាយម្សៅ ដែលឯងរាល់គ្នាបានថ្វាយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំនោះ តើបានថ្វាយដល់អញពិតឬ