កិច្ចការ 8:14-40
កិច្ចការ 8:14-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលពួកសាវកនៅក្រុងយេរូសាឡិមបានឮថា ស្រុកសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះ គេក៏ចាត់លោកពេត្រុស និងលោកយ៉ូហាន ឲ្យទៅជួបអ្នកទាំងនោះ។ លុះអ្នកទាំងពីរបានចុះទៅដល់ ក៏អធិស្ឋានឲ្យពួកគេដើម្បីឲ្យបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដ្បិតព្រះវិញ្ញាណមិនទាន់បានយាងចុះមកសណ្ឋិតលើពួកគេណាម្នាក់នៅឡើយទេ គេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ។ ពេលនោះ អ្នកទាំងពីរបានដាក់ដៃលើគេ ហើយគេក៏បានទទួលព្រះវិញ្ញាណបរិសុទ្ធ។ កាលស៊ីម៉ូនបានឃើញថា ព្រះបានប្រទានព្រះវិញ្ញាណតាមរយៈពួកសាវកដាក់ដៃលើ គាត់ក៏យកប្រាក់មកជូនអ្នកទាំងពីរ ដោយពោលថា៖ «សូមឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ»។ ប៉ុន្តែ លោកពេត្រុសតបទៅគាត់ថា៖ «ចូរឲ្យប្រាក់របស់អ្នក វិនាសជាមួយអ្នកទៅចុះ ព្រោះអ្នកស្មានថា អ្នកអាចយកប្រាក់មកទិញអំណោយទានរបស់ព្រះបាន! អ្នកគ្មានភាគ គ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនទៀងត្រង់ចំពោះព្រះទេ។ ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្តីអាក្រក់នេះទៅ ហើយអធិស្ឋានដល់ព្រះអម្ចាស់ ក្រែងទ្រង់អត់ទោសឲ្យអ្នកដែលមានបំណងបែបនេះ។ ដ្បិតខ្ញុំឃើញថា អ្នកនៅជាប់ក្នុងសេចក្តីជូរល្វីង ហើយក៏ជាប់ក្នុងចំណងនៃអំពើទុច្ចរិតដែរ»។ លោកស៊ីម៉ូនតបថា៖ «សូមអធិស្ឋានដល់ព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាកើតឡើងដល់ខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។ កាលអ្នកទាំងពីរបានធ្វើបន្ទាល់ ហើយបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ ពួកលោកក៏ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ទាំងប្រកាសដំណឹងល្អដល់ភូមិជាច្រើនរបស់សាសន៍សាម៉ារី។ ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡិម ទៅក្រុងកាសាទៅ»។ នេះជាផ្លូវមួយស្ងាត់!។ លោកក៏ក្រោកឡើង ហើយចេញដំណើរទៅ។ មានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកម្រៀវ ជាមន្ត្រីរបស់ព្រះនាងកានដេស មហាក្សត្រិយានីរបស់សាសន៍អេធីយ៉ូពី ហើយលោកជាអ្នកគ្រប់គ្រងរាជទ្រព្យទាំងប៉ុន្មានរបស់ព្រះនាង។ លោកបានមកក្រុងយេរូសាឡិម ដើម្បីថ្វាយបង្គំ ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះ ទាំងអានគម្ពីរហោរាអេសាយ។ ពេលនោះ ព្រះវិញ្ញាណមានព្រះបន្ទូលទៅលោកភីលីពថា៖ «ចូលទៅកៀកនឹងរទេះសេះនោះទៅ»។ លោកភីលីពក៏រត់ចូលទៅ ហើយឮមន្រ្តីនោះកំពុងអានគម្ពីរហោរាអេសាយ។ លោកភីលីពសួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះឬទេ?» មន្ត្រីនោះឆ្លើយថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មានអ្នកណាពន្យល់ណែនាំខ្ញុំផងនោះ?» លោកក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះជាមួយ។ បទគម្ពីរដែលលោកកំពុងអាននោះគឺ «ព្រះអង្គត្រូវគេនាំយកទៅសម្លាប់ដូចជាចៀម ដែលមិនបានហើបមាត់សោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោម។ ពេលព្រះអង្គត្រូវគេបន្ទាបបន្ថោក គេបានដកសេចក្តីយុត្តិធម៌ចេញពីព្រះអង្គទៅ។ តើអ្នកណាអាចតំណាលពីពូជពង្សរបស់ព្រះអង្គបាន ដ្បិតគេបានដកព្រះជន្មព្រះអង្គចេញពីផែនដីហើយ» ។ អ្នកកម្រៀវនោះសួរលោកភីលីពថា៖ «ខ្ញុំសូមសួរលោក