កិច្ចការ 9:10-25
កិច្ចការ 9:10-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅក្រុងដាម៉ាសនោះ មានសិស្សម្នាក់ឈ្មោះអាណានាស។ ព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់នៅក្នុងនិមិត្តថា៖ «អាណានាសអើយ!» គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរក្រោកឡើង ទៅតាមផ្លូវដែលហៅថា "ផ្លូវត្រង់" ហើយរកមើលមនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស ដ្បិត មើល៍ គាត់កំពុងតែអធិស្ឋាន ហើយនៅក្នុងនិមិត្ត គាត់បានឃើញបុរសម្នាក់ឈ្មោះអាណានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើងវិញ»។ អាណានាសទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើននិយាយពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្តដល់ពួកបរិសុទ្ធរបស់ព្រះអង្គ នៅក្រុងយេរូសាឡិម ហើយនៅទីនេះ គាត់បានទទួលអំណាចពីពួកសង្គ្រាជ ដើម្បីចាប់ចងអស់អ្នកដែលអំពាវនាវរកព្រះនាមព្រះអង្គ»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាឧបករណ៍ដែលខ្ញុំជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅប្រាប់ពួកសាសន៍ដទៃ និងពួកស្តេច ព្រមទាំងពួកកូនចៅសាសន៍អ៊ីស្រាអែលផង។ ខ្ញុំនឹងបង្ហាញឲ្យគាត់ដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ដោយព្រោះឈ្មោះខ្ញុំ»។ ដូច្នេះ អាណានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ រួចមានប្រសាសន៍ថា៖ «បងសុលអើយ! ព្រះអម្ចាស់យេស៊ូវ ដែលលេចមកឲ្យបងឃើញនៅតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យបងបានភ្លឺភ្នែក ហើយឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»។ រំពេចនោះ មានអ្វីមួយដូចជាស្រកាជ្រុះចុះពីភ្នែករបស់គាត់ ហើយគាត់ក៏បានភ្លឺឡើងវិញ។ បន្ទាប់មក គាត់ក៏ក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក។ ក្រោយពីបានបរិភោគអាហារ គាត់ក៏មានកម្លាំងឡើងវិញ។ លោកស្នាក់នៅក្រុងដាម៉ាសជាមួយពួកសិស្សជាយូរថ្ងៃ ហើយក៏ចាប់ផ្តើមប្រកាសពីព្រះយេស៊ូវ នៅក្នុងសាលាប្រជុំទាំងប៉ុន្មានភ្លាមថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ»។ អស់អ្នកដែលឮមានការងឿងឆ្ងល់ ហើយពោលថា៖ «តើមិនមែនអ្នកនេះទេឬ ដែលបំផ្លាញអស់អ្នកដែលអំពាវនាវដល់ព្រះនាមនេះ នៅក្រុងយេរូសាឡិម? តើគាត់មិនបានមកទីនេះ ដើម្បីចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជទេឬ?»។ ប៉ុន្ដែ លោកសុលមានកម្លាំងកាន់តែខ្លាំងឡើង ហើយបានផ្ចាញ់ពួកសាសន៍យូដាដែលនៅក្រុងដាម៉ាស ដោយបញ្ជាក់ថា ព្រះយេស៊ូវ ជាព្រះគ្រីស្ទពិតមែន។ យូរថ្ងៃក្រោយមក ពួកសាសន៍យូដាបានពិគ្រោះគ្នាសម្លាប់លោក តែលោកសុលបានជ្រាបពីគម្រោងការរបស់គេ។ ពួកគេឃ្លាំចាំមើលនៅតាមទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីនឹងសម្លាប់លោក។ ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់លោកក៏យកលោកដាក់ក្នុងកញ្ជើមួយ សម្រូតចុះតាមកំផែងក្រុង។
កិច្ចការ 9:10-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅក្រុងដាម៉ាស មានសិស្សមួយរូប ឈ្មោះអាណាណាស។ គាត់និមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលហៅគាត់ថា៖ «អាណាណាស!»។ គាត់ទូលតបថា៖ «ក្រាបទូលព្រះអម្ចាស់!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើង ទៅឯផ្លូវមួយឈ្មោះ“ផ្លូវត្រង់” សួររកឈ្មោះសូល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស។ គាត់កំពុងតែអធិស្ឋាន* ហើយនិមិត្តឃើញបុរសម្នាក់ឈ្មោះ អាណាណាស ចូលមកដាក់ដៃ*លើគាត់ ដើម្បីឲ្យគាត់មើលឃើញឡើងវិញ»។ លោកអាណាណាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្ត្រដ៏វិសុទ្ធ*របស់ព្រះអង្គនៅក្រុងយេរូសាឡឹមខ្លាំងណាស់ ហើយគាត់បានទទួលការអនុញ្ញាតពីលោកមហាបូជាចារ្យឲ្យមកទីនេះ ដើម្បីចាប់ចងអស់អ្នកដែលអង្វររកព្រះនាមព្រះអង្គ»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឲ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រាអែលឲ្យស្គាល់ឈ្មោះខ្ញុំ។ ខ្ញុំនឹងបង្ហាញប្រាប់គាត់ឲ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែឈ្មោះរបស់ខ្ញុំ»។ លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖ «បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ ព្រះអង្គបានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចមើលឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ*»។ រំពេចនោះ មានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើងទទួលពិធីជ្រមុជទឹក*។ បន្ទាប់មក លោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។ លោកស្នាក់នៅជាមួយពួកសិស្ស ដែលនៅក្រុងដាម៉ាស បួនដប់ថ្ងៃ។ លោកចាប់ផ្ដើមប្រកាសនៅក្នុងសាលាប្រជុំ*នានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។ អស់អ្នកដែលបានឮលោកមានប្រសាសន៍ ងឿងឆ្ងល់ណាស់ គេពោលថា៖ «លោកនេះហើយដែលបានធ្វើទុក្ខបៀតបៀនអស់អ្នកដែលអង្វររកឈ្មោះយេស៊ូ នៅក្រុងយេរូសាឡឹម គាត់មកទីនេះរកចាប់ចងគេនាំទៅជូនពួកមហាបូជាចារ្យ*ទេតើ!»។ រីឯលោកសូលវិញ លោកមានកម្លាំងចិត្តកាន់តែខ្លាំងឡើងៗ ហើយលោកវែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត*។ យូរថ្ងៃក្រោយមកទៀត ជនជាតិយូដាបានសមគំនិតគ្នារកសម្លាប់លោកសូល តែលោកបានជ្រាបគម្រោងការរបស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីសម្លាប់លោក។ ប៉ុន្តែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតចុះទៅខាងក្រៅកំពែងក្រុង។
កិច្ចការ 9:10-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅក្រុងដាម៉ាស នោះមានសិស្សម្នាក់ឈ្មោះអាន៉្នានាស ហើយព្រះអម្ចាស់ទ្រង់មានបន្ទូលហៅគាត់ ក្នុងការជាក់ស្តែងថា នែ អាន៉្នានាសអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ ព្រះអម្ចាស់មានបន្ទូលថា ចូរក្រោកឡើង ទៅឯផ្លូវដែលហៅថា ផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះសុល ជាអ្នកស្រុកតើសុស នៅក្នុងផ្ទះយូដាស ដ្បិតមើល គាត់កំពុងតែអធិស្ឋាន ហើយក្នុងការជាក់ស្តែង គាត់បានឃើញថា មានមនុស្សម្នាក់ឈ្មោះអាន៉្នានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើង អាន៉្នានាសទូលឆ្លើយថា ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើន និយាយពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ដល់ពួកបរិសុទ្ធរបស់ទ្រង់ នៅក្រុងយេរូសាឡិម ហើយនៅទីនេះ គាត់ក៏មានអំណាចពីពួកសង្គ្រាជ អាចនឹងទៅចាប់ចងនូវអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមទ្រង់ដែរ ប៉ុន្តែព្រះអម្ចាស់មានបន្ទូលថា ចូរទៅចុះ ពីព្រោះអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ សំរាប់នឹងប្រកាសឈ្មោះខ្ញុំ ដល់ពួកសាសន៍ដទៃ នឹងពួកស្តេច ហើយនឹងពួកកូនចៅសាសន៍អ៊ីស្រាអែលផង ដ្បិតខ្ញុំនឹងបង្ហាញ ឲ្យគាត់ដឹងជាត្រូវរងទុក្ខលំបាកទាំងអម្បាលម៉ាន ដោយព្រោះឈ្មោះខ្ញុំ ដូច្នេះ អាន៉្នានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ និយាយថា អ្នកសុលអើយ ព្រះអម្ចាស់ គឺព្រះយេស៊ូវ ដែលលេចមកឲ្យអ្នកឃើញតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យអ្នកបានភ្លឺភ្នែក ហើយឲ្យអ្នកបានពេញជាព្រះវិញ្ញាណបរិសុទ្ធ ស្រាប់តែមានដូចជាស្រកាជ្រុះចុះពីភ្នែកគាត់មក ហើយគាត់ក៏បានភ្លឺជា១រំពេច រួចក្រោកឡើងទទួលបុណ្យជ្រមុជទឹក ហើយក្រោយដែលគាត់បានបរិភោគ នោះក៏មានកំឡាំងឡើងវិញ។ សុលក៏នៅក្រុងដាម៉ាស ជាមួយនឹងពួកសិស្សជាយូរថ្ងៃ នោះស្រាប់តែគាត់ប្រកាសប្រាប់ពីព្រះយេស៊ូវ នៅក្នុងសាលាប្រជុំទាំងប៉ុន្មានថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ ឯអស់អ្នកដែលឮ ក៏មានសេចក្ដីងឿងឆ្ងល់ ហើយគេនិយាយថា តើមិនមែនអ្នកនេះទេឬអី ដែលបំផ្លាញពួកអ្នកអំពាវនាវដល់ព្រះនាមនោះ នៅក្រុងយេរូសាឡិម ហើយគាត់បានមកទីនេះ ដើម្បីនឹងចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជដែរ តែសុល គាត់មានកំឡាំងកាន់តែខ្លាំងឡើង ក៏ផ្ទុញផ្ទាល់ដល់ពួកសាសន៍យូដា ដែលនៅក្រុងដាម៉ាសវិញ ដោយសំដែងបញ្ជាក់ពីព្រះអង្គនេះថា ទ្រង់ជាព្រះគ្រីស្ទពិតមែន លុះយូរថ្ងៃក្រោយមក ពួកសាសន៍យូដា គេពិគ្រោះគ្នានឹងសំឡាប់គាត់ចេញ គេក៏ចាំទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីនឹងសំឡាប់គាត់ តែសុលបានដឹងពីឧបាយកលរបស់គេដែរ ហើយក្នុងវេលាយប់ ពួកសិស្សយកកញ្ជើមកដាក់គាត់សំរូតចុះតាមកំផែងក្រុងទៅ។