អេម៉ុស 2:1-7

អេម៉ុស 2:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​សាសន៍​ម៉ូអាប់ អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​ដុត​ឆ្អឹង​របស់​ស្តេច​អេដុម ឲ្យ​សុស​ដូច​កំបោរ។ យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើស្រុក​ម៉ូអាប់ ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​ទីមាំ​មួន​នៅ​ក្រុង​កេរីយ៉ុត ហើយ​ម៉ូអាប់​នឹង​ស្លាប់​ទៅ​ដោយ​សូរ​គ្រាំ‌គ្រេង ដោយ​សម្រែក​ឮ​លាន់ និង​សូរ​ផ្លុំ​ត្រែ យើង​នឹង​កាត់​ចៅ‌ក្រម​ចេញ​ពី​ចំណោម​គេ ព្រម​ទាំង​សម្លាប់​ពួក​មេ​ទាំង​ប៉ុន្មាន​ជា‌មួយ​គេ​ដែរ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ពួក​យូដា អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​ច្បាប់​របស់​ព្រះ‌អង្គ​សោះ គឺ​សេចក្ដី​ភូត​ភរ​របស់​គេ​បាន​ធ្វើ​ឲ្យ​គេ​វង្វេង​ចេញ ជា​សេចក្ដី​ភូត​ភរ​បុព្វ‌បុរស​គេ​បាន​គោរព​តាម។ យើង​នឹង​ចាត់​ភ្លើង​ឲ្យ​ទៅ​លើ​ស្រុក​យូដា ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​ទីមាំ​មួន របស់​ក្រុង​យេរូ‌សាឡិម។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​អ៊ីស្រា‌អែល អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​មនុស្ស​សុចរិត ដើម្បី​ប្រាក់ ហើយ​លក់​មនុស្ស​កម្សត់​ទុគ៌ត ដើម្បី​ស្បែក​ជើង​មួយ​គូ គេ​ជាន់​ក្បាល​ជន​ក្រីក្រ​ពន្លិច​ក្នុង​ធូលីដី គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​ទុគ៌ត ទាំង​កូន​ទាំង​ឪពុក​ចូល​ទៅ​ឯ​ស្រី​តែ​ម្នាក់ ដែល​ជា​កា​រប្រមាថ​នាម​ដ៏​បរិសុទ្ធ​របស់​យើង

ចែក​រំលែក
អាន អេម៉ុស 2

អេម៉ុស 2:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​ម៉ូអាប់​បាន ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ដុត​ធាតុ​របស់​ស្ដេច ស្រុក​អេដុម​ឲ្យ​ទៅ​ជា​ផេះ។ ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ ស្រុក​ម៉ូអាប់ ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ របស់​ក្រុង​កេរី‌យ៉ុត​ផង។ ស្រុក​ម៉ូអាប់​នឹង​វិនាស​ក្រោម​សម្រែក​ជ្រួល‌ច្របល់ សម្រែក​សឹក​សង្គ្រាម និង​សំឡេង​ត្រែ។ យើង​នឹង​ដក​ស្ដេច​ចេញ​ពី​ពួក​គេ ព្រម​ទាំង​ប្រហារ​ជីវិត​មេ​ដឹក​នាំ​ទាំង​អស់​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​យូដា​បាន ប្រព្រឹត្ត​អំពើ​បាប​បី​បួន​លើក​ផ្ទួនៗ​គ្នា យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​បោះ​បង់​ចោល ក្រឹត្យ‌វិន័យ​របស់​យើង​ជា​ព្រះ‌អម្ចាស់ ហើយ​មិន​កាន់​តាម​ច្បាប់​របស់​យើង​ទេ។ ពួក​គេ​វង្វេង​ទៅ​តាម​ព្រះ​ក្លែងក្លាយ ដូច​ដូនតា​របស់​ពួក​គេ​ដែរ។ ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ ស្រុក​យូដា ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ របស់​ក្រុង​យេរូ‌សាឡឹម​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ស្រុក​អ៊ីស្រា‌អែល​បាន ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​លក់​មនុស្ស​សុចរិត​ដើម្បី​ប្រាក់ និង​លក់​ជន​ក្រីក្រ​ដើម្បី​ស្បែក​ជើង​មួយ​គូ។ ពួក​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​ទុគ៌ត ហើយ​រំលោភ​សិទ្ធិ​ប្រជា‌ជន​តូច‌តាច។ កូន និង​ឪពុក​រួម​ដំណេក​ជា​មួយ​ស្រី​តែ​ម្នាក់ ពួក​គេ​ធ្វើ​ដូច្នេះ ប្រមាថ​នាម​ដ៏វិសុទ្ធ​របស់​យើង។

ចែក​រំលែក
អាន អេម៉ុស 2

អេម៉ុស 2:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​សាសន៍​ម៉ូអាប់ អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​ដុត​ឆ្អឹង​របស់​ស្តេច​អេដំម ធ្វើ​ជា​កំបោរ អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ម៉ូអាប់ ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​នៅ​ក្រុង​កេរីយ៉ុត​អស់​ទៅ ហើយ​ម៉ូអាប់​នឹង​ស្លាប់​ទៅ​ដោយ​សូរ​គ្រាំ‌គ្រេង ដោយ​សំរែក​ឮ​លាន់ នឹង​សូរ​ផ្លុំ​ត្រែ អញ​នឹង​កាត់​ចៅ‌ក្រម​ពី​កណ្តាល​គេ​ចេញ ព្រម​ទាំង​សំឡាប់​ពួក​ចៅហ្វាយ​ទាំង​ប៉ុន្មាន​ជា​មួយ​នឹង​គេ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​យូដា អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​បញ្ញត្ត​ច្បាប់​របស់​ទ្រង់​សោះ ឯ​របស់​កំភូត​ដែល​ពួក​ឰយុកោ​គេ​បាន​គោរព​តាម នោះ​បាន​ធ្វើ​ឲ្យ​គេ​វង្វេង​ចេញ អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ពួក​យូដា ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​នៅ​ក្រុង​យេរូ‌សាឡិម​អស់​ទៅ។ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​អ៊ីស្រាអែល អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​លក់​មនុស្ស​សុចរិត ឲ្យ​បាន​ប្រាក់ ហើយ​មនុស្ស​កំសត់​ទុគ៌ត​ផង ឲ្យ​បាន​ស្បែក​ជើង​១​សំរាប់ សូម្បី​តែ​ធូលី​ដី​ដែល​នៅ​លើ​ក្បាល​មនុស្ស​កំសត់​ទុគ៌ត​នោះ គេ​ក៏​ដង្ហក់​ចង់​បាន​ដែរ ហើយ​គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​រាប​ទាប ឯ​ទាំង​កូននឹង​ឪពុក​ក៏​ចូល​ទៅ​ឯ​ស្រី​ក្រមុំ​តែ​១ ជា​ការ​ដែល​បង្អាប់​ដល់​នាម​បរិសុទ្ធ​របស់​អញ

ចែក​រំលែក
អាន អេម៉ុស 2