កិច្ចការ 9:18-43
កិច្ចការ 9:18-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រំពេចនោះ មានអ្វីមួយដូចជាស្រកាជ្រុះចុះពីភ្នែករបស់គាត់ ហើយគាត់ក៏បានភ្លឺឡើងវិញ។ បន្ទាប់មក គាត់ក៏ក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក។ ក្រោយពីបានបរិភោគអាហារ គាត់ក៏មានកម្លាំងឡើងវិញ។ លោកស្នាក់នៅក្រុងដាម៉ាសជាមួយពួកសិស្សជាយូរថ្ងៃ ហើយក៏ចាប់ផ្តើមប្រកាសពីព្រះយេស៊ូវ នៅក្នុងសាលាប្រជុំទាំងប៉ុន្មានភ្លាមថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ»។ អស់អ្នកដែលឮមានការងឿងឆ្ងល់ ហើយពោលថា៖ «តើមិនមែនអ្នកនេះទេឬ ដែលបំផ្លាញអស់អ្នកដែលអំពាវនាវដល់ព្រះនាមនេះ នៅក្រុងយេរូសាឡិម? តើគាត់មិនបានមកទីនេះ ដើម្បីចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជទេឬ?»។ ប៉ុន្ដែ លោកសុលមានកម្លាំងកាន់តែខ្លាំងឡើង ហើយបានផ្ចាញ់ពួកសាសន៍យូដាដែលនៅក្រុងដាម៉ាស ដោយបញ្ជាក់ថា ព្រះយេស៊ូវ ជាព្រះគ្រីស្ទពិតមែន។ យូរថ្ងៃក្រោយមក ពួកសាសន៍យូដាបានពិគ្រោះគ្នាសម្លាប់លោក តែលោកសុលបានជ្រាបពីគម្រោងការរបស់គេ។ ពួកគេឃ្លាំចាំមើលនៅតាមទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីនឹងសម្លាប់លោក។ ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់លោកក៏យកលោកដាក់ក្នុងកញ្ជើមួយ សម្រូតចុះតាមកំផែងក្រុង។ ពេលលោកសុលបានមកដល់ក្រុងយេរូសាឡិម លោកព្យាយាមចូលរួមជាមួយពួកសិស្ស តែគេទាំងអស់គ្នាខ្លាចលោក ដ្បិតគេមិនជឿថា លោកជាសិស្សឡើយ។ ប៉ុន្ដែ លោកបាណាបាសបានទទួលលោក ហើយនាំលោកទៅជួបពួកសាវក រួចរៀបរាប់ប្រាប់គេពីដំណើរដែលលោកសុលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ ហើយទ្រង់បានមានព្រះបន្ទូលមកកាន់លោក និងពីដំណើរដែលលោកបានប្រកាសយ៉ាងក្លាហាននៅក្រុងដាម៉ាស ក្នុងព្រះនាមព្រះយេស៊ូវ។ ដូច្នេះ លោកក៏នៅជាមួយពួកសាវក ហើយចេញចូលក្រុងយេរូសាឡិម ទាំងប្រកាសដោយក្លាហាន ក្នុងព្រះនាមព្រះអម្ចាស់។ លោកជជែកវែកញែកជាមួយពួកហេលេន តែគេបែរជាប៉ុនប៉ងសម្លាប់លោកទៅវិញ។ កាលពួកបងប្អូនបានដឹងដំណឹងនេះ គេក៏នាំលោកចុះទៅក្រុងសេសារា ហើយឲ្យលោកចេញទៅក្រុងតើសុស។ ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មាននៅស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី ក៏មានសេចក្តីសុខសាន្ត ហើយបានស្អាងឡើង។ គេរស់នៅដោយកោតខ្លាចព្រះអម្ចាស់ មានការកម្សាន្តចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ហើយក្រុមជំនុំក៏មានចំនួនកើនឡើងជាលំដាប់។ នៅគ្រានោះ លោកពេត្រុសធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ លោកបានចុះទៅសួរសុខទុក្ខពួកបរិសុទ្ធនៅក្រុងលីដា។ នៅទីនោះ លោកឃើញបុរសម្នាក់ឈ្មោះអេនាស មានជំងឺស្លាប់ដៃជើង ដេកជាប់នៅលើគ្រែអស់ប្រាំបីឆ្នាំមកហើយ។ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេនាសអើយ! ព្រះយេស៊ូវគ្រីស្ទប្រោសអ្នកឲ្យជា ចូរក្រោកឡើង ហើយរៀបចំគ្រែអ្នកទៅ!» គាត់ក៏ក្រោកឡើងភ្លាម។ មនុស្សទាំងប៉ុន្មាននៅក្រុងលីដា និងស្រុកសារ៉ូន ឃើញដូច្នោះ គេក៏ងាកបែរមករកព្រះអម្ចាស់។ នៅក្រុងយ៉ុបប៉េ មានសិស្សម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកហៅថា ឌ័រកាស។ នាងបានធ្វើអំពើល្អ និងដាក់ទានជាច្រើន។ នៅគ្រានោះ នាងមានជំងឺឈឺ ហើយស្លាប់ទៅ គេបានលាងសពនាង ហើយយកទៅតម្កល់ទុកនៅបន្ទប់ខាងលើ។ ដោយព្រោះក្រុងលីដា នៅជិតក្រុងយ៉ុបប៉េ ហើយពួកសិស្សបានឮថា លោកពេត្រុសនៅទីនោះ គេក៏ចាត់បុរសពីរនាក់ឲ្យទៅ ដោយបង្ខំលោកថា៖ «សូមមកឯយើងខ្ញុំកុំបង្អង់ឡើយ»។ ដូច្នេះ លោកពេត្រុសក៏ក្រោកឡើង ហើយទៅជាមួយពួកគេ។ ពេលលោកមកដល់ គេនាំលោកទៅបន្ទប់ខាងលើ។ ស្ត្រីមេម៉ាយទាំងប៉ុន្មានឈរជិតលោកទាំងយំ ហើយបង្ហាញអាវ និងសម្លៀកបំពាក់ទាំងប៉ុន្មានដែលនាងឌ័រកាសបានធ្វើឲ្យ កាលនាងនៅរស់នៅឡើយ។ ប៉ុន្ដែ លោកពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់ រួចលោកលុតជង្គង់អធិស្ឋាន ហើយងាកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ! ក្រោកឡើង!» ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។ លោកហុចដៃទៅឲ្យនាងតោងឡើង រួចលោកហៅពួកបរិសុទ្ធ និងពួកស្ត្រីមេម៉ាយមក រួចប្រគល់នាងទៅគេទាំងមានជីវិតរស់។ ដំណឹងនេះ បានដឹងសុសសាយពាសពេញក្រុងយ៉ុបប៉េ ហើយមានមនុស្សជាច្រើនបានជឿដល់ព្រះអម្ចាស់។ លោកពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េ ក្នុងផ្ទះជាងសម្លាប់ស្បែក ឈ្មោះស៊ីម៉ូន ជាយូរថ្ងៃ។
កិច្ចការ 9:18-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រំពេចនោះ មានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើងទទួលពិធីជ្រមុជទឹក*។ បន្ទាប់មក លោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។ លោកស្នាក់នៅជាមួយពួកសិស្ស ដែលនៅក្រុងដាម៉ាស បួនដប់ថ្ងៃ។ លោកចាប់ផ្ដើមប្រកាសនៅក្នុងសាលាប្រជុំ*នានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។ អស់អ្នកដែលបានឮលោកមានប្រសាសន៍ ងឿងឆ្ងល់ណាស់ គេពោលថា៖ «លោកនេះហើយដែលបានធ្វើទុក្ខបៀតបៀនអស់អ្នកដែលអង្វររកឈ្មោះយេស៊ូ នៅក្រុងយេរូសាឡឹម គាត់មកទីនេះរកចាប់ចងគេនាំទៅជូនពួកមហាបូជាចារ្យ*ទេតើ!»