កិច្ចការ 7:35-42
កិច្ចការ 7:35-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេនេះ ដែលគេបានបដិសេធមិនព្រមទទួល ដោយពោលថា "តើអ្នកណាបានតាំងឲ្យអ្នកធ្វើជាមេគ្រប់គ្រង និងជាចៅក្រម?"។ លោកនេះហើយ ដែលព្រះបានចាត់ឲ្យទៅធ្វើជាមេគ្រប់គ្រង និងជាអ្នករំដោះ ដោយសារដៃរបស់ទេវតា ដែលបានលេចឲ្យលោកឃើញក្នុងគុម្ពបន្លា។ លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ និងទីសម្គាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម និងនៅទីរហោស្ថាន រយៈពេលសែសិបឆ្នាំ។ លោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ទៅកាន់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា "ព្រះនឹងលើកឲ្យមានហោរាម្នាក់ដូចខ្ញុំ ពីចំណោមពួកបងប្អូនរបស់អ្នករាល់គ្នា" ។ លោកម៉ូសេនេះហើយ ដែលនៅក្នុងក្រុមជំនុំនៅទីរហោស្ថាន ជាមួយទេវតាដែលថ្លែងមកកាន់លោកនៅភ្នំស៊ីណាយ និងជាមួយបុព្វបុរសរបស់យើង។ លោកបានទទួលព្រះបន្ទូលរស់ យកមកប្រគល់ឲ្យយើងរាល់គ្នា។ បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ គេច្រានលោកចោល ហើយចិត្តរបស់គេ គេបែរទៅរកស្រុកអេស៊ីព្ទវិញ ដោយពោលទៅកាន់លោកអើរ៉ុនថា "ចូរធ្វើព្រះឲ្យយើង ដែលនឹងនាំមុខយើង ដ្បិតលោកម៉ូសេ ដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទមកនេះ យើងមិនដឹងជាមានអ្វីកើតឡើងដល់លោកទេ" ។ នៅគ្រានោះ គេក៏ធ្វើរូបកូនគោមួយ រួចថ្វាយយញ្ញបូជាដល់រូបនោះ ហើយនាំគ្នាអរសប្បាយនឹងស្នាដៃរបស់ខ្លួន។ ប៉ុន្ដែ ព្រះបានបែរចេញ ហើយប្រគល់គេឲ្យគោរពថ្វាយបង្គំពួកបរិវារដែលនៅលើមេឃ ដូចមានសេចក្តីចែងទុកនៅក្នុងគម្ពីរហោរាថា "ឱពួកវង្សអ៊ីស្រាអែលអើយ រយៈពេលសែសិបឆ្នាំនៅទីរហោស្ថាន តើអ្នករាល់គ្នាបានសម្លាប់សត្វ ហើយថ្វាយយញ្ញបូជាដល់យើងឬទេ?
កិច្ចការ 7:35-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិអ៊ីស្រាអែលបានបដិសេធមិនទទួលស្គាល់លោកម៉ូសេនេះទេ ដោយពោលថា “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?” ។ ប៉ុន្តែ ព្រះជាម្ចាស់បានចាត់លោកឲ្យទៅ ក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះ ដោយមានជំនួយពីទេវតា ដែលបានបង្ហាញខ្លួនឲ្យលោកឃើញក្នុងគុម្ពោត។ គឺលោកម៉ូសេនេះហើយដែលបានដឹកនាំជនជាតិអ៊ីស្រាអែលចេញមក ទាំងសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យ នៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។ លោកម៉ូសេនេះហើយដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា: “ព្រះជាម្ចាស់នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា” ។ កាលជនជាតិអ៊ីស្រាអែលនៅជួបជុំគ្នាក្នុងវាលរហោស្ថាន គឺលោកម៉ូសេនេះហើយដែលនៅជាមួយទេវតាផង នៅជាមួយបុព្វបុរសផង។ ទេវតាបានថ្លែងព្រះបន្ទូលមកលោក នៅលើភ្នំស៊ីណៃ ហើយលោកបានទទួលព្រះបន្ទូលដែលផ្ដល់ជីវិត យកមកប្រគល់ឲ្យយើងទាំងអស់គ្នា។ បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ គឺគេបែរជានាំគ្នាជំទាស់នឹងលោក ហើយមានចិត្តចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ ដោយពោលទៅកាន់លោកអើរ៉ុនថា: “សូមលោកឆ្លាក់រូបចម្លាក់ផ្សេងៗធ្វើជាព្រះដឹកនាំយើង ដ្បិតលោកម៉ូសេដែលបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ យើងមិនដឹងលោកទៅជាយ៉ាងណាហើយទេ!” ។ នៅគ្រានោះ គេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកយញ្ញបូជាមកថ្វាយរូបចម្លាក់នោះ រួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុដែលជាស្នាដៃរបស់ខ្លួន។ ពេលនោះ ព្រះជាម្ចាស់ឈប់រវីរវល់នឹងគេ ព្រះអង្គបណ្ដោយគេឲ្យគោរពថ្វាយបង្គំផ្កាយទាំងឡាយនៅលើមេឃ ស្របនឹងសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីថា: “ប្រជារាស្ដ្រអ៊ីស្រាអែលអើយ! ក្នុងអំឡុងពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាដែលបានយកសត្វ ឬយញ្ញបូជាអ្វីមកឲ្យយើងឬទេ?
