កិច្ចការ 7:37-43

កិច្ចការ 7:37-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ថា "ព្រះ‌នឹង​លើកឲ្យ​មាន​ហោរា​ម្នាក់​ដូច​ខ្ញុំ ពីចំណោម​ពួក​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា" ។ លោក​ម៉ូសេ​នេះ​ហើយ ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​នៅ​ទី​រហោ‌ស្ថាន ជាមួយ​ទេវតាដែល​ថ្លែង​មក​កាន់​លោកនៅ​ភ្នំ​ស៊ី‌ណាយ និង​ជា‌មួយ​បុព្វ‌បុរស​របស់​យើង។ លោក​បាន​ទទួល​ព្រះ‌បន្ទូល​រស់ យក​មក​ប្រគល់​ឲ្យ​យើង​រាល់​គ្នា។ បុព្វ‌បុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គេ​ច្រាន​លោក​ចោល ហើយ​ចិត្ត​របស់​គេ គេ​បែរ​ទៅ​រក​ស្រុក​អេស៊ីព្ទ​វិញ ដោយ​ពោល​ទៅកាន់​លោក​អើរ៉ុន​ថា "ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង ដែល​នឹង​នាំ​មុខ​យើង ដ្បិត​លោក​ម៉ូសេ ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកនេះ យើង​មិន​ដឹង​ជា​មាន​អ្វី​កើត​ឡើង​ដល់​លោក​ទេ" ។ នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​មួយ រួច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយនឹង​ស្នាដៃ​របស់​ខ្លួន។ ប៉ុន្ដែ ព្រះ​បាន​បែរ​ចេញ ហើយ​ប្រគល់​គេ​ឲ្យ​គោរព​ថ្វាយ​បង្គំ​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ ដូច​មាន​សេចក្តី​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​ហោរា​ថា "ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ រយៈ​ពេល​សែ​សិប​ឆ្នាំ​នៅ​ទីរហោស្ថាន តើ​អ្នក​រាល់​គ្នា​បាន​សម្លាប់​សត្វ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​យើង​ឬទេ? អ្នក​រាល់​គ្នា​បាន​រើស​យក​ខ្ទម​របស់​ព្រះ‌ម៉ូឡុក និង​ផ្កាយ​របស់​ព្រះ‌រេមផាន់ ជា​រូប​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ថ្វាយ​បង្គំ។ ដូច្នេះ យើង​នឹង​និរទេស​អ្នក​រាល់​គ្នា ទៅ​ហួស​ស្រុក​បាប៊ី​ឡូន​ទៅ​ទៀត" ។

ចែក​រំលែក
អាន កិច្ចការ 7

កិច្ចការ 7:37-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​នេះ​ហើយ​ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: “ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បងប្អូន​របស់​អ្នក​រាល់​គ្នា” ។ កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ជួប‌ជុំ​គ្នា​ក្នុង​វាល​រហោ‌ស្ថាន គឺ​លោក​ម៉ូសេ​នេះ​ហើយ​ដែល​នៅ​ជា​មួយ​ទេវតា​ផង នៅ​ជា​មួយ​បុព្វបុរស​ផង។ ទេវតា​បាន​ថ្លែង​ព្រះ‌បន្ទូល​មក​លោក នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត យក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។ បុព្វបុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គឺ​គេ​បែរ​ជា​នាំ​គ្នា​ជំទាស់​នឹង​លោក ហើយ​មាន​ចិត្ត​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ដោយ​ពោល​ទៅ​កាន់​លោក​អើរ៉ុន​ថា: “សូម​លោក​ឆ្លាក់​រូប​ចម្លាក់​ផ្សេងៗ​ធ្វើ​ជា​ព្រះ​ដឹក​នាំ​យើង ដ្បិត​លោក​ម៉ូសេ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹង​លោក​ទៅ​ជា​យ៉ាង​ណា​ហើយ​ទេ!” ។ នៅ​គ្រា​នោះ គេ​ក៏​បាន​ឆ្លាក់​រូប​កូន​គោ​មួយ ហើយ​យក​យញ្ញ‌បូជា​មក​ថ្វាយ​រូប​ចម្លាក់​នោះ រួច​នាំ​គ្នា​សប្បាយ​រីក‌រាយ​ចំពោះ​វត្ថុ​ដែល​ជា​ស្នា‌ដៃ​របស់​ខ្លួន។ ពេល​នោះ ព្រះ‌ជាម្ចាស់​ឈប់​រវី‌រវល់​នឹង​គេ ព្រះអង្គ​បណ្ដោយ​គេ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង‌ឡាយ​នៅ​លើ​មេឃ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​ថា: “ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​អើយ! ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នៅ​វាល​រហោ‌ស្ថាន តើ​អ្នក​រាល់​គ្នា​ដែល​បាន​យក​សត្វ ឬ​យញ្ញ‌បូជា​អ្វី​មក​ឲ្យ​យើង​ឬ​ទេ? អ្នក​រាល់​គ្នា​បាន​សែង​ខ្ទម​របស់​ព្រះ​ម៉ូឡុក និង​សែង​រូប​ផ្កាយ​តំណាង​ព្រះ​រេម‌ផាន់ របស់​អ្នក​រាល់​គ្នា។ រូប​សំណាក​អស់​ទាំង​នេះ អ្នក​រាល់​គ្នា​បាន​ឆ្លាក់ ដើម្បី​យក​មក​ថ្វាយ‌បង្គំ!។ ដូច្នេះ យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​យក​ទៅ​ឆ្ងាយ ហួស​ស្រុក​បាប៊ី‌ឡូន​ទៅ​ទៀត” ។

