អេម៉ុស 3:4-8
អេម៉ុស 3:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើសិង្ហគ្រហឹមនៅក្នុងព្រៃ នៅពេលចាប់រំពាមិនទាន់បានឬ? បើសិង្ហស្ទាវចាប់មិនបានអ្វីសោះ តើវាស្រែកពីក្នុងរូងរបស់វាឬ? កាលបើគ្មាននុយបញ្ឆោត តើសត្វស្លាបធ្លាក់មកចូលអន្ទាក់នៅដីបានឬ? បើមិនមានជាប់អ្វីទេ តើអន្ទាក់នឹងវាត់ឡើងពីដីឬ? តើគេផ្លុំត្រែនៅក្នុងក្រុង មិនធ្វើឲ្យប្រជាជនភ័យឬ? បើព្រះយេហូវ៉ាមិនបានធ្វើទេ តើមានអន្តរាយកើតដល់ទីក្រុងណាមួយបានឬ? ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។ សិង្ហបានគ្រហឹមហើយ តើមានអ្នកណាមិនខ្លាច? ព្រះអម្ចាស់ព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ តើមានអ្នកណាទប់មិនថ្លែងទំនាយបាន?
អេម៉ុស 3:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ? បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន? បើគ្មាននុយទាក់ទាញទេ តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ? បើគ្មានសត្វជាប់ទេ តើឲ្យអន្ទាក់វាត់ឡើងដូចម្ដេចបាន? បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើព្រះអម្ចាស់មិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ? យ៉ាងណាមិញ ពេលព្រះជាអម្ចាស់ធ្វើការអ្វីមួយ ព្រះអង្គតែងសម្តែងការលាក់កំបាំងប្រាប់ ពួកព្យាការីជាអ្នកបម្រើរបស់ព្រះអង្គជានិច្ច។ ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច? ពេលព្រះជាអម្ចាស់មានព្រះបន្ទូល តើនរណាមិនថ្លែងព្រះបន្ទូលនេះ?
អេម៉ុស 3:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសិង្ហ នឹងស្រែកគ្រហឹមនៅក្នុងព្រៃ ក្នុងកាលដែលមិនទាន់ចាប់រំពាឬ បើសិង្ហស្ទាវមិនបានចាប់អ្វីសោះ តើនឹងស្រែកនៅក្នុងរូងវាដែរឬ នៅកន្លែងដែលឥតមានដាក់ខ្សែរូត នោះសត្វហើរអាចនឹងធ្លាក់ទៅជាប់ក្នុងអន្ទាក់បានឬ តើអន្ទាក់នឹងវាត់ឡើងពីដី ឥតមានជាប់អ្វីឬទេ តើនឹងផ្លុំត្រែនៅក្នុងក្រុង ឥតធ្វើឲ្យបណ្តាជនក្តុកចិត្តបានឬ តើនឹងមានអន្តរាយកើតដល់ទីក្រុងណា ឥតព្រះយេហូវ៉ាធ្វើដែរឬទេ ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង រីឯសិង្ហបានស្រែកគ្រហឹមហើយ តើមានអ្នកណាដែលមិនព្រមខ្លាច ព្រះអម្ចាស់ព្រះយេហូវ៉ា ទ្រង់បានចេញវាចាហើយ តើមានអ្នកណានឹងទប់មិនទាយបានឬ។