កិច្ចការ 9:26-31
កិច្ចការ 9:26-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលលោកសុលបានមកដល់ក្រុងយេរូសាឡិម លោកព្យាយាមចូលរួមជាមួយពួកសិស្ស តែគេទាំងអស់គ្នាខ្លាចលោក ដ្បិតគេមិនជឿថា លោកជាសិស្សឡើយ។ ប៉ុន្ដែ លោកបាណាបាសបានទទួលលោក ហើយនាំលោកទៅជួបពួកសាវក រួចរៀបរាប់ប្រាប់គេពីដំណើរដែលលោកសុលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ ហើយទ្រង់បានមានព្រះបន្ទូលមកកាន់លោក និងពីដំណើរដែលលោកបានប្រកាសយ៉ាងក្លាហាននៅក្រុងដាម៉ាស ក្នុងព្រះនាមព្រះយេស៊ូវ។ ដូច្នេះ លោកក៏នៅជាមួយពួកសាវក ហើយចេញចូលក្រុងយេរូសាឡិម ទាំងប្រកាសដោយក្លាហាន ក្នុងព្រះនាមព្រះអម្ចាស់។ លោកជជែកវែកញែកជាមួយពួកហេលេន តែគេបែរជាប៉ុនប៉ងសម្លាប់លោកទៅវិញ។ កាលពួកបងប្អូនបានដឹងដំណឹងនេះ គេក៏នាំលោកចុះទៅក្រុងសេសារា ហើយឲ្យលោកចេញទៅក្រុងតើសុស។ ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មាននៅស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្តីសុខសាន្ត ហើយបានស្អាងឡើង។ គេរស់នៅដោយកោតខ្លាចព្រះអម្ចាស់ មានការកម្សាន្តចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ហើយក្រុមជំនុំក៏មានចំនួនកើនឡើងជាលំដាប់។
កិច្ចការ 9:26-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលលោកសូលមកដល់ក្រុងយេរូសាឡឹម លោកចង់ទៅចូលរួមក្នុងចំណោមពួកសិស្ស តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថាលោកជាសិស្សដែរនោះឡើយ។ ពេលនោះ លោកបារណាបាសបានទទួលលោក ហើយនាំទៅជួបក្រុមសាវ័ក* ទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះយេស៊ូ នៅក្រុងដាម៉ាសផងដែរ។ ចាប់តាំងពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយក្រុមសាវ័កជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង។ លោកបានសន្ទនា និងជជែកវែកញែកជាមួយសាសន៍យូដា ដែលនិយាយភាសាក្រិក តែពួកគេបែរជានាំគ្នាប៉ុនប៉ងសម្លាប់លោកទៅវិញ។ កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំលោកទៅក្រុងសេសារា ហើយបន្ទាប់មក ឲ្យលោកទៅក្រុងតើសុស។ ក្រុមជំនុំ*បានប្រកបដោយសេចក្ដីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំនុំមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ*ជួយលើកទឹកចិត្តគេផង។
កិច្ចការ 9:26-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលសុលបានមកដល់ក្រុងយេរូសាឡិម នោះគាត់ខំចូលទៅឯពួកសិស្ស តែគេខ្លាចគាត់ទាំងអស់គ្នា គេមិនជឿថា គាត់ជាសិស្សទេ តែបាណាបាសនាំគាត់ទៅឯពួកសាវក រ៉ាយរឿងប្រាប់គេ ពីដំណើរដែលគាត់បានឃើញព្រះអម្ចាស់តាមផ្លូវ ហើយទ្រង់បានមានបន្ទូលនឹងគាត់ ក៏និយាយពីបែបយ៉ាងណា ដែលគាត់មានចិត្តក្លាហាននឹងអធិប្បាយ ដោយនូវព្រះនាមព្រះយេស៊ូវ នៅក្រុងដាម៉ាសផង គាត់ក៏នៅជាមួយនឹងគេក្នុងក្រុងយេរូសាឡិម ទាំងចេញចូល ហើយបានអធិប្បាយ ដោយនូវព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ដោយក្លាហាន គាត់សំដែង ហើយជជែកជាមួយនឹងពួកហេលេន តែពួកនោះរករឿងសំឡាប់គាត់វិញ បានជាកាលពួកបងប្អូនបានដឹង នោះគេជូនគាត់ទៅត្រឹមសេសារា រួចឲ្យទៅឯតើសុស នៅគ្រានោះ ពួកជំនុំទាំងប៉ុន្មាននៅគ្រប់ក្នុងស្រុកយូដា ស្រុកកាលីឡេ នឹងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ត ហើយមានចិត្តស្អាងឡើង ក៏បានចំរើនជាច្រើនឡើងដែរ ដោយជឿនទៅមុខ ក្នុងសេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នឹងក្នុងសេចក្ដីកំសាន្តចិត្តរបស់ព្រះវិញ្ញាណបរិសុទ្ធ។