។ រីឯលោកសូលវិញ លោកមានកម្លាំងចិត្តកាន់តែខ្លាំងឡើងៗ ហើយលោកវែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត*។ យូរថ្ងៃក្រោយមកទៀត ជនជាតិយូដាបានសមគំនិតគ្នារកសម្លាប់លោកសូល តែលោកបានជ្រាបគម្រោងការរបស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីសម្លាប់លោក។ ប៉ុន្តែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតចុះទៅខាងក្រៅកំពែងក្រុង។ កាលលោកសូលមកដល់ក្រុងយេរូសាឡឹម លោកចង់ទៅចូលរួមក្នុងចំណោមពួកសិស្ស តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថាលោកជាសិស្សដែរនោះឡើយ។ ពេលនោះ លោកបារណាបាសបានទទួលលោក ហើយនាំទៅជួបក្រុមសាវ័ក* ទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះយេស៊ូ នៅក្រុងដាម៉ាសផងដែរ។ ចាប់តាំងពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយក្រុមសាវ័កជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង។ លោកបានសន្ទនា និងជជែកវែកញែកជាមួយសាសន៍យូដា ដែលនិយាយភាសាក្រិក តែពួកគេបែរជានាំគ្នាប៉ុនប៉ងសម្លាប់លោកទៅវិញ។ កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំលោកទៅក្រុងសេសារា ហើយបន្ទាប់មក ឲ្យលោកទៅក្រុងតើសុស។ ក្រុមជំនុំ*បានប្រកបដោយសេចក្ដីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំនុំមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ*ជួយលើកទឹកចិត្តគេផង។ លោកពេត្រុសបានធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកបានចុះទៅសួរសុខទុក្ខប្រជាជនដ៏វិសុទ្ធ*នៅក្រុងលីដា។ នៅក្រុងនោះ លោកឃើញបុរសម្នាក់ឈ្មោះអេណាស ឈឺក្រោកមិនរួច គាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អេណាសអើយ! ព្រះយេស៊ូគ្រិស្ត*ប្រោសអ្នកឲ្យជាហើយ ចូរក្រោកឡើង រៀបចំគ្រែអ្នកទៅ!»។ លោកអេណាសក៏ក្រោកឡើងភ្លាម។ អ្នកក្រុងលីដាទាំងអស់ និងអ្នកស្រុកនៅតំបន់សារ៉ូនបានឃើញគាត់ជាដូច្នេះ ក៏បែរចិត្តគំនិតទៅរកព្រះអម្ចាស់។ នៅក្រុងយ៉ុបប៉េ មានស្ត្រីម្នាក់ឈ្មោះ តេប៊ីថា ភាសាក្រិកថា “ឌ័រកាស” នាងជាសិស្ស*ដែរ នាងតែងប្រព្រឹត្តអំពើល្អ និងធ្វើទានជាច្រើន។ នៅគ្រានោះ នាងមានជំងឺ ហើយស្លាប់ទៅ។ គេបានលាងសពរបស់នាងតម្កល់ទុកនៅបន្ទប់ខាងលើ។ ក្រុងលីដានៅជិតក្រុងយ៉ុបប៉េ។ កាលពួកសិស្សឮដំណឹងថា លោកពេត្រុសស្ថិតនៅឯក្រុងលីដានោះ គេចាត់បុរសពីរនាក់ឲ្យទៅអញ្ជើញលោកថា៖ «សូមលោកមេត្តាប្រញាប់ធ្វើដំណើរបង្ហួសទៅកន្លែងយើងខ្ញុំផង»។ លោកពេត្រុសក៏ចេញដំណើរមកជាមួយអ្នកទាំងពីរនោះភ្លាម។ ពេលលោកមកដល់ គេបានអញ្ជើញលោកឡើងទៅបន្ទប់ខាងលើ ស្ត្រីមេម៉ាយទាំងប៉ុន្មានបាននាំគ្នាចូលមកជិតលោក ទាំងយំសោក និងបង្ហាញអាវវែង អាវក្រៅដែលនាងឌ័រកាសបានដេរ កាលនាងរស់នៅជាមួយគេនៅឡើយ។ លោកពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់គ្នា រួចលោកលុតជង្គង់អធិស្ឋាន។ បន្ទាប់មក លោកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។ លោកចាប់ដៃនាងឲ្យក្រោកឈរ ហើយហៅពួកអ្នកជឿ និងស្ត្រីមេម៉ាយឲ្យចូលមក បង្ហាញនាងឌ័រកាស ដែលមានជីវិតរស់ឲ្យគេឃើញ។ អ្នកក្រុងយ៉ុបប៉េទាំងប៉ុន្មានបានដឹងរឿងនេះ ហើយច្រើននាក់ជឿលើព្រះអម្ចាស់។ លោកពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េ ជាយូរថ្ងៃតទៅទៀត ក្នុងផ្ទះបុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាអ្នកសម្លាប់ស្បែក។
កិច្ចការ 9:18-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្រាប់តែមានដូចជាស្រកាជ្រុះចុះពីភ្នែកគាត់មក ហើយគាត់ក៏បានភ្លឺជា១រំពេច រួចក្រោកឡើងទទួលបុណ្យជ្រមុជទឹក ហើយក្រោយដែលគាត់បានបរិភោគ នោះក៏មានកំឡាំងឡើងវិញ។ សុលក៏នៅក្រុងដាម៉ាស ជាមួយនឹងពួកសិស្សជាយូរថ្ងៃ នោះស្រាប់តែគាត់ប្រកាសប្រាប់ពីព្រះយេស៊ូវ នៅក្នុងសាលាប្រជុំទាំងប៉ុន្មានថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ ឯអស់អ្នកដែលឮ ក៏មានសេចក្ដីងឿងឆ្ងល់ ហើយគេនិយាយថា តើមិនមែនអ្នកនេះទេឬអី ដែលបំផ្លាញពួកអ្នកអំពាវនាវដល់ព្រះនាមនោះ នៅក្រុងយេរូសាឡិម ហើយគាត់បានមកទីនេះ ដើម្បីនឹងចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជដែរ តែសុល គាត់មានកំឡាំងកាន់តែខ្លាំងឡើង ក៏ផ្ទុញផ្ទាល់ដល់ពួកសាសន៍យូដា ដែលនៅក្រុងដាម៉ាសវិញ ដោយសំដែងបញ្ជាក់ពីព្រះអង្គនេះថា ទ្រង់ជាព្រះគ្រីស្ទពិតមែន លុះយូរថ្ងៃក្រោយមក ពួកសាសន៍យូដា គេពិគ្រោះគ្នានឹងសំឡាប់គាត់ចេញ គេក៏ចាំទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីនឹងសំឡាប់គាត់ តែសុលបានដឹងពីឧបាយកលរបស់គេដែរ ហើយក្នុងវេលាយប់ ពួកសិស្សយកកញ្ជើមកដាក់គាត់សំរូតចុះតាមកំផែងក្រុងទៅ។ កាលសុលបានមកដល់ក្រុងយេរូសាឡិម នោះគាត់ខំចូលទៅឯពួកសិស្ស តែគេខ្លាចគាត់ទាំងអស់គ្នា គេមិនជឿថា គាត់ជាសិស្សទេ តែបាណាបាសនាំគាត់ទៅឯពួកសាវក រ៉ាយរឿងប្រាប់គេ ពីដំណើរដែលគាត់បានឃើញព្រះអម្ចាស់តាមផ្លូវ ហើយទ្រង់បានមានបន្ទូលនឹងគាត់ ក៏និយាយពីបែបយ៉ាងណា ដែលគាត់មានចិត្តក្លាហាននឹងអធិប្បាយ ដោយនូវព្រះនាមព្រះយេស៊ូវ នៅក្រុងដាម៉ាសផង គាត់ក៏នៅជាមួយនឹងគេក្នុងក្រុងយេរូសាឡិម ទាំងចេញចូល ហើយបានអធិប្បាយ ដោយនូវព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ដោយក្លាហាន គាត់សំដែង ហើយជជែកជាមួយនឹងពួកហេលេន តែពួកនោះរករឿងសំឡាប់គាត់វិញ បានជាកាលពួកបងប្អូនបានដឹង នោះគេជូនគាត់ទៅត្រឹមសេសារា រួចឲ្យទៅឯតើសុស នៅគ្រានោះ ពួកជំនុំទាំងប៉ុន្មាននៅគ្រប់ក្នុងស្រុកយូដា ស្រុកកាលីឡេ នឹងស្រុកសាម៉ារី ក៏មានសេចក្ដីសុខសាន្ត ហើយមានចិត្តស្អាងឡើង ក៏បានចំរើនជាច្រើនឡើងដែរ ដោយជឿនទៅមុខ ក្នុងសេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ នឹងក្នុងសេចក្ដីកំសាន្តចិត្តរបស់ព្រះវិញ្ញាណបរិសុទ្ធ។ រីឯពេត្រុស កំពុងដែលគាត់ដើរចុះឡើងគ្រប់កន្លែង នោះក៏ចុះទៅឯពួកបរិសុទ្ធនៅភូមិលីដាដែរ នៅទីនោះគាត់ឃើញមនុស្សម្នាក់ឈ្មោះ អេនាស មានជំងឺឈឺស្លាប់ដៃជើង ដេកនៅតែលើគ្រែ អស់៨ឆ្នាំមកហើយ ក៏និយាយទៅគាត់ថា អ្នកអេនាសអើយ ព្រះយេស៊ូវដ៏ជាព្រះគ្រីស្ទ ទ្រង់ប្រោសឲ្យអ្នកបានជាហើយ ចូរក្រោកឡើងរៀបគ្រែអ្នកទៅ ស្រាប់តែគាត់ក៏ក្រោកឡើងភ្លាម ឯមនុស្សទាំងប៉ុន្មាន ដែលនៅភូមិលីដា នឹងស្រុកសារ៉ូន ក៏ឃើញគាត់ ហើយគេប្រែចិត្តជឿដល់ព្រះអម្ចាស់។ នៅក្រុងយ៉ុបប៉េក៏ដែរ មានសិស្សស្រីម្នាក់ឈ្មោះ តេប៊ីថា (ស្រាយថា នាងក្តាន់) នាងនោះបានធ្វើគុណ ហើយដាក់ទានជាច្រើន នៅគ្រានោះ នាងមានជំងឺឈឺ ហើយស្លាប់ទៅ កាលគេបានផ្ងូតទឹករូបនាងហើយ នោះក៏យកទៅដាក់នៅឯបន្ទប់ខាងលើ រួចដោយព្រោះភូមិលីដានៅជិតយ៉ុបប៉េ ហើយពួកសិស្សបានឮថា ពេត្រុសនៅទីនោះ បានជាគេប្រើ២នាក់ឲ្យទៅរកគាត់ ដើម្បីនឹងសូមអង្វរឲ្យមកឯគេដោយឥតបង្អង់ ពេត្រុសក៏ក្រោកឡើងទៅជាមួយ កាលបានដល់ហើយ នោះគេនាំគាត់ទៅឯបន្ទប់ខាងលើនោះ ហើយពួកស្រីមេម៉ាយក៏ឈរជិតគាត់ទាំងយំ ព្រមទាំងបង្ហាញអាវ នឹងសំលៀកបំពាក់ទាំងប៉ុន្មាន ដែលតេប៊ីថាបានធ្វើឲ្យ ពីកាលនាងនៅជាមួយនៅឡើយ តែពេត្រុសបណ្តេញគេទៅក្រៅទាំងអស់ ក៏លុតជង្គង់អធិស្ឋាន រួចគាត់បែរខ្លួនទៅឯរូបបុគ្គលនោះ និយាយថា តេប៊ីថាអើយ ចូរនាងក្រោកឡើង នាងក៏បើកភ្នែកឃើញពេត្រុស រួចឡើងអង្គុយ គាត់ក៏ហុចដៃទៅឲ្យនាងតោងឡើង រួចគាត់ហៅពួកបរិសុទ្ធ នឹងពួកស្រីមេម៉ាយមក ប្រគល់នាងទៅគេទាំងរស់ មនុស្សទាំងឡាយបានដឹងដំណឹងពីការនោះ នៅពេញពាសក្នុងក្រុងយ៉ុបប៉េ ហើយមានមនុស្សជាច្រើន បានជឿដល់ព្រះអម្ចាស់ រួចគាត់ក៏អាស្រ័យនៅយ៉ុបប៉េ ក្នុងផ្ទះជាងសំឡាប់ស្បែក ឈ្មោះស៊ីម៉ូន ជាយូរថ្ងៃ។