តើហោរាមានប្រសាសន៍ដូច្នេះ សំដៅលើអ្នកណា? អំពីលោកផ្ទាល់ ឬអំពីអ្នកណាម្នាក់ផ្សេងទៀត?» ពេលនោះ លោកភីលីពបើកមាត់ ហើយប្រាប់ដំណឹងល្អអំពីព្រះយេស៊ូវដល់លោក ដោយចាប់ផ្ដើមជាមួយបទគម្ពីរនោះ។ កាលកំពុងធ្វើដំណើរតាមផ្លូវ គេក៏មកដល់កន្លែងមានទឹក ហើយអ្នកកម្រៀវនោះមានប្រសាសន៍ថា៖ «មើល៍! ទីនេះមានទឹក តើមានអ្វីរាំងរាខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកឬទេ?» [លោកភីលីពឆ្លើយថា៖ «បើលោកជឿអស់ពីចិត្តមែន លោកអាចទទួលពិធីនេះបាន»។ មន្រ្តីនោះឆ្លើយតបវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជ្យបុត្រារបស់ព្រះ»]។ លោកបង្គាប់ឲ្យបញ្ឈប់រទេះ ហើយអ្នកទាំងពីរ ទាំងលោកភីលីព និងអ្នកកម្រៀវ ក៏ចុះទៅក្នុងទឹក រួចលោកក៏ជ្រមុជទឹកឲ្យអ្នកកម្រៀវនោះ។ ពេលគេឡើងចេញពីទឹកមកវិញ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ឆក់លោកភីលីពចេញទៅបាត់ អ្នកកម្រៀវមិនឃើញលោកទៀតទេ ហើយគាត់ក៏បន្តដំណើរទៅទាំងអរសប្បាយ។ ប៉ុន្តែ លោកភីលីពបានឃើញថា លោកនៅឯក្រុងអាសូត លោកក៏ដើរទៅទាំងប្រកាសដំណឹងល្អនៅអស់ទាំងក្រុង រហូតទៅដល់ក្រុងសេសារា។
កិច្ចការ 8:14-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុមសាវ័ក*នៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ចាត់លោកពេត្រុស និងលោកយ៉ូហាន ឲ្យទៅជួបអ្នកទាំងនោះ។ លុះទៅដល់ស្រុកសាម៉ារី សាវ័ក*ទាំងពីរក៏ទូលអង្វរព្រះជាម្ចាស់ សុំឲ្យពួកអ្នកជឿបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ* ដ្បិតព្រះវិញ្ញាណពុំទាន់យាងចុះមកសណ្ឋិតលើអ្នកណាម្នាក់ ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ។ ពេលនោះ លោកពេត្រុស និងលោកយ៉ូហានបានដាក់ដៃ*លើគេ ហើយគេក៏បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ កាលលោកស៊ីម៉ូនឃើញថា ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកអ្នកជឿ ដោយសាវ័កដាក់ដៃលើដូច្នោះ គាត់ក៏យកប្រាក់មកជូនសាវ័កទាំងពីរ ហើយពោលថា៖ «សូមលោកប្រគល់ឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះនឹងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែរ»។ លោកពេត្រុសតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្តរាយជាមួយអ្នកទៅ អ្នកនឹកស្មានថា អាចយកប្រាក់មកទិញព្រះអំណោយទានរបស់ព្រះជាម្ចាស់បាន! អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្តរបស់អ្នកមិនទៀងត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ។ ចូរលះបង់ចិត្តគំនិតអាក្រក់ចោលទៅ ហើយទូលអង្វរព្រះអម្ចាស់ ក្រែងលោព្រះអង្គលើកលែងទោសឲ្យអ្នកដែលមានចិត្តបែបនេះ ដ្បិតខ្ញុំឃើញថាអ្នកមានចិត្តខ្មៅ ហើយក៏នៅជាប់ចំណងអំពើទុច្ចរិតដែរ»។ លោកស៊ីម៉ូនតបទៅវិញថា៖ «សូមលោកទូលអង្វរព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាមួយកើតឡើងចំពោះរូបខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។ ក្រោយពីបានផ្ដល់សក្ខីភាព និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ សាវ័កទាំងពីររូបក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងផ្សព្វផ្សាយដំណឹងល្អក្នុងភូមិជាច្រើន នៅស្រុកសាម៉ារីផង។ ទេវតា*របស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។ លោកភីលីពក៏ក្រោកឡើងចេញដំណើរទៅ។ នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយរូប