អេម៉ុស 2:1-5
អេម៉ុស 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍ម៉ូអាប់ អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានដុតឆ្អឹងរបស់ស្តេចអេដុម ឲ្យសុសដូចកំបោរ។ យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកម៉ូអាប់ ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួននៅក្រុងកេរីយ៉ុត ហើយម៉ូអាប់នឹងស្លាប់ទៅដោយសូរគ្រាំគ្រេង ដោយសម្រែកឮលាន់ និងសូរផ្លុំត្រែ យើងនឹងកាត់ចៅក្រមចេញពីចំណោមគេ ព្រមទាំងសម្លាប់ពួកមេទាំងប៉ុន្មានជាមួយគេដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ពួកយូដា អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមច្បាប់របស់ព្រះអង្គសោះ គឺសេចក្ដីភូតភររបស់គេបានធ្វើឲ្យគេវង្វេងចេញ ជាសេចក្ដីភូតភរបុព្វបុរសគេបានគោរពតាម។ យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកយូដា ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួន របស់ក្រុងយេរូសាឡិម។
អេម៉ុស 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់បាន ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានដុតធាតុរបស់ស្ដេច ស្រុកអេដុមឲ្យទៅជាផេះ។ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកម៉ូអាប់ ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងកេរីយ៉ុតផង។ ស្រុកម៉ូអាប់នឹងវិនាសក្រោមសម្រែកជ្រួលច្របល់ សម្រែកសឹកសង្គ្រាម និងសំឡេងត្រែ។ យើងនឹងដកស្ដេចចេញពីពួកគេ ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកយូដាបាន ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានបោះបង់ចោល ក្រឹត្យវិន័យរបស់យើងជាព្រះអម្ចាស់ ហើយមិនកាន់តាមច្បាប់របស់យើងទេ។ ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយ ដូចដូនតារបស់ពួកគេដែរ។ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកយូដា ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងយេរូសាឡឹមផង»។
អេម៉ុស 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍ម៉ូអាប់ អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានដុតឆ្អឹងរបស់ស្តេចអេដំម ធ្វើជាកំបោរ អញនឹងចាត់ប្រើភ្លើងឲ្យទៅលើម៉ូអាប់ ភ្លើងនោះនឹងឆេះដំណាក់នៅក្រុងកេរីយ៉ុតអស់ទៅ ហើយម៉ូអាប់នឹងស្លាប់ទៅដោយសូរគ្រាំគ្រេង ដោយសំរែកឮលាន់ នឹងសូរផ្លុំត្រែ អញនឹងកាត់ចៅក្រមពីកណ្តាលគេចេញ ព្រមទាំងសំឡាប់ពួកចៅហ្វាយទាំងប៉ុន្មានជាមួយនឹងគេដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកយូដា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តច្បាប់របស់ទ្រង់សោះ ឯរបស់កំភូតដែលពួកឰយុកោគេបានគោរពតាម នោះបានធ្វើឲ្យគេវង្វេងចេញ អញនឹងចាត់ប្រើភ្លើងឲ្យទៅលើពួកយូដា ភ្លើងនោះនឹងឆេះដំណាក់នៅក្រុងយេរូសាឡិមអស់ទៅ។