អេម៉ុស 2:1-3
អេម៉ុស 2:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍ម៉ូអាប់ អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានដុតឆ្អឹងរបស់ស្តេចអេដុម ឲ្យសុសដូចកំបោរ។ យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកម៉ូអាប់ ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួននៅក្រុងកេរីយ៉ុត ហើយម៉ូអាប់នឹងស្លាប់ទៅដោយសូរគ្រាំគ្រេង ដោយសម្រែកឮលាន់ និងសូរផ្លុំត្រែ យើងនឹងកាត់ចៅក្រមចេញពីចំណោមគេ ព្រមទាំងសម្លាប់ពួកមេទាំងប៉ុន្មានជាមួយគេដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អេម៉ុស 2:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់បាន ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានដុតធាតុរបស់ស្ដេច ស្រុកអេដុមឲ្យទៅជាផេះ។ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកម៉ូអាប់ ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងកេរីយ៉ុតផង។ ស្រុកម៉ូអាប់នឹងវិនាសក្រោមសម្រែកជ្រួលច្របល់ សម្រែកសឹកសង្គ្រាម និងសំឡេងត្រែ។ យើងនឹងដកស្ដេចចេញពីពួកគេ ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេម៉ុស 2:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍ម៉ូអាប់ អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានដុតឆ្អឹងរបស់ស្តេចអេដំម ធ្វើជាកំបោរ អញនឹងចាត់ប្រើភ្លើងឲ្យទៅលើម៉ូអាប់ ភ្លើងនោះនឹងឆេះដំណាក់នៅក្រុងកេរីយ៉ុតអស់ទៅ ហើយម៉ូអាប់នឹងស្លាប់ទៅដោយសូរគ្រាំគ្រេង ដោយសំរែកឮលាន់ នឹងសូរផ្លុំត្រែ អញនឹងកាត់ចៅក្រមពីកណ្តាលគេចេញ ព្រមទាំងសំឡាប់ពួកចៅហ្វាយទាំងប៉ុន្មានជាមួយនឹងគេដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។