កិច្ចការ 8:1-13
កិច្ចការ 8:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯលោកសុលក៏មានចំណែកក្នុងការសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះ មានការបៀតបៀនជាខ្លាំងមកលើក្រុមជំនុំនៅក្រុងយេរូសាឡិម ហើយក្រុមជំនុំត្រូវខ្ចាត់ខ្ចាយ ទៅពាសពេញស្រុកយូដា និងស្រុកសាម៉ារី លើកលែងតែពួកសាវក។ បុរសៗដែលគោរពកោតខ្លាចព្រះ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំសោកនឹងលោកជាខ្លាំង។ រីឯលោកសុលវិញ បានធ្វើទុក្ខក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ហើយចាប់អូសទាំងប្រុសទាំងស្រី យកទៅដាក់គុក។ ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ បានចេញពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រកាសព្រះបន្ទូល។ លោកភីលីពចុះទៅទីក្រុងមួយនៅស្រុកសាម៉ារី ប្រកាសប្រាប់គេអំពីព្រះគ្រីស្ទ មហាជនរួមចិត្តគ្នាស្តាប់យ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្ដីដែលលោកភីលីពមានប្រសាសន៍ ដោយគេឮ និងឃើញទីសម្គាល់ដែលលោកបានធ្វើ ដ្បិតមានវិញ្ញាណអាក្រក់បានចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងជាខ្លាំង ហើយមនុស្សស្លាប់ដៃស្លាប់ជើង និងមនុស្សខ្វិនជាច្រើនបានជា។ ដូច្នេះ នៅទីក្រុងនោះមានអំណរជាខ្លាំង។ នៅក្រុងនោះ មានបុរសម្នាក់ឈ្មោះស៊ីម៉ូន ពីមុនជាអ្នកដែលនាំឲ្យសាសន៍សាម៉ារីកោតសរសើរ ដោយធ្លាប់ប្រើមន្តអាគម ទាំងប្រកាសថាខ្លួនជាអ្នកធំ។ គេទាំងអស់គ្នា ចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ សុទ្ធតែយកចិត្តទុកដាក់ស្តាប់គាត់ ដោយពោលថា៖ «អ្នកនេះជាព្រះចេស្តារបស់ព្រះដ៏ធំហើយ!»។ គេយកចិត្តទុកដាក់ស្តាប់គាត់ ព្រោះគាត់សម្តែងមន្តអាគមឲ្យគេស្ញើចសរសើរយូរមកហើយ។ ប៉ុន្ដែ ពេលគេបានជឿតាមលោកភីលីព ដែលបានប្រកាសដំណឹងល្អពីព្រះរាជ្យរបស់ព្រះ និងពីព្រះនាមព្រះយេស៊ូវគ្រីស្ទ គេក៏ទទួលពិធីជ្រមុជទឹក ទាំងប្រុសទាំងស្រី។ ស៊ីម៉ូនផ្ទាល់ក៏ជឿដែរ ហើយក្រោយពីបានទទួលពិធីជ្រមុជទឹករួចហើយ គាត់ក៏នៅជាប់ជាមួយលោកភីលីពរហូត ហើយគាត់មានសេចក្ដីអស្ចារ្យ ដោយឃើញទីសម្គាល់ និងការអស្ចារ្យធំៗដែលបានកើតឡើង។
កិច្ចការ 8:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះ ក្រុមជំនុំ*នៅក្រុងយេរូសាឡឹមត្រូវគេបៀតបៀនជាខ្លាំង។ អ្នកជឿទាំងប៉ុន្មានលើកលែងតែក្រុមសាវ័កចេញ បានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី។ អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។ រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។ ពួកសិស្ស*ដែលបែកខ្ញែកគ្នានោះ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ*អំពីព្រះបន្ទូល។ លោកភីលីពបានធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីព្រះគ្រិស្ត*។ មហាជនរួមចិត្តគំនិតគ្នាពេញចិត្តនឹងពាក្យសម្ដីរបស់លោកភីលីព ព្រោះគេបានឮលោកមានប្រសាសន៍ និងបានឃើញទីសម្គាល់ដ៏អស្ចារ្យ ដែលលោកបានធ្វើ គឺមានវិញ្ញាណអាក្រក់ចេញពីមនុស្សជាច្រើន