ចែក​រំលែក
អាន កិច្ចការ 7

កិច្ចការ 7:37-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ដល់​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ថា «ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​ពួក​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ជា​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ​ចុះ» គឺ​លោក​នេះ​ឯង ដែល​បាន​នៅ​ក្នុង​ពួក​ជំនុំ​នៅ​ទី​រហោ‌ស្ថាន​ជា​មួយ​នឹង​ទេវតា ដែល​មាន​បន្ទូល​នឹង​លោក នៅ​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​ជា​មួយ​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដែល​បាន​ទទួល​ព្រះ‌បន្ទូល​រស់ សំរាប់​នឹង​បន្ត​មក​ដល់​យើង​រាល់​គ្នា​ដែរ តែ​ពួក​ឰយុកោ​យើង​មិន​ព្រម​ចុះ​ចូល​នឹង​លោក​ទេ គេ​ផាត់​លោក​ចោល ហើយ​នឹក​រឭក​ដល់​ស្រុក​អេស៊ីព្ទ​វិញ ដោយ​និយាយ​នឹង​អើរ៉ុន​ថា «ចូរ​ធ្វើ​ព្រះ​ឲ្យ​យើង​រាល់​គ្នា ដែល​នឹង​នាំ​មុខ​យើង​ផង ដ្បិត​ឯ​លោក​ម៉ូសេ​នោះ ដែល​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យើង​មិន​ដឹង​ជា​មាន​កើត​គ្រោះ​ថ្នាក់​អ្វី​ដល់​លោក​ទេ» នៅ​គ្រា​នោះ គេ​ក៏​ធ្វើ​រូប​កូន​គោ​១ រួច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​នោះ ហើយ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ នោះ​ព្រះ‌ទ្រង់​ផ្លាស់​ប្រែ​ទៅ​ជា​បញ្ជូន​គេ ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ​វិញ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​គម្ពីរ​ពួក​ហោរា​ថា «ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ដែល​ឯង​រាល់​គ្នា​បាន​សំឡាប់​សត្វ​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ទី​រហោ‌ស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នោះ ព្រម​ទាំង​រើស​យក​បារាំ​របស់​ព្រះ‌ម៉ូឡុក នឹង​ផ្កាយ​របស់​ព្រះ‌រេម‌ផាន់ ជា​រូប​ដែល​ឯង​បាន​ធ្វើ សំរាប់​នឹង​ថ្វាយ‌បង្គំ​ផង នោះ​តើ​បាន​ថ្វាយ​ដល់​អញ​ឬ ដូច្នេះ អញ​នឹង​និរទេស​ឯង​រាល់​គ្នា ឲ្យ​ទៅ​នៅ​ខាង​នាយ​ស្រុក​បាប៊ីឡូន​វិញ»។

ចែក​រំលែក
អាន កិច្ចការ 7