ជាមនុស្សកម្រៀវ* លោកជាមន្ត្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់ព្រះរាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះ ទាំងអានគម្ពីរព្យាការី*អេសាយផង។ ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។ លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ត្រីអេត្យូពីអានគម្ពីរព្យាការីអេសាយ លោកភីលីពសួរមន្ត្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។ លោកមន្ត្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។ រីឯអត្ថបទគម្ពីរដែលលោកកំពុងអាននោះគឺ៖ “លោកត្រូវគេនាំយកទៅដូចជាចៀម ដែលគេនាំទៅសម្លាប់ លោកពុំបានហើបមាត់ទាល់តែសោះ គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់ នៅមុខអ្នកកាត់រោម។ លោកត្រូវគេបន្ទាបបន្ថោក ហើយគេមិនរកយុត្តិធម៌ជូនលោកឡើយ។ គ្មាននរណាអាចតំណាលអំពីពូជពង្ស របស់លោកទេ ព្រោះគេបានដកជីវិតរបស់លោក ចេញពីផែនដីនេះបាត់ទៅហើយ” ។ មន្ត្រីនោះសួរលោកភីលីពថា៖ «សូមប្រាប់ខ្ញុំផង តើព្យាការី*មានប្រសាសន៍ដូច្នេះសំដៅលើអ្នកណា? តើលោកមានប្រសាសន៍អំពីខ្លួនលោកផ្ទាល់ ឬមានប្រសាសន៍អំពីអ្នកណាម្នាក់ផ្សេងទៀត?»។ លោកភីលីពក៏ជម្រាបជូនដំណឹងល្អអំពីព្រះយេស៊ូប្រាប់លោក ដោយចាប់ផ្ដើមពីអត្ថបទគម្ពីរនោះទៅ។ លោកទាំងពីរចេះតែបន្តដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ត្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹក តើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។ លោកភីលីពមានប្រសាសន៍ទៅលោកមន្ត្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្តនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ត្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូគ្រិស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ លោកបញ្ជាឲ្យគេបញ្ឈប់រទេះសេះ។ លោកមន្ត្រី និងលោកភីលីពចុះទៅក្នុងទឹកទាំងពីរនាក់ ហើយលោកភីលីពក៏ជ្រមុជទឹកជូនមន្ត្រីនោះ។ កាលលោកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ត្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ត្រីបន្តដំណើរទៅមុខដោយចិត្តត្រេកអរសប្បាយ។ រីឯលោកភីលីព គេបែរជាឃើញលោកនៅឯក្រុងអាសូតឯណោះ។ បន្ទាប់មក លោកធ្វើដំណើរពីក្រុងមួយទៅក្រុងមួយទាំងផ្សព្វផ្សាយដំណឹងល្អ* រហូតទៅដល់ក្រុងសេសារា។
កិច្ចការ 8:14-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកសាវក នៅក្រុងយេរូសាឡិម បានឮថា ស្រុកសាម៉ារីទទួលព្រះបន្ទូលហើយ នោះគេចាត់ពេត្រុស នឹងយ៉ូហាន ឲ្យទៅឯពួកអ្នកនោះ លុះអ្នកទាំង២បានចុះទៅដល់ហើយ នោះក៏អធិស្ឋានឲ្យគេ ប្រយោជន៍ឲ្យគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ ដ្បិតព្រះវិញ្ញាណមិនទាន់ចុះមក សណ្ឋិតលើពួកគេណាមួយនៅឡើយ គេគ្រាន់តែបានទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ ដូច្នេះ អ្នកទាំង២ក៏ដាក់ដៃលើគេ ហើយគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ កាលស៊ីម៉ូនបានឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតដោយពួកសាវកដាក់ដៃលើគេដូច្នោះ នោះគាត់យកប្រាក់មកជូន ដោយពាក្យថា សូមឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា ឲ្យអ្នកនោះបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ តែពេត្រុសឆ្លើយតបថា ចូរឲ្យប្រាក់អ្នកវិនាសទៅជាមួយនឹងអ្នកចុះ ព្រោះអ្នកស្មានថា នឹងយកប្រាក់មកទិញអំណោយទានរបស់ព្រះបានដូច្នេះ អ្នកគ្មានភាគគ្មានចំណែកក្នុងការនេះឡើយ ព្រោះចិត្តអ្នកមិនស្មោះត្រង់ចំពោះព្រះទេ ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្ដីអាក្រក់នេះចុះ ហើយសូមអង្វរដល់ព្រះអម្ចាស់វិញ ក្រែងទ្រង់នឹងអត់ទោសដល់គំនិតក្នុងចិត្តអ្នកបាន ដ្បិតខ្ញុំយល់ឃើញថា អ្នកនៅក្នុងសេចក្ដីជូរល្វីង ហើយក៏ជាប់ដោយចំណងនៃសេចក្ដីទុច្ចរិតផង ស៊ីម៉ូនឆ្លើយឡើងថា សូមលោកជួយអង្វរដល់ព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានការអ្វីមួយ ដូចលោកមានប្រសាសន៍នោះ បានកើតមកដល់ខ្ញុំឡើយ កាលអ្នកទាំង២បានប្រឹងធ្វើបន្ទាល់អស់ពីចិត្ត ហើយប្រាប់ព្រះបន្ទូលនៃព្រះអម្ចាស់រួចហើយ នោះក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ទាំងប្រកាសប្រាប់ដំណឹងល្អ នៅក្នុងភូមិរបស់សាសន៍សាម៉ារីជាច្រើនតាមផ្លូវរៀងទៅ។ នោះទេវតានៃព្រះអម្ចាស់ មានបន្ទូលទៅភីលីពថា ចូរក្រោកឡើងទៅឯខាងត្បូង តាមផ្លូវដែលចុះពីក្រុងយេរូសាឡិម ទៅឯក្រុងកាសា ដែលជាទីរហោស្ថានទៅ គាត់ក៏ក្រោកឡើងដើរទៅ នោះឃើញមានសាសន៍អេធីយ៉ូពីម្នាក់ ជាមនុស្សកំរៀវ ដែលមានអំណាចក្រោមព្រះនាងកានដេស មហាក្សត្រីដែលសោយរាជ្យក្នុងស្រុកអេធីយ៉ូពី លោកជាអ្នកត្រួតត្រាលើអស់ទាំងព្រះរាជទ្រព្យរបស់ស្តេច ហើយបានមកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយបង្គំ លោកកំពុងតែជិះរថត្រឡប់ទៅវិញ ក៏មើលគម្ពីរហោរាអេសាយ ខណនោះ ព្រះវិញ្ញាណទ្រង់មានបន្ទូលទៅភីលីពថា ឲ្យចូលទៅប្រកៀកនឹងរថនោះទៅ ភីលីពក៏រត់ទៅតាម ឮលោកកំពុងតែអានមើលគម្ពីរហោរាអេសាយ រួចសួរថា លោកមើលយល់ឬទេ ឯលោកក៏ឆ្លើយឡើងថា បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យខ្ញុំយល់បាន រួចលោកក៏សូមឲ្យភីលីពឡើងជិះរថជាមួយគ្នា ឯបទគម្ពីរដែលលោកកំពុងតែមើលនោះ គឺត្រង់បទនេះថា «ទ្រង់ត្រូវគេដឹកនាំទៅ ដូចជាដឹកចៀមទៅសំឡាប់ ទ្រង់មិនបានហើបព្រះឱស្ឋសោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោមវា នៅគ្រាដែលទ្រង់ត្រូវបន្ទាបបន្ថោក នោះគេបានដកសេចក្ដីយុត្តិធម៌ចេញពីទ្រង់ទៅ តើអ្នកណានឹងថ្លែងពីព្រះវង្សាទ្រង់បាន ដ្បិតគេបានដកព្រះជន្មទ្រង់ពីផែនដីចេញហើយ» អ្នកកំរៀវនោះសួរភីលីពថា ខ្ញុំសូមសួរអ្នក តើហោរានិយាយដូច្នេះ គឺនិយាយពីអ្នកណា ពីខ្លួនលោក ឬពីអ្នកដទៃ នោះភីលីពបើកមាត់សំដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូវ ចាប់តាំងពីបទគម្ពីរនោះរៀងទៅ កាលកំពុងតែទៅតាមផ្លូវ នោះឃើញមានទីទឹក ហើយអ្នកកំរៀវនិយាយថា មើល នុ៎ះន៏ទឹក តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន ភីលីពឆ្លើយថា បើលោកជឿអស់ពីចិត្ត នោះទទួលបាន លោកឆ្លើយឡើងថា ខ្ញុំជឿហើយ ថាព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ នោះលោកបង្គាប់ឲ្យបញ្ឈប់រថ រួចភីលីព នឹងអ្នកកំរៀវ ក៏ចុះទៅក្នុងទឹកទាំង២នាក់ ហើយភីលីព គាត់ធ្វើបុណ្យជ្រមុជទឹកឲ្យ លុះឡើងពីទឹកមក នោះព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់ឆក់យកភីលីពបាត់ទៅ ហើយអ្នកកំរៀវមិនបានឃើញគាត់ទៀតទេ ក៏ទៅតាមផ្លូវទៅ ដោយអរសប្បាយ ឯភីលីព គេបានឃើញគាត់នៅក្រុងអាសូតវិញ គាត់ក៏ដើរទៅទាំងផ្សាយដំណឹងល្អនៅគ្រប់អស់ទាំងទីក្រុងរៀងទៅ រហូតទៅដល់ក្រុងសេសារា។