អេម៉ុស 4:6-13

អេម៉ុស 4:6-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើងបាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ធ្មេញ​ស្អាត នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​អ្នក ហើយ​ឲ្យ​ខ្វះ​អាហារ​នៅ​គ្រប់​ទី​កន្លែង​របស់​អ្នក ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ព្រម វិល​ត្រឡប់​មក​រក​យើង​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ យើង​បាន​បង្ខាំង​មិន​ឲ្យ​ភ្លៀង​បង្អុរ​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​នៅ​ខ្វះ​តែ​បី​ខែ​ទៀត​ចូល​ដល់​រដូវ​ចម្រូត យើង​បាន​ឲ្យ​ភ្លៀង​ធ្លាក់​ទៅ​លើ​ទី​ក្រុង​មួយ ហើយ​មិន​ឲ្យ​ធ្លាក់​ទៅ​លើ​ទី​ក្រុង​មួយ​ទៀត ស្រែ​មួយ​មាន​ភ្លៀង​ធ្លាក់ ហើយ​ស្រែ​មួយ​ទៀត​ដែល​គ្មាន​ក៏​ស្វិត​ក្រៀម​ទៅ ដូច្នេះ ទី​ក្រុង​ពីរ ឬទីក្រុង​បី​ក៏​ដើរ​ត្រាច់ចរ​ទៅ​ទី​ក្រុង​ទៀត ដើម្បី​ផឹក​ទឹក តែ​មិន​បាន​ឆ្អែត​ឡើយ ទោះ​បី​យ៉ាង​នេះក្ដី ក៏​អ្នក​រាល់​គ្នា​មិន​ព្រម​វិល​មក​រក​វិញ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ យើង​បាន​វាយ​អ្នក​រាល់​គ្នា​ដោយ​ស្រូវ​ស្កក ហើយ​ក្រា​ស៊ី សួន​ដំណាំ​ជា​ច្រើន និង​ចម្ការ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ដើម​ល្វា និង​ដើម​អូលីវ​របស់​អ្នក​រាល់​គ្នា ក៏ត្រូវ​ដង្កូវ​ស៊ី​បំផ្លាញ​អស់​ដែរ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​មិន​ព្រម វិល​មក​រក​យើង​វិញ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ យើង​បាន​ចាត់​ជំងឺ​អាសន្ន‌រោគ​ឲ្យ​រាត​ត្បាត ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីព្ទ យើង​បាន​ប្រហារ​ជីវិត​កំលោះ​ៗ របស់​អ្នក​រាល់​គ្នា​ដោយ​ដាវ យើង​បាន​ដឹក​យក​សេះ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ ក៏​ធ្វើ​ឲ្យ​ក្លិន​ស្អុយ​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា សាយ​ឡើង​ដល់​ច្រមុះ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា មិន​ព្រម​វិល​មក​រក​យើង​វិញ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ យើង​បាន​បំផ្លាញ​អ្នក​រាល់​គ្នាខ្លះ ដូច​កាល​ព្រះ​បាន​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ហើយ​អ្នក​រាល់​គ្នា​បាន​ដូច​ជា​អង្កត់​ឧស ដែល​គេ​យក​ចេញ​ពី​ភ្លើង ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា មិន​ព្រម​វិល​មក​រក​យើង​វិញ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ហេតុ​នេះ ឱ​អ៊ីស្រា‌អែល​អើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​យ៉ាង​នេះ​ឯង ដោយ​ព្រោះ​យើង​នឹង​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​អ្នក​រាល់​គ្នា ឱ​អ៊ីស្រា‌អែល​អើយ ចូរ​រៀបចំខ្លួន​ជួប​នឹង​ព្រះ​របស់​អ្នក​ទៅ! ដ្បិត​មើល៍ ព្រះ​ដែល​សូន​ធ្វើ​ភ្នំ ហើយ​បង្កើត​ខ្យល់ ព្រះ‌អង្គ​ថ្លែង​ប្រាប់​ឲ្យ​មនុស្ស​ស្គាល់​គំនិត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពេល​ព្រឹក​ព្រហាម​ទៅ​ជា​ងងឹត ហើយព្រះ‌អង្គ​ដើរ​ជាន់​ទី​ខ្ពស់​ៗ​នៃ​ផែនដី ព្រះ‌នាម​របស់​ព្រះ‌អង្គ​គឺ «យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ»។

