កិច្ចការ 9:20-31
កិច្ចការ 9:20-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយក៏ចាប់ផ្តើមប្រកាសពីព្រះយេស៊ូវ នៅក្នុងសាលាប្រជុំទាំងប៉ុន្មានភ្លាមថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ»។ អស់អ្នកដែលឮមានការងឿងឆ្ងល់ ហើយពោលថា៖ «តើមិនមែនអ្នកនេះទេឬ ដែលបំផ្លាញអស់អ្នកដែលអំពាវនាវដល់ព្រះនាមនេះ នៅក្រុងយេរូសាឡិម? តើគាត់មិនបានមកទីនេះ ដើម្បីចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជទេឬ?»។ ប៉ុន្ដែ លោកសុលមានកម្លាំងកាន់តែខ្លាំងឡើង ហើយបានផ្ចាញ់ពួកសាសន៍យូដាដែលនៅក្រុងដាម៉ាស ដោយបញ្ជាក់ថា ព្រះយេស៊ូវ ជាព្រះគ្រីស្ទពិតមែន។ យូរថ្ងៃក្រោយមក ពួកសាសន៍យូដាបានពិគ្រោះគ្នាសម្លាប់លោក តែលោកសុលបានជ្រាបពីគម្រោងការរបស់គេ។ ពួកគេឃ្លាំចាំមើលនៅតាមទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីនឹងសម្លាប់លោក។ ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់លោកក៏យកលោកដាក់ក្នុងកញ្ជើមួយ សម្រូតចុះតាមកំផែងក្រុង។ ពេលលោកសុលបានមកដល់ក្រុងយេរូសាឡិម លោកព្យាយាមចូលរួមជាមួយពួកសិស្ស តែគេទាំងអស់គ្នាខ្លាចលោក ដ្បិតគេមិនជឿថា លោកជាសិស្សឡើយ។ ប៉ុន្ដែ លោកបាណាបាសបានទទួលលោក ហើយនាំលោកទៅជួបពួកសាវក រួចរៀបរាប់ប្រាប់គេពីដំណើរដែលលោកសុលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ ហើយទ្រង់បានមានព្រះបន្ទូលមកកាន់លោក និងពីដំណើរដែលលោកបានប្រកាសយ៉ាងក្លាហាននៅក្រុងដាម៉ាស ក្នុងព្រះនាមព្រះយេស៊ូវ។ ដូច្នេះ លោកក៏នៅជាមួយពួកសាវក ហើយចេញចូលក្រុងយេរូសាឡិម ទាំងប្រកាសដោយក្លាហាន ក្នុងព្រះនាមព្រះអម្ចាស់។ លោកជជែកវែកញែកជាមួយពួកហេលេន តែគេបែរជាប៉ុនប៉ងសម្លាប់លោកទៅវិញ។ កាលពួកបងប្អូនបានដឹងដំណឹងនេះ គេក៏នាំលោកចុះទៅក្រុងសេសារា ហើយឲ្យលោកចេញទៅក្រុងតើសុស។ ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មាននៅស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្តីសុខសាន្ត ហើយបានស្អាងឡើង។ គេរស់នៅដោយកោតខ្លាចព្រះអម្ចាស់ មានការកម្សាន្តចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ហើយក្រុមជំនុំក៏មានចំនួនកើនឡើងជាលំដាប់។
កិច្ចការ 9:20-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកចាប់ផ្ដើមប្រកាសនៅក្នុងសាលាប្រជុំ*នានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។ អស់អ្នកដែលបានឮលោកមានប្រសាសន៍ ងឿងឆ្ងល់ណាស់ គេពោលថា៖ «លោកនេះហើយដែលបានធ្វើទុក្ខបៀតបៀនអស់អ្នកដែលអង្វររកឈ្មោះយេស៊ូ នៅក្រុងយេរូសាឡឹម គាត់មកទីនេះរកចាប់ចងគេនាំទៅជូនពួកមហាបូជាចារ្យ*ទេតើ!»។ រីឯលោកសូលវិញ លោកមានកម្លាំងចិត្តកាន់តែខ្លាំងឡើងៗ ហើយលោកវែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត*។ យូរថ្ងៃក្រោយមកទៀត ជនជាតិយូដាបានសមគំនិតគ្នារកសម្លាប់លោកសូល តែលោកបានជ្រាបគម្រោងការរបស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីសម្លាប់លោក។ ប៉ុន្តែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតចុះទៅខាងក្រៅកំពែងក្រុង។ កាលលោកសូលមកដល់ក្រុងយេរូសាឡឹម