អេម៉ុស 5:18-20
អេម៉ុស 5:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វេទនាដល់អ្នករាល់គ្នា ដែលសង្វាតចង់បានថ្ងៃរបស់ព្រះយេហូវ៉ា ហេតុអ្វីបានជាអ្នករាល់គ្នាចង់បានថ្ងៃរបស់ព្រះយេហូវ៉ា? ថ្ងៃនោះជាថ្ងៃងងឹត មិនមែនភ្លឺទេ ប្រៀបដូចជាមនុស្សម្នាក់ដែលរត់រួចពីសិង្ហ ហើយទៅជួបនឹងខ្លាឃ្មុំ ឬចូលទៅក្នុងផ្ទះ ហើយច្រត់ដៃនឹងជញ្ជាំង រួចត្រូវពស់ចឹក។ តើថ្ងៃរបស់ព្រះយេហូវ៉ា មិនមែនជាថ្ងៃងងឹត ហើយឥតពន្លឺ ជាថ្ងៃអន្ធការ គ្មានរស្មីទេឬ?
អេម៉ុស 5:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់ព្រះអម្ចាស់ អ្នកនោះមុខជាវេទនាពុំខាន! តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់ព្រះអម្ចាស់? ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ គឺមិនមែនថ្ងៃដែលមានពន្លឺទេ។ ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។ ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃងងឹត មិនមែនជាថ្ងៃមានពន្លឺទេ ជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។
អេម៉ុស 5:18-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេទនាដល់ឯងរាល់គ្នា ដែលសង្វាតចង់បានថ្ងៃនៃព្រះយេហូវ៉ា តើចង់បានថ្ងៃនៃព្រះយេហូវ៉ាធ្វើអី ថ្ងៃនោះជាថ្ងៃងងឹត មិនមែនភ្លឺទេ ហាក់ដូចជាមនុស្សដែលរត់រួចពីសិង្ហ ហើយលោតែប្រទះនឹងខ្លាឃ្មុំ ឬដូចជាអ្នកណាដែលចូលទៅក្នុងផ្ទះ ច្រត់ដៃនៅជញ្ជាំង រួចមានពស់ចឹក ឯថ្ងៃនៃព្រះយេហូវ៉ា តើមិនមែនជាថ្ងៃងងឹត ឥតមានពន្លឺជាពិត គឺជាថ្ងៃងងឹតសូន្យសុង ឥតមានពន្លឺបន្តិចសោះទេឬអី។