កិច្ចការ 7:9-16
កិច្ចការ 7:9-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បុព្វបុរសទាំងនោះក៏លក់លោកយ៉ូសែបទៅស្រុកអេស៊ីព្ទ ដោយមានចិត្តឈ្នានីស តែព្រះគង់ជាមួយលោក ហើយប្រោសឲ្យលោករួចពីគ្រប់ទាំងសេចក្តីវេទនា ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងជាទីគាប់ព្រះហឫទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ផារ៉ានក៏តាំងឲ្យលោកធ្វើជាអ្នកគ្រប់គ្រងលើស្រុកនោះ និងលើព្រះរាជវាំងទាំងមូល។ ពេលនោះ មានអំណត់កើតឡើងនៅពាសពេញស្រុកអេស៊ីព្ទ និងស្រុកកាណាន ហើយមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគមិនបានឡើយ។ ប៉ុន្ដែ កាលលោកយ៉ាកុបបានឮថា មានស្រូវនៅស្រុកអេស៊ីព្ទ លោកក៏ចាត់បុព្វបុរសរបស់យើងឲ្យទៅជាលើកទីមួយ។ លុះលើកទីពីរ លោកយ៉ូសែបបានប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់លោក ហើយផារ៉ោនក៏បានស្គាល់គ្រួសាររបស់លោកយ៉ូសែបដែរ។ ពេលនោះ លោកយ៉ូសែបក៏ចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក និងញាតិសន្តានទាំងអស់ មានចំនួនចិតសិបប្រាំនាក់នោះមក។ ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយលោក និងបុព្វបុរសរបស់យើងក៏បានស្លាប់នៅទីនោះ។ គេបានដង្ហែសពលោកទៅក្រុងស៊ីគែម ហើយបានបញ្ចុះក្នុងផ្នូរ ដែលលោកអ័ប្រាហាំបានទិញពីកូនចៅហេម័រ នៅក្រុងស៊ីគែមនោះ។
កិច្ចការ 7:9-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកបុព្វបុរសមានចិត្តច្រណែនឈ្នានីសនឹងលោកយ៉ូសែប ក៏លក់លោកឲ្យគេនាំយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប។ ប៉ុន្តែ ព្រះជាម្ចាស់គង់ជាមួយលោក ព្រះអង្គបានរំដោះលោកឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ ព្រះអង្គប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងគាប់ព្រះហឫទ័យព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនបានតែងតាំងលោកឲ្យគ្រប់គ្រងស្រុកអេស៊ីប និងត្រួតត្រាព្រះរាជវាំងទាំងមូលផង។ ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។ ពេលលោកយ៉ាកុបឮដំណឹងថានៅស្រុកអេស៊ីបមានស្រូវ លោកក៏ចាត់ពួកបុព្វបុរសរបស់យើង ឲ្យទៅស្រុកនោះជាលើកទីមួយ។ នៅលើកទីពីរ លោកយ៉ូសែបបានប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់លោក ហើយព្រះចៅផារ៉ោនក៏បានជ្រាបអំពីដើមកំណើតរបស់លោកយ៉ូសែបដែរ។ បន្ទាប់មក លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុប ជាឪពុក និងញាតិសន្ដានទាំងអស់ ដែលមានគ្នាចិតសិបប្រាំនាក់នោះមក។ លោកយ៉ាកុបក៏ចុះទៅស្រុកអេស៊ីប ហើយលោកទទួលមរណភាពទៅ ពួកបុព្វបុរសក៏ទទួលមរណភាពនៅស្រុកនោះដែរ។ គេបានដឹកសពលោកយ៉ាកុប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែម ក្នុងផ្នូរដែលលោកអប្រាហាំបានទិញពីកូនរបស់លោកហេម័រ នៅភូមិស៊ីគែមនោះ។
កិច្ចការ 7:9-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកឰយុកោទាំងនោះ ក៏លក់យ៉ូសែបឲ្យទៅឯស្រុកអេស៊ីព្ទទៅ ដោយមានចិត្តឈ្នានីស តែព្រះទ្រង់គង់ជាមួយនឹងលោក ហើយក៏ប្រោសឲ្យលោករួច ពីគ្រប់ទាំងសេចក្ដីវេទនាទាំងអស់វិញ ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ ហើយឲ្យជាទីគាប់ព្រះទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដែលតាំងឲ្យលោកធ្វើជាចៅហ្វាយលើស្រុកនោះ នឹងលើព្រះរាជវាំងទាំងមូលផង រីឯនៅស្រុកអេស៊ីព្ទ នឹងស្រុកកាណាន ក៏កើតមានអំណត់អត់បាយគ្រប់កន្លែង មានសេចក្ដីវេទនាជាខ្លាំង ហើយពួកឰយុកោនៃយើងរាល់គ្នា គេរកអ្វីនឹងចិញ្ចឹមជីវិតមិនបាន នោះលោកយ៉ាកុបឮថា មានស្រូវនៅស្រុកអេស៊ីព្ទ ក៏ចាត់ប្រើពួកឰយុកោយើង ឲ្យទៅជាជាន់មុនដំបូង លុះដល់លើកទី២ ទើបលោកយ៉ូសែបបានឲ្យបងប្អូនស្គាល់ខ្លួន ហើយផារ៉ោនក៏បានស្គាល់គ្រួសារនៃលោកយ៉ូសែបដែរ រួចលោកយ៉ូសែបប្រើពួកបងប្អូន ឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក នឹងញាតិសន្តានទាំងប៉ុន្មាន មានចំនួន៧៥នាក់ឲ្យមក ដូច្នេះ លោកយ៉ាកុបក៏ចុះទៅនៅស្រុកអេស៊ីព្ទ ហើយបានស្លាប់នៅទីនោះ ព្រមទាំងពួកឰយុកោយើងដែរ គេដង្ហែសពលោកទៅឯស្រុកស៊ីគែមបញ្ចុះក្នុងផ្នូរ ដែលលោកអ័ប្រាហាំបានទិញ ពីពួកកូនចៅហេម័រ ជាអ្នកស្រុកស៊ីគែមនោះ។