លោកចង់ទៅចូលរួមក្នុងចំណោមពួកសិស្ស តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថាលោកជាសិស្សដែរនោះឡើយ។ ពេលនោះ លោកបារណាបាសបានទទួលលោក ហើយនាំទៅជួបក្រុមសាវ័ក* ទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះយេស៊ូ នៅក្រុងដាម៉ាសផងដែរ។ ចាប់តាំងពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយក្រុមសាវ័កជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង។ លោកបានសន្ទនា និងជជែកវែកញែកជាមួយសាសន៍យូដា ដែលនិយាយភាសាក្រិក តែពួកគេបែរជានាំគ្នាប៉ុនប៉ងសម្លាប់លោកទៅវិញ។ កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំលោកទៅក្រុងសេសារា ហើយបន្ទាប់មក ឲ្យលោកទៅក្រុងតើសុស។ ក្រុមជំនុំ*បានប្រកបដោយសេចក្ដីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំនុំមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ*ជួយលើកទឹកចិត្តគេផង។
កិច្ចការ 9:20-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សុលក៏នៅក្រុងដាម៉ាស ជាមួយនឹងពួកសិស្សជាយូរថ្ងៃ នោះស្រាប់តែគាត់ប្រកាសប្រាប់ពីព្រះយេស៊ូវ នៅក្នុងសាលាប្រជុំទាំងប៉ុន្មានថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ ឯអស់អ្នកដែលឮ ក៏មានសេចក្ដីងឿងឆ្ងល់ ហើយគេនិយាយថា តើមិនមែនអ្នកនេះទេឬអី ដែលបំផ្លាញពួកអ្នកអំពាវនាវដល់ព្រះនាមនោះ នៅក្រុងយេរូសាឡិម ហើយគាត់បានមកទីនេះ ដើម្បីនឹងចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជដែរ តែសុល គាត់មានកំឡាំងកាន់តែខ្លាំងឡើង ក៏ផ្ទុញផ្ទាល់ដល់ពួកសាសន៍យូដា ដែលនៅក្រុងដាម៉ាសវិញ ដោយសំដែងបញ្ជាក់ពីព្រះអង្គនេះថា ទ្រង់ជាព្រះគ្រីស្ទពិតមែន លុះយូរថ្ងៃក្រោយមក ពួកសាសន៍យូដា គេពិគ្រោះគ្នានឹងសំឡាប់គាត់ចេញ គេក៏ចាំទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីនឹងសំឡាប់គាត់ តែសុលបានដឹងពីឧបាយកលរបស់គេដែរ ហើយក្នុងវេលាយប់ ពួកសិស្សយកកញ្ជើមកដាក់គាត់សំរូតចុះតាមកំផែងក្រុងទៅ។ កាលសុលបានមកដល់ក្រុងយេរូសាឡិម នោះគាត់ខំចូលទៅឯពួកសិស្ស តែគេខ្លាចគាត់ទាំងអស់គ្នា គេមិនជឿថា គាត់ជាសិស្សទេ តែបាណាបាសនាំគាត់ទៅឯពួកសាវក រ៉ាយរឿងប្រាប់គេ ពីដំណើរដែលគាត់បានឃើញព្រះអម្ចាស់តាមផ្លូវ ហើយទ្រង់បានមានបន្ទូលនឹងគាត់ ក៏និយាយពីបែបយ៉ាងណា ដែលគាត់មានចិត្តក្លាហាននឹងអធិប្បាយ ដោយនូវព្រះនាមព្រះយេស៊ូវ នៅក្រុងដាម៉ាសផង គាត់ក៏នៅជាមួយនឹងគេក្នុងក្រុងយេរូសាឡិម ទាំងចេញចូល ហើយបានអធិប្បាយ ដោយនូវព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ដោយក្លាហាន គាត់សំដែង ហើយជជែកជាមួយនឹងពួកហេលេន តែពួកនោះរករឿងសំឡាប់គាត់វិញ បានជាកាលពួកបងប្អូនបានដឹង នោះគេជូនគាត់ទៅត្រឹមសេសារា រួចឲ្យទៅឯតើសុស នៅគ្រានោះ ពួកជំនុំទាំងប៉ុន្មាននៅគ្រប់ក្នុងស្រុកយូដា ស្រុកកាលីឡេ នឹងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ត ហើយមានចិត្តស្អាងឡើង ក៏បានចំរើនជាច្រើនឡើងដែរ ដោយជឿនទៅមុខ ក្នុងសេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នឹងក្នុងសេចក្ដីកំសាន្តចិត្តរបស់ព្រះវិញ្ញាណបរិសុទ្ធ។