កិច្ចការ 8:26-35 - Compare All Versions
កិច្ចការ 8:26-35 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡិម ទៅក្រុងកាសាទៅ»។ នេះជាផ្លូវមួយស្ងាត់!។ លោកក៏ក្រោកឡើង ហើយចេញដំណើរទៅ។ មានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកម្រៀវ ជាមន្ត្រីរបស់ព្រះនាងកានដេស មហាក្សត្រិយានីរបស់សាសន៍អេធីយ៉ូពី ហើយលោកជាអ្នកគ្រប់គ្រងរាជទ្រព្យទាំងប៉ុន្មានរបស់ព្រះនាង។ លោកបានមកក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំ ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះ ទាំងអានគម្ពីរហោរាអេសាយ។ ពេលនោះ ព្រះវិញ្ញាណមានព្រះបន្ទូលទៅលោកភីលីពថា៖ «ចូលទៅកៀកនឹងរទេះសេះនោះទៅ»។ លោកភីលីពក៏រត់ចូលទៅ ហើយឮមន្រ្តីនោះកំពុងអានគម្ពីរហោរាអេសាយ។ លោកភីលីពសួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះឬទេ?» មន្ត្រីនោះឆ្លើយថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មានអ្នកណាពន្យល់ណែនាំខ្ញុំផងនោះ?» លោកក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះជាមួយ។ បទគម្ពីរដែលលោកកំពុងអាននោះគឺ «ព្រះអង្គត្រូវគេនាំយកទៅសម្លាប់ដូចជាចៀម ដែលមិនបានហើបមាត់សោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោម។ ពេលព្រះអង្គត្រូវគេបន្ទាបបន្ថោក គេបានដកសេចក្តីយុត្តិធម៌ចេញពីព្រះអង្គទៅ។ តើអ្នកណាអាចតំណាលពីពូជពង្សរបស់ព្រះអង្គបាន ដ្បិតគេបានដកព្រះជន្មព្រះអង្គចេញពីផែនដីហើយ» ។ អ្នកកម្រៀវនោះសួរលោកភីលីពថា៖ «ខ្ញុំសូមសួរលោក តើហោរាមានប្រសាសន៍ដូច្នេះ សំដៅលើអ្នកណា? អំពីលោកផ្ទាល់ ឬអំពីអ្នកណាម្នាក់ផ្សេងទៀត?» ពេលនោះ លោកភីលីពបើកមាត់ ហើយប្រាប់ដំណឹងល្អអំពីព្រះយេស៊ូវដល់លោក ដោយចាប់ផ្ដើមជាមួយបទគម្ពីរនោះ។
កិច្ចការ 8:26-35 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ទេវតា*របស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។ លោកភីលីពក៏ក្រោកឡើងចេញដំណើរទៅ។ នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយរូប ជាមនុស្សកម្រៀវ* លោកជាមន្ត្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់ព្រះរាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះ ទាំងអានគម្ពីរព្យាការី*អេសាយផង។ ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។ លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ត្រីអេត្យូពីអានគម្ពីរព្យាការីអេសាយ លោកភីលីពសួរមន្ត្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។ លោកមន្ត្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។ រីឯអត្ថបទគម្ពីរដែលលោកកំពុងអាននោះគឺ៖ “លោកត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ លោកពុំបានហើបមាត់ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅមុខអ្នកកាត់រោម។ លោកត្រូវគេបន្ទាបបន្ថោក ហើយគេមិនរកយុត្តិធម៌ជូនលោកឡើយ។ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់លោកទេ ព្រោះគេបានដកជីវិតរបស់លោក ចេញពីផែនដីនេះបាត់ទៅហើយ” ។ មន្ត្រីនោះសួរលោកភីលីពថា៖ «សូមប្រាប់ខ្ញុំផង តើព្យាការី*មានប្រសាសន៍ដូច្នេះសំដៅលើអ្នកណា? តើលោកមានប្រសាសន៍អំពីខ្លួនលោកផ្ទាល់ ឬមានប្រសាសន៍អំពីអ្នកណាម្នាក់ផ្សេងទៀត?»។ លោកភីលីពក៏ជម្រាបជូនដំណឹងល្អអំពីព្រះយេស៊ូប្រាប់លោក ដោយចាប់ផ្ដើមពីអត្ថបទគម្ពីរនោះទៅ។
កិច្ចការ 8:26-35 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
នោះទេវតានៃព្រះអម្ចាស់ មានបន្ទូលទៅភីលីពថា ចូរក្រោកឡើងទៅឯខាងត្បូង តាមផ្លូវដែលចុះពីក្រុងយេរូសាឡិម ទៅឯក្រុងកាសា ដែលជាទីរហោស្ថានទៅ គាត់ក៏ក្រោកឡើងដើរទៅ នោះឃើញមានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកំរៀវ ដែលមានអំណាចក្រោមព្រះនាងកានដេស មហាក្សត្រីដែលសោយរាជ្យក្នុងស្រុកអេធីយ៉ូពី លោកជាអ្នកត្រួតត្រាលើអស់ទាំងព្រះរាជទ្រព្យរបស់ស្តេច ហើយបានមកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយបង្គំ លោកកំពុងតែជិះរថត្រឡប់ទៅវិញ ក៏មើលគម្ពីរហោរាអេសាយ ខណនោះ ព្រះវិញ្ញាណទ្រង់មានបន្ទូលទៅភីលីពថា ឲ្យចូលទៅប្រកៀកនឹងរថនោះទៅ ភីលីពក៏រត់ទៅតាម ឮលោកកំពុងតែអានមើលគម្ពីរហោរាអេសាយ រួចសួរថា លោកមើលយល់ឬទេ ឯលោកក៏ឆ្លើយឡើងថា បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យខ្ញុំយល់បាន រួចលោកក៏សូមឲ្យភីលីពឡើងជិះរថជាមួយគ្នា ឯបទគម្ពីរដែលលោកកំពុងតែមើលនោះ គឺត្រង់បទនេះថា «ទ្រង់ត្រូវគេដឹកនាំទៅ ដូចជាដឹកចៀមទៅសំឡាប់ ទ្រង់មិនបានហើបព្រះឱស្ឋសោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោមវា នៅគ្រាដែលទ្រង់ត្រូវបន្ទាបបន្ថោក នោះគេបានដកសេចក្ដីយុត្តិធម៌ចេញពីទ្រង់ទៅ តើអ្នកណានឹងថ្លែងពីព្រះវង្សាទ្រង់បាន ដ្បិតគេបានដកព្រះជន្មទ្រង់ពីផែនដីចេញហើយ» អ្នកកំរៀវនោះសួរភីលីពថា ខ្ញុំសូមសួរអ្នក តើហោរានិយាយដូច្នេះ គឺនិយាយពីអ្នកណា ពីខ្លួនលោក ឬពីអ្នកដទៃ នោះភីលីពបើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