ទាំងស្រែកខ្លាំងៗ និងមានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។ ប្រជាជននៅក្រុងនោះ មានអំណរសប្បាយដ៏លើសលុប។ មានបុរសម្នាក់ឈ្មោះស៊ីម៉ូន រស់នៅក្នុងក្រុងនោះ តាំងពីមុនលោកភីលីពមកដល់ម៉្លេះ។ គាត់ជាគ្រូមន្តអាគម ធ្វើឲ្យប្រជាជននៅស្រុកសាម៉ារីស្ងើចសរសើរគាត់ជាខ្លាំង ហើយគាត់អួតខ្លួនថាគាត់ជាអ្នកធំមួយរូប។ ប្រជាជនទាំងតូចទាំងធំពេញចិត្តនឹងគាត់គ្រប់ៗគ្នា គេពោលថា៖ «លោកនេះហើយជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលជាឫទ្ធានុភាពដ៏ឧត្តុង្គឧត្ដម»។ ប្រជាជនពេញចិត្តនឹងគាត់ដូច្នេះ ព្រោះគាត់បានសម្តែងមន្តអាគមឲ្យគេស្ងើចសរសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កាលគេជឿដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងអំពីព្រះនាមព្រះយេស៊ូគ្រិស្ត* ដែលលោកភីលីពប្រកាសប្រាប់ គេក៏ទទួលពិធីជ្រមុជទឹក* ទាំងប្រុស ទាំងស្រី។ លោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹកទៀតផង ហើយគាត់នៅជាប់នឹងលោកភីលីពជានិច្ច។ កាលគាត់បានឃើញទីសម្គាល់ និងការអស្ចារ្យដ៏ធំៗដែលកើតមាននៅពេលនោះ គាត់ក៏ស្ងើចសរសើរយ៉ាងខ្លាំង។
កិច្ចការ 8:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះឯង ក៏កើតមានសេចក្ដីបៀតបៀនជាខ្លាំង ទាស់នឹងពួកជំនុំនៅក្រុងយេរូសាឡិម ហើយពួកជំនុំត្រូវខ្ចាត់ខ្ចាយ ទៅនៅតែពាស ក្នុងស្រុកយូដា នឹងស្រុកសាម៉ារី លើកតែពួកសាវកចេញ រីឯខ្មោចស្ទេផាន នោះមានពួកមនុស្សខ្លះដែលកោតខ្លាចដល់ព្រះ បាននាំយកទៅកប់ ព្រមទាំងយំសោកនឹងគាត់ជាខ្លាំងផង។ ឯសុលបានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុក។ ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល ឯភីលីព គាត់ចុះទៅឯទីក្រុង១នៅស្រុកសាម៉ារី ប្រាប់គេពីព្រះគ្រីស្ទ ហើយបណ្តាមនុស្សក៏ស្រុះចិត្តគ្នា នឹងប្រុងស្តាប់អស់ទាំងសេចក្ដី ដែលភីលីពនិយាយ ដោយគេឮ ហើយឃើញទីសំគាល់ដែលគាត់ធ្វើ ព្រោះមានអារក្សអសោចិ៍ ដែលបានចូលមនុស្សជាច្រើន វាស្រែកឡើងជាខ្លាំង រួចចេញមក ក៏មានមនុស្សស្លាប់ដៃស្លាប់ជើង នឹងមនុស្សខ្វិនជាច្រើន បានជាដែរ ហើយនៅទីក្រុងនោះ គេមានសេចក្ដីអំណរជាខ្លាំង។ រីឯនៅក្រុងនោះ មានមនុស្សម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកដែលពីដើមនាំឲ្យសាសន៍សាម៉ារីភាន់ភាំង ដោយវិធីមន្តអាគមរបស់ខ្លួន ទាំងប្រកាសខ្លួនថាជាអ្នកធំណាមួយ មនុស្សទាំងឡាយ ចាប់តាំងពីអ្នកតូច រហូតដល់អ្នកធំ ក៏ប្រុងផ្ចង់ស្តាប់គាត់ទាំងអស់គ្នា ដោយថា អ្នកនេះពិតជាតួព្រះចេស្តានៃព្រះដ៏ធំហើយ គេប្រុងស្តាប់គាត់ ពីព្រោះគាត់នាំឲ្យភាន់ជាយូរមកហើយ ដោយមន្តអាគមរបស់គាត់ តែកាលមនុស្សទាំងអស់បានជឿតាមភីលីព ដែលគាត់ប្រាប់ដំណឹងល្អពីនគរនៃព្រះ ហើយពីព្រះនាមព្រះយេស៊ូវគ្រីស្ទវិញ នោះគេក៏ទទួលបុណ្យជ្រមុជទឹកទាំងប្រុសទាំងស្រី ហើយស៊ីម៉ូននោះក៏ជឿដែរ លុះគាត់ទទួលបុណ្យជ្រមុជរួចហើយ នោះក៏នៅជាប់នឹងភីលីពជាដរាបទៅ ហើយគាត់កើតមានសេចក្ដីអស្ចារ្យ ដោយបានឃើញទីសំគាល់ នឹងការឫទ្ធិបារមីជាធំដែលកើតមក។