កិច្ចការ 7:23-30
កិច្ចការ 7:23-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះលោកមានអាយុសែសិបឆ្នាំ លោកមានចិត្តនឹករឭក ចង់ទៅសួរសុខទុក្ខពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់លោក។ ពេលលោកឃើញគេធ្វើបាបបងប្អូនម្នាក់របស់លោក លោកក៏ចេញមុខការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះទៅ។ លោកនឹកស្មានថា ពួកបងប្អូនរបស់លោកមុខជាយល់ថា ព្រះប្រទានការសង្គ្រោះដល់គេ ដោយសារដៃរបស់លោក តែគេមិនយល់ដូច្នោះឡើយ។ នៅថ្ងៃបន្ទាប់ លោកប្រទះឃើញពួកគេកំពុងឈ្លោះគ្នា លោកក៏ព្យាយាមសម្រុះសម្រួលពួកគេ ដោយពោលថា "អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុអ្វីបានជាធ្វើបាបគ្នាដូច្នេះ?"។ ប៉ុន្តែ ម្នាក់ដែលកំពុងធ្វើបាបអ្នកជិតខាងរបស់ខ្លួននោះ ក៏ច្រានលោកម៉ូសេចេញ ទាំងពោលថា "តើអ្នកណាបានតាំងឲ្យអ្នកធ្វើជាមេគ្រប់គ្រង និងជាចៅក្រមលើយើង? តើអ្នកចង់សម្លាប់ខ្ញុំ ដូចជាអ្នកបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់ពីម្សិលមិញដែរឬ?" ។ កាលលោកម៉ូសេឮដូច្នេះ លោកក៏ភៀសទៅនៅស្រុកម៉ាឌាន ហើយនៅស្រុកនោះ លោកបង្កើតបានកូនប្រុសពីរនាក់។ លុះសែសិបឆ្នាំក្រោយមក ទេវតារបស់ព្រះអម្ចាស់លេចឲ្យលោកឃើញក្នុងអណ្តាតភ្លើង ដែលឆេះនៅគុម្ពបន្លាមួយ នៅទីរហោស្ថានភ្នំស៊ីណាយ។
កិច្ចការ 7:23-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះដល់លោកមានអាយុគម្រប់សែសិបឆ្នាំ លោកក៏បានសម្រេចចិត្តទៅសួរសុខទុក្ខជនជាតិអ៊ីស្រាអែល ជាបងប្អូនរួមជាតិរបស់លោក។ លោកបានឃើញជនរួមជាតិរបស់លោកម្នាក់ត្រូវគេធ្វើបាប លោកក៏ចេញមុខការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយវាយសម្លាប់ជនជាតិអេស៊ីបនោះទៅ។ លោកនឹកស្មានថា បងប្អូនរួមជាតិរបស់លោកមុខជាយល់ថា ព្រះជាម្ចាស់នឹងសង្គ្រោះពួកគេតាមរយៈលោក ប៉ុន្តែ ពួកគេពុំបានយល់ដូច្នោះឡើយ។ នៅថ្ងៃបន្ទាប់ លោកម៉ូសេបានប្រទះឃើញជនជាតិអ៊ីស្រាអែលខ្លះកំពុងវាយគ្នា លោកក៏មានប្រសាសន៍សម្រុះសម្រួលគេថា: “អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុដូចម្ដេចបានជាធ្វើបាបគ្នាឯងដូច្នេះ?”។ ម្នាក់ដែលធ្វើបាបបងប្អូនបានច្រានលោកម៉ូសេចេញ ទាំងពោលថា: “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង? តើអ្នកចង់សម្លាប់ខ្ញុំដូចអ្នកបានសម្លាប់អេស៊ីបម្នាក់ពីម្សិលមិញនោះដែរឬ?” ។ កាលលោកម៉ូសេឮពាក្យនេះ លោកក៏ភៀសខ្លួនទៅនៅស្រុកម៉ាឌាន។ នៅស្រុកនោះ លោកបានកូនប្រុសពីរនាក់។ សែសិបឆ្នាំកន្លងមកទៀត មានទេវតា*មួយរូបបានបង្ហាញខ្លួនឲ្យលោកឃើញ នៅវាលរហោស្ថានភ្នំស៊ីណៃ ក្នុងអណ្ដាតភ្លើងដែលកំពុងឆេះនៅគុម្ពោតមួយ។
កិច្ចការ 7:23-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលលោកបានអាយុ៤០ឆ្នាំហើយ នោះមានចិត្តភ្នកនឹករឭក ចង់ទៅសួរពួកកូនចៅអ៊ីស្រាអែលជាបងប្អូនខ្លួន លុះបានឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែធ្វើទុក្ខដល់បងប្អូនខ្លួនម្នាក់ នោះក៏ជួយការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេសង្កត់សង្កិន ដោយសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះបង់ ដ្បិតលោកស្មានថាបងប្អូនលោកនឹងយល់ថា ព្រះទ្រង់ប្រទានសេចក្ដីសង្គ្រោះមក ដោយសារដៃលោក តែគេមិនបានយល់ទេ លុះថ្ងៃក្រោយមក កំពុងដែលមានគេប្រឈ្លោះគ្នា នោះលោកមកដល់ ក៏ទូន្មានឲ្យស្រុះស្រួលនឹងគ្នាវិញ ដោយថា អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុអ្វីបានជាធ្វើបាបគ្នាដូច្នេះ តែអ្នក១ដែលកំពុងតែធ្វើបាបដល់អ្នកជិតខាង ក៏ច្រានលោកចេញដោយពាក្យថា តើអ្នកណាបានតាំងឲ្យឯងធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើង តើចង់សំឡាប់អញ ដូចជាសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះ ពីថ្ងៃម្សិលមិញឬអី កាលឮពាក្យនោះ លោកម៉ូសេក៏រត់ភៀសទៅស្នាក់នៅស្រុកម៉ាឌានទៅ ហើយបង្កើតបានកូនប្រុស២នៅស្រុកនោះឯង។ លុះក្រោយមក៤០ឆ្នាំ នោះទេវតានៃព្រះអម្ចាស់លេចមក ឲ្យលោកម៉ូសេឃើញក្នុងអណ្តាតភ្លើង ដែលឆេះនៅគុម្ពបន្លាត្រង់ទីរហោស្ថានភ្នំស៊ីណាយ