អេម៉ុស 1:13-15
អេម៉ុស 1:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ពួកកូនចៅអាំម៉ូន អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានវះពោះរបស់ពួកស្រីៗ ដែលមានទម្ងន់នៅស្រុកកាឡាត ដើម្បីឲ្យបានវាតព្រំដែនរបស់ខ្លួនឲ្យធំ។ យើងនឹងបង្កាត់ភ្លើងនៅលើកំផែងក្រុងរ៉ាបាត ភ្លើងនោះនឹងឆេះទីមាំមួនរបស់ក្រុងនោះអស់ទៅ ទាំងមានសម្រែកក្នុងថ្ងៃសឹកសង្គ្រាម ទាំងមានព្យុះសង្ឃរា ក្នុងថ្ងៃដែលមានខ្យល់កំបុតត្បូង ស្តេចរបស់គេនឹងត្រូវចាប់ទៅជាឈ្លើយ ព្រមទាំងពួកមេដឹកនាំរបស់គេផង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អេម៉ុស 1:13-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកអាំម៉ូនបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានវះពោះស្ត្រីមានគភ៌ នៅស្រុកកាឡាដ ដើម្បីវាតទឹកដីរបស់ខ្លួន។ ហេតុនេះ យើងនឹងបញ្ឆេះភ្លើង ដុតកំពែងក្រុងរ៉ាបាត ព្រមទាំងដុតកម្ទេចប្រាសាទរបស់ក្រុងនោះ នៅថ្ងៃមានចម្បាំង មានសម្រែកសឹកសង្គ្រាម និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។ ស្ដេច និងមេដឹកនាំរបស់ពួកគេ នឹងត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេម៉ុស 1:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកកូនចៅអាំម៉ូន អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានវះពោះរបស់ពួកស្រីៗ ដែលមានទំងន់នៅស្រុកកាឡាត ដើម្បីឲ្យបានវាតព្រំស្រុករបស់ខ្លួនឲ្យធំឡើង អញនឹងបង្កាត់ភ្លើងនៅលើកំផែងនៃក្រុងរ៉ាបាត ភ្លើងនោះនឹងឆេះដំណាក់របស់គេអស់ទៅ ដោយសូរស្រែកហ៊ោ ក្នុងថ្ងៃសង្គ្រាម នឹងដោយព្យុះសង្ឃរា ក្នុងថ្ងៃដែលមានខ្យល់កំបុតត្បូង នោះស្តេចរបស់គេនឹងត្រូវចាប់ទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយរបស់គេផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។