ចែក​រំលែក
អាន អេម៉ុស 4

អេម៉ុស 4:6-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​បាន​ធ្វើ​ឲ្យ​កើត​ទុរ្ភិក្ស​នៅ​គ្រប់​ទីក្រុង របស់​អ្នក​រាល់​គ្នា ហើយ​គ្រប់ៗ​ផ្ទះ​ខ្វះ​អាហារ​បរិភោគ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ទឹក​ភ្លៀង រហូត​ដល់​បី​ខែ​មុន​រដូវ​ចម្រូត។ យើង​បាន​ឲ្យ​ភ្លៀង​ធ្លាក់​លើ​ក្រុង​មួយ តែ​ក្រុង​មួយ​ទៀត​គ្មាន​ភ្លៀង​ទេ ចម្ការ​មួយ​ទទួល​ទឹក​ភ្លៀង រីឯ​ចម្ការ​មួយ​ទៀត​ត្រូវ​ស្ងួត​ហួត‌ហែង ព្រោះ​តែ​គ្មាន​ទឹក​ភ្លៀង។ ក្រុង​ពីរ ឬ​ក្រុង​បី​នាំ​គ្នា​ទៅ​រក​ទឹក​ផឹក នៅ​ក្រុង​មួយ​ទៀត តែ​គេ​គ្មាន​ទឹក​ល្មម ដើម្បី​សំរន់​ការ​ស្រេក​ទេ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​បាន​ធ្វើ​ឲ្យ​ស្រូវ​របស់​អ្នក​រាល់​គ្នា ស្កក និង​មាន​ក្រា​ស៊ី ហើយ​ចម្ការ​ដំណាំ ចម្ការ​ទំពាំង‌បាយជូរ ចម្ការ​ឧទុម្ពរ និង​ចម្ការ​អូលីវ​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន​អស់​ដែរ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ រាត‌ត្បាត​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីប។ យើង​បាន​ឲ្យ​ខ្មាំង​ប្រហារ​យុវជន របស់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ហើយ​ចាប់​សេះ​របស់​អ្នក​រាល់​គ្នា​យក​ទៅ។ យើង​បាន​ធ្វើ​ឲ្យ​មាន​ក្លិន​អសោច សាយ​ឡើង​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​បាន​បំផ្លាញ​អ្នក​រាល់​គ្នា ដូច​យើង​បាន​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ហើយ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​អង្កត់​អុស ដែល​គេ​យក​ចេញ​ពី​ភ្លើង។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​នេះ អ៊ីស្រា‌អែល​អើយ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ អ៊ីស្រា‌អែល​អើយ ដោយ​យើង​សម្រេច​ដាក់​ទោស​អ្នក​រាល់​គ្នា​ដូច្នេះ ចូរ​រៀបចំ​ខ្លួន​ជួប​នឹង​ព្រះ​របស់​អ្នក!»។ មើល៍! ព្រះ​ដែល​បាន​សូន​ភ្នំ និង​បង្កើត​ខ្យល់ ព្រះ​ដែល​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់ ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ព្រះ​ដែល​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​រះ​ប្រែ​ជា​ងងឹត ព្រះ​ដែល​យាង​នៅ​តាម​ទី​ខ្ពស់ៗ​នៃ​ផែនដី ព្រះអង្គ​មាន​នាម​ថា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។

