កិច្ចការ 9:1-4
កិច្ចការ 9:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅពេលនោះ លោកសុលនៅតែគំរាមកំហែង និងសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់។ គាត់បានចូលជួបសម្ដេចសង្ឃ សុំលិខិតអនុញ្ញាតចូលទៅកាន់សាលាប្រជុំនានា នៅក្រុងដាម៉ាស ហើយបើគាត់រកឃើញអ្នកណាដែលប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី គាត់នឹងចាប់ចង នាំយកមកក្រុងយេរូសាឡិម។ ពេលគាត់កំពុងធ្វើដំណើរតាមផ្លូវ ទៅជិតដល់ក្រុងដាម៉ាស ស្រាប់តែមានពន្លឺពីលើមេឃ ចាំងមកជុំវិញគាត់។ គាត់ក៏ដួលទៅដី ហើយឮសំឡេងមួយពោលមកគាត់ថា៖ «សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?»
កិច្ចការ 9:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលនោះ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់សិស្ស*របស់ព្រះអម្ចាស់ជានិច្ច។ គាត់ទៅជួបលោកមហាបូជាចារ្យ សុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាស ក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ទោះជាប្រុស ឬស្ត្រីក្ដី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។ ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់។ គាត់ក៏ដួល ហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយ សូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។
កិច្ចការ 9:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសុល គាត់នៅតែបញ្ចេញសេចក្ដីគំរាម នឹងពាក្យកំហែង ព្រមទាំងការសំឡាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់នៅឡើយ ក៏ទៅឯសំដេចសង្ឃ សូមសំបុត្រកាន់យកទៅឯសាលាប្រជុំទាំងប៉ុន្មាន នៅក្រុងដាម៉ាស ប្រយោជន៍ដើម្បី បើឃើញមានអ្នកណាខ្លះ ដែលប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី នោះនឹងចាប់ចងគេ នាំមកឯក្រុងយេរូសាឡិម ប៉ុន្តែ កំពុងដែលគាត់ដើរតាមផ្លូវ ទៅជិតនឹងដល់ក្រុងដាម៉ាសហើយ នោះស្រាប់តែមានពន្លឺពីលើមេឃ ភ្លឺមកនៅជុំវិញខ្លួន គាត់ក៏ដួលដល់ដី រួចឮសំឡេងមានបន្ទូលមកថា សុល នែសុល ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