កិច្ចការ 7:48-60
កិច្ចការ 7:48-60 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះដ៏ខ្ពស់បំផុត ទ្រង់មិនគង់នៅក្នុងដំណាក់ដែលធ្វើដោយដៃមនុស្សឡើយ ដូចជាហោរាបានថ្លែងថា "ស្ថានសួគ៌ជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់កល់ជើងយើង។ ព្រះអម្ចាស់មានព្រះបន្ទូលថា តើអ្នករាល់គ្នានឹងសង់ដំណាក់ណាឲ្យយើង ឬតើកន្លែងសម្រាករបស់យើងជាអ្វី? តើមិនមែនដៃរបស់យើងដែលបង្កើតរបស់ទាំងនេះទេឬ?" ឱមនុស្សក្បាលរឹង ដែលមានចិត្ត មានត្រចៀកមិនកាត់ស្បែកអើយ! អស់លោកចេះតែទាស់នឹងព្រះវិញ្ញាណបរិសុទ្ធជានិច្ច មិនខុសពីបុព្វបុរសរបស់អស់លោកទេ! តើមានហោរាណាម្នាក់ ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះ? ពួកគាត់បានសម្លាប់អស់អ្នកដែលប្រកាសប្រាប់ឲ្យដឹងជាមុន ពីដំណើរដែលព្រះដ៏សុចរិតត្រូវយាងមក ឥឡូវនេះ អស់លោកបានត្រឡប់ជាអ្នកក្បត់ ហើយសម្លាប់ព្រះអង្គនោះថែមទៀតផង។ អស់លោកជាអ្នកដែលបានទទួលក្រឹត្យវិន័យតាមរយៈពួកទេវតា តែអស់លោកមិនបានកាន់តាមសោះ!»។ ពេលគេបានឮដូច្នោះ គេមានចិត្តក្តៅក្រហាយជាខ្លាំង ហើយគេសង្កៀតធ្មេញដាក់លោកស្ទេផាន។ ប៉ុន្ដែ លោកបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយលោកសម្លឹងមើលទៅលើមេឃ ឃើញសិរីល្អរបស់ព្រះ និងព្រះយេស៊ូវឈរនៅខាងស្តាំព្រះហស្តរបស់ព្រះ។ លោកមានប្រសាសន៍ថា៖ «មើលហ្ន៎! ខ្ញុំឃើញមេឃបើកចំហ ហើយកូនមនុស្សឈរនៅខាងស្តាំព្រះហស្តរបស់ព្រះ»។ ប៉ុន្តែ គេក៏ស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃចុកត្រចៀក ហើយស្ទុះចូលព្រមគ្នាទៅសង្គ្រប់លើលោក។ បន្ទាប់មក គេអូសលោកចេញទៅខាងក្រៅទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ រីឯពួកស្មរបន្ទាល់ បានដោះសម្លៀកបំពាក់របស់ខ្លួន ទុកនៅទៀបជើងរបស់យុវជនម្នាក់ ឈ្មោះសុល។ កាលគេកំពុងគប់លោកស្ទេផាននឹងដុំថ្ម លោកអធិស្ឋានថា៖ «ឱព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណទូលបង្គំផង!» បន្ទាប់មក លោកលុតជង្គង់ចុះ ហើយស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ការនេះជាបាបដល់គេឡើយ»។ កាលលោកបានពោលដូច្នេះហើយ នោះក៏ដេកលក់ទៅ ។
កិច្ចការ 7:48-60 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះដ៏ខ្ពង់ខ្ពស់បំផុត មិនគង់នៅក្នុងដំណាក់ដែលសង់ឡើងដោយដៃមនុស្សឡើយ ដូចព្យាការី*បានថ្លែងទុកមកស្រាប់ថា: “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ”។ ព្រះអម្ចាស់មានព្រះបន្ទូលថា: “តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា ឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា? គឺយើងទេតើដែលបានបង្កើត អ្វីៗទាំងនោះមក!” ។ អស់លោកចិត្តរឹងរូសអើយ! អស់លោកមានចិត្តមានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ! គ្មានព្យាការីណាម្នាក់ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់លោកបានសម្លាប់អស់អ្នក ដែលប្រកាសទុកជាមុនថាព្រះដ៏សុចរិតនឹងយាងមក។ ឥឡូវនេះ អស់លោកបានចាប់ព្រះអង្គនោះបញ្ជូនទៅឲ្យគេ ហើយអស់លោកធ្វើគុតព្រះអង្គថែមទៀតផង។ អស់លោកបានទទួលក្រឹត្យវិន័យ តាមរយៈទេវតា តែអស់លោកពុំបានប្រព្រឹត្តតាមសោះ!»។ កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេក្រេវក្រោធជាខ្លាំង គេសង្កៀតធ្មេញដាក់លោកស្ទេផាន។ រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្ដាំព្រះអង្គ។ លោកមានប្រសាសន៍ថា៖ «មើលហ្ន៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រមនុស្ស*ឈរនៅខាងស្ដាំព្រះជាម្ចាស់»។ ពួកគេស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រុបពីលើលោក។ គេបណ្ដេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នកដែលជាសាក្សីបានយកសម្លៀកបំពាក់របស់ខ្លួនទៅទុក នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។ នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូលអង្វរថា៖ «ព្រះអម្ចាស់យេស៊ូអើយ សូមទទួលវិញ្ញាណរបស់ទូលបង្គំផង!»។ បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅ។
កិច្ចការ 7:48-60 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ឯព្រះដ៏ខ្ពស់បំផុត ទ្រង់មិនគង់នៅក្នុងព្រះវិហារ ដែលដៃមនុស្សធ្វើនោះឡើយដូចជាហោរាបានទាយថា «ស្ថានសួគ៌ជាបល្ល័ង្កអញ ហើយផែនដីជាកំណល់កល់ជើងអញ ព្រះអម្ចាស់មានបន្ទូលថា តើឯងរាល់គ្នានឹងស្អាងដំណាក់ណាឲ្យអញ ឬកន្លែងណាឲ្យអញឈប់សំរាកបាន តើមិនមែនដៃអញ ដែលបង្កើតរបស់ទាំងនេះទេឬអី» ឱពួកមនុស្សក្បាលរឹង ដែលមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយ អ្នករាល់គ្នាចេះតែទាស់ទទឹងនឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប ពួកឰយុកោអ្នករាល់គ្នាយ៉ាងណា នោះអ្នករាល់គ្នាក៏យ៉ាងនោះដែរ តើមានហោរាណាមួយ ដែលពួកឰយុកោអ្នករាល់គ្នាមិនបានធ្វើទុក្ខបៀតបៀន ហើយគេបានសំឡាប់ពួកអ្នក ដែលទាយពីដំណើរព្រះដ៏សុចរិតត្រូវយាងមកដែរ ឥឡូវនេះ អ្នករាល់គ្នាក៏បានក្បត់ ហើយសំឡាប់ព្រះអង្គនោះ អ្នករាល់គ្នាជាអ្នកដែលបានទទួលក្រិត្យវិន័យ ដោយព្រះចាត់ចែងពួកទេវតាមក តែមិនបានកាន់តាមសោះ។ កាលបានឮសេចក្ដីទាំងនោះហើយ គេកើតមានចិត្តក្តៅក្រហាយណាស់ ទាំងសង្កៀតធ្មេញដាក់គាត់ផង តែដែលគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ នោះក៏សំឡឹងមើលទៅលើមេឃ ឃើញសិរីល្អនៃព្រះ នឹងព្រះយេស៊ូវឈរនៅខាងព្រះហស្តស្តាំ រួចគាត់មានវាចាថា មើល ខ្ញុំឃើញមេឃចំហ នឹងកូនមនុស្សឈរនៅខាងព្រះហស្តស្តាំនៃព្រះ នោះគេក៏ស្រែកឡើងជាខ្លាំង ទាំងចុកត្រចៀក ហើយស្ទុះចូលព្រមគ្នាទៅលើគាត់ គេកញ្ឆក់នាំគាត់ចេញទៅខាងក្រៅទីក្រុង រួចចោលនឹងថ្ម ឯពួកស្មរបន្ទាល់ គេក៏ផ្ញើអាវគេដាក់នៅទៀបជើងមនុស្សកំឡោះម្នាក់ ឈ្មោះសុល គេចោលស្ទេផាននឹងថ្ម កំពុងដែលគាត់ទូលអង្វរដល់ព្រះថា ឱព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណទូលបង្គំផង នោះគាត់លុតជង្គង់ចុះ រួចស្រែកឡើងជាសំឡេងខ្លាំងថា ឱព្រះអម្ចាស់អើយ សូមកុំរាប់បាបនេះដល់គេឡើយ កាលគាត់បានពោលដូច្នោះហើយ នោះក៏ដេកលក់ទៅ ឯសុលក៏យល់ព្រមក្នុងការសំឡាប់គាត់ដែរ។