ចែក​រំលែក
អាន អេម៉ុស 4

អេម៉ុស 4:6-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​ក៏​ឲ្យ​ឯង​រាល់​គ្នា​មាន​ធ្មេញ​ស្អាត នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​ឯង ហើយ​ឲ្យ​ខ្វះ​ខាត​អាហារ​នៅ​គ្រប់​ទី​កន្លែង​របស់​ឯង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​មិន​បាន​វិល​ត្រឡប់​មក​ឯ​អញ​ដែរ អញ​បាន​ទាំង​បិទ​ទប់ មិន​បង្អុរ​ភ្លៀង​ដល់​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​នៅ​ខ្វះ​តែ​៣​ខែ​នឹង​ដល់​រដូវ​ចំរូត​ហើយ​ផង អញ​បាន​ឲ្យ​ភ្លៀង​ធ្លាក់​ទៅ​លើ​ទី​ក្រុង​១ ហើយ​មិន​ឲ្យ​ធ្លាក់​ទៅ​លើ​ទី​ក្រុង​១​ទៀត ស្រែ​១​មាន​ភ្លៀង​ធ្លាក់ ហើយ​១​ទៀត​ដែល​ឥត​មាន​ក៏​ស្វិត​ក្រៀម​ទៅ បាន​ជា​ទី​ក្រុង​២ ឬ​៣​ក៏​ដើរ​ចច្រប់​ទៅ​ឯ​ទី​ក្រុង​១ ដើម្បី​ផឹក​ទឹក តែ​មិន​បាន​ឆ្អែត​ឡើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ អញ​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា ដោយ​ស្រូវ​ស្កក ហើយ​ក្រាចាប់ ឯ​អស់​ទាំង​សួន នឹង​ចំការ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ដើម​ល្វា នឹង​ដើម​អូលីវ​ដ៏​បរិបូរ​របស់​ឯង​រាល់​គ្នា នោះ​ដង្កូវ​បាន​ស៊ី​បំផ្លាញ​អស់​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ អញ​បាន​ចាត់​ប្រើ​អាសន្ន‌រោគ​ឲ្យ​មក​នៅ​កណ្តាល​ឯង​រាល់​គ្នា បែប​ដូច​ជា​នៅ​ស្រុក​អេស៊ីព្ទ អញ​បាន​ប្រហារ​ជីវិត​ពួក​កំឡោះៗ​របស់​ឯង​រាល់​គ្នា​ដោយ​ដាវ ហើយ​បាន​ដឹក​សេះ​ទាំង​ប៉ុន្មាន​របស់​ឯង​ទៅ​បាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​ក្លិន​ស្អុយ​ពី​ទី​បោះ​ទ័ព​របស់​ឯង បាន​សាយ​ឡើង​ដល់​ច្រមុះ​របស់​ឯង​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ អញ​បាន​បំផ្លាញ​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ដូច​កាល​ព្រះ‌ទ្រង់​បាន​បំផ្លាញ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា ហើយ​ឯង​រាល់​គ្នា​បាន​ដូច​ជា​អង្កត់​ឱស ដែល​គេ​កន្ត្រាក់​រោច​ចេញ​ពី​ភ្លើង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ។ ហេតុ​នោះ ឱ​អ៊ីស្រាអែល​អើយ អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា​យ៉ាង​នោះ​ត​ទៅ ហើយ​ដោយ​ព្រោះ​អញ​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ​ដល់​ឯង បាន​ជា ឱ​អ៊ីស្រាអែល​អើយ ចូរ​រៀបចំ ដើម្បី​ជួប​នឹង​ព្រះ​នៃ​ខ្លួន​ចុះ ដ្បិត​មើល ព្រះ​ដែល​ទ្រង់​សូន​ធ្វើ​ភ្នំ​ទាំង​ប៉ុន្មាន ក៏​បង្កើត​ខ្យល់ ហើយ​ថ្លែង​ប្រាប់​ដល់​មនុស្ស​អំពី​គំនិត​ដែល​នៅ​ក្នុង​ខ្លួន​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ពេល​ព្រឹក​ព្រហាម​ទៅ​ជា​ងងឹត ហើយ​យាង​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ផង ព្រះ‌នាម​របស់​ទ្រង់​គឺ «យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ»។

ចែក​រំលែក
អាន អេម៉ុស 4