កិច្ចការ 7:35-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯលោកម៉ូសេនេះ ដែលគេមិនព្រមទទួល ដោយថា «តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រម»ដូច្នេះ គឺលោកនេះហើយ ដែលព្រះបានចាត់ឲ្យទៅធ្វើជាចៅហ្វាយ ហើយជាអ្នកជួយឲ្យរួច ដោយសារព្រះហស្តនៃទេវតា ដែលលេចមកឲ្យលោកឃើញ ក្នុងគុម្ពបន្លានោះ លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ នឹងទីសំគាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម ហើយនៅទីរហោស្ថានក្នុងរវាង៤០ឆ្នាំ គឺលោកម៉ូសេនេះហើយ ដែលមានប្រសាសន៍ដល់ពួកកូនចៅសាសន៍អ៊ីស្រាអែលថា «ព្រះអម្ចាស់ដ៏ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីពួកបងប្អូនអ្នករាល់គ្នាមក ឲ្យដូចជាខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះចុះ» គឺលោកនេះឯង ដែលបាននៅក្នុងពួកជំនុំនៅទីរហោស្ថានជាមួយនឹងទេវតា ដែលមានបន្ទូលនឹងលោក នៅលើភ្នំស៊ីណាយ ហើយជាមួយនឹងពួកឰយុកោយើងរាល់គ្នា ដែលបានទទួលព្រះបន្ទូលរស់ សំរាប់នឹងបន្តមកដល់យើងរាល់គ្នាដែរ តែពួកឰយុកោយើងមិនព្រមចុះចូលនឹងលោកទេ គេផាត់លោកចោល ហើយនឹករឭកដល់ស្រុកអេស៊ីព្ទវិញ ដោយនិយាយនឹងអើរ៉ុនថា «ចូរធ្វើព្រះឲ្យយើងរាល់គ្នា ដែលនឹងនាំមុខយើងផង ដ្បិតឯលោកម៉ូសេនោះ ដែលនាំយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក យើងមិនដឹងជាមានកើតគ្រោះថ្នាក់អ្វីដល់លោកទេ» នៅគ្រានោះ គេក៏ធ្វើរូបកូនគោ១ រួចថ្វាយយញ្ញបូជាដល់រូបនោះ ហើយនាំគ្នាអរសប្បាយ ចំពោះរបស់ដែលដៃខ្លួនគេបានធ្វើ នោះព្រះទ្រង់ផ្លាស់ប្រែទៅជាបញ្ជូនគេ ឲ្យគោរពប្រតិបត្តិដល់ពួកបរិវារដែលនៅលើមេឃវិញ ដូចជាមានសេចក្ដីចែងទុកមក ក្នុងគម្ពីរពួកហោរាថា «ឱពួកវង្សអ៊ីស្រាអែលអើយ ដែលឯងរាល់គ្នាបានសំឡាប់សត្វថ្វាយជាយញ្ញបូជា នៅទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនោះ