អេម៉ុស 3:1-15
អេម៉ុស 3:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱប្រជាជនអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទាស់នឹងអ្នករាល់គ្នា គឺទាស់នឹងគ្រួសារទាំងមូល ដែលយើងបាននាំឡើងចេញពីស្រុកអេស៊ីព្ទ គឺថា ក្នុងចំណោមគ្រួសារនៅលើផែនដី យើងបានស្គាល់តែអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ បើមនុស្សពីរនាក់មិនព្រមព្រៀងជួបគ្នា តើគេដើរជាមួយគ្នាបានឬ? តើសិង្ហគ្រហឹមនៅក្នុងព្រៃ នៅពេលចាប់រំពាមិនទាន់បានឬ? បើសិង្ហស្ទាវចាប់មិនបានអ្វីសោះ តើវាស្រែកពីក្នុងរូងរបស់វាឬ? កាលបើគ្មាននុយបញ្ឆោត តើសត្វស្លាបធ្លាក់មកចូលអន្ទាក់នៅដីបានឬ? បើមិនមានជាប់អ្វីទេ តើអន្ទាក់នឹងវាត់ឡើងពីដីឬ? តើគេផ្លុំត្រែនៅក្នុងក្រុង មិនធ្វើឲ្យប្រជាជនភ័យឬ? បើព្រះយេហូវ៉ាមិនបានធ្វើទេ តើមានអន្តរាយកើតដល់ទីក្រុងណាមួយបានឬ? ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។ សិង្ហបានគ្រហឹមហើយ តើមានអ្នកណាមិនខ្លាច? ព្រះអម្ចាស់ព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ តើមានអ្នកណាទប់មិនថ្លែងទំនាយបាន? ចូរប្រកាសប្រាប់ដល់ទីមាំមួននៅក្រុងអាសដូឌ ហើយដល់ទីមាំមួននៅស្រុកអេស៊ីព្ទផងថា "ចូរជួបជុំគ្នានៅលើភ្នំ របស់ស្រុកសាម៉ារី ហើយពិចារណាមើលការច្រួលច្របល់យ៉ាងធំ និងការសង្កត់សង្កិន ដែលកើតមាននៅកណ្ដាលស្រុកនោះចុះ"។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកអំពើឃោរឃៅ និងអំពើឆក់ប្លន់នៅក្នុងទីមាំមួនរបស់គេ។ ហេតុនេះ ព្រះអម្ចាស់ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ខ្មាំងសត្រូវនឹងឡោមព័ទ្ធស្រុក វានឹងធ្វើឲ្យកម្លាំងអ្នកចុះអន់ថយ ហើយទីមាំមួនរបស់អ្នកនឹងត្រូវរឹបអូស។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដូចគង្វាលសង្គ្រោះបានតែជើងពីរ និងត្រចៀកមួយដុំ ចេញពីមាត់សិង្ហយ៉ាងណា ប្រជាជនអ៊ីស្រាអែលដែលនៅក្នុងក្រុងសាម៉ារី ក៏នឹងបានសង្គ្រោះឲ្យរួចយ៉ាងនោះដែរ គឺនឹងនៅសល់តែមួយជ្រុងគ្រែ និងមួយផ្នែកនៃកម្រាលប៉ុណ្ណោះ។ ចូរស្តាប់ ហើយធ្វើបន្ទាល់ទាស់នឹងពូជពង្សយ៉ាកុបទៅ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ នៅថ្ងៃដែលយើងដាក់ទោស ដោយព្រោះអំពើរំលងរបស់អ៊ីស្រាអែល យើងក៏នឹងដាក់ទោសអាសនានៅបេត-អែលដែរ ហើយស្នែងអាសនាទាំងនោះ នឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី។ យើងនឹងវាយរំលំទាំងដំណាក់សម្រាប់រដូវរងា ទាំងដំណាក់សម្រាប់រដូវក្តៅ ឯដំណាក់ភ្លុកនឹងត្រូវវិនាសទៅ ហើយដំណាក់ធំៗនឹងត្រូវសូន្យបាត់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អេម៉ុស 3:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលអើយ! ចូរនាំគ្នាស្ដាប់សេចក្ដីដែលព្រះអម្ចាស់ មានព្រះបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។ «យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ ដែលយើងបាននាំចេញពីស្រុកអេស៊ីប។ ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា ប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។ បើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នា ជាមុនសិនទេ តើគេអាចធ្វើដំណើរជាមួយគ្នាដូចម្ដេចកើត? បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ? បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន? បើគ្មាននុយទាក់ទាញទេ តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ? បើគ្មានសត្វជាប់ទេ តើឲ្យអន្ទាក់វាត់ឡើងដូចម្ដេចបាន? បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើព្រះអម្ចាស់មិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ? យ៉ាងណាមិញ ពេលព្រះជាអម្ចាស់ធ្វើការអ្វីមួយ ព្រះអង្គតែងសម្តែងការលាក់កំបាំងប្រាប់ ពួកព្យាការីជាអ្នកបម្រើរបស់ព្រះអង្គជានិច្ច។ ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច? ពេលព្រះជាអម្ចាស់មានព្រះបន្ទូល តើនរណាមិនថ្លែងព្រះបន្ទូលនេះ? ចូរស្រែកប្រកាសនៅតាមប្រាសាទក្រុងអាសដូឌ និងនៅតាមប្រាសាទនៃស្រុកអេស៊ីបថា: ចូរទៅជួបជុំគ្នានៅលើភ្នំនៃក្រុងសាម៉ារី ដើម្បីសង្កេតមើលអនាធិបតេយ្យ និងអយុត្តិធម៌ នៅទីនោះ។ ពួកគេមិនចេះប្រព្រឹត្តអំពើទៀងត្រង់ទេ ពួកគេយករបស់របរដែលលួចប្លន់ និងរឹបអូស ទៅដាក់ពេញប្រាសាទរបស់ខ្លួន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហេតុនេះហើយបានជាព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «ខ្មាំងសត្រូវមកដល់ហើយ! គេឡោមព័ទ្ធស្រុកគេនឹងរំលំកំពែងដ៏រឹងមាំ ហើយកម្ទេចប្រាសាទរបស់អ្នកទៀតផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិអ៊ីស្រាអែលនៅក្រុងសាម៉ារី ដែលដេកនៅលើគ្រែ និងលើកម្រាលព្រំ ដ៏មានតម្លៃពីស្រុកស៊ីរី ប្រៀបបាននឹងចៀមដែលគង្វាលដណ្ដើម យកពីសត្វសិង្ហវិញ ឃើញនៅសល់តែជើងពីរ និងត្រចៀកមួយដុំតែប៉ុណ្ណោះ។ ចូរនាំគ្នាស្ដាប់ ហើយយកពាក្យព្រមាននេះ ទៅប្រាប់កូនចៅលោកយ៉ាកុបផង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ ជាព្រះនៃពិភពទាំងមូល។ នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រាអែល ព្រោះតែបទល្មើស យើងក៏នឹងដាក់ទោសពួកគេ ព្រោះតែអាសនៈនៅបេតអែលដែរ។ ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះ នឹងត្រូវបាក់បែកធ្លាក់ដល់ដី។ យើងនឹងធ្វើឲ្យដំណាក់រដូវរងា និងដំណាក់រដូវក្ដៅរលំលើគ្នា វិមានដែលធ្វើពីភ្លុកក៏ត្រូវបាក់បែក