កិច្ចការ 9:36-43
កិច្ចការ 9:36-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅក្រុងយ៉ុបប៉េ មានសិស្សម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកហៅថា ឌ័រកាស។ នាងបានធ្វើអំពើល្អ និងដាក់ទានជាច្រើន។ នៅគ្រានោះ នាងមានជំងឺឈឺ ហើយស្លាប់ទៅ គេបានលាងសពនាង ហើយយកទៅតម្កល់ទុកនៅបន្ទប់ខាងលើ។ ដោយព្រោះក្រុងលីដា នៅជិតក្រុងយ៉ុបប៉េ ហើយពួកសិស្សបានឮថា លោកពេត្រុសនៅទីនោះ គេក៏ចាត់បុរសពីរនាក់ឲ្យទៅ ដោយបង្ខំលោកថា៖ «សូមមកឯយើងខ្ញុំកុំបង្អង់ឡើយ»។ ដូច្នេះ លោកពេត្រុសក៏ក្រោកឡើង ហើយទៅជាមួយពួកគេ។ ពេលលោកមកដល់ គេនាំលោកទៅបន្ទប់ខាងលើ។ ស្ត្រីមេម៉ាយទាំងប៉ុន្មានឈរជិតលោកទាំងយំ ហើយបង្ហាញអាវ និងសម្លៀកបំពាក់ទាំងប៉ុន្មានដែលនាងឌ័រកាសបានធ្វើឲ្យ កាលនាងនៅរស់នៅឡើយ។ ប៉ុន្ដែ លោកពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់ រួចលោកលុតជង្គង់អធិស្ឋាន ហើយងាកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ! ក្រោកឡើង!» ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។ លោកហុចដៃទៅឲ្យនាងតោងឡើង រួចលោកហៅពួកបរិសុទ្ធ និងពួកស្ត្រីមេម៉ាយមក រួចប្រគល់នាងទៅគេទាំងមានជីវិតរស់។ ដំណឹងនេះ បានដឹងសុសសាយពាសពេញក្រុងយ៉ុបប៉េ ហើយមានមនុស្សជាច្រើនបានជឿដល់ព្រះអម្ចាស់។ លោកពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េ ក្នុងផ្ទះជាងសម្លាប់ស្បែក ឈ្មោះស៊ីម៉ូន ជាយូរថ្ងៃ។
កិច្ចការ 9:36-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅក្រុងយ៉ុបប៉េ មានស្ត្រីម្នាក់ឈ្មោះ តេប៊ីថា ភាសាក្រិកថា “ឌ័រកាស” នាងជាសិស្ស*ដែរ នាងតែងប្រព្រឹត្តអំពើល្អ និងធ្វើទានជាច្រើន។ នៅគ្រានោះ នាងមានជំងឺ ហើយស្លាប់ទៅ។ គេបានលាងសពរបស់នាងតម្កល់ទុកនៅបន្ទប់ខាងលើ។ ក្រុងលីដានៅជិតក្រុងយ៉ុបប៉េ។ កាលពួកសិស្សឮដំណឹងថា លោកពេត្រុសស្ថិតនៅឯក្រុងលីដានោះ គេចាត់បុរសពីរនាក់ឲ្យទៅអញ្ជើញលោកថា៖ «សូមលោកមេត្តាប្រញាប់ធ្វើដំណើរបង្ហួសទៅកន្លែងយើងខ្ញុំផង»។ លោកពេត្រុសក៏ចេញដំណើរមកជាមួយអ្នកទាំងពីរនោះភ្លាម។ ពេលលោកមកដល់ គេបានអញ្ជើញលោកឡើងទៅបន្ទប់ខាងលើ ស្ត្រីមេម៉ាយទាំងប៉ុន្មានបាននាំគ្នាចូលមកជិតលោក ទាំងយំសោក និងបង្ហាញអាវវែង អាវក្រៅដែលនាងឌ័រកាសបានដេរ កាលនាងរស់នៅជាមួយគេនៅឡើយ។ លោកពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់គ្នា រួចលោកលុតជង្គង់អធិស្ឋាន។ បន្ទាប់មក លោកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។ លោកចាប់ដៃនាងឲ្យក្រោកឈរ ហើយហៅពួកអ្នកជឿ និងស្ត្រីមេម៉ាយឲ្យចូលមក បង្ហាញនាងឌ័រកាស ដែលមានជីវិតរស់ឲ្យគេឃើញ។ អ្នកក្រុងយ៉ុបប៉េទាំងប៉ុន្មានបានដឹងរឿងនេះ ហើយច្រើននាក់ជឿលើព្រះអម្ចាស់។ លោកពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េ ជាយូរថ្ងៃតទៅទៀត ក្នុងផ្ទះបុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាអ្នកសម្លាប់ស្បែក។
កិច្ចការ 9:36-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅក្រុងយ៉ុបប៉េក៏ដែរ មានសិស្សស្រីម្នាក់ឈ្មោះ តេប៊ីថា (ស្រាយថា នាងក្តាន់) នាងនោះបានធ្វើគុណ ហើយដាក់ទានជាច្រើន នៅគ្រានោះ នាងមានជំងឺឈឺ ហើយស្លាប់ទៅ កាលគេបានផ្ងូតទឹករូបនាងហើយ នោះក៏យកទៅដាក់នៅឯបន្ទប់ខាងលើ រួចដោយព្រោះភូមិលីដានៅជិតយ៉ុបប៉េ ហើយពួកសិស្សបានឮថា ពេត្រុសនៅទីនោះ បានជាគេប្រើ២នាក់ឲ្យទៅរកគាត់ ដើម្បីនឹងសូមអង្វរឲ្យមកឯគេដោយឥតបង្អង់ ពេត្រុសក៏ក្រោកឡើងទៅជាមួយ កាលបានដល់ហើយ នោះគេនាំគាត់ទៅឯបន្ទប់ខាងលើនោះ ហើយពួកស្រីមេម៉ាយក៏ឈរជិតគាត់ទាំងយំ ព្រមទាំងបង្ហាញអាវ នឹងសំលៀកបំពាក់ទាំងប៉ុន្មាន ដែលតេប៊ីថាបានធ្វើឲ្យ ពីកាលនាងនៅជាមួយនៅឡើយ តែពេត្រុសបណ្តេញគេទៅក្រៅទាំងអស់ ក៏លុតជង្គង់អធិស្ឋាន រួចគាត់បែរខ្លួនទៅឯរូបបុគ្គលនោះ និយាយថា តេប៊ីថាអើយ ចូរនាងក្រោកឡើង នាងក៏បើកភ្នែកឃើញពេត្រុស រួចឡើងអង្គុយ គាត់ក៏ហុចដៃទៅឲ្យនាងតោងឡើង រួចគាត់ហៅពួកបរិសុទ្ធ នឹងពួកស្រីមេម៉ាយមក ប្រគល់នាងទៅគេទាំងរស់ មនុស្សទាំងឡាយបានដឹងដំណឹងពីការនោះ នៅពេញពាសក្នុងក្រុងយ៉ុបប៉េ ហើយមានមនុស្សជាច្រើន បានជឿដល់ព្រះអម្ចាស់ រួចគាត់ក៏អាស្រ័យនៅយ៉ុបប៉េ ក្នុងផ្ទះជាងសំឡាប់ស្បែក ឈ្មោះស៊ីម៉ូន ជាយូរថ្ងៃ។