រីឯផ្ទះដ៏ស្កឹមស្កៃនឹងត្រូវរលំអស់ដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេម៉ុស 3:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានបន្ទូលទាស់នឹងឯងរាល់គ្នា គឺទាស់នឹងគ្រួទាំងមូល ដែលអញបាននាំឡើងចេញពីស្រុកអេស៊ីព្ទមក គឺថា ក្នុងអស់ទាំងគ្រួនៅផែនដី អញបានស្គាល់តែឯងរាល់គ្នាទេ ដូច្នេះ អញនឹងធ្វើទោសដល់ឯងរាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មានរបស់ឯង បើមនុស្ស២នាក់មិនព្រមចិត្តគ្នា នោះតើនឹងដើរជា១គ្នាបានឬ ឯសិង្ហ នឹងស្រែកគ្រហឹមនៅក្នុងព្រៃ ក្នុងកាលដែលមិនទាន់ចាប់រំពាឬ បើសិង្ហស្ទាវមិនបានចាប់អ្វីសោះ តើនឹងស្រែកនៅក្នុងរូងវាដែរឬ នៅកន្លែងដែលឥតមានដាក់ខ្សែរូត នោះសត្វហើរអាចនឹងធ្លាក់ទៅជាប់ក្នុងអន្ទាក់បានឬ តើអន្ទាក់នឹងវាត់ឡើងពីដី ឥតមានជាប់អ្វីឬទេ តើនឹងផ្លុំត្រែនៅក្នុងក្រុង ឥតធ្វើឲ្យបណ្តាជនក្តុកចិត្តបានឬ តើនឹងមានអន្តរាយកើតដល់ទីក្រុងណា ឥតព្រះយេហូវ៉ាធ្វើដែរឬទេ ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង រីឯសិង្ហបានស្រែកគ្រហឹមហើយ តើមានអ្នកណាដែលមិនព្រមខ្លាច ព្រះអម្ចាស់ព្រះយេហូវ៉ា ទ្រង់បានចេញវាចាហើយ តើមានអ្នកណានឹងទប់មិនទាយបានឬ។ ចូរប្រកាសប្រាប់នៅក្នុងដំណាក់ នៅក្រុងអាសដូឌហើយក្នុងដំណាក់នៅស្រុកអេស៊ីព្ទផងថា ចូរមូលគ្នាមកនៅលើអស់ទាំងភ្នំរបស់ស្រុកសាម៉ារី ពិចារណាមើលការកោលាហលយ៉ាងធំ នឹងការសង្កត់សង្កិន ដែលកើតមាននៅកណ្តាលស្រុកនោះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកនូវសេចក្ដីច្រឡោត នឹងការរឹបជាន់នៅក្នុងអស់ទាំងដំណាក់របស់គេ ហេតុនោះបានជាព្រះអម្ចាស់ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា នឹងមានខ្មាំងសត្រូវឡោមព័ទ្ធស្រុក វានឹងនាំឲ្យកំឡាំងឯងអន់ថយចុះ នោះអស់ទាំងដំណាក់របស់ឯងនឹងត្រូវរឹបជាន់វិញ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អ្នកគង្វាលដោះជើង២ នឹងត្រចៀក១កំណាត់ ចេញពីមាត់សិង្ហយ៉ាងណា នោះពួកកូនចៅអ៊ីស្រាអែលដែលអង្គុយនៅទីកៀនដំណេក ហើយលើខ្នើយកំណល់ធ្វើពីសូត្រ នៅក្នុងក្រុងសាម៉ារី នឹងបានដោះឲ្យរួចយ៉ាងនោះដែរ។ ព្រះអម្ចាស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ចូរស្តាប់ចុះ ហើយធ្វើបន្ទាល់ទាស់នឹងពួកវង្សយ៉ាកុប ដ្បិតនៅថ្ងៃដែលអញទំលាក់អំពើរំលងរបស់អ៊ីស្រាអែលទៅលើគេវិញ នោះអញនឹងធ្វើទោសដល់អាសនានៃបេត-អែលទាំងប៉ុន្មានដែរ ស្នែងអាសនាទាំងនោះនឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី អញនឹងវាយបំផ្លាញអស់ទាំងផ្ទះសំរាប់រដូវរងា នឹងផ្ទះសំរាប់រដូវក្តៅផង ឯដំណាក់ភ្លុកនឹងត្រូវវិនាសទៅ ហើយផ្ទះធំៗទាំងប៉ុន្មាននឹងត្រូវសូន្យបាត់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។